ធ្មេញមិនត្រឹមតែជាអ្នកជួយក្នុងការទំពាបំបែកអាហារឱ្យល្អិត ដើម្បីសម្រួលដល់ប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេតែវាជា ចំណែកមួយនៃសោភ័ណភាពនៅលើផ្ទៃមុខពេលញញឹម ឬសើច។ មានអ្នកជួយលម្អិតអាហារដ៏ពូកែប្រកបដោយសោភ័ណភាព ដ៏ប្រិមប្រិយយ៉ាងយូរអង្វែងនោះ ជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូបមិនថាជាសុភាពបុរសឬសុភាពនារីនោះទេ។ ដូច្នេះការថែរក្សា ធ្មេញជាកត្ដាចាំបាច់។ ការថែរក្សានោះរួមមានទាំងការប្រើពេលវេលាដើម្បីសម្អាតធ្មេញវិធីសម្អាតធ្មេញ ការប្រើប្រាស់ច្រាស និងការ ជ្រើសរើសថ្នាំដុសធ្មេញឱ្យបានសមស្របទៅនឹងប្រភេទធ្មេញ។
ទស្សនាវដ្ដី សុខភាពយើង លេខនេះ សូមបង្ហាញលោកអ្នកអំពីវិធីជ្រើសរើសថ្នាំដុសធ្មេញដែលអត្ថបទនេះទទួលបានការ ផ្ដល់ប្រឹក្សាពីលោកទន្ដបណ្ឌិត សុខ ជា អ្នកឯកទេសផ្នែកជម្ងឺជាលិកាជុំវិញឫសធ្មេញ(រាក់ស៊ីធ្មេញ នៅគ្លីនិកធ្មេញសុខ ជា។
ផលប្រយោជន៍របស់ថ្នាំដុសធ្មេញ
ថ្នាំដុសធ្មេញត្រូវបានផលិតឡើងដោយមានការផ្សំបញ្ចូលគ្នានូវសារធាតុផ្សេងៗ មានទាំងឱសថដែលកែច្នៃពីធម្មជាតិ និង សារធាតុគីមីមួយចំនួនទៀត ដើម្បីជួយការពារសុខភាពមាត់ធ្មេញ។ ការប្រើប្រាស់ថ្នាំដុសធ្មេញដែលមានគុណភាពល្អត្រូវតាមប្រភេទ ធ្មេញ នាំឱ្យមាត់ធ្មេញមានសុខភាពល្អ គេចផុតពីជម្ងឺផ្សេងៗដែលប៉ះពាល់ដល់មាត់ធ្មេញដូចជាជម្ងឺរាក់ស៊ីធ្មេញ ធ្មេញពុក ជម្ងឺ ហ្លុយអរ៉ូហ្ស៊ីស ជម្ងឺលើអញ្ចាញធ្មេញជាដើម នោះធ្មេញនឹងរឹងមាំបានយូរនិងសស្អាតជាប្រចាំ។
ការជ្រើសរើសថ្នាំដុសធ្មេញ
ប្រជាពលរដ្ឋខ្លះមិនធ្លាប់គិតពីការជ្រើសរើសថ្នាំដុសធ្មេញ ដើម្បីឱ្យសមស្របនឹងប្រភេទធ្មេញរបស់ខ្លួននៅឡើយទេគឺប្រើ តាមការនិយម។ ការជ្រើសរើសប្រភេទថ្នាំដុសធ្មេញគួរចាប់ផ្ដើមពីការមើលទៅលើកាលបរិច្ឆេទប្រើប្រាស់។ ព្រោះបើផុតកំណត់ប្រើ ប្រាស់ហើយ ថ្នាំដុសធ្មេញពុំមានប្រសិទ្ធភាពទេ ចំណាយទាំងប្រាក់កាសហើយថែមទាំងបង្កគ្រោះថ្នាក់ដល់សុខភាពមាត់ធ្មេញមួយ កម្រិតទៀតផង។ បញ្ហាដែលត្រូវយកចិត្ដទុកដាក់ជាបន្ដទៀតសម្រាប់ការជ្រើសរើសថ្នាំដុសធ្មេញនោះគឺសារធាតុផ្សំត្រឹមត្រូវ។ ថ្នាំដុស ធ្មេញដែលមានគុណភាពល្អ ចាំបាច់ត្រូវមានសារធាតុផ្សំមួយចំនួនដូចខាងក្រោម។
- ជាតិកាល់ស្យូម និងជាតិហ្លុយអរ៉ាយត្រូវបានគេបញ្ចូលទៅក្នុងថ្នាំដុសធ្មេញដែលវាមានសមត្ថភាពជួយឱ្យធ្មេញរឹងមាំ និង កម្ចាត់នូវមេរោគទាំងឡាយ។ សារជាតិទាំងពីរនេះប្រើប្រាស់បានសម្រាប់មនុស្សគ្រប់វ័យនិងសម្រាប់ធ្មេញគ្រប់ប្រភេទ។ ហើយ សារធាតុទាំង២មានច្រើននៅក្នុងអំបិល ដែលកាលពីវិទ្យាសាស្ដ្រមិនទាន់រីកចម្រើនបុព្វបុរសយើងច្រើនប្រើអំបិលដើម្បីដុសធ្មេញ។
- ថ្នាំដុសធ្មេញដែលមានពពួកសារធាតុដូមីហ្វេនប្រ៉ូម៉ាយ ហ្ស៊ីនក្លរ៉ាយ និងសេទីលពីរីឌីនៀមក្លរ៉ាយសមស្របប្រើសម្រាប់ មនុស្សដែលធ្មេញមានកំបោរកាន់ក្រាស់ ធ្មេញខ្មៅដោយសារពិសាកាហ្វេ ជក់បារីស្នាមប្រឡាក់ដោយតែជាដើម។ ព្រោះសារធាតុទាំង នេះជួយដុសខាត់ឱ្យធ្មេញសស្អាត និងការពារកុំឱ្យកំបោរកាន់ឡើងវិញ។
- ចំពោះអ្នកដែលមានក្លិនមាត់មិនល្អត្រូវជ្រើសរើសថ្នាំដុសធ្មេញដែលមានបញ្ចូលសារធាតុម៉ីញផ្សំពីក្លិនផ្កានិងជីអង្កាម និង សូឌ្យូមសាក់ការីនដែលអាចជួយឱ្យមាត់មានក្លិនប្រហើរ។
- លោកអ្នកដែលមានជម្ងឺអញ្ចាញធ្មេញ គប្បីជ្រើសរើសថ្នាំដែលមានសមាសធាតុហឺប៊លនិងសារធាតុប្រឆាំងមេរោគប្រភេទហ្ស៊ីនក្លរ៉ាយ។
- សម្រាប់លោកអ្នកដែលមានជម្ងឺប្រចាំកាយ មនុស្សចាស់ អ្នកខ្សោយប្រព័ន្ធការពាររាងកាយនិងអ្នកមានជម្ងឺទឹកនោម ផ្អែម អ្នកទាំងនោះបញ្ចេញទឹកមាត់មកខាងក្រៅបានតិច នាំឱ្យមេរោគមានច្រើនក្នុងមាត់។ ហេតុនេះលោកអ្នកគួរប្រើថ្នាំដុសធ្មេញ ប្រភេទប្រឆាំងមេរោគ ដូចជាហ្ស៊ីនក្លរ៉ាយជាដើម។
- រីឯលោកអ្នកដែលមានធ្មេញស្រៀវ ឬសង្កៀរ គួរប្រើថ្នាំដុសធ្មេញដែលមានសារធាតុកាល់ស្យូមក្លរ៉ាយនិងប៉ូតាស្យូម នីត្រាត។
- មានថ្នាំដុសធ្មេញមួយប្រភេទទៀត គឺផ្សំពីសារធាតុទាំង៦មុខចូលគ្នាតែម្ដង ដែលការពារទាំងមេរោគការពារបានទាំង ការកកើតនៃកំណកកំបោរ ហើយធ្វើឱ្យមាត់មានក្លិនប្រហើរ។
- ដោយឡែកក្មេងអាយុក្រោម៦ឆ្នាំ មិនចាំបាច់ប្រើថ្នាំដុសធ្មេញទេ តែក្មេងអាយុលើសពី៦ឆ្នាំគួរប្រើថ្នាំដុសធ្មេញជាតិ កាល់ស្យូម និងជាតិហ្លុយអរ៉ាយ។ នៅពេលដែលដាក់ថ្នាំដុសធ្មេញលើច្រាសដុសធ្មេញ គប្បីដាក់ចំនួនតិចស្ដើងៗជាការគ្រប់គ្រាន់ ព្រោះសាច់អញ្ចាញធ្មេញកុមារនៅខ្ចី ឯកាចាធ្មេញក៏នៅមិនទាន់រឹងមាំដែរ។
ផលប៉ះពាល់របស់ថ្នាំដុសធ្មេញ
ក្នុងករណីដែលការជ្រើសរើសថ្នាំដុសធ្មេញមិនសមស្រប អាចមានផលប៉ះពាល់តិចតួចដូចជាអាចមានជម្ងឺហ្លុយអរ៉ូហ្ស៊ីស ជាដើមដែលធ្វើឱ្យធ្មេញ និងកាចាធ្មេញមានពណ៌សៗ ដុំៗ ដែលចំណុចសដុំៗនោះងាយរបេះផុយណាស់។ ម្យ៉ាងវិញទៀតបើប្រើថ្នាំ ប្រភេទប្រឆាំងមេរោគខ្ពស់នាំឱ្យស្ង្ងួតមាត់និងសម្លាប់មេរោគមួយចំនួនដែលមានប្រយោជន៍ជួយដល់ប្រព័ន្ធរំលាយអាហារ នាំឱ្យការ ចំណាយថវិកាឥតបានប្រយោជន៍។
ដំបូន្មានអ្នកប្រឹក្សា
នៅលើថ្នាំដុសធ្មេញភាគច្រើនសរសេរជាភាសាបរទេស នាំឱ្យប្រជាពលរដ្ឋខ្មែរពិបាកធ្វើការជ្រើសរើសឱ្យបានសមស្រប ណាស់។ បើមានបញ្ហាមាត់ធ្មេញ គួរឆាប់ប្រញាប់ទៅរកសេវាព្យាបាលពីអ្នកជំនាញផ្នែកធ្មេញដើម្បីដឹងពីប្រភេទជម្ងឺផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងសុខភាពមាត់ធ្មេញ និងធ្វើការព្យាបាលចំគោលដៅ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧
Leave a Reply