លោកអ្នកធ្លាប់បានឃើញហើយមនុស្សម្នាក់និយាយរអ៊ូតែម្នាក់ឯង ព្រមទាំងមានកាយវិការប្លែកៗ សម្ដែងចេញមកហាក់ដូចជាកំពុងនិយាយជាមួយអ្នកណាម្នាក់។ ពេលខ្លះមនុស្សនោះសើចសប្បាយ ពេលខ្លះស្រងូតស្រងាត់តែម្នាក់ឯង។ ពេលខ្លះទៀតភ័យរន្ធត់មិនសមហេតុផលហាក់បីដូចជាមានគេតាមសម្លាប់ជាដើម។ លោកអ្នកប្រាកដជាឆ្ងល់ហើយថាតើមានរឿងអ្វីកើតឡើងចំពោះរូប គាត់?
កាលពីលេខមុន ប្រិយមិត្ដអ្នកអានធ្លាប់បានជ្រាបម្ដងរួចមកហើយអំពីជម្ងឺវិកលចរិតស្រួចស្រាវ។ ដើម្បីបកស្រាយជាបន្ដ ទស្សនាវដ្ដីសុខភាពយើង សូមលើកយកជម្ងឺផ្លូវចិត្ដធ្ងន់ធ្ងរមួយប្រភេទទៀត គឺជម្ងឺវិកលចរិតរ៉ាំរ៉ៃមកជម្រាបជូនលោកអ្នកអាន ដើម្បីស្វែងយល់ជាបន្ដដោយជួបសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្ដ ឯកទេសវិកលវិទ្យា។ ជម្ងឺវិកលចរិតរ៉ាំរ៉ៃនេះជាប្រភេទ ជម្ងឺផ្លូវចិត្ដមួយធ្ងន់ធ្ងរដែលកើតមានទៅលើមនុស្សពេញវ័យ១%។ ជាភាសាបរទេសជម្ងឺវិកលចរិតរ៉ាំរ៉ៃហៅថា ស្គីហ្សូ ហ្វ្រេនា។
រោគសញ្ញា និងវគ្គបន្ដបន្ទាប់នៃជម្ងឺវិកលចរិតរ៉ាំរ៉ៃ
1. ដំណាក់កាលចាប់ផ្ដើម ៖ មនុស្សម្នាក់និយាយរអ៊ូតែម្នាក់ឯង កាយវិការប្លែកៗ ជួនហាក់ស្រងូតស្រងាត់ ឬជួនខឹងស្រែក ជេរគេឯងនោះគឺជាមនុស្សដែលមានជម្ងឺស៊ីហ្សូហ្វ្រេនា ឬជម្ងឺវិកលចរិតរ៉ាំរ៉ៃ។ ជម្ងឺនេះមានទំនាក់់ទំនងទៅនឹងរបៀបនៃការគិត ញាណ ឆន្ទៈអាកប្បកិរិយា។ល។
2. ដំណាក់កាលសកម្ម ៖ ជម្ងឺវិកលចរិតរ៉ាំរ៉ៃជាជម្ងឺដែលសាំញ៉ាំ និងមានរូបរាងច្រើនបែប។ គេអាចធ្វើការវិនិច្ឆ័យដឹងបានយ៉ាងតិចរយៈពេល៦ខែ ដែលគេហៅថាដំណាក់កាលសកម្មនៃរោគសញ្ញា។ នេះមានន័យថាក្នុងរយៈពេលនោះ រោគសញ្ញាលេចចេញឡើងយ៉ាងច្រើនប្លែកៗដូចជាជឿជាក់លើអ្វីមួយខុសបែបបទ ញាណណាមួយក្នុងចំណោមញាណទាំង៥ មានការភន្ដ័ និយាយច្របូក ច្របល់ ឬអាកប្បកិរិយាប្លែកៗ។ វគ្គសកម្មនេះច្រើនតែកើតឡើងបន្ទាប់ពី ដំណាក់កាលចាប់ផ្ដើម ដែលអ្នកជម្ងឺបង្ហាញបន្ដិចម្ដងៗនៃ ការថយចុះក្នុងទំនាក់ទំនងសង្គម សម្ងំនៅម្នាក់ឯងគុណភាពការងារថយចុះ និងរយីករយាកខ្លួនប្រាណ។ ប្រតិកម្មតបនឹងអ្វីមួយមិន ប្រក្រតី មានគំនិត និងពាក្យសម្ដីចម្លែក មានជំនឿខុសធម្មតាសម្ដែងបទពិសោធន៍ប្លែកៗ ថាមពល និងឆន្ទៈក្នុងខ្លួនថយចុះ។
3. ដំណាក់កាលបន្សល់ ៖ បន្ទាប់ពីដំណាក់កាលសកម្មនេះ គឺដំណាក់កាលបន្សល់ ដែលអ្នកជម្ងឺមានជាបន្ដនូវវិបត្ដិ អាកប្បកិរិយានិងរោគសញ្ញាខ្លះទៀតស្រដៀងគ្នានឹងវគ្គចាប់ផ្ដើមដែរ។ រយៈពេលនេះ អ្នកជម្ងឺនេះបាត់បង់លទ្ធភាពការងារ ទំនាក់ ទំនង និងរក្សាខ្លួនឯង។
មូលហេតុបង្កជម្ងឺវិកលចរិតរ៉ាំរ៉ៃ
រហូតមកទល់បច្ចុប្បន្ននេះ មិនទាន់មានអ្នកប្រាជ្ញណាម្នាក់អះអាងពីមូលហេតុពិតប្រាកដរបស់ជម្ងឺនេះនៅឡើយទេ។ ប៉ុន្ដែតាមការសន្និដ្ឋានអាចបណ្ដាលមកពីភាពលំនឹងនៃប្រព័ន្ធសារធាតុខួរក្បាលមានបញ្ហា។ ក្រៅពីនោះគេសង្កេតឃើញកត្ដាធំៗមួយចំនួនទៀតដែលជាកត្ដាបង្កឱ្យមានជម្ងឺវិកលចរិតរ៉ាំរ៉ៃនេះ គឺកត្ដាចិត្ដសាស្ដ្រ កត្ដាជីវសាស្ដ្រ និងកត្ដាសង្គម។
- កត្ដាចិត្ដសាស្ដ្រ ៖ ការរស់នៅមិនមានភាពកក់ក្ដៅ បញ្ហាស្ដ្រេស្សជាមូលហេតុបង្កជម្ងឺនេះ។
- កត្ដាជីវសាស្ដ្រ ៖ កត្ដាតំណពូជ ឬកត្ដាសរីរាង្គខួរក្បាល ឬក្នុងខ្លួនមានការប្រែប្រួល។
- កត្ដាសង្គម ៖ ការមិនសន្ដោសប្រណី មិនគោរពសិទ្ធិគ្នា អសន្ដិសុខក្នុងសង្គម មានសង្គ្រាម អំពើឆក់ប្លន់ ការចាប់ជំរិត ជាដើម។
វិធីព្យាបាលជម្ងឺវិកលចរិតរ៉ាំរ៉ៃ
ការព្យាបាលធ្វើឡើងទៅតាមកត្ដាបង្កទាំងបីខាងលើ គឺកត្ដាជីវសាស្ដ្រ ចិត្ដសាស្ដ្រ និងអន្ដរាគមន៍ពីទំនៀមទម្លាប់សង្គម ព្រមទាំងផ្សារភ្ជាប់ជាមួយគ្រួសារ។
1. ព្យាបាលកត្ដាជីវសាស្ដ្រ ៖ មនុស្សរាប់ពាន់នាក់ត្រូវបានព្យាបាលដោយការប្រើថ្នាំំ និងការប្រឹក្សាផ្លូវចិត្ដជាជាងបង្ខាំងសម្រាកនៅមន្ទីរពេទ្យ។ នាពេលបច្ចុប្បន្ននេះមានថ្នាំថ្មីៗដែលត្រូវបានប្រើប្រាស់ទូលំទូលាយក្នុងការព្យាបាល ពីព្រោះវាពុំសូវមានបច្ច័យអាក្រក់និងមានសក្ដានុពលភាពពីទាបទៅខ្ពស់។ ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដី ក៏យើងត្រូវចាំទុកក្នុងចិត្ដថាថ្នាំតែមួយមុខមិនអាច ព្យាបាលឱ្យជាសះស្បើយបានទេក្នុងនោះការព្យាបាលដោយចរន្ដអគ្គិសនីនៅតែត្រូវបានប្រើប្រាស់រហូតដល់សព្វថ្ងៃ។
2. ព្យាបាលកត្ដាចិត្ដសាស្ដ្រ ៖ ចេញពីទស្សនៈវិស័យអាកប្បកិរិយាដែលអ្នកជម្ងឺមានដូចជាអាកប្បកិរិយាប្លែក និងមិនចុះសម្រុងជាមួយអ្នកដទៃ។ ដូចនេះការព្យាបាលត្រូវតម្រង់ទៅរោគសញ្ញាដែលមិនប៉ះពាល់នឹងបែបបទ និងមុខងារ។ ឧទាហរណ៍ ស្ដ្រីម្នាក់ដែលចេះតែមិនទុកចិត្ដអ្នកដទៃ គិតថាគេមានបំណងអាក្រក់មកលើខ្លួន ធ្វើឱ្យគាត់ឆ្លើយតបទៅអ្នកដទៃក្នុងរបៀបមិនទុកចិត្ដនៅ ពីចម្ងាយ។ គ្រូពេទ្យចិត្ដសាស្ដ្រមាននាទីជួយពន្យល់ផ្ដល់ប្រឹក្សាឱ្យស្ដ្រីនោះចេះធ្វើឥរិយាបថត្រឹមត្រូវក្នុងសង្គម ឆ្លើយតបដោយរីករាយ ចំពោះអ្នកឯទៀតសូម្បីតែទើបជួបគ្នាជាលើកដំបូងក៏ដោយ។
ស្ដ្រីនោះក៏អាចបញ្ចូលជាសមាជិកព្យាបាលជាក្រុមដែលអ្នកជម្ងឺក្នុងក្រុមលើកយកបញ្ហាសាមញ្ញម្នាក់ៗមកនិយាយ។ អ្នកចិត្ដសាស្ដ្រត្រូវស្ថិតនៅក្នុងក្រុម ដើម្បីលើកទឹកចិត្ដឱ្យសមាជិកពង្រីកអាកប្បកិរិយាត្រឹមត្រូវរវាងបុគ្គល ដោយប្រើកាក់សេដ្ឋកិច្ច សម្រាប់ជម្រុញសកម្មភាពត្រឹមត្រូវ។
- ប្រើទំនៀមទម្លាប់់សង្គម
ជម្ងឺវិកលចរិតមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកនៅជុំវិញ វិធានការណ៍សង្គមនៃការព្យាបាល គឺផ្ដោតទៅលើអន្ដរសកម្ម ភាពនិងទំនាក់ទំនង។ ការព្យាបាលត្រូវរៀបចំឡើងឱ្យទាក់ទិននឹងដំណើរប្រព្រឹត្ដទៅនៃសង្គម ព្រោះវាជាឧបករណ៍មួយដើម្បីធ្វើការផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នកជម្ងឺ។ ក្នុងនោះទាំងបុគ្គលិក ឬអ្នកធ្វើការ និងអ្នកជម្ងឺស្ថិតក្នុងកិច្ចការរួមនៃការព្យាបាល ដើម្បីបង្កើត មុខងារឱ្យអ្នកជម្ងឺ។ ការព្យាបាលចាំបាច់ត្រូវជម្រុញឱ្យធ្វើតាមអ្វីដែលជាតម្លៃនៃសង្គម និងបង្អាក់មិនឱ្យអ្នកជម្ងឺសម្ដែងចេញរោគ សញ្ញា។ មជ្ឈដ្ឋានល្អជួយឱ្យគេមានការផ្លាស់ប្ដូរក្នុងឆាកជីវិតនិងមានភាពរលូននៅពេលទៅរស់នៅក្នុងសង្គមវិញ។
ផលវិបាករបស់ជម្ងឺវិកលចរិតរ៉ាំរ៉ៃ
1. ផលវិបាកដោយផ្ទាល់ ៖ ប្រសិនបើត្រូវគេបោះបង់ចោល អ្នកជម្ងឺអាចស្លាប់បាត់បង់ជីវិតដោយកង្វះអាហារ។ ជម្ងឺវិកលចរិតរ៉ាំរ៉ៃជាជម្ងឺរ៉ាំរ៉ៃបង្កការខាតបង់ថវិកាគ្រួសារ ថវិការដ្ឋលើការប្រើប្រាស់ថ្នាំសង្កូវ និងការថែទាំអ្នកជម្ងឺ។ មិនតែប៉ុណ្ណោះអ្នកជិតខាងក៏ត្រូវរំខានដោយអ្នកជម្ងឺនេះផងដែរ។
2. ផលវិបាកមិនផ្ទាល់ ៖ នៅពេលមានជម្ងឺនេះ មនុស្សខាតបង់លទ្ធភាពពលកម្ម និងខាតបង់ថវិកា ព្រោះថាជម្ងឺនេះច្រើនកើតលើមនុស្សពេញវ័យ និងត្រូវបន្ដតាមដានពេញមួយជីវិត។ ជម្ងឺអាចលាប់ឡើងវិញនៅពេលសង្គមកើតមានទុរ្ភិក្ស និងសេដ្ឋកិច្ច ធ្លាក់ចុះ។
ដំបូន្មានអ្នកប្រឹក្សា
ដើម្បីបង្ការជម្ងឺវិកលចរិតរ៉ាំរ៉ៃ ឪពុកម្ដាយត្រូវបង្កភាពកក់ក្ដៅដល់កូនៗ។ ប្រសិនបើក្នុងគ្រួសារមានសមាជិកកើតជម្ងឺនេះត្រូវរួមថែទាំមិនត្រូវបោះបង់ចោលគេឡើយ។ មិនត្រូវរើសអើងដល់អ្នកជម្ងឺវិកលចរិតទេ ត្រូវយកចិត្ដទុកដាក់បញ្ជូនគាត់ទៅព្យាបាល និងតាមដានសភាពជម្ងឺរបស់គាត់ជាប្រចាំ ព្រោះជម្ងឺនេះជាជម្ងឺរ៉ាំរ៉ៃ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply