ដោយសារភាពចង់ដឹងចង់ស្គាល់ទើបធ្វើឱ្យយុវវ័យ និងលោកអ្នកមួយចំនួនឈានដល់ការប្រើគ្រឿងញៀនដែលមានបរិមាណកើនឡើងជាលំដាប់នៅប្រទេសយើង។ បើញៀនថ្នាំហើយ ត្រូវការព្យាបាលក្នុងរយៈពេលយូរនិងទាមទារការយកចិត្ដទុកដាក់ពីសំណាក់ក្រុមគ្រួសារជាចម្បង។ ការព្យាបាលត្រូវការពេលវេលា និងភាពអត់ធ្មត់ជាពិសេសត្រូវមានអ្នកជំនាញត្រឹមត្រូវទើប អាចទទួលបានជោគជ័យ។ តើការព្យាបាលអ្នកញៀនគ្រឿងញៀនអាចប្រព្រឹត្ដទៅបានដោយវិធីសាស្ដ្រអ្វីខ្លះ?
ដើម្បីជ្រាបអំពីវិធីសាស្ដ្រក្នុងការព្យាបាលអ្នកញៀនថ្នាំញៀន ទស្សនាវដ្ដី សុខភាពយើងបានជួបសម្ភាសន៍ជាមួយលោក អ៊ូច ប៉ាត់អមត្ថៈ ប្រធានកម្មវិធីគ្រឿងញៀននៅអង្គការមិត្ដសម្លាញ់។
បទពិសោធន៍របស់អង្គការមិត្ដសម្លាញ់
ដើម្បីបញ្ចុះបញ្ចូលឱ្យអ្នកប្រើប្រាស់គ្រឿងញៀនព្រមព្យាបាលផ្ដាច់គ្រឿងញៀន ចាំបាច់ត្រូវធ្វើឱ្យពួកគេមានទំនុកចិត្ដជាមុន សិន។ ជាដំបូងអង្គការត្រូវធានារ៉ាប់រងដល់ពួកគេលើការស្នាក់នៅ ចំណីអាហារ អនាម័យ និងការដឹកជញ្ជូន។ ព្យាយាមពន្យល់ពួកគេ ពីផលវិបាកទាំងឡាយនៅពេលគេប្រើប្រាស់ថ្នាំញៀន ការដេកតាមចិញ្ចើមផ្លូវនិងពន្យល់អំពីសារៈសំខាន់នៃការផ្ដាច់ថ្នាំញៀន។ ផ្ទុយ មកវិញបើក្នុងករណីដែលពួកគេមិនទាន់យល់ព្រមផ្ដាច់ថ្នាំញៀននោះអង្គការពន្យល់ពីប្រការមួយចំនួនដែលគួរចៀសវាងនៅពេលគេ ប្រើប្រាស់ថ្នាំញៀន ដូចជាធ្វើការផ្លាស់ប្ដូរម្ជុលកុំប្រើសេរ៉ាំងរួមគ្នាដើម្បីបង្ការការឆ្លងរោគផ្សេងៗ។
វិធីព្យាបាលអ្នកញៀនគ្រឿងញៀន
ការព្យាបាលអ្នកញៀនថ្នាំត្រូវចំណាយពេលវេលា ថវិកា និងទាមទារឱ្យអ្នកញៀនថ្នាំជួយខ្លួនឯងឱ្យបានច្រើនទើបការព្យាបាលឆាប់ជាសះស្បើយ។ ការព្យាបាលត្រូវប្រតិបត្ដិទៅតាមដំណាក់កាលផ្សេងៗគ្នា។
1. ការព្យាបាលតាមរោគសញ្ញា ៖ ក្នុងដំណាក់កាលនេះ ត្រូវចំណាយពេល២សប្ដាហ៍។ អ្នកញៀនថ្នាំតែងមានអាការឈឺ ជើងឈឺសន្លាក់នៃប្រព័ន្ធដងខ្លួន ចុកពោះ(រាក) ក្អួតជាដើម នៅពេលចាប់ផ្ដើមផ្ដាច់ថ្នាំញៀន។ ការធ្វើទុក្ខអាស្រ័យទៅតាមប្រភេទ គ្រឿងញៀន និងកម្រិតដែលបានប្រើ។ ក្នុងកំឡុងពេលនេះចាំបាច់ត្រូវមានការថែរក្សាពីសំណាក់គ្រូពេទ្យដែលមានជំនាញ និងបទពិសោធន៍ ព្រោះជាពេលែ់ដលអ្នកជម្ងឺមានអារម្មណ៍រវើរវាយ រសាប់រសល់និងពិបាកទៅនឹងការផ្ចង់គំនិត ហើយមានអារម្មណ៍មួម៉ៅ ច្រើន។
2. ការព្យាបាលផ្លូវចិត្ដ ៖ បន្ទាប់ពីមានការព្យាបាលរយៈពេល២សបា្ដហ៍ហើយត្រូវបញ្ជូនអ្នកញៀនថ្នាំទៅមណ្ឌលស្ដារនិតិសម្បទារយៈពេល៤សប្ដាហ៍ទៀត។ ការព្យាបាលនៅទីនោះសំខាន់ជាការលើកទឹកចិត្ដ។ ព្រោះក្នុងកាលៈទេសៈនេះអ្នកជម្ងឺត្រូវការអ្នក នៅជិតសម្រាប់ពិភាក្សា និងផ្ដល់កម្លាំងចិត្ដ។ បន្ទាប់ពីការព្យាបាល អង្គការមិត្ដសម្លាញ់តែងផ្ដល់ជាជំនាញវិជ្ជាជីវៈ ការងារដល់អ្នក ទាំងនោះទៅតាមជំនាញដែលគេចង់រៀនហើយត្រូវប្រាប់ពីគោលដៅសម្រាប់អ្នកជម្ងឺឱ្យដើរផ្លូវទៅមុខដើម្បីកសាងជីវិតថ្មីដោយគ្មាន គ្រឿងញៀន។
3. ការព្យាបាលតាមគ្រួសារ ៖ គ្រួសារជាថ្នាលទីមួយសម្រាប់មនុស្សគ្រប់រូបដើម្បីពិភាក្សានិងធ្វើការសម្របសម្រួល។ សមាជិកក្នុងគ្រួសារជាបុគ្គលសំខាន់ក្នុងការគាំទ្រដល់អ្នកញៀនគ្រឿងញៀនឱ្យយល់ព្រមផ្ដាច់ខ្លួនចេញពីសារធាតុញៀន។ ម្យ៉ាងវិញ ទៀតគ្រួសារមានភារៈកិច្ចបង្ការ ទប់ស្កាត់និងបញ្ចៀសកុំឱ្យសមាជិកក្នុងគ្រួសាររបស់ខ្លួនឈានទៅដល់ការប្រើប្រាស់គ្រឿងញៀន។
4 . ការព្យាបាលដោយប្រើថ្នាំ ៖ រយៈពេល២សបា្ដហ៍ដំបូងប្រើថ្នាំលេប ប្រសិនបើអ្នកជម្ងឺមានសភាពធ្ងន់ធ្ងរនោះអាចឱ្យ អ្នកជម្ងឺលេបមួយថ្ងៃ៣ដង ហើយបើអាការធម្មតាលេបមួយថ្ងៃតែ១ដង ឬ២ដងប៉ុណ្ណោះ។ បើក្នុងករណីមិនអាចទប់ស្កាត់អ្នកជម្ងឺបាន ដោយសារស្ថានភាពអារម្មណ៍ គ្រូពេទ្យត្រូវតែចាក់ថ្នាំដើម្បីរម្ងាប់អារម្មណ៍។ ការប្រើថ្នាំលេបគ្មានផលប៉ះពាល់ដល់បញ្ហាសុខភាពទេ ថែមទាំងអាចជួយបន្សាបសារធាតុញៀនចេញពីក្នុងខ្លួនអ្នកជម្ងឺយ៉ាងរហ័ស។
5 . ការព្យាបាលដោយការដើរកម្សាន្ដ ៖ នេះជាវិធីសាស្ដ្រមួយដ៏មានប្រសិទ្ធភាពដើម្បីផ្លាស់ប្ដូអារម្មណ៍របស់អ្នកជម្ងឺឱ្យ បានស្រស់ថ្លា និងមើលឃើញពីភាពរីករាយក្នុងជីវិតដែលមិនមានគ្រឿងញៀន។ ការកម្សាន្ដធ្វើឱ្យអ្នកជម្ងឺភ្លេចអតីតកាលរបស់គេ ដែលធ្លាប់តែឈ្លក់វង្វេងនឹងសារធាតុញៀន។
ដំបូន្មានអ្នកប្រឹក្សា
សូមលោកអ្នកដែលជាក្រុមគ្រួសារអ្នកជម្ងឺញៀនគ្រឿងញៀន គួរតែយកចិត្ដទុកដាក់ឱ្យបានត្រឹមត្រូវដល់អ្នកទាំងនោះ កុំមានការគិតច្រើនពីអ្វីដែលបានកន្លងហួស។ លោកអ្នកគប្បីប្រើពាក្យសម្ដីលួងលោមនិងរកវិធីសាស្ដ្រគិតចំណុចថ្មីៗ ហើយល្អសម្រាប់ ជីវិតខ្លួនគេផ្ទាល់។ ម្យ៉ាងវិញទៀតគួរតែរកការងារឱ្យពួកគេធ្វើតាមលំដាប់និងលទ្ធភាពដែលអាចធ្វើទៅបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧
Leave a Reply