ពិភព​លោក​កំពុង​ត្រូវបាន​បំពុល​ដោយ​គ្រឿង​ស្រវឹង

មាន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មិន​តិចទេ ដែល​បានចុះ​ផ្សាយ​អំពី​ចំនួន​កើន​ឡើង​នៃអ្នក​ផឹក​គ្រឿង​ស្រវឹង​នៅលើ​ពិភព​លោក។ យ៉ាង​ណាមិញ​នៅប៉ុន្មាន​ឆ្នាំកន្លង​ទៅនេះ​ការចរាចរ​គ្រឿង​ស្រវឹង​ត្រូវបាន​គេសង្កេត​ឃើញថា​មានភាព​ផុស​ផុល​ជាង​មុន​ឆ្ងាយ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយចំនួន គួបផ្សំ​នឹងការ​និយម​ផឹកចេះ​តែច្រើន​ឡើង​ពីសំណាក់​យុវ័យ​ក្មេង​រហូត​ដល់វ័យ​ចំណាស់​នៅក្នុង​ប្រទេស​កម្ពុជា។ គ្រឿង​ស្រវឹង​នៅតែ​ជាទីពេញ​និយម​បំផុត​របស់​ប្រជាជន​សឹង​គ្រប់​ប្រទេស​បើទោះ​បីជា​គេដឹង​ថាវា​ផ្តល់​គ្រោះថ្នាក់​ជាច្រើន​ដល់​សុខភាព​អ្នកផឹក​យ៉ាង​ណា​ក៏ដោយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​ពេល​កន្លង​ទៅថ្មីៗ​នេះ គេហទំព័រ​សារព័ត៌មាន ប៊ីប៊ីស៊ី បានចុះ​ផ្សាយថា ចំនួន​នៃអ្នកស្លាប់​ដោយ​សារ​ជម្ងឺ​ថ្លើម​ត្រូវ​បាន​កត់​សម្គាល់​ឃើញថា​មាន​អត្រា​កើន​ឡើង​នៃចំនួន​អ្នកស្លាប់​ដោយ​សារ​ជម្ងឺថ្លើម​នេះ ឈាន​ដល់​កម្រិត​ខ្ពស់​មួយ​ដែល​មាន​ចំនួន​មិនតិច​ជាង​២៥%​នោះទេ​នៅក្នុង​ប្រទេស​អង់គ្លេស។ យោង​តាម​ប្រភព​ដដែល​បានឲ្យដឹង​ថាការ​ស្លាប់នេះ​គឺបណ្តាល​មក​ពីការផឹក​គ្រឿង​ស្រវឹង ភាពធាត់ និង​រោគ​ថ្លើម ដែល​ស្ថិត​នៅពី​ក្រោយ​បញ្ហានេះ។ បើតាម​របាយការណ៍​របស់ National End of Life Care Intelligence Network បាន​រាយការណ៍​ថា ការស្លាប់​បន្ថែម​នៃចំនួន​ដ៏ច្រើន​នេះ ភាគ​ច្រើន​កើត​ឡើង​ចំពោះ​បុរសនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អង់គ្លេស។

ចំពោះ​នៅ​ប្រទេស​កម្ពុជា​វិញ មិន​ទាន់​មានរបាយការណ៍​សិក្សា​ស្រាវ​ជ្រាវ​ណា​មួយ ដែល​បង្ហាញអំ​ពី​ការ​មិន​ពេញ​ចិត្ត​ទៅ​លើ​ផលិត​ផល​ស្រា និង​បារី​នោះ​ទេ ។ ប្រទេស​អង់គេ្លស បានធ្វើការស្រាវជ្រាវទាក់ទងទៅនឹងសុរា ​ ​ដែល​ធ្វើ​ឡើង​នៅ​ខែ​មីនា ដល់​ខែ​មិថុនា​ឆ្នាំ​២០០៩ លើ​មនុស្ស​ជាង​១៥០០​នាក់ ។ ខាងក្រោមនេះ​គឺ​ជា​សេចក្តី​សង្ខេប​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ៖

  • ៨៩% គាំ​ទ្រ​ឲ្យ​មាន​ការ​សរសេរ​សារ​ព្រមាន​ដល់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម (កម្រិត​ជាតិ​អាល់​កុល​លើស​ពី​ការ​កំណត់)។
  • ​៩០% ចង់​ឲ្យ​មាន​ការ​ព្រមាន​សុខភាពពី​ជាតិអាល់​កុល​ចំពោះ​ក្រុម​មនុស្ស​មួយ​ចំនួន​ដូច​ជា​ក្មេងៗ ឬ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​។
  • ៨៥% គាំ​ទ្រ​ឲ្យ​មាន​ការ​ធ្វើ​សេចក្ដី​ណែ​នាំ​ជា​ប្រចាំ​ថ្ងៃពី​កម្រិត​ជាតិ​អាល់កុល​មាន​មាន​គ្រោះ​ថ្នាក់​ដល់សុខភាព​នៅ​ពេល​ប្រើ។

