កត្ដាគ្រោះថ្នាក់ដោយសាររន្ទះមកលើបុគ្គលម្នាក់ៗភាគច្រើន ទាក់ទងទៅនឹងការមិនប្រុងប្រយ័ត្នជាមុន។ មានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយអំពីបាតុភូតដ៏កាចសាហាវនៃរន្ទះបាញ់នាពេលបច្ចុប្បន្ន។ ប្រជាពលរដ្ឋ នៅតាមទីជនបទមួយចំនួនខំរត់ចូលជ្រកក្នុងខ្ទមទៅហើយ ក៏រន្ទះនៅតែតាមបាញ់ដល់ខ្ទមទៀត។ ឯប្រជាពលរដ្ឋខ្លះទៀត បានឃើញរន្ទះបាញ់មិត្តភក្តិ បងប្អូនសាច់ញាតិរបស់ខ្លួននៅផ្ទាល់នឹងមុខក៏មាន។ ទាំងនេះគឺជាបាតុភូតដ៏អាក្រក់ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
មនុស្សភាគច្រើនដែលមានភ័ព្វរួចខ្លួនពីរន្ទះប្រហារ អាចមានរបួសនៅដិតជាប់ជានិច្ច ដូចជាការខូចភ្នែក ឬក៏ត្រចៀក ខ្វិន រលាក ឈឺក្បាល និងបាត់ការចងចាំជាដើម។ ហើយអ្នកដែលមិនអាចគេចផុតពីគ្រោះកាចនេះ បានស្លាប់យ៉ាងអាណោចអាធ៌ម។
ស្ថិតិរន្ទះបាញ់នៅដើមឆ្នាំ២០១២
យោងតាមប្រសាសន៍របស់លោក ញឹម វណ្ណដា កាលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១២ បានប្រាប់ដល់អ្នកសារព័ត៌មានថា នៅទូទាំងប្រទេសកម្ពុជាមនុស្សដែលត្រូវរន្ទះបាញ់ស្លាប់មាន ៥នាក់ និងរបួសជាង ២០នាក់ ហើយខូចខាតផ្ទះសម្បែងដោយសារបាតុភូតខ្យល់ព្យុះជាង ២០០ខ្នង បណ្ដាលឲ្យស្លាប់មនុស្ស ៣នាក់ របួស ២នាក់។ ចំណែកនៅក្នុងរយៈពេលបួនខែដើមឆ្នាំនេះ មកទល់នឹងថ្ងៃនេះ មានជនរងគ្រោះបាត់បង់ជីវិតដោយសាររន្ទះបាញ់ចំនួន ១៦នាក់ របួស ១៤នាក់ និងសម្លាប់គោក្របីចំនួន ១៤ក្បាល។ លោកបានបញ្ជាក់ទៀតថា នៅក្នុងរបៀបវារៈ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ជូនផែនការ ១០ប្រទេស ឆ្នាំ២០១២-២០១៥ ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបញ្ហាសំខាន់នោះគឺការប្រែប្រួលអាកាសធាតុ នៅក្នុងចំណុចទី៧។
ស្ថិតិរន្ទះបាញ់កាលឆ្នាំ២០១១
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជាបានឲ្យដឹងថា កាលពីឆ្នាំមុនមានរន្ទះបាញ់សម្លាប់មនុស្សចំនួន ១៦៥នាក់ និងរងរបួសចំនួន ១៣៩នាក់ ព្រមទាំងសម្លាប់គោក្របីចំនួន ៦០ក្បាល។
ស្ថិតិរន្ទះបាញ់កាលឆ្នាំ២០១០
យោង ទៅតាមរបាយការណ៍របស់គណៈកម្មការជាតិរៀបចំគ្រោះមហន្តរាយបានឱ្យ ដឹងថា មនុស្ស ២៧នាក់ បានបាត់បង់ជីវិតដោយសាររន្ទះបាញ់នៅក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០១០កន្លងទៅ ហើយក្នុងរយៈពេលពេញមួយឆ្នាំមានមនុស្ស១១៤នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់នៃធម្មជាតិនេះ ។
ស្ថិតិរន្ទះបាញ់កាលឆ្នាំ២០០៨ និងឆ្នាំ២០០៩
តាមរបាយការណ៍ករណីរន្ទះបាញ់ដែលធ្វើឡើងដោយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះធម្មជាតិ បានបង្ហាញថា តួលេខសរុបនៃករណីមនុស្សស្លាប់ដោយសាររន្ទះបាញ់កាលពីឆ្នាំ២០០៩មាន ១៤០នាក់ រីឯក្នុងឆ្នាំ២០០៨ វិញ មនុស្សស្លាប់មាន ៩៥នាក់ ហើយភាគច្រើននៃជនរងគ្រោះ ជាមនុស្សដែលរស់នៅតាមជនបទ។
ដូច្នេះសូមប្រជាពលរដ្ឋខ្មែរទាំងអស់គួរមានការប្រុងប្រយត្ន័នៅអំឡុងពេលផ្លាស់រដូវពី រដូវប្រាំងទៅរដូវវស្សាពីខែមីនា ដល់ខែឧសភា និងដូចគ្នាពេលដូររដូវពីវស្សាមកប្រាំងវិញ ដែលជាពេលវេលាអាចកើតមានបាតុភូតរន្ទះបាញ់ច្រើន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅទីជនបទជាដើម។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០២ ឧសភា ឆ្នាំ ២០១២
Leave a Reply