គ្រុនស្វិតដៃជើងច្រើនកើតលើកុមារមានអាយុក្រោម៥ឆ្នាំក្នុងប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។ បើដំណាលដល់ឈ្មោះជម្ងឺគ្រុនស្វិតដៃជើង នរណាៗក៏បានដឹងបានឮដែរ ការប្រុងប្រយ័ត្នដក់ជាប់នៅក្នុងអារម្មណ៍មាតាបិតាជានិច្ច។នេះដោយសារការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងអង្គការជាតិអន្ដរជាតិមួយចំនួន។ កុមារទូទាំងប្រទេសទទួលបានការបន្ដក់ថ្នាំបង្ការជម្ងឺគ្រុនស្វិតដៃជើងពីកម្មវិធីជាតិដោយឥតគិតថ្លៃ។ តើលោកអ្នកបានស្វែងយល់ពីជម្ងឺគ្រុនស្វិត ដៃជើងលើកុមារដល់កម្រិតណាហើយ?
ក្នុងទំព័រសុខភាពកុមារ និងយុវវ័យ ទស្សនាវដ្ដី សុខភាពយើង ទទួលបានការស្រាយបំភ្លឺពីជម្ងឺគ្រុនស្វិតដៃជើងពី លោកវេជ្ជបណ្ឌិត គឹមអាង អ្នកឯកទេសជម្ងឺកុមារនៅមន្ទីរពេទ្យកុមារជាតិ ជូនប្រិយមិត្រអ្នកអានស្វែងយល់បន្ថែម។
អ្វីទៅជាជម្ងឺគ្រុនស្វិតដៃជើង?
ជម្ងឺគ្រុនស្វិតដៃជើងជាជម្ងឺមួយប្រភេទដែលបង្កឡើងដោយមេរោគប៉ូលីយ៉ូវីរុស(ភៀលិៀវិរុស) ដែលអាចឱ្យកុមារស្វិតដៃ ស្វិតជើងឬក៏ស្លាប់បាន។ មេរោគប៉ូលីយ៉ូមិនអាចបំផ្លាញផ្ទាល់ទៅលើសាច់ដុំឱ្យស្វិតបានទេ ប៉ុន្ដែអាចធ្វើឱ្យសរសៃប្រសាទបញ្ជាសាច់ ដុំស្លាប់ដែលនាំឱ្យសាច់ដុំមិនអាចធ្វើចលនាបាន និងនាំឱ្យសាច់ដុំនោះចាប់ផ្ដើមស្វិតដោយឯកឯងៗ បន្ដិចម្ដងៗ។ ហេតុនេះហើយទើប គេឱ្យឈ្មោះជម្ងឺប្រភេទនេះថាជម្ងឺគ្រុនស្វិតដៃជើង។
មូលហេតុបង្កជម្ងឺគ្រុនស្វិតដៃជើង
ប៉ូលីយ៉ូវីរុសឆ្លងពីកុមារម្នាក់ទៅកុមារម្នាក់ទៀត តាមរយៈការបន្ទោរបង់ពាសវាលពាសកាលរបស់កុមារដែលមានមេរោគ ប៉ូលីយ៉ូវីរុស។ ពេលលាមកនោះក្លាយជាធូលីដី អាចហោះហើរក្នុងស្រទាប់ខ្យល់ទៅទំជាប់លើដៃ លើចំណីអាហារគ្មានអនាម័យ ឬលើក្បាលដោះម្ដាយដែលកំពុងបំបៅកូន។ បន្ទាប់មកចូលតាមប្រព័ន្ធរំលាយអាហារ(តាមមាត់) រួចបន្ដចូលទៅក្នុងពោះវៀន ក្រពះ។ បន្ទាប់មកវាចូលទៅសម្ងំបំផ្លាញប្រព័ន្ធសរសៃប្រសាទកណ្ដាល និងរាតត្បាតចូលទៅបំផ្លាញសរសៃប្រសាទដទៃទៀត ដែលបណ្ដាលឱ្យ រលាកខួរឆ្អឹងខ្នង។ ជាមធ្យមរយៈពេលពី៩ទៅ១២ថ្ងៃ(លឿនបំផុត៥ថ្ងៃ យូរបំផុត៣៥ថ្ងៃ) ទើបបញ្ចេញនូវរោគសញ្ញាឱ្យដឹង។
រោគសញ្ញាជម្ងឺគ្រុនស្វិតដៃជើង
ជម្ងឺគ្រុនស្វិតដៃជើងអាចបង្ហាញរោគសញ្ញាផ្សេងៗ ឬមិនមានរោគសញ្ញាស្វិតដៃជើងសោះក៏មាន។
1. ជម្ងឺគ្រុនស្វិតដៃជើងទម្រង់ស្រាល ឬទម្រង់គ្មានរោគសញ្ញា ៖ ក្រោយរយៈពេលប្រមាណ៥ថ្ងៃដែលមានមេរោគប៉ូលីយ៉ូវីរុសចូលដល់ក្នុងខ្លួនកុមារហើយ កុមារអាចក្ដៅខ្លួន ឈឺបំពង់ក អស់កម្លាំង ឬមិនសូវឃ្លានចំណីជាដើម។ ជួនកាលអាការទាំង នេះអាចបាត់ទៅវិញហើយក៏អាចជាសះស្បើយដូចប្រក្រតីដែរ។ បែបនេះនាំឱ្យអាណាព្យាបាលមិនចាប់អារម្មណ៍ លុះពេលឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យជំនាញ(ពិនិត្យលាមក កំហាកជាដើម) ទើបដឹងថាកុមារនោះមានផ្ទុកមេរោគប៉ូលីយ៉ូវីរុស។
2. ជម្ងឺគ្រុនស្វិតដៃជើងទម្រង់ពិការ ៖ កុមារអាចឈឺចាប់ខ្លាំងតាមសាច់ដុំ(ដៃ ជើង ទ្រូង ពោះ) បន្ទាប់មក ២ឬ៣ថ្ងៃកុមារចាប់ផ្ដើមទន់ដៃទន់ជើង បាត់បង់រំញោច(រេផ្លិច)ដៃនិងជើង ពិសេសគឺជើង។ មេរោគប៉ូលីយ៉ូអាចចូលទៅបំផ្លាញសរសៃប្រសាទ ដែលបញ្ជាសាច់ដុំពោះសួតឬបេះដូង។ លើសពីនេះ ករណីដែលធ្វើចលនាកាន់តែសកម្ម អាការជម្ងឺក៏កាន់តែធ្ងន់ធ្ងរថែមទៀត។ បើ សរសៃប្រសាទបញ្ជាសាច់ដុំសួតឬបេះដូងត្រូវបំផ្លាញនោះ វាគឺជាគ្រោះថ្នាក់ធំបំផុតសម្រាប់ជីវិត។ មិនត្រឹមតែអវយវៈទេដែលត្រូវ ពិការប៉ុន្ដែសូម្បីតែជីវិតក៏អាចស្លាប់បានដែរ(ប្រហែលពី៥5ទៅ១០5អាចស្លាប់)។
3. ជម្ងឺគ្រុនស្វិតដៃជើងទម្រង់ពិការ និងរលាកស្រោមខួរ ៖ បើជម្ងឺទម្រង់នេះកើតមានលើកុមារដែលមានអាយុក្រោម ១ឆ្នាំក្ដីសង្ឃឹមសង្គ្រោះឱ្យរួចជីវិតមានតិចតួចបំផុត។ ជាទូទៅមិនមានលេចចេញជាសញ្ញាស្វិតដៃជើងសម្រាប់សម្គាល់នោះទេ កុមារ អាចស្លាប់តែម្ដង។ មេរោគប៉ូលីយ៉ូមិនមានក្នុងទឹកដោះម្ដាយទេ តែក្នុងវ័យនេះកុមារតូចអាចឆ្លងពីការខ្វះអនាម័យរបស់មាតាតាម រយៈក្បាលដោះ សម្ភារៈបញ្ចុកផ្សេងៗឬអ្នកថែទាំដែលបណ្ដោយឱ្យចាប់នេះចាប់នោះ និងបរិភោគផ្ដេសផ្ដាស។
ការព្យាបាលជម្ងឺគ្រុនស្វិតដៃជើង
ប្រព័ន្ធការពាររាងកាយឬអង់ទីគ័រនៅក្នុងខ្លួនមនុស្សគ្រប់វ័យ មានតួនាទីការពារប្រឆាំងមេរោគទាំងឡាយ ដែលចូលទៅលុកលុយបង្កបញ្ហាដល់សុខភាព។ បើប្រព័ន្ធការពាររាងកាយមានថាមពលខ្ពស់ នោះមេរោគមួយចំនួនដែលមានថាមពលខ្សោយជាងមិនអាចយាយីសុខភាពយើងបានទេ ឬអាចមានបញ្ហាបន្ដិចបន្ដួចប៉ុណ្ណោះ។ ដូច្នេះហើយទើបជម្ងឺគ្រុនស្វិតដៃជើងរបស់កុមារអាចមាន កម្រិតស្រាល និងកម្រិតធ្ងន់។
1. ការព្យាបាលជម្ងឺគ្រុនស្វិតដៃជើងទម្រង់ស្រាល ឬទម្រង់គ្មានរោគសញ្ញា ៖ ការព្យាបាលជម្ងឺទម្រង់នេះពុំមានការពិបាក ទេ។ បើកុមារក្ដៅខ្លួន ឬបង្ហាញអាការផ្សេងៗ គ្រូពេទ្យអាចឱ្យថ្នាំព្យាបាលទៅតាមប្រភេទអាការ។ ប៉ុន្ដែកុមារខ្លះអាចជាសះស្បើយ ទៅវិញដោយឯកឯងមិនទាន់បានទទួលការព្យាបាលក៏មាន។
2. ការព្យាបាលជម្ងឺគ្រុនស្វិតដៃជើងទម្រង់ពិការ ៖ សំខាន់ត្រូវនាំកុមារទៅកាន់មន្ទីរពេទ្យឱ្យទាន់ពេលវេលា នៅពេលដែលសង្ស័យថាកុមារមានជម្ងឺគ្រុនស្វិតដៃជើងទម្រង់ពិការ។ បើមេរោគប៉ូលីយ៉ូចាប់ផ្ដើមបំផ្លាញដល់សរសៃប្រសាទបញ្ជាចលនាសាច់ ដុំបេះដូង ឬសួតគ្រូពេទ្យព្យាបាលអាចប្រើបច្ចេកទេសជួយចលនាបេះដូង និងចលនាដកដង្ហើមរបស់សួត ប៉ុន្ដែកុមារមិនអាចចៀស ផុតពីពិការភាពបានទេ។ ក្នុងដំណាក់កាលព្យាបាល ត្រូវឱ្យកុមារសម្រាកឱ្យបានច្រើន ព្រោះការធ្វើចលនាសាច់ដុំនាំឱ្យមេរោគរាត ត្បាតកាន់តែលឿន ធ្វើឱ្យជម្ងឺកាន់តែធ្ងន់ធ្ងរកម្រិតពិការក៏កាន់តែខ្លាំង។ មានជម្ងឺនេះ កុមារខ្លះខ្វិនដើរបាន ខ្លះខ្វិនដើរមិនបាន ខ្លះ ពិការទាំងដៃទាំងជើងមិនអាចធ្វើអ្វីកើតក៏មានមានសង្ឃឹមតិចណាស់ដែលជម្ងឺនេះអាចជាសះស្បើយដូចដើម។
3. ការព្យាបាលជម្ងឺគ្រុនស្វិតដៃជើងទម្រង់ពិការបូកនិងរលាកស្រោមខួរ ៖ បើកុមារមានជម្ងឺគ្រុនស្វិតដៃជើងទម្រង់នេះការជួយសង្គ្រោះមានសង្ឃឹមតិចតួចបំផុត អត្រាខ្វិនធ្ងន់ធ្ងរ និងស្លាប់មានកម្រិតខ្ពស់។
ការបង្ការជម្ងឺគ្រុនស្វិតដៃជើង
ដើម្បីទប់ស្កាត់ជាដាច់ខាតមិនឱ្យមេរោគប៉ូលីយ៉ូវីរុសរីករាលដាល ការការពារដោយនាំកូនទៅទទួលថ្នាំបង្ការតាមការកំ ណត់នៃកម្មវិធីជាតិជាកាតព្វកិច្ចចម្បងមួយដែលអាណាព្យាបាលត្រូវបំពេញ។ ដូច្នេះការការពារគឺចាប់ផ្ដើមពីការបន្ដក់ថ្នាំបង្ការ ការធ្វើអនាម័យរបស់ម្ដាយ(សម្អាតក្បាលដោះមុនឱ្យកូនបៅ) មិនគួរទុកកូននៅកន្លែងមានធូលីដីហុយ និងមិនគួរឱ្យកូនចាប់កាន់របស់ លេងឬបរិភោគចំណីអាហារដែលគ្មានអនាម័យនោះឡើយ។
ដំបូន្មានអ្នកប្រឹក្សា
សូមមាតាបិតាគ្រប់គ្នាកុំគិតថាជម្ងឺគ្រុនស្វិតដៃជើងជាជម្ងឺស្រាលហើយធ្វេសប្រហែសឱ្យសោះ។ ជម្ងឺនេះអាចឱ្យកុមារពិការអវយវៈឬស្លាប់បាន ហើយអនាម័យជាប្រការដែលត្រូវយកចិត្ដទុកដាក់បំផុត ដើម្បីចៀសផុតពីជម្ងឺទាំងពួង។ អ្វីដែលសំខាន់បំផុតនោះ គឺត្រូវទៅទទួលថ្នាំបង្ការឱ្យបានគ្រប់គ្នា ទៀងទាត់តាមការណែនាំ និងកាលកំណត់របស់កម្មវិធីជាតិ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply