ការទទួលទានដំណេកគ្រប់គ្រាន់ជាប្រការដ៏ល្អបំផុតសម្រាប់សុខភាពរាងកាយមាំមួន និងសម្រស់ស្រស់ស្អាត។ នៅពេលទទួលទានដំណេក លោកអ្នកទាំងឡាយតែងតែមានសកម្មភាពខុសប្លែកពីគ្នា។ លោកអ្នកខ្លះយល់សប្ដិជាញឹកញាប់ រីឯអ្នកខ្លះទៀត ឧស្សាហ៍គេងមមើដែលធ្វើឱ្យលោកអ្នកទទួលទានដំណេកមិនបានគ្រប់គ្រាន់។ ជួនកាលវាអាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពក៏ មានដែរ។
លោកស្រីវេជ្ជបណ្ឌិត ចក ធីតា ឯកទេសវិកលវិទ្យាបានចូលរួមបកស្រាយអំពីបញ្ហាដេកមមើ និងមូលហេតុដែលកើតឡើងជូនមិត្ដអ្នកអានឱ្យបានជ្រាប តាមរយៈទស្សនាវដ្ដី សុខភាពយើង។
លក្ខណៈដំណេកមមើ
មមើកើតលើមនុស្សគ្រប់វ័យ រួមទាំងកុមារតូចៗផងដែរ។ ការមមើត្រូវបានបែងចែកជាពីរប្រភេទ។
1. ដេកមមើពីកំណើត ៖ ជាការមមើដែលមានតាំងពីកុមារភាពរហូតដល់ពេញវ័យ ឬវ័យចំណាស់។ លោកអ្នកខ្លះកើតមានអាការមមើដោយកាយវិការផ្សេងៗដែលបណ្ដាលមកពីភាពផ្សាភ្ជាប់ ឬដិតដាមអ្វីមួយ។ ប្រសិនបើការមមើមានជាញឹកញាប់ អាចមកពីមានបញ្ហាផ្លូវចិត្ដ។
2. ដេកមមើកើតថ្មីៗ ៖ ជាការមមើដែលទើបនឹងកើតឡើងដោយជួបប្រទះអ្វីដែលមិនធ្លាប់មានតាំងពីពេលមុនមក ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឃាតកម្មជាដើម។ ទោះជាបញ្ហានេះកើតលើខ្លួនឯងផ្ទាល់ មិត្ដភក្ដិ សមាជិកក្នុងក្រុមគ្រួសារ អ្នកជិតខាងនិងជាបញ្ហាក្នុងសង្គមក៏ដោយ។
រោគសញ្ញាដំណេកមមើ
សកម្មភាពមមើអាចបង្កគ្រោះថ្នាក់ដល់ជីវិត បើក្នុងករណីដែលលោកអ្នកមមើដើរចូលក្នុងបន្ទប់ទឹក បឹង ឬទន្លេ ដោយគ្មាននរណាម្នាក់ដឹងឬក៏លោកអ្នកមិនអាចគ្រប់គ្រង់អារម្មណ៍ខ្លួនឯងបាន។ ការមមើត្រូវបែងចែកជា២។
- ការដេកមមើដើរ ៖ មានទាំងនៅកន្លែងទទួលទានដំណេក និងសកម្មភាពក្នុងផ្ទះ។ លោកអ្នកខ្លះមមើដើរទៅបើកទឹកក្នុង ផ្ទះដើរទៅខាងក្រៅផ្ទះ ទៅនិយាយជាមួយអ្នកដទៃ ទាល់តែគេហៅទើបដឹងខ្លួន។ មិនតែប៉ុណ្ណោះលោកអ្នកមួយចំនួនទៀតមមើធ្វើការងារផ្ទះធម្មតាដូចជាមិនបានដេក។ ប្រការទាំងនេះហើយដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត ព្រោះសកម្មភាពនោះអាចនាំឱ្យទៅចុះ ក្នុងទឹកឬជាសកម្មភាពគ្រោះថ្នាក់ផ្សេងៗទៀត។
- ការដេកមមើនិយាយ ៖ មមើនិយាយមានច្រើនជាងការមមើដើរ ហើយច្រើនកើតឡើងតែមួយកន្លែងប៉ុណ្ណោះ។ ការមមើនិយាយមានដូចជាមមើនិយាយពីកន្លែងធ្វើការ រឿងរ៉ាវបានកើតឡើងកាលពីថ្ងៃ និងបញ្ហាផ្សេងៗទៀតជាប់ពាក់ព័ន្ធនឹងរឿង របស់ខ្លួន។ ការមមើបែបនេះអាចមានការរំខានលើគ្រួសារ ឬអ្នកដទៃនៅជុំវិញខ្លួន។
មូលហេតុដេកមមើ
សកម្មភាពប្រចាំថ្ងៃជាដើមចមមូលហេតុនៃការមមើនៅពេលយប់។
- ពេលទទួលទានដំណេក ហើយមានអ្នកណាម្នាក់មកដាស់ឱ្យក្រោក ហើយសម្រាកទៅវិញនោះសកម្មភាពនៃការមមើក៏ចាប់ផ្ដើមដំណើរការតាមអ្វីដែលបានកើតឡើងចំពោះខ្លួនកាលពីពេលថ្ងៃ។
- មានបញ្ហាផ្លូវចិត្ដពាក់ព័ន្ធនឹងការងារ (ការងារច្រើនពិបាកដោះស្រាយ) គិតអ្វីដែលមិនបានសម្រេច
- សកម្មភាពក្នុងផ្ទះដែលអនុវត្ដពេលថ្ងៃ ឬការនិយាយពាក់ព័ន្ធរឿងរ៉ាវផ្សេងៗ
- ការទទួលទានដំណេកមិនគ្រប់គ្រាន់
- ធ្វើការច្រើនហួសកម្លាំង ជាហេតុបណ្ដាលឱ្យមានអារម្មណ៍តានតឹង
- ការមានជម្លោះជាមួយក្រុមគ្រួសារ ឬអ្នកដទៃ
ការមមើកើតឡើងលើមនុស្សស្ទើរតែគ្រប់រូប ហើយការមមើទាំងនេះគ្មាននរណាម្នាក់ចង់ឱ្យកើតឡើងឡើយ។ បញ្ហានេះកើតឡើងដោយមិនដឹងថាខ្លួនឯងកំពុងធ្វើសកម្មភាពទេ ទាល់តែមានអ្នកណាមកហៅ ឬមកប្រាប់ទើបដឹងខ្លួន។
វិធីព្យាបាលអ្នកដេកមមើ
ប្រសិនបើលោកអ្នកមានអាការមមើម្ដងម្កាល គឺជាការធម្មតាទេ។ ប៉ុន្ដែបើមមើជាញឹកញាប់ឬជាប្រចាំថ្ងៃនោះ លោកអ្នកត្រូវប្រញាប់ទៅពិគ្រោះជាមួយអ្នកជំនាញខាងផ្លូវចិត្ដ ដើម្បីពិភាក្សាចំណុចទាំងនេះ ហើយមិនត្រូវទុកបន្ដទៅទៀតទេ ព្រោះខ្លាចមាន គ្រោះថ្នាក់ដល់សុខភាពនិងជីវិត។ លោកអ្នកអាចជ្រើសរើសវិធីព្យាបាលមួយណាក៏បានដែរ សម្រាប់អនុវត្ដន៍។
- ការព្យាបាលដោយការផ្ដល់ប្រឹក្សា ៖ ប្រសិនបើអ្នកជម្ងឺមានអាការមិនសូវធ្ងន់ធ្ងរ លោកអ្នកអាចទៅពិភាក្សាជាមួយអ្នក ជំនាញបានដោយគ្រាន់តែពិភាក្សាអំពីសកម្មភាពមមើដែលកើតមានជារឿយៗ ឬកើតមានជាប្រចាំ។ នៅពេលបានទទួលការណែនាំ ពីគ្រូពេទ្យលោកអ្នកគួរតែព្យាយាមបន្ធូរអារម្មណ៍ដោយខ្លួនឯងបន្ថែមទៀត ទើបមានប្រសិទ្ធភាព និងអាចព្យាបាលជា។
- ការព្យាបាលដោយប្រើថ្នាំ ៖ ការព្យាបាលថ្នាំមិនគួរប្រើឡើយ ព្រោះធ្វើឱ្យចំណាយពេល និងថវិកាច្រើន។ ប៉ុន្ដែបើការព្យាបាលដោយពិភាក្សាមិនមានលទ្ធផលល្អនោះ អាចផ្លាស់ប្ដូរមកប្រើថ្នាំព្យាបាលវិញ ដើម្បីឱ្យអារម្មណ៍របស់អ្នកជម្ងឺស្ងប់ និងទទួលទានដំណេកលក់ស្រួលមិនមានការគិតច្រើន។
វិធីទប់ស្កាត់ការមមើ
លោកអ្នកគួរធ្វើចិត្ដឱ្យស្រស់ថ្លាក្នុងការរស់នៅប្រចាំថ្ងៃក៏ដូចជាកន្លែងធ្វើការ ដើម្បីចៀសវាងនូវការថប់អារម្មណ៍ ព្រោះបញ្ហានេះអាចកើតជាមមើនៅពេលទទួលទានដំណេក។ ត្រូវគិតអ្វីដែលជាការសប្បាយច្រើនជាងក្ដីទុក្ខ ហើយឧស្សាហ៍ទៅធ្វើដំណើរ កម្សាន្ដ ដើម្បីបន្ធូរភាពតានតឹងដោយផ្សាភ្ជាប់ការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានល្អ ដើម្បីពិគ្រោះយោបល់។ លោកអ្នកគប្បី ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់និងរកកន្លែងស្ងប់ស្ងាត់ គេចពីការរំខានរបស់អ្នកដទៃ។
ដំបូន្មានអ្នកប្រឹក្សា
ប្រសិនបើលោកអ្នកមមើញឹកញាប់ គួរទៅពិភាក្សាជាមួយអ្នកជំនាញ ដើម្បីព្យាបាលបញ្ហាទាំងនេះ មិនត្រូវបណ្ដោយ ទុកយូរទេព្រោះជាការមិនល្អដល់សុខភាព និងរំខានដល់អ្នកដទៃ។ លោកអ្នកគប្បីជ្រើសរើសវិធីព្យាបាលមួយណា ដែលគិតថាល្អសម្រាប់អ្នកយកមកអនុវត្ដចំពោះខ្លួនឯងផ្ទាល់។ ជាពិសេសសូមឧស្សាហ៍ទៅជួបអ្នកជំនាញឱ្យបានញឹកញាប់ ដើម្បីធ្វើការផ្លាស់ប្ដូរ វិធីសាស្ដ្រក្នុងការព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply