ឈាមរដូវគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសុខភាពរបស់ស្ដ្រី តែមានស្ដ្រីមួយចំនួននៅមិនទាន់យល់ច្បាស់ពីវដ្ដនៃឈាមរដូវនៅ ឡើយទេ។ មានស្ដ្រីវ័យក្មេងខ្លះមិនចង់ឱ្យមានឈាមរដូវទេ ព្រោះគិតថាវាជាការងាយស្រួលក្នុងការរស់នៅហើយរាល់ពេលមក ឈាមរដូវម្ដងៗភាគច្រើនមិនសូវជាមានការចាប់អារម្មណ៍ ឬខ្វល់ខ្វាយប៉ុន្មាននោះទេ។ ជាធម្មតាវដ្ដនៃរដូវរបស់ស្ដ្រីមានរយៈពេល ២៨ថ្ងៃ។ តែផ្ទុយមកវិញប្រសិនបើស្ដ្រីមានឈាមរដូវច្រើនលើសពីនេះ មានន័យថារដូវខុសពីធម្មតាដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ស្ដ្រីបាន។ តើការមកឈាមរដូវច្រើន មានគ្រោះថ្នាក់អ្វីខ្លះដល់ស្ដ្រី? មានវិធីព្យាបាលដែរឬទេ?
ដើម្បីស្វែងយល់ពីបញ្ហាឈាមរដូវមកច្រើននេះ ទស្សនាវដ្ដី សុខភាពយើងបានជួបសម្ភាសន៍ជាមួយលោកស្រីវេជ្ជបណ្ឌិត ជូពិន អ្នកឯកទេសសម្ភព និងរោគស្ដ្រី នៃមន្ទីរពេទ្យកាល់ម៉ែត។
ដូចម្ដេចដែលហៅថាការមករដូវច្រើន?
ការមានរដូវរហូត ឬមករដូវច្រើនខុសពីធម្មតា មានន័យថាមករដូវតែម្ដងក្នុងមួយខែហើយមានរយៈពេលយូរឬមករដូវ ២ទៅ៣ដងក្នុងមួយខែ។ បញ្ហាមករដូវធម្មតាមានមកតែមួយដងតែប៉ុណ្ណោះក្នុងមួយខែមានរយៈពេលយ៉ាងយូរបំផុតត្រឹមតែមួយ សប្ដាហ៍ បើលើសពីនេះចាត់ទុកថាជាការមករដូវច្រើនខុសពីធម្មតាដែលអាចធ្វើឱ្យស្ដ្រីជួបនូវបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ។
មូលហេតុមករដូវច្រើន
ការមកឈាមរដូវរហូត ឬច្រើនដងច្រើនសារក្នុងមួយខែៗនោះ មិនមែនសុទ្ធសឹងជាឈាមរដូវទាំងអស់នោះទេមួយចំនួន ធំកើតឡើងដោយសារជម្ងឺផ្សេងៗ ហើយបង្កឱ្យមានឈាមធ្លាក់តាមទ្វារមាស។ ដូច្នេះទើបសុភាពនារីភាគច្រើនដែលមិនសូវយល់ដឹង ច្បាស់ពីឈាមរដូវនេះមានការយល់ច្រឡំថា ហេតុអ្វីក៏ខ្លួនមានឈាមរដូវច្រើនខុសគេខុសឯងអញ្ចឹង។
1. សុខភាពរាងកាយមិនល្អ និងការបង្កជម្ងឺផ្សេងៗ
- ស្ដ្រីវ័យក្មេង ៖ ការមានរដូវវ័យក្មេងពេកជួនកាលទើបតែមានអាយុ១០ឆ្នាំប៉ុណ្ណោះ អាចធ្វើឱ្យមានកង្វះអ័រម៉ូនឬធ្វើឱ្យ អ័រម៉ូនដើរមិនទៀងទាត់ ឬមានការរអាក់រអួល ជាមូលហេតុបណ្ដាលឱ្យក្មេងស្រីនោះមករដូវច្រើនខុសពីធម្មតា។ ការដុះដុំសាច់នៅ មាត់ស្បូនក៏អាចធ្វើឱ្យក្មេងស្រីមករដូវច្រើនខុសពីធម្មតាដូចគ្នា តែជាករណីកម្រជួបប្រទះ។
- ស្ដ្រីវ័យបន្ដពូជ ៖ ក្នុងដំណាក់កាលបន្ដពូជ ស្ដ្រីអាចធ្លាក់រដូវច្រើន ប្រសិនបើស្ដ្រីនោះមានជម្ងឺធ្លាក់សដុះសាច់នៅមាត់ ស្បូន ដុះសាច់នៅស្បូន មហារីកមាត់ស្បូន មហារីកដៃស្បូនជាដើម។ បើស្ដ្រីទើបនឹងសម្រាលកូនវិញនោះការមានរដូវជាថ្មីអាច ច្រើនខុសពីប្រក្រតី តែមិនមានបញ្ហាទេ។
- ស្ដ្រីវ័យចំណាស់ ៖ ពេលជិតអស់រដូវ ប្រព័ន្ធអ័រម៉ូនដើរខុសពីធម្មតា ធ្វើឱ្យមានរដូវច្រើនឬតិចទៅតាមចលនានៃអ័រម៉ូន។ ស្ដ្រីមួយចំនួនអស់រដូវបានមួយរយៈពេលហើយ ពេលណាមួយអាចមានរដូវម្ដងទៀតក្នុងរយៈពេលយូរជាងធម្មតា។
2. ការប្រើប្រាស់វិធីពន្យារកំណើត
ការប្រើប្រាស់ថ្នាំពន្យារកំណើត និងដាក់កងការពារកំណើតនៅក្នុងដំណាក់កាលដំបូងស្ដ្រីមួយចំនួនអាចមានប្រតិកម្មជា មួយថ្នាំនោះដែរ បណ្ដាលឱ្យមានការធ្លាក់រដូវច្រើនខុសធម្មតា ប៉ុន្ដែវានឹងបាត់ទៅវិញនៅរយៈពេលក្រោយមក។
វិធីព្យាបាលការមករដូវច្រើន
ការមករដូវច្រើននេះ លោកស្រីអ្នកនាងកញ្ញាមិនអាចព្យាបាលដោយខ្លួនឯងបានទេ លុះត្រាតែមានការពិនិត្យនិងពិគ្រោះ យោបល់ជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ ដើម្បីរកមូលហេតុ ហើយព្យាបាលទៅតាមមូលហេតុទាំងនោះ។ មានវិធីខ្លះគ្រូពេទ្យ អាចព្យាបាលបានដោយប្រើថ្នាំសម្រាប់កន្ដ្រាក់ស្បូនធ្វើឱ្យសរសៃឈាមរួមតូចដើម្បីបន្ថយឈាមរដូវបានមួយកម្រិត។ ប្រសិនបើ ដោយសារជម្ងឺផ្សេងៗ ដូចជាជម្ងឺមហារីកនោះគ្រូពេទ្យចាំបាច់ត្រូវកោសយកសាច់ឈាមដែលធ្លាក់នោះទៅពិនិត្យ ដើម្បីរកប្រភេទ ជម្ងឺឱ្យបានច្បាស់លាស់ ហើយធ្វើការព្យាបាលទៅតាមប្រភេទនៃជម្ងឺនោះ។ បើស្ដ្រីប្រើប្រាស់វិធីពន្យារកំណើតដោយប្រើថ្នាំ ឬប្រើកង វិញ គ្រូពេទ្យអាចផ្ដល់ជាឱសថសម្រាប់ទប់ស្កាត់ការធ្លាក់ឈាមឬក៏បញ្ឈប់កុំឱ្យប្រើប្រាស់វិធីពន្យារកំណើតទាំងនោះតែម្ដង បើក្នុង ករណីធ្ងន់ធ្ងរ។ ការព្យាបាលការមករដូវច្រើននេះហាមដាច់ខាតលេបថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យជំនាញ ដើម្បីឃាត់ ឈាមរដូវ ព្រោះមិនមានប្រសិទ្ធភាពនោះទេថែមទាំងបង្កគ្រោះថ្នាក់ទៀតផង។
ប្រការគួរប្រតិបត្ដិនៅពេលមករដូវច្រើន
បើសង្កេតឃើញថា មានរដូវច្រើនលើសពីមួយសប្ដាហ៍នោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីពិនិត្យរកពី មូលហេតុដែលបង្កឡើង ព្យាបាលឱ្យបានទាន់ពេលវេលាកុំឱ្យវាមានអាការធ្ងន់ធ្ងរដែលពិបាកក្នុងការព្យាបាលនោះ។ លោកស្រីអ្នកនាង កញ្ញាគួរតែបរិភោគចំណីអាហារដែលមានជាតិវីតាមីន បន្លែ ផ្លែឈើដែលមានពណ៌បៃតងឬថ្នាំដែលមានជាតិដែក ដើម្បីជួយផ្ដល់ថាម ពលដល់រាងកាយដែលបាត់បង់ដោយសារតែការធ្លាក់ឈាមរដូវច្រើន។
ផលវិបាកនៃការមករដូវច្រើន
ការមករដូវច្រើនពេក អាចធ្វើឱ្យស្ដ្រីមានរាងកាយស្លេកស្លាំង និងអស់កម្លាំងជាពិសេសអាចធ្វើឱ្យឈាមរដូវនោះមិនងាយ កកថែមទៀត។ បើនៅក្នុងពេលដែលមានអាការធ្ងន់ធ្ងរ ស្ដ្រីចាំបាច់ត្រូវបញ្ចូលឈាមដើម្បីទ្រទ្រង់ជីវិតហើយជួនកាលអាចតម្រូវឱ្យ កាត់ស្បូនចេញ ប្រសិនបើការធ្លាក់ឈាមមានការបង្កដោយសារជម្ងឺមហារីកស្បូន។
ដំបូន្មានអ្នកប្រឹក្សា
នៅរាល់ពេលដែលមករដូវច្រើនលើសពីមួយសបា្ដហ៍នោះ ស្ដ្រីទាំងឡាយគូរតែទៅពិនិត្យនិងពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាលឱ្យទាន់ពេលវេលា។ ជាពិសេសលោកស្រីអ្នកនាងកញ្ញាត្រូវកត់ត្រាឱ្យបានច្បាស់នូវប្រភេទថ្នាំដែលគ្រូពេទ្យផ្ដល់ ឱ្យ ដើម្បីងាយស្រួលក្នុងការព្យាបាលឱ្យមានប្រសិទ្ធភាព។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧
Leave a Reply