អវយវៈភេទរបស់ស្ដ្រីមានលក្ខណៈសាំញ៉ាំដែលទាមទារឱ្យស្ដ្រីគ្រប់រូបយកចិត្ដទុកដាក់ថែរក្សាឱ្យបានត្រឹមត្រូវ។ ទឹកអនាម័យជាផលិតផលថ្មីដែលផលិតសម្រាប់ស្ដ្រីប្រើប្រាស់ក្នុងការសម្អាតប្រដាប់ភេទរបស់ខ្ល្លួន។ ទឹកអនាម័យមានច្រើនប្រភេទនៅលើ ទីផ្សារជាហេតុធ្វើឱ្យអ្នកនាងកញ្ញាពិបាកក្នុងការជ្រើសរើស ព្រោះថាបើរើសមិនបានល្អនាំឱ្យមានបញ្ហានៅពេលដែលប្រើប្រាស់។
លោកសាស្ដ្រាចារ្យ លៀង ច័ន្ទរិទ្ធ អនុប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត បរិយាយអំពីវិធីជ្រើសរើសទឹកអនាម័យរបស់ស្ដ្រីទាំងឡាយតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ទឹកអនាម័យដែលគួជ្រើសរើស
មុននឹងទទួលជ្រាបអំពីការជ្រើសរើសទឹកអនាម័យឬទឹកលាងទ្វារមាសនោះ មិត្ដនារីទាំងអស់ចាំបាច់ត្រូវដឹងថាអវយវៈភេទរបស់ស្ដ្រីមានប្រព័ន្ធសម្រាប់ការពារការជ្រៀតចូលរបស់មេរោគដោយខ្លួនវាតែម្ដង។ ទោះបីជាយ៉ាងនេះក្ដីមិត្ដនារីទាំងឡាយនៅតែត្រូវការសម្អាតកន្លែងអាថ៌កំបាំងនេះមិនគួរធ្វេសប្រហែសឡើយ។ លោកស្រីអ្នកនាងកញ្ញាអាចលាងសម្អាតដោយទឹកធម្មតាក៏បានគ្រាន់តែទឹកធម្មតានោះមិនអាចជួយអ្វីក្រៅពីការសម្អាតនោះទេ។ ផ្ទុយទៅវិញបើសុភាពនារីទាំងអស់ប្រើទឹកអនាម័យលាងសម្អាត ប្រដាប់ភេទនោះនឹងទទួលបាននូវសារៈប្រយោជន៍ជាច្រើនទៀត។ មិត្ដនារីគួរជ្រើសរើសទឹកអនាម័យយកមកប្រើប្រាស់ជាប្រចាំ ដោយមុននឹងសម្រេចចិត្ដទិញ ត្រូវផ្ដោតជាសំខាន់ទៅលើចំណុចមួយចំនួនដូចជា ៖
- ប្រភេទនៃទឹកអនាម័យ ៖ ទឹកអនាម័យមួយចំនួនប្រើសម្រាប់សម្អាតទ្វារមាស និងប្រភេទខ្លះប្រើសម្រាប់ព្យាបាលជម្ងឺ។
- សមាសធាតុផ្សំ ៖ ទឹកអនាម័យដែលមានគុណភាពល្អចាំបាច់ត្រូវតែមានសមាសធាតុផ្សំពីរ គឺអាស៊ីតឡាក់ទិក និងសេរ៉ូមឡាក់តាជាសារធាតុសំខាន់។
- មិនមានជាតិសាប៊ូ ៖ ព្រោះសមាសធាតុភះសាប៊ូខ្ពស់ជាងភះទ្វារមាស ដែលនាំឱ្យខូចដល់តុល្យភាពរបស់មជ្ឈដ្ឋានទ្វារ មាស
- ត្រូវរើសយកផលិតផលលាងដែលស្រាលមិនធ្វើឱ្យខូចដល់តុល្យភាពរបស់ទ្វារមាស។ មានផលិតផលលាងជាច្រើនដែលអាចរក្សានូវតុល្យភាពនេះបាន ហើយជួយសម្រួលឱ្យបាត់រមាស់ទៀតផង។
ផលប្រយោជន៍របស់ទឹកអនាម័យ
ការជ្រើសរើសទឹកអនាម័យត្រឹមត្រូវអាចជួយមិត្ដនារីឱ្យមានសុខភាពល្អ មានទំនុកចិត្ដក្នុងទំនាក់ទំនង និងផលប្រយោជន៍មួយចំនួនទៀតដូចជា ៖
- ជួយឱ្យប្រព័ន្ធការពារនៅក្នុងទ្វារមាសកាន់តែរឹងមាំ
- ទប់ស្កាត់ការជ្រៀតចូលរបស់ពពួកមេរោគផ្សេងៗ ជាពិសេសមេរោគផ្សិត
- ជួយពង្រឹងសាច់ដុំទ្វារមាសឱ្យមានភាពរឹងមាំ
- កម្ចាត់ក្លិនអាក្រក់ទាំងឡាយ។
ផលប៉ះពាល់របស់ទឹកអនាម័យ
មិត្ដនារីដែលជ្រើសរើសទឹកអនាម័យមិនបានត្រឹមត្រូវ នៅពេលប្រើប្រាស់ អាចបង្កជាការប៉ះពាល់មួយចំនួន ដូចជាបាត់បង់ តុល្យភាពប្រព័ន្ធការពារនៅក្នុងទ្វារមាស បណ្ដាលឱ្យមេរោគទាំងឡាយងាយជ្រៀតចូល ដូចជាពពួកមេរោគផ្សិតជាដើម។ ម្យ៉ាងទៀតការប្រើប្រាស់ទឹកដោយមិនល្អអាចបង្កជាការរលាក ឬរមាស់ទ្វារមាសទៀតផង។
ដំបូន្មានអ្នកជំនាញ
សូមស្ដ្រីទាំងឡាយដែលមានបំណងប្រើប្រាស់ទឹកអនាម័យដើម្បីសម្អាតទ្វារមាសនោះ ចាំបាច់ត្រូវមកពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិន ដើម្បីឱ្យដឹងពីស្ថានភាពសុខភាពរបស់ខ្លួនថាគួរប្រើប្រាស់ទឹកអនាម័យប្រភេទណា។ មានទឹកអនាម័យប្រភេទខ្លះមិនអាចប្រើប្រាស់តាមចិត្ដបានទេ ជាពិសេសគឺថេរៈវេលានៃការប្រើប្រាស់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply