យុទ្ធនា​ការផ្តល់​អាហារ​រូបត្ថម្ភ​បន្ថែម​ដល់​កុមារ​កម្ពុជា​

ការ​បរិភោគ​គ្រប់​គ្រាន់ ពិតជា​មានសារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​មនុស្ស​ទូទៅ។ ការផ្តល់​អាហារ​រូបត្ថម្ភ​គ្រប់​គ្រាន់​ទៅ​ដល់​កុមារ​ក៏ជាបញ្ហា​មួយ​ដែល​អាណា​ព្យាបាល​ត្រូវតែ​យកចិត្ត​ដោយ​មិនអាច​ខានបាន​ក្នុងន័យ​ជួយ​ទ្រទ្រង់​សុខភាព​របស់​កុមារ​ទាំង​រាង​កាយ ប្រាជ្ញា និង​ស្មារតី​ឲ្យកាន់​តែប្រសើរ​ឡើង។ ការ​ទទួលបាន​អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់​នៅ​វ័យ​កុមារ​មាន​ផលប៉ះ​ពាល់​ ជា​អវិជ្ជមានរ​យៈ​ពេល​យូរ​ដល់​ជីវិត​ទាំងមូល​របស់​មនុស្ស ហើយ​បណ្តាល​អោយ​ប្រជាជាតិ​ជាច្រើន​ខាតបង់​កម្លាំង​ផលិត​កម្ម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ពិធី​សម្ភោធ​យុទ្ធនាការ​ផ្តល់​អាហារ​បន្ថែម​ដល់​កុមារ អាយុ៦​ខែ ដល់២៤នៅ​កម្ពុជា

កង្វះ​អាហា​រូបត្ថម្ភ​គឺជា​មូលហេតុ​ធំ​បំផុត​តែមួយគត់​ដែល​បណ្តាល​អោយ​មាន​កុមារ​ជាច្រើន​នាក់​ ត្រូវបាន​ស្លាប់​លើ​ពិភព​លោក។ កាល​ពីព្រឹក​ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១២ នាពេលថ្មី​នេះ ក្រសួង​សុខាភិបាល សហការ​ជាមួយ​មជ្ឈ​មណ្ឌល​ជាតិ គាំពារ​មាតា និងទារក ព្រមទាំង​ដៃគូ​អភិវឌ្ឃនានា បាន​សម្ភោធ​ឲ្យដំណើរ​ការ​ជាផ្លូវ​ការនូវយុទ្ធនាការផ្តល់អាហារដល់កុមារកម្ពុជា នៅ​សណ្ឋាគារ​ភ្នំពេញ។ ការ​ដំណើរ​ការ​នូវ​យុទ្ធនា​ការនេះ​នឹងរួម​ចំណែក​ធ្វើឲ្យ​ប្រសើរ​ឡើង ចំពោះ​ស្ថានភាព​អាហារ​រូបត្ថម្ភ​ដល់កុមារ​នៅក្នុង​ប្រទេស​កម្ពុជា។

មតិ​ជុំវិញ​ការ​សម្ភោធ​យុទ្ធនា​ការ​ផ្តល់​អាហារ​បន្ថែម​ដល់​កុមារ

រដ្ឋ​លេខាធិការ​ក្រសួង​សុខា​ភិបាល លោក អេង ហួត បានថ្លែង​ក្នុងពិធី​សម្ពោធ​ថ្នាក់​ជាតិ និង​ប្រកាស​បើក​ជា ផ្លូវការ​យុទ្ធនាការ​ផ្តល់​អាហារ​បន្ថែម​ដល់​កុមារ​អាយុពី​៦ខែ ដល់២៤​ខែថា ម្តាយ និងអ្នក​ថែទាំ​កុមារ​មាន​តួនាទីសំខាន់​ណាស់​ដើម្បី​ធ្វើឱ្យ​កុមារ ទទួល​បាននូវ​អាហារ​រូបត្ថម្ភ​បន្ថែម​សម​ស្រប និង​មាន​គុណភាព។ លោក​បានបន្ត​ថាថ្វី​បើឆ្នាំ​២០១២នេះ ការ​លើក​កម្ពស់​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ បាន​ទទួល​ជោគ​ជ័យ​ក៏ដោយ ក៏ការ​អនុវត្តន៏​ការផ្តល់​អាហារ​បន្ថែម មិនបាន​ត្រឹមត្រូវ​នៅតែជា​កត្តា​ចម្បង​មួយ​ក្នុងការ​ចូលរួម​ចំណែក​ធ្វើឱ្យ​អត្រា​កង្វះ​អាហា​រូបត្ថម្ភ​មាន​ចំនួន​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា។

កញ្ញា សុណា គីម (Sunah Kim) អនុប្រធាន​អង្គការ​យូនីសេហ្វ​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​នៅក្នុង​ឱកាស​នោះ​ផង​ដែរ ថា កាល​ពីមុន គេ​តែងតែ​មានជំនឿ​ថាម្តាយ មិនមាន​ទឹកដោះ​ភ្លាមៗ​ក្រោយ​ពេល​សម្រាល​កូនរួច​ហើយ។ នេះមាន​ន័យថា មាន​កា​រពន្យារ​ពេល​ក្នុង​ការបំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ហើយ​ពួកគេ​ក៏តែងតែ​មាន​ជំនឿ និងការ​អនុវត្ត​ផងដែរ​ថា កុមារ​តូច​ចំាបាច់​ត្រូវផឹក​ទឹក ហើយ​ទឹកដោះ​ម្តាយ​មិនត្រូវ​បានគេ​យល់​ថា មានសារ​ធាតុទឹក​គ្រប់គ្រាន់​នោះ​ឡើយ។

អនុ​ប្រធាន​អង្គការ​យូនី​សេហ្វ​រូបនេះ បានបន្ត​ទៀតថា បន្ទាប់​ពីមាន ការផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ តាមរយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ការអប់រំ​ផ្សព្វ​ផ្សាយ​នៅនឹង​មូលដ្ឋាន​ជាក់​ស្តែង​រួចមក បច្ចុប្បន្ន​នេះ ម្តាយ​ភាគច្រើន ចាប់​ផ្តើម​បំបៅ​កូនដោយ​កដោះ​ភ្លាម ក្រោយ​ពេល​សម្រាល​កូន ហើយបន្ត​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយតែ​មួយ​មុខ​គត់ ក្នុង​រយៈ​ពេល​៦ខែ​ដំបូង។ ជាពិសេស​កុមារ​ដែល​កើត​មិន​គ្រប់ទម្ងន់ មិនបាន​បង្ហាញ​ថា មាន​ការរីក​ចម្រើន អ្វីសោះ​ឡើយ នៅក្នុង​រយៈ​ពេល១០ឆ្នាំ​ចុង​ក្រោយ​នេះ។ យើង​អាច សន្មត​បានថា បញ្ហា​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​នឹងការ​មិនមាន​ភាពរីក​ចម្រើន​អ្វីសោះ ចំពោះ​ទម្ងន់របស់​មាតា។ ការ​កើន​ឡើង​ខ្ពស់ នៃការ​ពិនិត្យ​ផ្ទៃពោះ កាល​ពីពេល​ថ្មីៗនេះ គឺជា​ឱកាស​ដ៏ល្អបំផុត​មួយ សម្រាប់​លើក​កម្ពស់​ឥរិយាបថ ដែល​នឹង​បង្កើន​ទម្ងន់​របស់​ទារក​ទើប​កើត”។

ប​ញ្ហាកង្វះ​អាហារូបត្ថម្ភ​ដល់កុមារ​កម្ពុជា

បើយោង​តាម​ការ​អង្កេត​ប្រជាសាស្រ្ត និង​សុខភាព​នៅ​កម្ពុជា ឆ្នាំ២០១០ បាន បង្ហាញ​ថា ៤០ភាគរយ​នៃកុមារ​អាយុ​ក្រោម​៥ឆ្នាំ​មាន​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​រុំារ៉ៃ (ក្រេះក្រិន) ១១ភាគរយ មាន​ភាព​ស្គម​ស្គាំង និង​២៨ភាគរយ​មាន​ទម្ងន់​ទាប​ដែល​មាន​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​ស្រួច​ស្រាវ​ជាដើម។

របាយ​ការណ៍​មួយ​ពី​វិទ្យាស្ថាន​ស្ថិតិ​ បាន​រក​ឃើញ​ថា​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​ថ្នាក់ជាតិ​ដើម្បី​កំណត់​ឥទ្ធិពល​នៃ​តម្លៃ​ ស្បៀង​អាហារ​ខ្ពស់​ បាន​រក​ឃើញ​សុខភាព​កុមារ​មិន​មាន​ភាព​ប្រសើរ​ឡើង​ទេ​ ដោយ​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​បាន​កើន​ពី​ ៨,៤​ភាគរយ​ កាលពី​ឆ្នាំ​ ២០០៥​ ដល់​ ៨,៩​ភាគរយ​ ក្នុង​ឆ្នាំ​ ២០០៨​ ដែល​ជា​ការ​ចង្អុល​បង្ហាញ​ដ៏​សំខាន់​មួយ​ផ្នែក​តាម​សមាមាត្រ​ទម្ងន់​ និង​ កម្ពស់​ ។ ការសិក្សា​នេះ​ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ការ​រាលដាល​ជម្ងឺ​គ្រុនក្ដៅ​ ក្នុងចំណោម​កុមារ​ដែល​មាន​អាយុ​តិច​ជាង​៤​ឆ្នាំ​ បាន​កើន​ដល់​ ៥៨,៩​ភាគរយ​ ក្នុង​ឆ្នាំ​ ២០០៨​ ធៀប​នឹង​ ៣៩,៦​ភាគរយ​ កាលពី​ឆ្នាំ​ ២០០៥​ ។

គួររំឮក​បន្ថែម​ផងដែរ​ថា បើតាម​របាយការណ៍​សុខភាព និង​ប្រជា​សាស្ត្រ​កម្ពុជា (CDHS) កាលពី​ខែមីនា ឆ្នាំ២០១០កន្លង​ទៅ បាន​ចេញ​ផ្សាយ​នូវ​លទ្ធផល​រក​ឃើញ​គួរអោយ​ភ្ញាក់​ផ្អើល​បំផុត​មួយ ដែល​បាន​បង្ហាញ​ថា កុមារ​ជាច្រើន​មាន​រាងកាយ​ស្គម​ស្គាំង​ខ្លាំង​នៅ​ចន្លោះ​អាយុ​ចាប់ពី​កើត​រហូតដល់​អាយុ​ជិត ៥ឆ្នាំ (៥៩ខែ) ច្រើនជាង​លទ្ធផល​នៅក្នុង​ការអង្កេត​កាលពី​ឆ្នាំ២០០៥ទៅ​ទៀត។ ការលូតលាស់​មិន​ប្រក្រតី​របស់កុមារ មាន​កម្ពស់​ទាប​ជាង​អាយុ​របស់​ពួកគេ បណ្តាលមកពី​ពួកគេ​មិន​បាន​ទទួល​អាហា​រូបត្ថម្ភ​គ្រប់គ្រាន់​ក្នុង​រយៈ​យូរ ហើយ​ការដែល​កាន់តែ​អាក្រក់​ជាងនេះទៅទៀតនោះ គឺដោយសារ​ពួកគេ​កើត​ជម្ងឺ​ជា​ញឹកញាប់​ដែល​រួមមាន​រាករូស ​ជាដើម។ យោងតាម​ការអង្កេត​នោះ កុមារ​កម្ពុជា​អាយុ​ក្រោម ៥ ឆ្នាំ​ចំនួន ៤០ ភាគរយ មាន​កម្ពស់​ទាប​ជាង​អាយុ​របស់​ពួកគេ ហើយ​ពួកគេ​មួយ​ភាគបី​មានការ​លូត​លាស់​ខុស​ប្រក្រតី​ខ្លាំង។ កុមារ ១៤ ភាគរយ​ក្នុង​ចំណោម​កុមារ​កម្ពុជា​ទាំងអស់​មានការ​លូតលាស់​ខុស​ប្រក្រតី​ខ្លាំង។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី៣០ មេសា ឆ្នាំ​ ២០១២

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *