នៅពេលលោកអ្នកត្រូវការបំភ្លេចនូវអ្វីៗដែលអាក្រក់ និងចង់ឱ្យវារលាយបាត់ចេញពីចិត្ដនោះរិតតែធ្វើឱ្យលោកអ្នកនឹក និងត្រូវការរបស់នោះកាន់តែខ្លាំងឡើងៗ។ ជួនកាលអ្នកខ្លះត្រូវបង្ខំចិត្ដកាត់ចិត្ដពីអ្វីដែលខ្លួនត្រូវការទាំងសោកស្ដាយនិងឈឺចាប់ បំផុត។ មនុស្សភាគច្រើនពិបាកនឹងសម្រេចចិត្ដក្នុងការជ្រើសរើស ដោយមិនដឹងថាតើត្រូវធ្វើយ៉ាងណាដើម្បីបំភ្លេចចោលនូវអ្វីដែល ធ្វើឱ្យខ្លួនពិបាកនោះ។ តើគួរមានវិធីសាស្ដ្រអ្វីខ្លះ ដើម្បីកាត់ចិត្ដ?
វិធីសាស្ដ្រទាំងនេះ ទស្សនាវដ្ដី សុខភាពយើង នឹងលើកយកមកបកស្រាយនៅក្នុងទំព័រនេះតាមរយៈការសម្ភាសន៍លោកវេជ្ជបណ្ឌិត ស៊ិន ប៉ូលី អ្នកឯកទេសជម្ងឺផ្លូវចិត្ដ នៃអង្គការចិត្ដសង្គមអន្ដរវប្បធម៌ ហៅកាត់ថា ធីភីអូ។
អ្វីទៅជាការកាត់ចិត្ដ?
ការកាត់ចិត្ដគឺជាការកាត់ចំណងចិត្ដមួយដែលប្រទាញគ្នាទៅវិញទៅមក មិនចេះចប់មិនចេះហើយនិងធ្វើឱ្យចិត្ដនៅជំពាក់ ទៅនឹងអ្វីមួយដែលជាទីស្រឡាញ់។ ក៏ប៉ុន្ដែការស្រឡាញ់ឬសេចក្ដីត្រូវការនោះមានឧបសគ្គមករារាំងធ្វើឱ្យលោកអ្នកត្រូវបង្ខំចិត្ដផ្ដាច់ ចំំណងនៃសេចក្ដីស្រឡាញ់នោះចេញពីខ្លួនដោយមិនបានត្រៀមចិត្ដជាមុន។ ការកាត់ផ្ដាច់នូវអ្វីមួយចេញពីចិត្ដដែលស្រឡាញ់នោះមាន ការពិបាកជាខ្លាំង មិនមែនដូចកាត់ក្រណាត់ ឬកាត់សាច់ជ្រូកដែលថាកាត់គឺកាត់ដាច់នោះទេ។ ព្រោះមនុស្សមានការវិចារណញាណ និងមានអារម្មណ៍ដែលធ្វើឱ្យអ្វីៗដែលចង់បំភ្លេចនៅដក់ជាប់នឹងចិត្ដរបស់ខ្លួន។ ប្រសិនបើលោកអ្នកធ្វើការកាត់ចិត្ដឱ្យអស់នូវអ្វីដែលធ្វើ ឱ្យហ្មងសៅនោះចេញពីចិត្ដមិនខុសពីយកកាំបិតមកកាត់់សាច់ខ្លួនឯងនោះឡើយ។
អ្នកណាខ្លះដែលត្រូវកាត់ចិត្ដ
ការកាត់ចិត្ដជាដំណោះស្រាយមួយសម្រាប់មនុស្សដែលមានទុក្ខ ឬមនុស្សដែលគ្មានជម្រើសសម្រាប់ជ្រើសរើសនិងបំភ្លេច នូវរឿងដែលបានកើតឡើងនោះចោល ដូចជាការលះលែងគ្នារវាងប្ដីប្រពន្ធ ការកាត់ផ្ដាច់ពីល្បែងស៊ីសង គ្រឿងញៀនបាត់របស់ដែល ខ្លួនស្រឡាញ់ កាត់ចិត្ដពីមិត្ដ ឬញាតិសន្ដានដែលបានបាត់បង់ជីវិត។ល។ ការលះបង់និងការបាត់បង់ទាំងនេះ គឺសុទ្ធសឹងតែធ្វើឱ្យលោក អ្នកមួយចំនួនដែលកំពុងជួបប្រទះនឹងបញ្ហានេះត្រូវកាត់ចិត្ដ។
វិធីសាស្ដ្រក្នុងការកាត់ចិត្ដ
ការជាប់ជំពាក់ចិត្ដទៅលើអ្វីមួយតែងតែធ្វើឱ្យអារម្មណ៍របស់មនុស្សមានការស្រឡាញ់ពេញចិត្ដ ដោយមិនចង់ឱ្យបាត់បង់ ទៅណាឆ្ងាយពីខ្លួនឡើយ។ ដូចនេះហើយទើបពិបាកសម្រេចចិត្ដថានឹងកាត់ចិត្ដពីរឿងដែលបានកើតឡើងទាំងនេះណាស់។ មានវិធី ដែលអាចជួយលោកអ្នកឱ្យបំភ្លេច ឬកាត់ចិត្ដបាន។
1. ចិត្ដសាស្ដ្រ ៖ សមាជិកគ្រួសារ និងអ្នកនៅជុំវិញខ្លួនគួរតែមានការលួងលោម និងចេះប្រើសម្ដីដើម្បីលើកទឹកចិត្ដចំពោះការបាត់បង់នូវអ្វីដែលខ្លួនស្រឡាញ់ និងត្រូវការនោះ។ នេះជាប្រការមួយយ៉ាងល្អសម្រាប់ធ្វើឱ្យអ្នកកើតទុក្ខបានរសាយអារម្មណ៎៍ សោកសៅបានមួយកម្រិត។ ទន្ទឹមនឹងការលើកទឹកចិត្ដនោះដែរ លោកអ្នកក៏គួរតែធ្វើការបន្ដុះបង្អាប់ឬធ្វើការរិះគន់អ្វីដែលបាត់បង់ទៅ ថាមិនល្អ ដើម្បីធ្វើឱ្យអ្នកមានទុក្ខទទួលអារម្មណ៍ថាការបាត់បង់នោះមិនគួរឱ្យស្ដាយឬអាល័យនោះឡើយ។
2. អបិយជំនឿ ៖ ជំនឿសាសនាក៏អាចជួយធ្វើឱ្យរសាយទុក្ខផងដែរ។ នៅពេលដែលលោកអ្នកបាត់បង់អ្វីមួយជាទី ស្រឡាញ់ ហើយមានអារម្មណ៍សោកស្ដាយនោះ ការនិយាយលួងលោមជួយធ្វើឱ្យអារម្មណ៍បានធូរស្រាល។ ការបាត់បង់នេះអាចនឹងធ្វើ ឱ្យឧបទ្រពចង្រៃ ឬគ្រោះទាំងពួងចៀសផុតពីខ្លួនលោកអ្នកបានទៅតាមរបស់ដែលបាត់នេះ។
3. ការប្រើប្រាស់ថ្នាំ ៖ ប្រសិនបើទទួលរងនូវការឈឺចាប់ខ្លាំងពេក ដល់ថ្នាក់មិនអាចគ្រប់គ្រងស្មារតីបាននោះគ្រូពេទ្យ ជំនាញអាចផ្ដល់ជាឱសថសម្រាប់ជំនួយស្មារតី ដើម្បីរម្ងាប់អារម្មណ៍។ ប៉ុន្ដែលោកអ្នកគួរកុំបណ្ដោយឱ្យការគិតខ្លាំងពេក រហូតដល់ប្រើ ប្រាស់ថ្នាំសម្រាប់ទប់ស្កាត់អារម្មណ៍ ព្រោះវាជាចំណុចចាប់ផ្ដើមមួយនៃជម្ងឺសរសៃប្រសាទ។
ដំបូន្មានអ្នកប្រឹក្សា
មុនលោកអ្នកធ្វើការសម្រេចថានឹងកាត់ចិត្ដពីអ្វីមួយនោះ គួរតែមានការគិតឱ្យបានវែងឆ្ងាយ។ ព្រោះមានរឿងខ្លះមិនគួរ កាត់ចិត្ដទៅតាមកំហឹងមួយឆាវនោះឡើយ ដូចជាការកាត់ចិត្ដពីក្រុមគ្រួសារ ឬសាច់ញាតិជាដើម។ ក៏ប៉ុន្ដែលោកអ្នកគួរតែធ្វើការកាត់ ចិត្ដពីល្បែងស៊ីសង ឬគ្រឿងញៀនផ្សេងៗឱ្យបានឆាប់ទើបជាការប្រសើរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧
Leave a Reply