បើ​លោកអ្នក​ងាកមក​ចាប់​អាម្មណ៌​មកលើ​ស្ថានភាព​ការ​ផឹកសុរា​នៅប្រទេស​កម្ពុជា​វិញ ឃើញថា​ចំនួន​អ្នកផឹក​សុរា​មានការ​កើន​ឡើង​ចាប់តាំង​ពីវ័យកុមារ​មកម្លេះ។ ទាំងនេះ​គឺក្តី​ព្រួយបារម្ភ​ដ៏ធំមួយ​សម្រាប់​សុខភាព​នៅកម្ពុជា។ ការផឹក​គ្រឿង​ស្រវឹង​នេះ​ច្រើន​ប្រព្រឹត្ត​ទៅនៅ​ក្នុង​កម្មវិធី​មង្គល​ការ ជប់​លៀង ខួបកំណើត ឡើងផ្ទះ ពិធីបុណ្យ​ទាន​ បុណ្យ​ចូលឆ្នាំថ្មី​និង​ពិធី​បុណ្យ​តូចធំ​ជាច្រើន​ផ្សេង​ទៀត។ មាន​ប្រជាពលរដ្ឋ​ខ្លះគ្មាន​ពិធី​បុណ្យទាន​អ្វីនោះ​ទេ តែនាំគ្នា​ប្រជុំវង់​ផឹក ឯខ្លះ​ទៀត​បើកភ្នែក​មកផឹក​តាំង​ពីព្រលឹម​អុល​ក៏មាន​ផងដែរ។ មួយ​វិញទៀត​មាន​ប្រជាជន​មួយ​ចំនួន​ខ្លះទៀត​តែង​និយាយ​ថា «ផឹកស្រាស​កំដរ​ស្រាថ្លៃ ផឹក​ស្រារាល់​ថ្ងៃកំដរ​អផ្សុក បើផឹក​មិនស្រណុក មកផឹក​ធ្វើអី។

បើយើង​ក្រឡេក​មើល​សារព័ត៌មាន​មួយចំនួន​ដែលបាន​ចុះផ្សាយ​នៅក្នុង​ស្រុកបាន​ឲ្យដឹងថា ចំនួន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះថ្នាក់​ដោយសារ​ការពុល​ស្រា និង​ដោយសារ​រោគថ្លើម​មានមិន​តិចទេ​នៅក្នុង​ប្រទេស​កម្ពុជា។ បើគិត​ចាប់ពី​ឆ្នាំ២០១០ មក​មាន​ករណី​ពុលស្រា​ដល់ទៅ​ប្រហែល​៩លើក មកទល់​នឹង​ខែមិនា​ឆ្នាំ២០១២នេះ។ ក្នុងនោះ​ចំនួន​អ្នកស្លាប់​ដោយ​សារការ​ពុលស្រា​នេះមាន​ដល់ទៅ​៣១៨នាក់ ទាំង​ប្រុស​ទាំងស្រី។ នេះបើ​យោងតាម​ការចេញ​ផ្សាយ​របស់​សារ​ព័ត៌មាន​នៅក្នុង​ស្រុកបាន​រាយ​ការណ៍។ បើយើង​ក្រឡេក​មើល​ទៅលើ​ការពុលស្រា​នៅប្រទេស​ឥណ្ឌា​វិញក៏​មានចំនួន​អ្នកដែល​ស្លាប់​ដោយសារ​ការពុល​សុរា​នេះមិនតិច​នាក់ផង​ដែរ។

យោង​តាមការ​សិក្សា​របស់​វិទ្យាស្ថានជាតិ​នៃជម្ងឺ​មហារីក ការពិសារ​សុរា ឬភេសជ្ជៈណា​ដែលមាន​ជាតិស្រា អាចធ្វើ​ឲ្យកើន​ឡើង​ជម្ងឺ​មហារីក​ជាច្រើន ​ដូចជាមហារីក​មាត់ មហារីក​ដើមក មហារីក​បំពង់ក មហារីក​កន្លើត មហារីក​សុដន មហារីក​ថ្លើម និង​មហារីក​ចុងពោះវៀន​ធំជាដើម។

ការសិក្សា​នេះបាន​បញ្ជាក់ឲ្យ​ដឹងថា​ការពិសារ​សុរាមួយ​កែវ​ក្នុង​មួយថ្ងៃ​បណ្តាលឲ្យ​មានមហារីក​ចុងពោះវៀន​ធំចំនួន៩%​មហារីក​មាត់ និង​បំពង់ក​ដល់​ទៅ១៦៨%​ឯណោះ។ ឯនៅ​ប្រទេស​បារាំង​វិញ សុរា​គឺជាមូល​ហេតុទី២​នៃមរណភាព​បណ្តាល​មកពី​ជម្ងឺ​មហារីក​ដែលមិន​អាច​ចៀស​ផុត​ឡើយ។ រីឯ​សហរដ្ឋអាមេរិក​វិញ ត្រូវបាន​គេមើល​ឃើញថា​ជាប្រទេស​ដែល​មានចំនួន​តម្រូវការ​ស្រាកើន​ឡើង​លេខ១នៅ​លើពិភព​លោកអស់​ពេលជា​យូរមក​ហើយ​បន្ទាប់​ពីប្រទេស​អ៊ីតាលី បារាំង និងអាឡឺម៉ង់។

មួយវិញ​ទៀតចុះ​បើកញ្ចប់​បារី​នៅក្នុង​ប្រទេស​កម្ពុជា​មានបិទ​ស្លាក​ព្រមានថា ជក់​បារីនាំឲ្យខូច​សុខភាព ជក់បារី​នាំឲ្យ​កើត​ជម្ងឺ​មហារីក​ជាដើម។ រូចចុះ​សុរាវិញ​ហេតុអ្វី​បានជាមិន​ត្រូវបាន​បិទ​ស្លាក​ព្រមាន​ដូចជា​កញ្ចប់​បារី​ទាំងនោះ​ផងដែ​ទៅ បើសុរា​វាផ្តល់​ភាព​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ដល់អ្នក​ប្រើប្រាស់​ដែរនោះ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី៣០ មេសា ឆ្នាំ​ ២០១២

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *