ការប៉ះទង្គិចយ៉ាងច្រើនទៅលើផ្នែកផ្លូវចិត្ដ រហូតក្លាយខ្លួនទៅជាមនុស្សវិកលចរិតប្រព្រឹត្ដអ្វីៗផ្ដេសផ្ដាស និងប្រាសចាកក្រមសីលធម៌របស់ខ្លួន បាត់បង់សេចក្ដីថ្លៃថ្នូរ ប្រឈមមុខនឹងការនិន្ទាពីមជ្ឈដ្ឋានខាងក្រៅ ដោយសារតែមានជម្ងឺប្រចាំកាយដែលគេ ហៅថាជម្ងឺផ្លូវចិត្ដ។ តួយ៉ាងមានជម្ងឺផ្លូវចិត្ដមួយចំនួនបណ្ដាលឱ្យមនុស្សនិយាយម្នាក់ឯង ឬជេរគេជេរឯង ឥតខ្មាសអៀន និងកោតក្រែងចិត្ដអ្នកជិតខាង រហូតពេលខ្លះធ្វើអត្ដឃាតទៀតផង។
ដើម្បីស្រាវជ្រាវរកពីមូលហេតុដែលបណ្ដាលឱ្យមនុស្សនិយាយម្នាក់ឯងនេះ ទស្សនាវដ្ដី សុខភាពយើង បានធ្វើកិច្ចសម្ភាសន៍ ជាមួយលោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេសជម្ងឺសុខភាពផ្លូវចិត្ដ នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។
មនុស្សនិយាយម្នាក់ឯងបណ្ដាលមកពីអ្វី?
កត្ដាជាច្រើនបានផ្សំចូលគ្នាធ្វើឱ្យលោកអ្នកមួយចំនួនកើតរោគចិត្ដ ដែលភាសាវេជ្ជសាស្ដ្រថា ជាជម្ងឺវិកលចរិត មានន័យថា អ្នកជម្ងឺធ្វើអ្វីៗតាមតែចិត្ដឯង និងតាមការនឹកឃើញដែលខុសឆ្គងទៅលើខ្សែភ្នែករបស់អ្នកដទៃ លុបបំបាត់នូវការចងចាំដែលជា ទង្វើល្អដែលខ្លួនធ្លាប់បានធ្វើពីមុន ដែលបង្កភាពមិនប្រក្រតីគ្រប់ពេលវេលា ទាំងក្នុងសង្គមគ្រួសារ និងសង្គមសាធារណៈ ហើយបង្ហាញ ពីចេតនាដែលអាក្រក់ៗ ស្ដែងឡើងពីចិត្ដពាលាដោយពុំមានការទទួលខុសត្រូវ។ មិនតែប៉ុណ្ណោះមនុស្សដែលមានជម្ងឺប្រភេទនេះគឺជាមនុស្សដែលពុំមានការកោតក្រែងទៅលើអ្នកដទៃ និងប្រព្រឹត្ដអំពើផ្ដេសផ្ដាសទៀតផង។
មូលហេតុដែលមនុស្សនិយាយម្នាក់ឯង
មនុស្សដែលនិយាយម្នាក់ឯងដែលបង្ហាញខ្លួននៅជុំវិញសាធារណៈជន គឺបណ្ដាលមកពីអ្នកជម្ងឺនោះកំពុងតែរងការប៉ះទង្គិច ជម្ងឺផ្នែកផ្លូវចិត្ដដែលមិនអាចទទួលយកការពិតច្បាស់លាស់អារម្មណ៍រវើរវាយ។ ហើយគិតថាខ្លួនកំពុងតែនិយាយជាមួយនឹងមនុស្សម្នាក់ទៀត ជាមួយនឹងអារម្មណ៍មួយផ្សេងទៀត គឺត្រចៀកឮសម្លេងតែគេនិយាយជាមួយគាត់ ហើយគាត់ធ្វើការឆ្លើយតាមវិញទាំងទឹកមុខញញឹម ឬសើចយំតែម្នាក់ឯងតែម្ដង។ ម្យ៉ាងទៀតអ្នកជម្ងឺប្រភេទនេះពេលខ្លះដើរតែឯង និយាយតែឯង ហើយភ្នែករបស់គាត់ចេះតែឃើញនេះឃើញនោះដោយបង្ហាញពីភាពមិនប្រក្រតីរហូត ដោយក្រសែភ្នែកបង្ហាញឃើញទៅតាមអារម្មណ៍ជានិច្ច។ ប្រភេទជម្ងឺវិកលនិយាយម្នាក់ឯងគឺបង្កឡើងដោយសារតែស្ដ្រេស និងការសោកស្ដាយទៅលើអ្វីមួយដែលបានបាត់បង់ ឧទាហរណ៍ដូចជាបាត់បង់ ក្រុមគ្រួសារជាទីស្រឡាញ់ ឬទ្រព្យសម្បត្ដិ។ ម្យ៉ាងទៀតវាអាចកើតដោយសារតែតំណពូជ“ហ្សែន”ផងដែរ។
រោគសញ្ញារបស់មនុស្សនិយាយម្នាក់ឯងមានពីរធំៗ
១ – រោគសញ្ញាវិជ្ជមាននៃជម្ងឺវិកលចរិត : បើលោកអ្នកសម្លឹងឃើញអ្នកជម្ងឺរូបនោះបង្ហាញឱ្យឃើញនូវភាពឡូឡា ការ ស្លៀកពាក់មានភាពមិនប្រសើរ កាយវិការកាចឃោរឃៅ បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃ ឬទ្រព្យផ្ទាល់ខ្លួន។
២ – រោគសញ្ញាអវិជ្ជមាននៃជម្ងឺវិកលចរិត : អ្នកជម្ងឺគ្រាន់តែនិយាយម្នាក់ឯង សម្ងំនៅផ្ទះតែម្នាក់ឯង ហើយធ្វើកិច្ចការងារ អ្វីដែលខ្លួននឹកឃើញ ឬចង់ធ្វើ។ ប៉ុន្ដែកិច្ចការអ្វីដែលខ្លួនបានធ្វើនោះ វាទទួលបានលទ្ធផលមិនល្អឡើយ ហើយទៅធ្វើអ្វីផ្សេងទៀត។ ករណីអ្នកជម្ងឺប្រភេទនេះ ក្រុមគ្រួសារមិនសូវលំបាកប៉ុន្មានទេ ដោយសារតែគាត់ធ្វើអ្វីមួយមិនប៉ះពាល់ទៅលើអ្នកដទៃ ដូចជាការ និយាយស្ដី ជេរប្រមាថទៅលើអ្នកជិតខាងជាដើម។ មិនតែប៉ុណ្ណោះអ្នកជម្ងឺវិកលចរិតប្រភេទនិយាយម្នាក់ឯងនេះ នៅក្នុងខួរក្បាល របស់គេហាក់បីដូចជាមានមនុស្សពីរឬបីនាក់កំពុងតែប្រជែងគ្នានិយាយ ធ្វើឱ្យអារម្មណ៍របស់គេរវើរវាយហោះហើរ ចេះតែស្រមើ ស្រមៃឃើញនេះឃើញនោះ ដែលបង្កឡើងពីភាពមិនប្រក្រតី រហូតដល់ថ្ងៃខ្លះនិយាយម្នាក់ឯង ស្រែកដូចមនុស្សទាស់គ្នាផងដែរ។
វិធីព្យាបាលមនុស្សនិយាយម្នាក់ឯង
បើតាមក្បួនវេជ្ជសាស្ដ្រ លោកអ្នកដែលនិយាយម្នាក់ឯងគឺអាចព្យាបាលឱ្យជាសះស្បើយបានតាមវិធីសាស្ដ្រផ្សេងៗរបស់ គ្រូពេទ្យ ដោយប្រើថ្នាំឬវិធីណែនាំផ្សេងៗ ដើម្បីសណ្ដំដល់ប្រព័ន្ធប្រសាទ និងធ្វើការកែប្រែប្រព័ន្ធខួរក្បាលពួកគេមកវិញឱ្យមាន សភាពនឹងនរក្នុងអារម្មណ៍។ បន្ទាប់មកជ្រើសរើសទីតាំងណាមួយឱ្យអ្នកជម្ងឺស្នាក់នៅឱ្យមានភាពសមរម្យ និងណែនាំដោយគ្រូពេទ្យជំនាញបន្ថែមទៀត អាចឱ្យអ្នកជម្ងឺវិកលចរិតវិលរកសភាពដើម ដូចជានិយាយគ្នាស្ដាប់បាន ចងចាំនូវព្រឹត្ដិការណ៍កន្លងដែលខ្លួនបានធ្វើ ឬបានដឹង ហើយសកម្មភាពក្នុងសង្គម និងគ្រួសារអាចជួយរំលែកបានផងដែរ។
វិធីការពារជម្ងឺវិកលចរិតនិយាយម្នាក់ឯង
ដើម្បីការពារជម្ងឺខាងលើនេះ លោកអ្នកមិនត្រូវប្រើប្រាស់ខួរក្បាលយកមកគិតច្រើនពេកនោះទេ ហើយភាពរន្ធត់ផ្សេងៗ គួរតែចេះអប់រំចិត្ដខ្លួនឯង កាត់បន្ថយពីរឿងធំមកតូច និងចេះសម្រួលអារម្មណ៍ឱ្យបានជ្រះថ្លា ទោះព្រឹត្ដិការណ៍មួយដែលកើតមាន នោះវាប៉ះពាល់ទៅលើក្រុមគ្រួសារក្ដី ឬមកលើខ្លួនឯងក្ដី ត្រូវចាត់ទុកវាគ្រាន់តែជារឿងតូចតាចទៅបានហើយ។ ធ្វើបែបនេះទើប អាចការពារខ្លួនឯងបានយ៉ាងត្រឹមត្រូវ។
ផលប៉ះពាល់ចំពោះជម្ងឺវិកលចរិតនិយាយម្នាក់ឯង
ប្រសិនបើលោកអ្នកមានជម្ងឺនេះ លោកអ្នកមិនអាចចូលរួមក្នុងសង្គមបាននោះទេ ទាំងការរកស៊ីប្រកបការងារ។ ហើយអ្នក មានជម្ងឺប្រភេទនេះកាន់តែឃ្លាតឆ្ងាយពីសង្គម និងសង្គមគ្រួសារតែម្ដង។ ដោយសារតែពេលខ្លះអ្នកជម្ងឺស្ដែងចេញឡើងដោយភាពមិនប្រក្រតី បង្កការខូចខាតច្រើនដល់សង្គម ឬបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ និយាយ និងធ្វើសកម្មភាពលែងដឹងខុសដឹងត្រូវទៀតផង។ លោកអ្នកគួរតែឆាប់រួសរាន់ទៅកាន់មន្ទីរពេទ្យ ដើម្បីពិគ្រោះគ្នារកថ្នាំលេប ឬទទួលយកការផ្ដល់ប្រឹក្សាពីគ្រូពេទ្យជំនាញ ដើម្បី ព្យាបាលឱ្យទាន់ពេលវេលា ចៀសវាងជម្ងឺវិកលចរិតឈានទៅរកភាពធ្ងន់ធ្ងរ និងពិបាកព្យាបាល។
ដំបូន្មានអ្នកជំនាញ
ដើម្បីបញ្ចៀសជម្ងឺវិកលចរិតនេះ មុនដំបូងលោកអ្នកធ្វើយ៉ាងណាកុំឱ្យមានជម្ងឺស្ដ្រេស ដែលកើតចេញដោយសារការ គិតច្រើននោះឱ្យសោះ ព្រោះអាការៈនេះជាចំណុចចាប់ផ្ដើមមួយធ្វើឱ្យមនុស្សគ្រប់រូបកើតមានជម្ងឺវិកលចរិត។ ប្រសិនបើលោកអ្នកមាន អារម្មណ៍គិតច្រើន ឬមានអារម្មណ៍ដូចជាការធុញថប់តប់ប្រមល់ច្រើន គួរប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលយក ការប្រឹក្សាមួយដែលល្អៗ អនុវត្ដដើម្បីបញ្ចៀសនូវជម្ងឺវិកលចរិតនេះ។
Leave a Reply