ជម្ងឺ​រលាក​សួតជា​ឃាតករ​លេខ៣​លំដាប់​ពិភព​លោក

តាម​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​បងា្ហញថា មាន​មនុស្ស​នៅលើ​ពិភព​លោក​ប្រមាណ​ជា៣​លានកន្លះ​បានស្លាប់​ដោយសារ​ជម្ងឺ​រលាក​សួត។ ជម្ងឺ​នេះជាប់​ចំណាត់​ថ្នាក់​លេខ៣ ដែល​សម្លាប់​មនុស្ស​ច្រើនជាង​គេនៅ​លើ​ពិភព​លោក​ផងដែរ។ ជម្ងឺ​រលាក​សួត​ងាយ​ឆ្លង​បំផុត។ បើ​លោកអ្នក​មិនមាន​ការព្យា​បាលឱ្យ​បាន​ត្រឹមត្រូវ​នោះទេ វានឹង​អាច​សម្លាប់​លោកអ្នក​បាន​យ៉ាង ងាយ។ តើមាន​វិធី​សាស្ដ្រ​យ៉ាងណា​ដើម្បី​កុំឱ្យ​កើត​ជម្ងឺ​រលាក​សួត?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកអ្នក​អាច​ស្វែងយល់​នូវ​ចំណេះ​ដឹង​ទាំងនេះ តាម​រយៈ​ការបក​ស្រាយ​របស់​លោក​វេជ្ជ​បណ្ឌិត កាំង ស័ ប្រធាន​ផ្នែកជម្ងឺ សួត​នៃមន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ​សូវៀត ជាមួយ​ទស្សនា​វដ្ដី សុខភាពយើង។

ជម្ងឺ​រលាក​សួត គឺ​ជាអ្វី?

ជម្ងឺ​រលាក​សួត ឬជម្ងឺ​រលាក​ផ្លូវ​ដង្ហើម ជា​ប្រភេទ​ជម្ងឺ​មួយ​ដែល​ងាយ​នឹងកើត​ចំពោះ​មនុស្ស​ទូទៅ ជា​ពិសេស​ចំពោះ​កុមារតូច​ៗដែល​ទើប​នឹងកើត។ ជម្ងឺ​នេះអាច​ឆ្លងពី​មនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់ទៀត​បាន​ដោយសារ​ការដក​ដង្ហើម ដែល​មាន​ទំនាក់​ទំនងលើ បរិយា​កាស​ខាងក្រៅ។ សួតមាន​ទំហំធំ ប្រសិន​បើលាត​ត្រដាង​នៅខាង​ក្រៅ​ប្រអប់​ទ្រូង​សួតមាន​ទំហំ​ប្រមាណ​ជា​២០០​ម៉ែត្រ​ការ៉េ។ ដូច្នេះ​សួត​ហាក់​ដូចជា​នៅ​កណា្ដល​វាល​ដែល​អាចរង​នូវធូ​លីដី បាក់​តេរី ឧស្ម័ន និង​មេរោគ​ដែលមាន​នៅក្នុង​បរិយា​កាស។ សូម​អាន អត្ថបទ បរិស្ថាន​មិនល្អ​បង្ក​ជម្ងឺសួត​ដែល​ចេញ​ផ្សាយ​នៅលេខ​ទី០១១ ខែធ្នូ ឆ្នាំ​២០០៦ របស់​ទស្សនាវដ្ដី សុខភាពយើង។ ជម្ងឺ​រលាក សួតត្រូវ​ចែក​ចេញ​ជាពីរ​ផ្នែក គឺ​រលាក​ផ្លូវដង្ហើម និង​រលាក​សួត។

មូល​ហេតុ​បង្ក​ជម្ងឺ​រលាក​សួត

សម្ពាធ​បរិយា​កាស​ខាងក្រៅ​ជាកត្ដា​មួយដ៏​សំខាន់ ក្នុងការ​បង្ក​ជម្ងឺ​រលាក​សួត។ រាល់​ខ្យល់ដក​ដង្ហើម​ដែល​មាន​លាយ​ឡំជា​មួយ​ពពួក​បាក់តេរី​ធូលី និង​ប្រភេទ​សារធាតុ​គីមី​ផ្សេងៗ​នោះ អាច​ធ្វើឱ្យ​លោកអ្នក​កើត​ជម្ងឺ​រលាក​សួតបាន។ ប៉ុន្ដែ​មាន​ប្រព័ន្ធ​ការពារ មួយ​ចំនួន ដូចជា​កោសិ​កាស​រោម​សួត​តូចៗ ទឹក​សម្បោរ ឬ​ប្រព័ន្ធ​ការពារ​ដទៃ​ទៀតនោះ អាច​ការពារ​រាង​កាយ​ប្រឆាំង​ជាមួយ​មេ រោគ​ទាំងនោះ​ដូចជា​សង្គ្រាម​មួយដ៏​ធំនៅ​ក្នុងខ្លួន​របស់លោក​អ្នក។ ក្រោយ​សង្គ្រាម​អាចធ្វើ​ឱ្យសួត​រងរបួស ឬដំ​បៅ​ដែល​បណ្ដាល​ឱ្យទៅ ជា​ហើម ឬរលាក​បានយ៉ាង​ងាយ។ គ្រប់​ជម្ងឺ​រលាក​សួត​មិន​សុទ្ធតែ​អាចកើត​ឡើង​ដោយ​សារ​មេរោគ​បង្កនោះ​ទេ ធូលីដី ឬ​សារ​ធាតុគី​មី​ដែល​ដក​ដង្ហើម​ចេញ​ចូលក៏​អាចជា​ដើម​ហេតុផង​ដែរ​តាមរយៈ​ប្រតិកម្ម​ជាមួយ​នឹងសួត។

រោគ​សញ្ញា​ជម្ងឺ​រលាក​សួត

នៅក្នុង​ប្រអប់​ទ្រូងក៏​ពិតមែន តែសួត​ងាយ​រងនូវ​ប្រតិកម្ម​ភ្លាមៗ​នៅពេល​ដែលកា​រប៉ះ​ពាល់​ជាមួយ​មជ្ឈដ្ឋាន​ខាងក្រៅ។ ជម្ងឺ​រលាក​សួត​អាច​ចេញជា​រោគ​សញ្ញា​ប្លែកៗ​ពីគ្នា​ទៅតាម​ស្ថាន​ភាព​ជម្ងឺធ្ងន់ ឬ​ស្រាល។

1. រលាកផ្លូវដង្ហើម ៖ លោកអ្នក​អាចដឹង​ភ្លាមៗ​ពី​អាការ​ជម្ងឺនេះ មាន​ស្លេះច្រើន ក្អក មាន​អារម្មណ៍​ថាក្ដៅ​ក្នុងទ្រូង ឬក៏​មាន​អាការ​ក្រហាយ​នៅពេល​ដក​ដង្ហើម​ម្ដងៗ។

2. រលាកសាច់សួត ៖ អាការ​ធ្ងន់ធ្ងរ​ជាង​ការ​រលាក​ផ្លូវ​ដង្ហើម​បន្ដិច ដោយ​ក្អកខ្លាំង មានស្លេះ​ឡើងខាប់ ហើយ​មាន​ពណ៌​ល្អក់​ឬ​ពណ៌ខៀវ ជួន​កាល​មាន​ឈាម​លាយ​ឡំជា​មួយនឹង​ស្លេះ​ថែមទៀត​ផង។ ជា​ពិសេស​មាន​ការ​ឈឺចាប់​នៅក្នុង​ដើមទ្រូង និង​ឆាប់ហត់ ផងដែរ។

ការ​ព្យាបាល​ជម្ងឺ​រលាក​សួត

ដើម្បី​ធ្វើការ​ព្យាបាល​ជម្ងឺ​នេះ​ឱ្យបាន​ត្រឹមត្រូវ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាពនោះ លោកអ្នក​គួរ​គប្បី​ទៅធ្វើ​ការ​ពិនិត្យ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ ធ្វើការ​វិនិច្ឆ័យ​ឱ្យបាន​ច្បាស់​លាស់​ថាតើ​ជម្ងឺ​រលាក​សួតនេះ​បង្ក​មកពី​មូលហេតុ​អ្វី ដើម្បី​ស្រួល​ធ្វើការ​ព្យា បាល។

1. ការព្យាបាលប្រឆាំងនឹងមេរោគ ៖ លោកអ្នក​ភាគច្រើន​កើត​ជម្ងឺនេះ​បាន​តាម​រយៈ​មេរោគ​ផ្សេងៗ ដូចជា​មេរោគ​ផ្ដា សាយ​មេរោគ​ក្អក​ជាដើម ដែល​បង្ក​ដោយ​សារតែ​ការរស់​នៅក្នុង​សហគ​មន៍ជា​មួយគ្នា ជម្ងឺក្អក ឬ​មេរោគ​ដែលបាន​មកពី​ការស្នាក់​នៅ ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​ទៅ​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ផ្សេងៗ​ជាដើម។ មេរោគ​ទាំង​នោះអាច​ឆ្លងមក​ក្នុងរយៈ​ពេល​ដ៏ខ្លី គឺ​ត្រឹមតែ​ចន្លោះពី ៤៨​ទៅ៧​២ម៉ោង​តែ​ប៉ុណ្ណោះ​ដោយ​ធ្វើឱ្យ​លោកអ្នក​មាន​អាការ​ក្អក​ក្ដៅខ្លួន។ ដូច្នេះ​លោកអ្នក​គួរធ្វើ​ការ​ព្យាបាល​ដោយ​វិធី​លេបថ្នាំ បំបាត់​មេរោគ​ទាំងនោះ​ទៅតាម​ប្រភេទ​ជម្ងឺ។

2. ការព្យាបាលប្រឆាំងនឹងវីរុស ការ​បង្ក​ជម្ងឺ​ដោយ​វីរុស​នេះមាន​រយៈ​ពេល២​ទៅ៣​ថ្ងៃ​ប៉ុណ្ណោះ អាចធូរ​ស្រាល​ឡើងវិញ ដោយ​ខ្លួនឯង​មិន​ចាំបាច់​ប្រើ​ប្រាស់​ថ្នាំ​សម្រាប់​ព្យាបាល​ច្រើន​នោះទេ។ តែ​លោកអ្នក​អាច​លេប​ប្រភេទ​ថ្នាំ​រលាក ឬថ្នាំ​បំបាត់​ការ​ឈឺចាប់ ថ្នាំ​ព្យាបាល​ជម្ងឺក្អក​ឬថ្នាំ​ដែល​ជួយ​ធ្វើឱ្យ​ស្លេះរាវ​ជាដើម។

ផល​វិបាក​របស់​ជម្ងឺ​រលាក​សួត

ប្រសិន​បើមិន​ធ្វើការ​ព្យាបាល​ឱ្យបាន​ប្រសើរ ឬមាន​ការ​ធ្វេស​ប្រហែស ជម្ងឺ​រលាក​សួត​អាច​បង្ក​ជម្ងឺ​ផ្សេងៗ​បានយ៉ាង​ងាយ​ដោយ​អាច​បង្ក​ការក​មេរោគ​នៅក្នុង​ឈាម។ មេរោគ​ក្នុង​ឈាម​អាច​ធ្វើឱ្យ​រលាក​ខួរក្បាល រលាក​ស្រោម​ខួរ​ក្បាល រលាក​ថ្លើម រលាក តម្រង​នោម​ឬក៏​អាចធ្វើ​ឱ្យ​រលាក​សរីរាង្គ​ផ្សេងៗ​ទៀត ដែលនាំ​ឱ្យការ​ព្យាបាល​កាន់តែ​លំបាក​ថែម​មួយ​កម្រិត​ទៀត។

វិធី​បង្ការ​ជម្ងឺ​រលាក​សួត

ដោយ​សារតែ​ជម្ងឺ​នេះ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​បរិយា​កាស​យ៉ាងជិត​ស្និទ្ធនោះ ដូច្នេះ​អ្វីដែល​លោកអ្នក​អាច​ចៀស​វាងការ កើត​ឬការ​ឆ្លង​ជម្ងឺនេះ គឺ​អាស្រ័យ​ទៅលើ​ការ​ប្រុង​ប្រយ័ត្ន​នៅរាល់​ពេល​ដក​ដង្ហើម។ គួរមាន​ម៉ាស់​ការពារ​នៅរាល់​ពេល​ធ្វើ​ដំណើរ ជា​ពិសេស​គួរ​ចៀស​ពី​ប្រភព​មេរោគ​នានា ដូចជា​អ្នក​ជម្ងឺ​របេង អ្នក​ជម្ងឺ​ផ្ដាសាយ​ជាដើម។ លោក​អ្នកក៏​អាច​ជ្រើស​រើសវិធី​ចាក់វ៉ាក់​សាំង ដើម្បី​បង្ការ​ជម្ងឺ​រលាក​សួត​និងជម្ងឺ​ផ្សេងៗ។

ដំបូន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​គួរមាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជម្ងឺ​ផ្ដាសាយ ឬជម្ងឺ​ដទៃ​ទៀត​ដែល​បង្ក​ឱ្យមាន​ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម ដោយ​ត្រូវ ការពារ​ខ្លួនឯង​និងអ្នក​ដទៃ​ផងដែរ។ សូម​ចង​ចាំថា នៅរាល់​ពេល​ដែល​លោកអ្នក​មាន​ជម្ងឺ​ផ្ដាសាយ​យូរថ្ងៃ​នោះ គួរទៅ​ជួប​គ្រូពេទ្យ ព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា​កុំ​បណ្ដែត​បណ្ដោយ​យូរឱ្យ​សោះ។ លោកអ្នក​គប្បី​ប្រើ​ម៉ាស់​ការពារ​នៅរាល់​ពេល​ធ្វើ​ដំណើរ ឬ​សង្ស័យ​ថា​បរិយា​កាស​នៅ​ជុំវិញ​ខ្លួន​នោះ​មិន​ប្រសើរ​សម្រាប់​ដក​ដង្ហើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *