ជាធម្មតាបេះដូងរបស់មនុស្សយើងចែកចេញជាពីរផ្នែក គឺផ្នែកខាងឆ្វេង និងផ្នែកខាងស្ដាំ ដែលនៅក្នុងមួយផ្នែកមានថតបេះ ដូងមួយ និងថង់បេះដូងមួយ។ បេះដូង មានតួនាទីសំខាន់ក្នុងការច្របាច់ឈាមស្រោចស្រពពេញសព៌ាង្គកាយដោយនាំយកអុកស៊ីហ្សែន និងសារធាតុដទៃទៀតទៅ ចិញ្ចឹមកោសិកា។ បេះដូង របស់មនុស្សយើងប្រឈមមុខនឹងជម្ងឺជាច្រើននិងផ្តល់ផលវិបាកជាច្រើនក្នុងការព្យាបាល។
គេហទំព័រ សុខភាពកម្ពុជា បានធ្វើកិច្ចសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត លី គាត ដែលសព្វថ្ងៃ បម្រើការនៅមន្ទីរពេទ្យកាល់មែត។ សូមចូលរួមតាមអានជាមួយនឹងគេហទំព័រយើងខ្ញុំដូចតទៅ៖
ហេតុអ្វីបានជាត្រូវធ្វើការឆ្លុះអេកូបេះដូង?
ហេតុបានជាត្រូវឆ្លុះអេកូបេះដូងព្រោះដើម្បីឆ្លុះពិនិត្យវិនិច្ឆ័យ ឬរកមើលប្រភេទជម្ងឺផ្សេងៗដែលទាក់ទងទៅបេះដូងបានមួយចំនួនធំ។ ហើយការឆ្លុះអេកូបេះដូងនេះទៀតសោតគឺត្រូវធ្វើការឆ្លុះឲ្យដឹងច្បាស់ថា អ្នកជម្ងឺបេះដូងប្រភេទអ្វី ដើម្បីផ្តល់ភាពងាយស្រួលដល់វេជ្ជបណ្ឌិតធ្វើការពិនិត្យ និងព្យាបាលនូវអាការៈរោគរបស់អ្នកជម្ងឺ។
អ្វីទៅជាជម្ងឺបេះដូង?
ជម្ងឺបេះដូងមានច្រើនប្រភេទដូចជាជម្ងឺប្រើសបេះដូង ជម្ងឺសសៃឈាមបេះដូង ជម្ងឺបេះដូងរីក ជម្ងឺបេះដូងប្រហោង ជម្ងឺបេះដូងលោតញាប់ ឬយឺតជ្រុលខុសចង្វាក់ ជម្ងឺត្បៀតសសៃបេះដូង ជម្ងឺគ្រួសក្នុងបេះដូង ជម្ងឺខ្សោយបេះដូង ជាដើម។
ជម្ងឺដែលទាក់ទងទៅនឹងបេះដូងមានរោគសញ្ញាគួរឲ្យសង្ស័យគឺអ្វីខ្លះ?
រោគសញ្ញាសំខាន់នៃជម្ងឺដែលទាក់ទងទៅនឹងបេះដូង មានដូចជាអ្នកជម្ងឺឧស្សាហ៍ឆាប់ហត់ អស់កម្លាំងខ្លាំងនៅពេលរត់ ឬដើរផ្លូវឆ្ងាយ ឬក៏លេងកីឡាណាមួយឆាប់ហត់ខ្លាំង និងមានអាការៈញ័រ ឬចុកដើមទ្រូងផ្នែកខាងឆ្វេង ឬជួនកាលពេលនិយាយម្តងៗមានអារម្មណ៍ឆាប់ហត់ និងអស់កម្លាំងខ្លាំងជាសដើម ។ល។
តើការឆ្លុះអេកូបេះដូងមានសារៈសំខាន់អ្វីខ្លះ?
ការឆ្លុះអេកូបេះដូងមានសារៈសំខាន់ដល់ការព្យាបាល ឬនៅពេលដែលគាត់មានអាការៈសង្ស័យថាគាត់មានជម្ងឺដែលទាក់ទងទៅនឹងបេះដូងដូចជាឧស្សាហ៍ឆាប់ហត់ ចុកទ្រូង និងអាការៈផ្សេងៗមួយចំនួនផ្សេងទៀត គាត់អាចធ្វើការពិនិត្យឲ្យបានដឹងច្បាស់លាស់អំពីបេះដូងរបស់ពួកគាត់ដើម្បីកុំឲ្យមានការសង្ស័យតទៅមុខទៀត។
តើការឆ្លុះអេកូបេះដូងអាចធ្វើការឆ្លុះបានសម្រាប់មនុស្សមានវ័យណាខ្លះ?
ការឆ្លុះអេកូបេះដូងមិនចាំបាច់រើសនោះទេ គឺមានន័យថាមនុស្សវ័យណាក៏អាចធ្វើការឆ្លុះបានដែរ សូម្បីតែកូនង៉ែតដែលទើបតែកើតបានប៉ុន្នានសប្តាហ៍ថ្មីៗក៏ដោយ ឲ្យតែសង្ស័យថាមានទាក់ទងទៅនឹងអាការៈរោគបេះដូង។
តើការឆ្លុះអេកូបេះដូងមានប៉ុន្មានរបៀប?
ការឆ្លុះអេកូបេះដូងមាន២របៀប៖ របៀបទី១គឺលោកវេជ្ជបណ្ឌិតអាចធ្វើការស្ទង់មើលអាការៈរោគនៃចលនាបេះដូងរបស់លោកអ្នកជម្ងឺដោយប្រើសុងពិនិត្យ។ ឯរបៀបទី២គឺត្រូវប្រើម៉ាស៊ីនឆ្លុះអេកូបេះដូងដាក់ចូលទៅតាមមាត់រហូតទៅដល់ក្រពះទើបអាចឆ្លុះអេកូដល់បេះដូងបាន។ចំពោះការឆ្លុះតាមរបៀបទី១គឺមិនអាចធ្វើបានទាំងអស់នោះទេប៉ុន្តែក្នុងករណីចាំបាច់ណាមួយយើងអាចធ្វើអេកូនៅខាងក្រៅ បើមិនច្បាស់ទើបយើងឆ្លុះតាមមធ្យោបាយទី២វិញម្តង។ ព្រោះមធ្យោ បាយទី២អាចដឹងថាមានជម្ងឺបេះដូងប្រាកដជាងមធ្យោបាយទី១។
ក្រៅពីម៉ាស៊ីនឆ្លុះអេកូបេះដូងនេះ តើមានឧបករណ៍អ្វីសម្រាប់ធ្វើការឆ្លុះបេះដូងបានដែរឬទេ?
ពិតណាស់ក្រៅពីម៉ាស៊ីនឆ្លុះអេកូបេះដូងនៅមានឧបករណ៍មួយចំនួនផ្សេងទៀតសម្រាប់ធ្វើការឆ្លុះឲ្យបានដឹងអំពីអាការៈរោគរបស់អ្នកជម្ងឺ ដូចជាអ៊ីហ្សេហ្សេ រ៉ាយូក្រាហ្វី ជាដើម។ ប៉ុន្តែក្នុងចំណោមឧបករណ៍ទាំងនេះមិនសូវផ្តល់លទ្ធផលជាក់ច្បាស់ដូចជាម៉ាស៊ីនឆ្លុះអេកូងបេះដូងបានទេ។
តើការឆ្លុះអេកូបេះដូងមិនបានត្រឹមត្រូវអាចផ្តល់ផលរំខានអ្វីខ្លះដល់អ្នកជម្ងឺ?
ការឆ្លុះអេកូបេះដូង មិនសូវផ្តល់ផលរំខានអ្វីខ្លាំងណាស់ណាទេចំពោះអ្នកជម្ងឺ ហើយការឆ្លុះនេះគឺមានលក្ខណៈល្អប្រសើរចំពោះសុខភាពអ្នកជម្ងឺ ព្រោះថាបើសិនជាអ្នកជម្ងឺបានដឹងអំពីរោគសញ្ញារបស់ខ្លួនហើយនោះ ពួកគាត់អាចរកមធ្យោបាយដើម្បីធ្វើការព្យាបាលនូវអាការៈរោគរបស់អ្នកជម្ងឺឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពនូវពេលដែលគាត់មានការសង្ស័យចំពោះអាការៈរោគបេះដូង។
ដំបូន្មានអ្នកជំនាញ
ការឆ្លុះអេកូបេះដូងមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសមានតម្លៃថោកសមរម្យ អត់មានផលរំខានអ្វីដែលត្រូវប៉ះពាលដល់អ្នកជម្ងឺថែមទៀតផង។ យើងអាចវិនិច្ឆ័យបានច្បាស់លាស់ជាមួយម៉ាស៊ីនឆ្លុះអេកូបេះដូងតាមបែបទំនើបវិទ្យាសាស្ត្រ និងដឹងនូវលទ្ធផលភ្លាមៗតែម្តង ដូចទៅនឹងការឆ្លុះអេកូទារកយ៉ាងដូច្នេះដែរ។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០១ ឧសភា ឆ្នាំ ២០១២
Leave a Reply