ស្រឺតអាចជាជម្ងឺមួយដែលទាក់ទងទៅនឹងជម្ងឺផ្លូវចិត្ដ។ លោកអ្នកមួយចំនួនដែលឧស្សាហ៍វិលមុខ ពិបាកដកដង្ហើម ឈឺក្បាល ស្រវាំងភ្នែក រោយក បេះដូងដើរញាប់ ត្រជាក់ចុងដៃចុងជើង ណែនដើមទ្រូង នៅពេលដែលជួបជាមួយហេតុការណ៍ អាក្រក់ៗអ្វីមួយ។ នោះគឺអាចចាត់ទុកថាលោកអ្នកកើតមានជម្ងឺស្រឺត។ ជម្ងឺនេះបានបង្កឱ្យមានផលប៉ះពាល់ជាច្រើនដល់អ្នកជម្ងឺ ហើយជួនកាលបើសិនជាអ្នកជម្ងឺកើតមានស្រឺតញឹកញាប់ ក៏អាចធ្វើឱ្យអ្នកដែលនៅជុំវិញខ្លួនអ្នកជម្ងឺនោះកើតមានជម្ងឺស្រឺតបានផង ដែរ ដោយសារតែមានការភិតភ័យ ស្លន់ស្លោខ្លាំង នៅពេលដែលឃើញអ្នកជម្ងឺស្រឺតកើតមានបញ្ហានៅចំពោះមុខបែបនេះ។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យានៃគ្លីនិកសាន់រ៉ាយ នឹង បកស្រាយអំពីជម្ងឺស្រឺតនេះ ដើម្បីឱ្យលោកអ្នកនាងកញ្ញាបានជ្រាប និងយល់ឱ្យកាន់តែច្បាស់អំពីបញ្ហានេះ។
អ្វីទៅជាជម្ងឺស្រឺត?
ស្រឺតគឺជាភាសាសាមញ្ញមួយដែលប្រជាជនយើងច្រើនតែប្រើនៅពេលដែលមានអារម្មណ៍ស្លុត ឬក៏រន្ធត់ទៅនឹងស្ថានភាព ឬ ហេតុការណ៍អាក្រក់អ្វីមួយ។ ឧទាហរណ៍ដូចជាករណីកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នាពិធីប្រារឰពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលកើតមានឧបទ្ទវហេតុដែលគួរឱ្យរន្ធត់មួយដែលធ្វើឱ្យប្រជាជនរាប់រយនាក់បានស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះក៏បានធ្វើឱ្យប្រជាជនយើងមួយចំនួនដែលឃើញផ្ទាល់ភ្នែក ឬក៏ឃើញនៅតាមកញ្ចក់ទូរទស្សន៍ និងស្ដាប់តាមវិទ្យុក្ដី ធ្វើឱ្យអារម្មណ៍ របស់លោកអ្នកនាងកញ្ញាកើតមានលក្ខណៈមួយរន្ធត់ ហើយបុគ្គលខ្លះនោះក៏ឈានដល់ដំណាក់កាលមួយដែលហៅថាស្រឺតបានដែរ។ ជម្ងឺស្រឺតធ្វើឱ្យអារម្មណ៍របស់លោកអ្នកមានការរន្ធត់ភ័យខ្លាំង បេះដូងដើរញាប់ ត្រជាក់ចុងដៃចុងជើង ហើយឈានទៅដល់ងងឹតមុខ ស្រវាំងភ្នែក វិលមុខ ហើយអាចនឹងដួលតែម្ដង។ ជាភាសារបស់ប្រជាជនសាមញ្ញនិយមហៅថាស្រឺត។
សម្រាប់អ្នកឯកទេសពាក្យថាស្រឺតគឺមានន័យថា គឺជាជម្ងឺមួយក្នុងចំណោមជម្ងឺថប់អារម្មណ៍ផ្សេងទៀត។ នៅក្នុងចំណោម ជម្ងឺថប់អារម្មណ៍ វាមានជម្ងឺច្រើនណាស់ ប៉ុន្ដែនៅក្នុងនោះវាក៏មានជម្ងឺមួយដែលលោកអ្នកហៅថាជម្ងឺស្រឺត ឬស្លន់ស្លោ។ ទាក់ទងទៅនឹងជម្ងឺចាញ់ច្រាបខ្លាចមនុស្សច្រើននៅពេលដែលបុគ្គលម្នាក់នេះខ្លាចមនុស្សច្រើន ខ្លាចខ្លាំងអាចធ្វើឱ្យស្លន់ស្លោ ភ័យខ្លាច បេះដូងដើរញាប់ ត្រជាក់ចុងដៃចុងជើងហើយបង្កទៅជាស្រឺតតែម្ដង។ មានជម្ងឺច្រើនទៀតដែលមាននៅក្នុងជម្ងឺថប់អារម្មណ៍ ដែលមានរោគ សញ្ញាស្រឺត ក៏មានជម្ងឺស្រឺតខ្លួនឯងផ្ទាល់ផងដែរ។ វាចាប់ផ្ដើមភ្លាមៗ គ្មានការព្រៀងទុកនោះទេ ធ្វើឱ្យបុគ្គលនោះចាប់ផ្ដើមរន្ធត់ បេះដូង ដើរញាប់ ត្រជាក់ចុងដៃចុងជើង ហើយក៏ធ្វើឱ្យអ្នកជម្ងឺទៅជាដួលតែម្ដង។ ជម្ងឺស្រឺតនេះអាចចែកជាកម្រិត វាមានកម្រិត ស្រាល កម្រិតមធ្យម និងកម្រិតធ្ងន់ធ្ងរ ទៅតាមសកម្មភាពរបស់ជម្ងឺ វាកើតញឹកញាប់ឬមិនញឹកញាប់។ ឧទាហរណ៍បុគ្គលខ្លះមានលក្ខណៈមួយខែកើតមានជម្ងឺស្រឺតបួនដង ប៉ុន្ដែក៏មានអ្នកខ្លះមួយសប្ដាហ៍មានលក្ខណៈស្រឺតបីទៅបួនដង មានបុគ្គលខ្លះកើត ជម្ងឺស្រឺតនេះធ្ងន់ធ្ងរ អាចកើតមួយថ្ងៃមួយដង ឬមួយថ្ងៃពីរដងក៏មានដែរ។ នេះគឺជាលក្ខណៈនៃជម្ងឺស្រឺត ហើយជម្ងឺនេះអាចកើតមាន ញឹកញាប់ជាងគេ ភាគច្រើនទៅលើស្ដ្រីភេទ។
មូលហេតុដែលបង្កឱ្យកើតជម្ងឺស្រឺត
មូលហេតុដែលបណ្ដាលឱ្យកើតមានជម្ងឺស្រឺតមានដូចជា ៖
១ . បញ្ហាសង្គម ៖ ជួបជាមួយនឹងបញ្ហាភ័យរន្ធត់តក់ស្លុត ដែលកើតមាននៅក្នុងជីវិតរបស់បុគ្គលដែលជាអ្នកជម្ងឺផ្ទាល់ ហើយរឿងភ័យរន្ធត់តក់ស្លុតនេះតែងតែកើតមានជាញឹកញាប់ ជាហូរហែ ទោះបីជាហេតុការណ៍នេះវាកន្លងផុតជាច្រើនខែជាច្រើនឆ្នាំក៏ ដោយ។ ប៉ុន្ដែខួរក្បាលបានថតទុកគ្រប់សកម្មភាព គ្រប់រូបភាពអាក្រក់ ដែលកើតមានចំពោះបុគ្គលនេះរហូត។ ជួនកាលនៅពេល ដែលបុគ្គលម្នាក់នេះជួបជាមួយហេតុការណ៍ភ័យរន្ធត់អ្វីមួយ នោះអារម្មណ៍ក៏បានគិតទៅដល់ហេតុការណ៍កាលពីអតីត ដូចនេះវាងាយ នឹងបង្កឱ្យកើតមានស្រឺតបំផុត។
២ . កត្ដាជីវសាស្ដ្រ ៖ ដោយសារកត្ដាជីវសាស្ដ្រនៅក្នុងខួរក្បាលមានការបំលាស់ប្ដូរនៅក្នុងប្រព័ន្ធខួរក្បាល និងដោយសារ ជាតិគីមី ឬក៏អតុល្យភាពនៃសារជាតិគីមីនៅក្នុងប្រព័ន្ធប្រសាទក៏ជាដើមហេតុឱ្យមានលក្ខណៈស្រឺតដែរ។
៣ . កត្ដាចិត្ដសាស្ដ្រ ៖ បុគ្គលខ្លះមានកត្ដាចិត្ដសាស្ដ្រទន់ខ្សោយដោយសារការលូតលាស់ផ្នែកចិត្ដសាស្ដ្រពីនាយមកមិន ប្រក្រតី។ ដូចនេះធ្វើឱ្យកត្ដាចិត្ដសាស្ដ្រទន់ខ្សោយ ដែលងាយឱ្យបុគ្គលប្រភេទនេះឆាប់ភ័យខ្លាច ឆាប់រន្ធត់ ឆាប់ស្រឺត ឆាប់តក់ស្លុត ជាដើម។
រោគសញ្ញាជម្ងឺស្រឺត
រោគសញ្ញានៃជម្ងឺស្រឺតនេះមានពីរប្រភេទគឺសញ្ញាផ្នែករាងកាយ និងអារម្មណ៍។
– សញ្ញាផ្នែករាងកាយ ៖ វាស្ដែងឡើងឱ្យដឹងតាមរយៈអាការៈ ដូចជាឈឺក្បាល ស្រវាំងភ្នែក រោយក ស្ងួតមាត់ ថប់ដង្ហើម បេះដូងដើរញាប់ ត្រជាក់ចុងដៃចុងជើង តឹងដើមទ្រូង ណែនដើមទ្រូង ជួនកាលវាមានអារម្មណ៍ចុកឆ្អល់នៅក្នុងពោះ ហើយសញ្ញា ទាំងនេះវាកើតឡើងយ៉ាងរហ័សបំផុត។
– សញ្ញាអារម្មណ៍ ៖ ធ្វើឱ្យអារម្មណ៍អ្នកជម្ងឺភាំងៗមួយរំពេច ធ្វើឱ្យអ្នកជម្ងឺលែងស្គាល់អ្នកដែលនៅជុំវិញខ្លួន ធ្វើឱ្យការតាំង អារម្មណ៍មិនបានល្អ ធ្វើឱ្យការចងចាំមិនបានល្អ ប្រុងប្រយ័ត្នមិនបានល្អ ហើយធ្វើឱ្យភ័យរន្ធត់ខ្លាំងរហូតដល់គិតខ្លួនឯងថាអាចនឹងស្លាប់ អាចនឹងដាច់ខ្យល់ភ្លាមៗ នេះគឺជាសញ្ញាដែលទាក់ទងទៅនឹងអារម្មណ៍។
វិធីព្យាបាលជម្ងឺស្រឺត
ដូចដែលបានរៀបរាប់ខាងលើនេះមកហើយថា ជម្ងឺស្រឺតនេះមានបីកម្រិត ស្រាល មធ្យម និងធ្ងន់ធ្ងរ ដូចនេះការព្យាបាល គឺព្យាបាលទៅតាមកម្រិតរបស់ជម្ងឺ។ បើសិនជាអ្នកជម្ងឺកម្រិតស្រាល អ្នកជម្ងឺត្រូវរៀនហាត់ពត់លត់ដំខ្លួនឯង។ នៅពេលដែលមាន បញ្ហាកើតឡើងត្រូវពង្រឹងស្មារតី ត្រូវចេះទប់អារម្មណ៍ ហើយធ្វើចង្វាក់ដកដង្ហើមចេញចូលឱ្យវែងៗ ក្នុងរយៈពេលពី១០ទៅ១៥នាទី។ ហើយបើលោកអ្នកកំពុងតែធ្វើដំណើរនៅតាមផ្លូវ គួរតែរកកន្លែងសមគួរសម្រាកដើម្បីឱ្យអារម្មណ៍ធូរស្រាលឡើងវិញ។ បើសិនជាលោកអ្នកនាងកញ្ញាដែលឧស្សាហ៍កើតមានបញ្ហាទាំងនេះគួរតែរកពេលសម្រាកឱ្យបានច្រើន ជាពិសេសគឺផ្នែកអារម្មណ៍ និងផ្លូវចិត្ដ ហើយក៏ត្រូវធ្វើលំហាត់ប្រាណឱ្យបានច្រើនផងដែរ។ ប៉ុន្ដែបើសិនជាលោកអ្នកកើតមានស្រឺតកម្រិតមធ្យម ឬកម្រិតធ្ងន់ លោកអ្នកគួរ តែស្វែងរកគ្រូពេទ្យឯកទេសព្យាបាលឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យជម្ងឺស្រឺតនេះនៅបន្ដទៅទៀត ព្រោះជម្ងឺនេះបើសិនជាមិនព្យាបាល គឺវានៅកើតមានជាប់រហូត។ ជួនកាលវាអាចមានបញ្ហាទៅថ្ងៃក្រោយទៀត ដែលធ្វើឱ្យលោកអ្នកខាតបង់ពេលវេលា និងថវិកាបើសិនជាលោកអ្នកមិនបានមកធ្វើការព្យាបាលឱ្យបានទាន់ពេលវេលានោះ។
ផលប៉ះពាល់នៃជម្ងឺស្រឺត
ជាការពិតណាស់ជម្ងឺស្រឺតនេះក៏បានបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរផងដែរសម្រាប់អ្នកជម្ងឺ ក៏ដូចជាអ្នកដែលនៅជុំវិញអ្នក ជម្ងឺផងដែរដូចជា ៖
– បើសិនជាអ្នកជម្ងឺកើតមានជម្ងឺស្រឺតញឹកញាប់នោះ អាចជាដើមហេតុដែលអាចបង្កឱ្យអ្នកជម្ងឺស្រឺតនេះកើតមានជម្ងឺ បេះដូងផងដែរ។
- ចំពោះក្រុមគ្រួសារឬបងប្អូនដែលនៅជុំវិញអ្នកជម្ងឺស្រឺត នៅពេលដែលឃើញអ្នកជម្ងឺស្រឺតរហូតដល់ដួលសន្លប់នោះ អ្នកដែលនៅជុំវិញអ្នកជម្ងឺនោះអាចមានការភ័យស្លន់ស្លោរន្ធត់តាមអ្នកជម្ងឺដែរ ហើយក៏អាចកើតមានជម្ងឺស្រឺតបានផងដែរ។
– កាលណានិយាយពីស្រឺតគឺវាទាក់ទងទៅនឹងផ្លូវចិត្ដដែលអាចធ្វើឱ្យបេះដូងដើរញាប់ ដូចនេះជាបញ្ហាមួយដែលមាន គ្រោះថ្នាក់។ បើសិនជាបុគ្គលដែលតែងតែកើតមានជម្ងឺស្រឺតញឹកញាប់ ហើយធ្លាប់កើតមានជម្ងឺបេះដូងស្រាប់ទៀតនោះ នៅពេល ដែលជួបរឿងអ្វីមួយដែលរន្ធត់អាចធ្វើឱ្យអ្នកជម្ងឺមានគ្រោះថ្នាក់ដល់ជីវិត។
វិធីការពារដើម្បីកុំឱ្យកើតមានជម្ងឺស្រឺត
យើងដឹងហើយថា បញ្ហាជម្ងឺផ្លូវចិត្ដកើតចេញពីបញ្ហាសង្គម បញ្ហាជីវសាស្ដ្រ និងបញ្ហាចិត្ដសាស្ដ្រ។ ដើម្បីការពារខ្លួនឱ្យ ចៀសផុតពីការកើតមានជម្ងឺស្រឺតនេះ លោកអ្នកត្រូវតែដឹងថាស្រឺតគឺកើតឡើងដោយសារបុព្វហេតុ គឺដោយសារជួបរឿងអាក្រក់ ជួប រឿងភ័យរន្ធត់តក់ស្លុតនៅក្នុងជីវិត។ បើសិនជាលោកអ្នកអាចចៀសវាងបាន លោកអ្នកគួរតែចៀសវាង ដើម្បីកុំឱ្យអារម្មណ៍ប្រឈមទៅនឹងភាពតក់ស្លុតភ័យរន្ធត់ញឹកញាប់ពេក។ នៅបរទេស គេបានហាមមិនឱ្យកុមារមើលវីដេអូរឿងភ័យតក់ស្លុត បាញ់កាប់ចាក់នោះទេ ព្រោះនៅពេលដែលពួកគេធំលូតលាស់ ខួរក្បាលរបស់ពួកគេអាចថតចម្លងទុករឿងអាក្រក់ នៅពេលដែលជួបជាមួយនឹង បញ្ហាអ្វីមួយ អាចធ្វើឱ្យអារម្មណ៍របស់ពួកគេឆាប់ភ័យតក់ស្លុត និងឆាប់ឆេវឆាវជាដើម។ ចំពោះអ្នកដែលមិនទាន់កើតមានជម្ងឺស្រឺត ត្រូវតែអនុវត្ដន៍តាមការណែនាំខាងលើ។ ត្រូវចងចាំថាសុខភាពល្អមិនមែនស្ថិតតែនៅលើសុខភាពរាងកាយប៉ុណ្ណោះទេ តែវាក៏ស្ថិតនៅ លើសុខភាពផ្លូវចិត្ដដែរ ព្រោះចិត្ដងាយនឹងកើតមានបញ្ហាណាស់ ដោយអ្នកខ្លះអាចឈានទៅដល់ការកើតមានជម្ងឺស្រឺត។ ដូចនេះនៅពេលដែលមានបញ្ហាផ្លូវចិត្ដ ដែលលោកអ្នកបានជួបជាមួយហេតុការណ៍អាក្រក់អ្វីមួយ ដែលធ្វើឱ្យរន្ធត់ចិត្ដនោះ ត្រូវតែមកពិភាក្សា ជាមួយអ្នកឯកទេស ដើម្បីរកវិធីការពារកុំឱ្យកើតជម្ងឺស្រឺតនេះ។
ដំបូន្មានអ្នកជំនាញ
សុខភាពរបស់មនុស្សយើងសំខាន់ណាស់ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ដ។ កាលណានិយាយអំពីជម្ងឺគឺទាមទារ រកអ្នកដែលមានជំនាញខ្ពស់ នេះគឺជាចំណុចសំខាន់។ បើសិនជាលោកអ្នកកើតមានជម្ងឺមួយហើយ លោកអ្នកស្វែងរកគ្រូពេទ្យដែល ខុសជំនាញ នាំឱ្យលោកអ្នកកើតមានជម្ងឺរ៉ាំរ៉ៃ នាំឱ្យខាតបង់ថវិកា និងខាតបង់ទាំងពេលវេលា។ ដូចនេះអ្វីដែលល្អបំផុតសម្រាប់ លោកអ្នកនាងកញ្ញានោះ គឺត្រូវតែចេះប្រើប្រាស់សេវាសុខាភិបាលឱ្យច្បាស់លាស់ និងត្រឹមត្រូវ។
Leave a Reply