មូល​ហេតុ​ដកកង​ចេញ​ពីស្បូន

មាន​ស្ដ្រីមួយ​ចំនួន​ក្រោយពី​ប្រើ​ប្រាស់​មធ្យោ​បាយ​ពន្យារ​កំណើត​ដោយ​ដាក់កង​ស្បូន​អស់មួយ​រយៈពេល​មក ពេល​ដែលត្រូវ​ដកកង​ចេញពី​ស្បូនក៏​មកដល់។ ការដក​កងក៏​ដូចជា​ការដាក់​កងដែរ​ទាមទារ​ឱ្យមាន​អ្នក​ជំនាញ​ច្បាស់​លាស់​ទើប​អាច​ធានា​សុវត្ថិ​ភាពនៅ ពេល​ប្រតិបត្ដិការ។ សុខភាព​របស់​ស្ដ្រីផ្ទាល់​ជាចំនុច​ពិចារ​ណាជា​ពិសេស​នៅពេល​ដែល​ដកកង។

រូបភាពទស្សនាវដ្តីសុខភាពយើង

កាលពី​លេខមុនៗ លោកអ្នក​បានជ្រាប​រួចមក​ហើយពី​វិធី​ពន្យារ​កំណើត​តាម​មធ្យោ​បាយ​ផ្សេងៗ​មានដូច​ជាការ​ប្រើថ្នាំ​គ្រាប់ ថ្នាំចាក់​កងដាក់​ស្បូន កងដាក់​ដៃជា​ដើម។ សម្រាប់​លេខនេះ លោកស្រី​វេជ្ជ​បណ្ឌិត វង ដាវី ប្រធាន​គ្លីនិក​ភ្នំពេញ​ពីរនៃ​សមាគម​ថែទាំ សុខភាព​គ្រួសារ​រ៉ាក់​ចូលខ្លួន​មក​ជម្រាប​ជូន​លោកអ្នក​អំពី​ការដក​កង​ពន្យារ​កំណើត​ចេញពី​ស្បូន​វិញម្ដង តាមរយៈ​ទស្សនាវដ្ដី សុខភាព យើង។

ការ​ថែទាំ​សុខភាព​ក្រោយ​ពេលស្ដ្រី​ដាក់កង

មុន​ជម្រាប​ជូន​លោកអ្នក​ជា​ពិសេស​មិត្ដនារី​ឱ្យបាន​ជ្រាប​អំពី​មូលហេតុ​នៃការ​ដោះកង​ចេញពី​ស្បូន សូម​ជ្រាប​អំពីការ​ថែរក្សា​សុខភាព​នៅក្នុង​អំឡុង​ពេល​ដាក់កង​ជាមុន​សិន។ ជំហាន​ដំបូង​ត្រូវដឹង​អំពីរ​បៀប​ពិនិត្យ​មើល​ខ្សែកង។

  • ដំបូង​ត្រូវលាង​ដៃឱ្យ​ស្អាត បើមាន​ក្រចក​ត្រូវកាត់​ឱ្យខ្លី​បំផុត
  • អង្គុយ​ចោង​ហោង
  • ប្រើ​ចង្អុល​ដៃ ឬម្រាម​ដៃ​កណ្ដាល​លូកចូល​ទៅក្នុង​ទ្វារមាស រហូតប៉ះ​មាត់ស្បូន​ដែលអាច​មាន​អារម្មណ៍​ថាដូច​ប៉ះនឹង​ចុង ច្រមុះ។ បន្ទាប់​មកត្រូវ​ស្ទាប​រកខ្សែ​កងនៅ​ពេលប៉ះ​ខ្សែកង មិនត្រូ​វសាក​ល្បង​ទាញទេ។

ក្រៅពី​នេះនៅ​មាន​សញ្ញា​មួយចំនួន​ដែលស្ដ្រី​ត្រូវ​ត្រទ្បប់​មកកាន់​មន្ទីរ​ពេទ្យវិញ ដូចជា​បាត់រដូវ ស្ទាបប៉ះ​ក្បាលកង​ឈឺពោះ​ផ្នែក​ខាងក្រោម​ខ្លាំង ធ្លាក់ស​មិន​ធម្មតា​មាន​អារម្មណ៍​មិន​ធម្មតា គ្រុនក្ដៅ​រងា បាត់​ខ្សែកង ខ្សែកង​ខ្លី ឬវែង​ខុស​ធម្មតា​ជាដើម។ ជាពិ សេស​ជាងនេះ​ទៅទៀត​គ្រប់​ស្ដ្រី​ដែលបាន​ដាក់កង​ហើយ​ត្រូវ​ត្រឡប់​មកជួប​គ្រូពេទ្យ​មួយខែ​ម្ដង បន្ទាប់​មកបី​ខែម្ដង និងមួយ​ឆ្នាំម្ដង ជារៀង​រាល់ឆ្នាំ។

មូល​ហេតុ​ដកកង​របស់ស្ដ្រី

មានមូល​ហេតុ​ច្រើន​យ៉ាង​ដែល​តម្រូវ​ឱ្យស្ដ្រី​សម្រេច​ចិត្ដដក​កងចេញ​ពីស្បូន។

  • ដោយ​សារស្ដ្រី​ចង់បាន​កូនជា​ថ្មីទៀត
  • ដោយ​ហេតុផល​វេជ្ជសាស្ដ្រ ដូចជា​ការខ្ជាក់​កង ពេល​ដែលមាន​គភ៌ មាន​ជម្ងឺ​រលាក​អាង​ត្រគាក មាន​ការធ្លាក់​ឈាមមិន​ធម្មតា​(ខុសពី​ឈាមរដូវ)​ជាដើម
  • ដល់ពេល​វេលា​កំណត់​ត្រូវដក​កងចេញ ជាទូ​ទៅកង​ដាក់ស្បូន​អាចដាក់​បានរយៈ​ពេល​រហូត​ដល់១០​ឆ្នាំ
  • ស្ដ្រី​ដែល​អស់រដូវ​(នៅពេល​ដែលដាក់​កងមួយ​រយៈក្រោយ​មក ក៏អស់​រដូវ​ទើប​សម្រេច​ចិត្ដដក​កងចេញ)
  • មួយវិញ​ទៀត​សម្រាប់​ស្ដ្រី​ដែលចង់​ប្ដូរ​មធ្យោបាយ​ពន្យារ​កំណើត​ផ្សេងទៀត ដូចជា​ការប្រើ​ថ្នាំចាក់ ឬថ្នាំ​លេបជា​ដើម
  • ចំណែក​ឯស្ដ្រី​ដែលឈប់​ប្រើ​មធ្យោ​បាយ​ពន្យារ​កំណើត​ដោយហេតុ​ផលជាក់​ស្ដែង​ផ្សេងៗ។

នៅពេល​ដែលមាន​បំណង​ចង់ដក​កងចេញ លោកស្រី​អ្នកនាង​ត្រូវត្រឡប់​មកឱ្យ​គ្រូពេទ្យ​ជំនាញ​ដដែល​ដែលបាន​ដាក់កង​នៅ ពេលដំបូង​ទើប​ប្រវត្ដិ​ជម្ងឺ​មិនត្រូវ​បានសាក​សួរជាថ្មី និងថែម​ទាំងមាន​ឯកសារ​បញ្ជាក់​ច្បាស់​លាស់​ទៀតផង។ ដោយ​សារតែ​បច្ចេកទេស​នៃការ​ដកកង​ចេញពី​ក្នុងស្បូន​ជាលក្ខណៈ​វេជ្ជសាស្ដ្រ ទើប​ទស្សនាវដ្ដី សុខភាពយើង សូម​អធ្យា​ស្រ័យ​មិនអាច​លើកមក​ជម្រាប​ជូនបាន នៅពេល​នេះ។ សូម​បញ្ជាក់​ថារយៈ​ពេលនៃ​ការដក​កងចេញ​ពីស្បូន​ប្រមាណ​ជា២០​នាទីតែ​ប៉ុណ្ណោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផល​រំខាន​ក្រោយ​ពេលដង​កងចេញ​ពីស្បូន

ជាធម្មតា​ក្រោយ​ពេលដង​កងចេញ​រួចហើយ ស្ដ្រីភាគ​ច្រើនមិន​សូវជួប​ផលរំខាន​អ្វីធ្ងន់​ធ្ងរទេ មានតិច​តួចតែ​ប៉ុណ្ណោះ។

  • ឈឺផ្នែក​ខាងក្រោម​ពោះ ឬឈឺ​ចង្កេះ​បន្ដិច​បន្ដួច​ក្នុងរយៈ​ពេលពីរ ឬបី​ថ្ងៃក្រោយ​ពីដក​កងចេញ
  • មានធ្លាក់​ឈាម​តិចៗ​នៅចន្លោះ​រដូវ។ អាការៈ​ទាំងនេះ​បាត់ទៅ​វិញនៅ​ខែបន្ទាប់។ ក្នុង​ករណី​ដែល​ការឈឺ​ចាប់នៅ​តែបន្ដ​ស្ដ្រី​អាចយក​ទឹកក្ដៅ​ច្រកក្នុង​ដប រួចយក​មកស្អំ​នៅផ្នែក​ខាង​ក្រោម​ពោះ ដើម្បី​កាត់​បន្ថយ​ការឈឺ​ចាប់ ឬប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដូច ជាពពួក​ប៉ារ៉ាសេ​តាម៉ុល​ឬអ៊ី​ប៊ុយប្រូ​ហ្វែន​ក៏បាន។

របៀប​ថែរក្សា​សុខភាព​ក្រោយ​ពេលដក​កងចេញ

រៀងរាល់​មួយ​ឆ្នាំម្ដង ស្ដ្រីគួរ​តែមក​ពិនិត្យ​សុខភាព​ឱ្យបាន​ម្ដង ទោះបី​ស្ដ្រីមិន​បានប្រើ​មធ្យោបាយ​ពន្យារ​កំណើត ឬក្រោយ​ពេល​ដកកង​ចេញក្ដី។ កា​រពិនិត្យ​ជាទូទៅ​ត្រូវផ្ដោត​សំខាន់​ទៅលើ​ការ​ពិនិត្យ​ស្បូន និង​ពិនិត្យ​សុដន់។ ព្រោះ​ស្ដ្រីដែល​ស្ថិតក្នុង​វ័យបន្ដ​ពូជ​បច្ចុប្បន្ន​នេះត្រូវ​ប្រឈម​មុខខ្លាំង​ជាមួយ​ជម្ងឺ​មហារីក​ស្បូន និង​មហារីក​សុដន់។ អនាម័យ​ខ្លួនប្រាណ​ក៏ជារឿង​សំខាន់​ដែល​គ្រប់ស្ដ្រី​ទាំង អស់​គួរតែ​ធ្វើឱ្យ​បានជាប់​ជាប្រចាំ​ជាពិសេស​នៅតំបន់​ប្រដាប់​ភេទក្នុង​អំឡុង​ពេលមាន​រដូវ។ ជាមួយ​គ្នានេះ​ផងដែរ គ្រប់​ស្ដ្រីទាំង​អស់ បន្ទាប់​ពីដក​កងរួច​អាចមាន​លទ្ធភាព​មានកូន​ជាថ្មី​គ្រប់ពេល។ ដូចនេះ​គួរថែ​រក្សា​សុខភាព​ឱ្យបាន​ល្អ ដើម្បី​ត្រៀម​ខ្លួនមាន​កូនជា​ថ្មី។

ដំបូន្មាន​អ្នក​ជំនាញ

គ្រប់​ស្ដ្រី​ទាំងអស់​ដែលមាន​បំណង​ចង់ដក​កងស្បូន​ចេញគួរ​ទៅរក​អ្នក​ជំនាញ​ខាង​មធ្យោបាយ​ពន្យារ​កំណើត ទើបធានា​បាន សុវត្ថិភាព​ចៀស​វាង​ទៅរក​អ្នកគ្មាន​ជំនាញ។ សូម​ព្យាយាម​ពិនិត្យ​សុខភាព​ជាប្រចាំ ដើម្បី​ឱ្យដឹង​ពីភាព​មិន​ប្រក្រតី​នៅក្នុង​រាងកាយ។​ការពារ​ប្រសើ​ជាង​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *