បេះដូង​ប្រហោង​ជាជម្ងឺ​ពីកំណើត​របស់កុមារ

បេះដូង​មានតួនាទី​ច្របាច់​ឈាម​ស្រោច​ស្រពពេញ​សព៌ាង្គ​កាយ​ដោយនាំ​យកអុក​ស៊ីហ្សែន និង​សារធាតុ​ដទៃ​ទៀតទៅ ចិញ្ចឹម​កោសិកា។ ប្រសិនបើ​ដំណើរ​ការនេះ​ត្រូវរំខាន បង្អាក់ ឬប្រព្រឹត្ដ​ទៅមិន​បាន​ត្រឹមត្រូវ​អាចបណ្ដាល​ឱ្យមាន​គ្រោះថ្នាក់។ បេះដូង របស់​មនុស្ស​យើង​ប្រឈមមុខ​នឹងជម្ងឺ​ជាច្រើន​ក្នុងនោះ​មានជម្ងឺ​បេះដូង​ប្រហោង​ដែល​មានមក​ពីកំណើត​តែម្ដង។ ជម្ងឺបាន​បង្កនូវ​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ ប្រសិនបើ​លោកអ្នក​ជាឪពុក​ម្ដាយ​ធ្វេស​ប្រហែស​ក្នុងការថែ​ទាំកូន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូមស្វែង​យល់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង អំពី​ជម្ងឺ​បេះដូង​ប្រហោង​នេះ​តាមរយៈ​ការបក​ស្រាយ​របស់​លោកស្រី​វេជ្ជ បណ្ឌិត ហាវ រត្ននារី អ្នកឯកទេស​ជម្ងឺ​បេះដូង​កុមារ​នៅ​មជ្ឈ​មណ្ឌល​ព្យាបាល​ជម្ងឺ​បេះដូង​នៃមន្ទីរ​ពេទ្យ​កាល់ម៉ែត។

បេះដូង​ប្រហោង ជា​ជម្ងឺអ្វី?

ធម្មតា​បេះដូង​របស់​មនុស្ស​យើង​ចែកចេញ​ជាពីរ​ផ្នែក គឺផ្នែក​ខាង​ឆ្វេង និង​ផ្នែក​ខាងស្ដាំ​ដែល​នៅក្នុង​មួយ​ផ្នែក​មានថត​បេះ ដូងមួយ និង​ថង់​បេះដូង​មួយ។ បេះដូង​ផ្នែក​ខាងឆ្វេង​មានតួនាទី​ទទួល​ខុសត្រូវ​ចរន្ដ​ឈាម​ក្រហម​រីឯ​ផ្នែក​ខាងស្ដាំ​ទទួល​ខុសត្រូវ​ចរន្ដ ឈាមខ្មៅ។ ជាទូទៅ​នៅចន្លោះ​បេះដូង​ទាំងពីរ​ផ្នែកមាន​សន្ទះ​មួយ​សម្រាប់​ខណ្ឌ​ដែល​ហៅថា​សន្ទះ​ចន្លោះ​ថត​ទាំងពីរ កាលណា​សន្ទះ ខណ្ឌ​ទាំងពីរ​នេះបិទ​មិនជិត​នោះ តាម​លក្ខណៈ​វេជ្ជសាស្ដ្រ​ហៅថា​បេះដូង​ប្រហោង។ លក្ខណៈ​នៃ​បេះដូង​ប្រហោង​តិច ឬច្រើន​អាស្រ័យ លើ​ទីតាំង​នៃសន្ទះ​ខណ្ឌនោះ​ដែល​បិទ​មិនជិត។ ទីតាំង​បីកន្លែង​នៃប្រហោង​បេះដូង​គឺ៖

  • ប្រហោង​នៅ​ស្រេប​តូម​អូហ្សូ​ស៊ីកុងដូម នៅទីតាំង​នេះ​អាចមាន​អត្រាកើត​ប្រហែល​ជា៥០​ភាគរយ
  • ប្រហោង​នៅ​ស្រេប​តូមស៊ី​ម៉ូម
  • ប្រហោង​នៅស៊ីនុ​សណឺ​ស៊ីន

ជម្ងឺ​បេះដូង​ប្រហោង​មាន​ប្រមាណ​ជា៥ទៅ​១០ភាគរយ​ក្នុង​ចំណោម​បញ្ហា​បេះដូង​មិន​ប្រក្រតី​ពីកំណើត។

មូលហេតុកើតបេះដូងប្រហោង

បេះដូង​ប្រហោង​គឺជា​បញ្ហា​ពីកំណើត​ដែល​មូល​ហេតុ​របស់​វាទាក់ទង​ទាំង​ស្រុង​ទៅនឹង​ការវិវឌ្ឍន៍​របស់​អំប្រីយ៉ុង​នៅក្នុង​តំណាក់​កាល​កកើត​បេះដូង​ដំបូង​ដែល​សន្ទះ​បេះដូង​បិទ​មិនជិត។ ជួនកាល​វាអាច​បណ្ដាល​មកពី​កត្ដា​តំណពូជ​តែ​រហូត​ដល់​ពេល​នេះមិន ទាន់​មានការ​បញ្ជាក់ថា​អាចមាន​ប៉ុន្មាន​ភាគរយ​នោះទេ។ ក្នុងករណី​ដែល​ជីដូនជីតា​ឪពុកម្ដាយ​មាន​ជម្ងឺ​បេះដូង​ប្រហោង។ មួយវិញ​ទៀតអាច​បណ្ដាលមក​ពីម្ដាយ​មាន​ជម្ងឺស្អូច​អាច​ទាក់ទង​មួយផ្នែក​ទៅភាព​មិន​ធម្មតា​នៃ​បេះដូង​ពីកំណើត​របស់​កូននៅ​ខែទី២ ឬទី៣នៃ គភ៌។

រោគសញ្ញា​ជម្ងឺ​បេះដូង​ប្រហោង

រោគសញ្ញា​ត្រូវបាន​បែងចែក​ទៅតាម​លក្ខណៈ​ប្រហោង​នៃបេះដូង។

1. ប្រហោង​នៅសន្ទះ​ចន្លោះថត​ទាំងពីរ ៖ ភាគច្រើន​នៃកុមារ​តូច​ដែល​មាន​ជម្ងឺ​បេះដូង​ប្រហោង​មិនបាន​ស្ដែង​ឡើង​នូវរោគ សញ្ញាអ្វី​ដែលគួរ​ឱ្យកត់​សម្គាល់​នោះទេ។ ឪពុកម្ដាយភាគច្រើនយកកូនមកមន្ទីរពេទ្យ ព្រោះតែមើលឃើញពីភាពយឺតយ៉ាវនៃការរីកធំ ធាត់របស់កូន មិនមែន​ដោយ​បញ្ហា​បេះដូង​ប្រហោងទេ។ កុមារ​ដែលមាន​បេះដូង​ប្រហោងខ្លះ​អាចមាន​ការរំខាន​ដោយសារ​ការរលាក ផ្លូវដង្ហើម​ញឹកញាប់។

2. ប្រហោង​នៅសន្ទះ​ចន្លោះ​ថង់ទាំងពីរ ៖ បើប្រហោង​តូច កុមារ​គ្មានរោគ​សញ្ញាអ្វី​ទាំងអស់​សូម្បីតែ​ការរីក​ធំធាត់ក៏ ធម្មតា។ បើ​ប្រហោង​នោះធំ ការវិវឌ្ឍន៍​របស់​កុមារ​ថយចុះ សកម្មភាព​លេង​របស់​ក្មេង​ត្រូវបាត់បង់​ជាបណ្ដើរៗ​ហើយ​អាច​មាន​ជម្ងឺ រលាក​ទងសួត​ឬផ្លូវ​ដង្ហើម​ញឹកញាប់។ ក្នុងករណី​ធ្ងន់ធ្ងរ​នៅពេល​ដែល​សម្ពាធ​ឈាម​នៅក្នុង​សួត​មានការ​កើន​ឡើង​ខ្លាំង ចរន្ដឈាម រត់បញ្ច្រាស​ពីខាងស្ដាំ​ទៅឆ្វេងនាំ​កុមារ​ប្រែពណ៌​ទៅជា​ស្វាយ។

វិធី​ព្យាបាល​ជម្ងឺ​បេះដូង​ប្រហោង

ការ​ព្យាបាល​ជម្ងឺ​បេះដូង​ប្រហោង​ទាក់ទង​ទាំងស្រុង​ទៅនឹង​ទំហំ​ប្រហោង​ចន្លោះ​ថត​ទាំងពីរ។

  • ក្នុង​ករណី​ដែល​ប្រហោង​មាន​ទំហំតិច​ជាង​៣មីលី​ម៉ែត្រ​និង​ប្រហោង​នៅត្រង់​ស្រេប​តូមអូហ្សូស៊ី​កុងដូម​ភាគរយ​នៃការ វិវឌ្ឍន៍​បិទជិត​ខ្លួនឯង​ចំពោះ​កុមារ​អាយុ​ក្រោម១ឆ្នាំ​កន្លះ​អាចមាន​រហូត​ដល់១០០​ភាគរយ។
  • ក្នុង​ករណី​ប្រហោងធំ​ចន្លោះ​ពី៣ទៅ​៨មីលី​ម៉ែត្រ​ភាគរយ​នៃការ​វិវឌ្ឍន៍​បិទជិត​ខ្លួនឯង​អាច​មាន​រហូត​ដល់​៨០ភាគរយ។

ករណី​ទាំងពីរ​ខាងលើ​ទាមទារ​ការ​តាមដាន​សភាព​ជម្ងឺ​ជាប្រចាំ ដើមី្ប​ឱ្យដឹង​នូវរាល់​ការវិវឌ្ឍន៍​របស់​បេះដូង។ បើដំណើរ​វិវឌ្ឍ​មិនបានល្អ ចាំបាច់​ត្រូវ​វះកាត់។ ចំពោះ​ការវះកាត់​នៅ​ប្រទេស​យើង​អាចធ្វើ​បានដូច​នៅ​បណ្ដា​ប្រទេស​ជឿន​លឿន​ដែរ ហើយ​អត្រានៃ ការ​ជោគជ័យ​មាន​ច្រើន​បំផុត។ នៅពេល​នោះ​ឪពុក​ម្ដាយ​ចាំបាច់​ត្រូវនាំ​កូនមក​កាន់មន្ទីរ​ពេទ្យ​ដើម្បី​ពិភាក្សា​ជាមួយ​គ្រូពេទ្យ តើត្រូវ ព្យាបាល​កុមារ​ដោយ​វិធីណា ត្រូវ​វះកាត់​បន្ទាន់​ឬត្រូវ​រង់ចាំ​ដល់​កុមារ​មាន​អាយុច្រើន​បន្ដិច​ទើប​វះកាត់?

ក្នុងករណី​ប្រហោង​បេះដូង​មាន​ទំហំធំ ហើយ​កុមារ​មិនទាន់​មានទម្ងន់​ខ្លួន​គ្រប់គ្រាន់​ការវះកាត់​ចែក​ចេញ​ជាពីរ​ដំណាក់​កាល គឺៈ

1. ការវះកាត់​ដំណាក់​កាលទី១ គ្រូពេទ្យ​មិន​ទាន់បិទ​ប្រហោង​បេះដូង​ឱ្យជិតទេ​ដោយ​គ្រាន់​តែវះកាត់​ចង​សរសៃ​ឈាម ដើម្បី​កុំឱ្យ​ឈាមបុក​ទៅសួត​ខ្លាំងពេក។

2. ការវះកាត់​ដំណាក់​កាលទី២ ធ្វើឡើង​នៅពេល​ដែល​កុមារ​មានសុខភាព និង​លក្ខខណ្ឌ​ទម្ងន់​ខ្លួន​គ្រប់គ្រាន់​នោះ​គ្រូពេទ្យ​បិទ​ប្រហោង​នោះ​តែម្ដង។

វិបត្ដិ​នៃជម្ងឺ​បេះដូង​ប្រហោង

ជម្ងឺ​បេះដូង​ប្រហោង​អាចធ្វើ​ឱ្យបេះ​ដូងរីកធំ​(ខ្សោយ​បេះដូង) វិបត្ដិ​ចង្វាក់​បេះដូង​(លឿន ឬយឺត)​សម្ពាធ​ឈាម​នៅក្នុង​សរសៃឈាម​កើនឡើង និង​វិបត្ដិ​មួយទៀត គឺប៉ះពាល់​ទៅដល់​ប្រើស​បេះដូង។

ដំបូន្មាន​អ្នកជំនាញ

ប្រសិនបើ​លោកអ្នក​ជាមាតាបិតា​មានការ​សង្ស័យ​ណាមួយ​ដែល​ទាក់ទង​នឹង​រោគសញ្ញា​ខាងលើ សូមនាំ​កូន​មក​កាន់មន្ទីរ ពេទ្យ។ មានតែ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ​ដែល​អាច​សន្និដ្ឋាន​ពីជម្ងឺ​ដែល​ទាក់ទងនឹង​វិបត្ដិ​បេះដូង​នេះបាន។ សូម​ព្យាយាម​តាមដាន​រាល់ ស្ថានភាព​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ការរីកធំ​ធាត់​របស់​កូន​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *