កីឡាមួយប្រភេទដែលកំពុងទទួលបាននូវការពេញនិយម ពិសេសពីសំណាក់លោកអ្នកដែលចូលចិត្ដនិងស្រឡាញ់រូបរាង កាយ មានសាច់ដុំធំៗនិងរឹងមាំ។ លោកអ្នកប្រហែលជាមានចម្ងល់មិនតិចទេនៅពេលឃើញបុរសនិងស្ដ្រីមួយចំនួននៅបស្ចឹមប្រទេស មានសាច់ដុំធំៗ។ លោកអ្នកប្រាកដជាចង់សួរថាធ្វើយ៉ាងណាទើបពួកគេមានសាច់ដុំធំយ៉ាងនេះ។ ការពិតទាំងនោះជាសមិទ្ធផលដែល បានមកពីការហាត់កីឡាកាយវប្បកម្ម។ តើកាយវប្បកម្មជាអ្វី? មានប្រយោជន៍យ៉ាងណាចំពោះសុខភាព?
លោក ហ៊ី ឌីណារិន្ទ ប្រធានក្លឹបគីងកុងអូឡាំពិកចូលរួមស្រាយបំភ្លឺអំពីកីឡាកាយវប្បកម្មជូនមិត្ដអ្នកអានឱ្យបានជ្រាប និង ទុកគ្រាន់ជាការស្វែងយល់តាមរយៈទស្សនាវដ្ដី សុខភាពយើង។
កាយវប្បកម្ម ជាអ្វី?
កាយវប្បកម្ម ជាឈ្មោះកីឡាមួយប្រភេទដែលសំដៅទៅដល់ការលើកដុំដែកឬដុំទម្ងន់ផ្សេងៗ(លើកអាល់ទែរ)និងការហាត់ពត់រាងកាយផ្សេងៗដើម្បីឱ្យសាច់ដុំគ្រប់ផ្នែកនៃរាងកាយមានលក្ខណៈធំៗ និងរឹងមាំ។ ទោះបីជាយ៉ាងណាក៏ពុំមានព័ត៌មានច្បាស់ លាស់អំពីប្រភព និងប្រវត្ដិពិតប្រាកដរបស់កីឡាប្រភេទនេះទេ។ គ្រាន់តែដឹងថាកីឡាកាយវប្បកម្មកំពុងតែរីកដុះដាលនៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
អត្ថប្រយោជន៍របស់កាយវប្បកម្ម
គ្រប់សកម្មភាពកីឡាទាំងអស់សុទ្ធតែផ្ដល់នូវអត្ថប្រយោជន៍សម្រាប់អ្នកហាត់។ កាយវប្បកម្មអាចហាត់បានទាំងបុរសទាំង ស្ដ្រី ជាពិសេសសម្រាប់ស្ដ្រីដែលហាត់ភាគច្រើនដើម្បីបំបាត់ខ្លាញ់ក្នុងខ្លួន ដូចជាក្បាលពោះ ដៃជើងជាដើម។ លទ្ធផលដែលទទួលបានពី ការហាត់កាយវប្បកម្ម គឺលោកអ្នកមានសាច់ដុំធំៗ រាងកាយរឹងមាំ ដើមទ្រូងធំនិងស្មាបើកទូលាយ។
តើគួរចាប់ផ្ដើមហាត់នៅពេលណា?
កាយវប្បកម្មជាកីឡាមួយដែលមើលទៅដូចជាធ្ងន់ធ្ងរបន្ដិច និងត្រូវប្រើកម្លាំងថាមពលច្រើនក្នុងការហ្វឹកហាត់។ ប៉ុន្ដែលោកអ្នកអាចចាប់ផ្ដើមហាត់ជាសន្សឹមៗបន្ដិចម្ដងៗ មុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ប្រការដ៏ល្អលោកអ្នកគួរចាប់ផ្ដើមហាត់នៅ អាយុ១៥ឆ្នាំ ព្រោះជាពេលដែលសាច់ដុំកំពុងលូតលាស់។ ប្រសិនបើហាត់នៅពេលមានអាយុក្មេងពេកអាចធ្វើឱ្យប៉ះពាល់ដល់សុខ ភាព និងការលូតលាស់នៃរាងកាយ ព្រោះថាឆ្អឹង និងសាច់ដុំនៅខ្លី ត្រូវការការលូតលាស់ធំធាត់និងមិនអាចទទួលរងសម្ពាធធ្ងន់ ធ្ងរបានឡើយ។ មនុស្សត្រូវការពេលវេលាដើម្បីសម្រាក សាច់ដុំក៏ត្រូវការសម្រាកដែរដូចនេះលោកអ្នកគួរហាត់ពីរឬបីថ្ងៃម្ដង។ បើ លោកអ្នកហាត់រាល់ថ្ងៃក៏អាចបានដែរ ប៉ុន្ដែត្រូវហាត់ក្នុងចលនាផ្សេងៗគ្នាមានន័យថាមិនត្រូវហាត់ចលនាតែមួយចំពោះសាច់ដុំមួយ មុខជារៀងរាល់ថ្ងៃនោះឡើយ។ លោកអ្នកគួរហាត់នៅពេលព្រឹកនិងមុនពេលទទួលទានអាហារ ជាការប្រសើរបំផុត ព្រោះថាអាហារនិងជាតិពុលក្នុងរាងកាយមានតិចងាយនឹងបញ្ចេញចោលតាមរន្ធញើស។
របៀបហាត់កាយវប្បកម្ម
សាច់ដុំមនុស្សមានច្រើនផ្នែក អាស្រ័យទៅតាមមុខងារ និងតួនាទីរៀងៗខ្លួន ដូចជាសាច់ដុំជើង សាច់ដុំដៃសាច់ដុំស្មា សាច់ដុំទ្រូង និងសាច់ដុំផ្សេងៗទៀតជាច្រើន។ សាច់ដុំនីមួយៗក៏មានការបែងចែកជាច្រើនទៀតដូចជាក្នុងសាច់ដុំជើងមានផ្នែកខាងមុខ ខាង
ក្រោយ ផ្នែកខាងក្នុង និងផ្នែកខាងក្រៅជាដើម។ ឧបករណ៍សម្រាប់ហាត់កាយវប្បកម្មមានច្រើនប្រភេទតម្រូវទៅតាមចលនានៃ សាច់ដុំ ដូចជាឧបករណ៍សម្រាប់ហាត់យកសាច់ដុំដៃ ឧបករណ៍សម្រាប់ហាត់យកសាច់ដុំស្មាឧបករណ៍សម្រាប់ហាត់យកសាច់ដុំទ្រូង ជាដើម។ ក្រៅពីការលើកដុំដែក និងប្រើឧបករណ៍ដែលមាននៅតាមក្លឹបកីឡាលោកអ្នកមួយចំនួនដែលចង់ឱ្យមានសាច់ដុំ និងសុខ ភាពល្អ អាចកែច្នៃជាឧបករណ៍ផ្សេងៗដើម្បីធ្វើការហ្វឹកហាត់នៅតាមគេហដ្ឋានរៀងៗខ្លួនដូចជាការធ្វើជាដុំទម្ងន់(អាល់ទែរ)ដោយ ចាក់ស៊ីម៉ងត៍ជាពុម្ពទម្ងន់ទៅតាមការពេញចិត្ដ និងការច្នៃជាឧបករណ៍ផ្សេងៗទៀតជាដើម។ របៀបជាក់លាក់នៃការហ្វឹកហាត់គឺអាស្រ័យទៅលើចលនាសាច់ដុំ តើលោកអ្នកត្រូវការធ្វើចលនាសាច់ដុំផ្នែកណាមួយ?
ការរក្សាសុខភាព
កាយវប្បកម្មជាកីឡាមួយប្រភេទដែលអ្នកហាត់ត្រូវចំណាយថាមពលច្រើន និងពេលវេលាជាក់លាក់។ ការហាត់កីឡា ប្រភេទនេះ ពេលខ្លះក៏បានផ្ដល់នូវផលវិបាកផងដែរ ប្រសិនបើការហាត់ពុំបានត្រឹមត្រូវ។ កីឡាហាត់ដើម្បីឱ្យមានសុខភាពល្អ ប៉ុន្ដែ ហាត់កីឡាក៏ទាមទារឱ្យអ្នកហាត់មានសាច់ដុំ ត្រូវមានកម្លាំង និងថាមពលគ្រប់គ្រាន់ហើយដែលទាំងអស់នេះបានមកពីការទទួល ទានចំណីអាហារនិងសម្រាកគ្រប់គ្រាន់។ ប្រសិនបើលោកអ្នកហាត់ដើម្បីចង់បានសាច់ដុំធំៗលោកអ្នកគួរទទួលទានអាហារដែល សម្បូរប្រូតេអ៊ីនឱ្យបានច្រើន។
ប្រការគួរប្រតិបត្ដិ
- មុននឹងចាប់ផ្ដើមហាត់ លោកអ្នកគួរកំដៅសាច់ដុំឱ្យបានពី៥ទៅ១០នាទីជាមុនសិនដើម្បីឱ្យសាច់ដុំមានចលនាបានល្អ
- ចៀសវាងការហាត់ទាំងបង្ខំ ដែលជាហេតុធ្វើឱ្យបាក់កម្លាំង និងអាចមានគ្រោះថ្នាក់ដល់សុខភាព
- ប្រសិនបើហាត់ដើម្បីសុខភាព លោកអ្នកគួរហាត់ឱ្យបានគ្រប់ចលនាទាំងអស់នៃសាច់ដុំប៉ុន្ដែក៏មិនត្រូវហាត់ធ្ងន់ៗនិងជា ប្រចាំថ្ងៃពេកទេ។ ជាការល្អ គួរហាត់ពីរថ្ងៃម្ដងដើម្បីឱ្យសាច់ដុំមានការសម្រាកគ្រប់គ្រាន់។
ដំបូន្មានអ្នកប្រឹក្សា
ការហាត់កីឡាគ្រប់ប្រភេទគឺដើម្បីចង់ឱ្យមានសុខភាពល្អ រាងកាយមាំមួនប៉ុន្ដែសូមលោកអ្នកមេត្ដាប្រុងប្រយ័ត្នកុំឱ្យការ ហាត់កីឡានេះប៉ះពាល់ដល់សុខភាពរបស់លោកអ្នកឱ្យសោះ។ ប្រការសំខាន់ដើម្បីទ្រទ្រង់ជីវិតនិងសុខភាពឱ្យបានល្អ លោកអ្នកគួរ ចៀសវាងការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទព្រោះជាតិញៀនទាំងនេះជះឥទ្ធិពលមិនល្អសម្រាប់ខ្លួនប្រាណ និងសង្គមឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧
Leave a Reply