ហាម​ជក់បារី​នៅទី​សាធា​រណៈ!

ការជក់​បារី​ពិតជា​នាំមក​នូវការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​រាងកាយ មិន​ចំពោះ​តែអ្នក​ប្រើប្រាស់​នោះទេ សូម្បី​តែអ្នក​ដែល​បានស្រូប​ផ្សែង​របស់វា​ពីគេ​ក៏រង​គ្រោះដល់​សុខភាព​ផងដែរ។ បច្ចុប្បន្ន​នេះនៅ​ទីសា​ធារណៈ​មួយចំនួន ជា​ពិសេស​នៅតាម​កន្លែង ធ្វើការ មិនថា​ជាស្ថាប័ន​រដ្ឋ​ឬឯកជន​នោះទេ លោកអ្នក​តែងតែ​សង្កេត​ឃើញ​មានផ្លាក​បម្រាម​ហាមជក់​បារី។ តើ​ហេតុអ្វី​បានជា​នៅ​កន្លែង​សាធា​រណៈ​ទាំងនោះ​ត្រូវគេ​ដាក់​បម្រាម​កុំឱ្យ​ជក់បារី​ទៅវិញ ខណៈ​ដែល​ប្រទេស​កម្ពុជា​នៅមិន​ទាន់មាន​ច្បាប់ជាតិ​ណាមួយ ប្រឆាំង​នឹងការ​ជក់បារី​នៅកន្លែង​សាធា​រណៈ​នៅឡើយ​នោះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកអ្នក​អាចជ្រាប​ពីហេតុ​ផលទាំង​នោះ​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង នៅក្នុង​ទំព័រនេះ​ដោយ​មាន​ការបក​ស្រាយ របស់​លោក ស៊ុង​វិនតាក់ ប្រធាន​ផ្នែក​ថ្នាំជក់ និង​សុខភាព​នៅមជ្ឈ​មណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព នៃ​ក្រសួង​សុខាភិ​បាល។

បារី​ប៉ះពាល់​អ្វីខ្លះ​ដល់​សុខភាព?

នៅក្នុង​បារី ឬ​ផលិត​ផល​ថ្នាំជក់​មានផ្ទុក​សារធាតុ​គីមី​ជាង​៤០០០​ប្រភេទ ដោយ​ក្នុងនោះ​មាន​ប្រមាណ​៦០ភាគ​រយអាច​បង្ក​ឱ្យកើត​ជម្ងឺ​មហារីក​បាន។ សារធាតុ​ទាំងអស់​នោះធ្វើ​ឱ្យប៉ះ​ពាល់ធ្ងន់​ធ្ងរទៅ​លើអ្នក​ប្រើប្រាស់ ក៏ដូច​អ្នក​ដែល​បាន​ស្រូប​យកផ្សែង​បារីចាប់​តាំងពី​ចុងជើង​ដល់ក្បាល​ដូចជា​នាំឱ្យ​មាន​ជម្ងឺ​មហារីក​សួត មហារីក​បោ្លក​នោម មហារីក​ក្រពះ មហារីក​ដោះ មហារីក​មាត់ស្បូន ជម្ងឺ​បេះដូង​ជម្ងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ជាដើម ព្រមទាំង​ធ្វើឱ្យ​ស្បែក​ឆាប់ចាស់​ជាងវ័យ និងធ្វើ​ឱ្យធ្មេញ​ឡើង​ពណ៌លឿង ឬពណ៌​ខ្មៅ ជាដើម។

មូល​ហេតុ​ដាក់​បម្រាម​ហាមជក់​បារីនៅ​កន្លែង​សាធា​រណៈ?

បច្ចុប្ប​ន្ននេះ នៅ​ប្រទេស​កម្ពុជា​មាន​អត្រា​អ្នក​ប្រើប្រាស់​ថ្នាំជក់់​ប្រមាណ​ជា២.៦​លាននាក់ ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ទូទាំង ប្រទេស​ដែល​មានបុរស​ប្រមាណ​ជា៥៤​ភាគរយ និង​ស្ដ្រី​ប្រមាណ​ជា៦​ភាគរយ។ ដោយ​ឃើញ​មានចំនួន​អ្នកជក់​បារីកើន​ច្រើន​ឡើង យ៉ាងនេះ​ទើបនៅ​ថ្ងៃទី១៥​ខែវិច្ឆិកា ឆ្នាំ​២០០៥ កម្ពុជា​បានចូល​ជា​សមាជិក​អនុ​សញ្ញា​របស់​អង្គការ​សុខភាព​ពិភព​លោក ស្ដីពី​ការត្រួត​ពិនិត្យ​ថ្នាំជក់​សំដៅ​ធ្វើយ៉ាង​ណាកាត់​បន្ថយ​ការប៉ះ​ពាល់នៃ​ការប្រើ​ប្រាស់​ថ្នាំជក់ ដោយទប់​ស្កាត់កុំ​ឱ្យអ្នក​ដែលមិន​ចេះប្រើ​ប្រាស់​ថ្នាំជក់ ចង់ប្រើ ឬទទួល​រងនូវ​ការ​ស្រូប​ផ្សែងថ្នាំ​ជក់ទាំង​នោះ។

កន្លែង​ដែលដាក់​បម្រាម

ថ្វីបើ​កម្ពុជា​បានចូល​ជា​សមាជិក​អនុសញ្ញា​អង្គការ​សុខភាព​ពិភព​លោក​យ៉ាងណា​ក៏ដោយ ក៏​ប្រទេស​យើងនៅ​មិនទាន់​មាន​ច្បាប់​ប្រឆាំង​នឹងការ​ប្រើប្រាស់​ថ្នាំជក់​នោះដែរ។ ប៉ុន្ដែ​បច្ចុប្បន្ន​នេះនៅ​តាម​ក្រសួង​ស្ថាប័ន​ចំនួន៦​របស់រាជ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ហាមជក់​បារីនៅ​ក្នុង​អង្គភាព​និងស្ថាប័ន​ក្រោម​ឱវាទ​របស់​ក្រសួង​ទាំងនោះ។ ជា​ពិសេស​ក្រសួង​សុខា​ភិបាល​បានធ្វើ​ការផ្សព្វ​ផ្សាយនៅ តាម​មណ្ឌល​សុខភាព​គ្រប់​ខេត្ដក្រុង​ដើម្បី​ដាក់​បម្រាម​ទាំងនេះ។ លើសពី​នេះនៅ​តាមវត្ដ​អារាម សាលា​រៀន សកល​វិទ្យាល័យ​និងអង្គ​ការមិន​មែនរដ្ឋា​ភិបាល​មួយ​ចំនួនក៏​បានដាក់​បម្រាម​ហាមជក់​បារីនេះ​ដែរ។ គ្រប់​កន្លែង​ដែលបាន​ប្រកាស​មិនឱ្យ​ជក់បារី​ទាំងអស់ បើទោះ​បីជា​មិនអនុ​វត្ដន៍ឱ្យ​បាន១០០​ភាគរយ​យ៉ាងណា​ក៏ដោយ​ក៏គេ​ឃើញថា​ប្រតិបត្ដិ​បាន​ប្រមាណ​ជា៧០ ទៅ៨០​ភាគរយ​ដែរ។

ការ​មិន​អនុវត្ដន៍​បម្រាម​ហាមជក់​បារី

ប្រសិន​បើលោក​អ្នកមិន​គោរព​តាមនូវ​បម្រាម​ហាមកុំ​ឱ្យជក់​បារីទេ​នោះ វាអាច​ធ្វើឱ្យ​អ្នកធ្វើ​ការជា​មួយ ឬអ្នក​នៅ​ជុំវិញ​ទទួល​រងនូវ​ផ្សែង​បារី​ទាំងនោះ​ពីលោក​អ្នក។ ផ្សែង​បារី​មិនងាយ​នឹង​បំបាត់​បានទេ បើវា​កំពុង​ស្ថិតនៅ​ក្នុង​បរិយាកាស​មួយដែល​មិនមាន ខ្យល់​ចេញចូល​បាន​គ្រប់​គ្រាន់នោះ​ហើយ​ហោះ​ហើរ​ពាសពេញ​កន្លែង​ធ្វើការ​របស់​លោកអ្នក។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វាអាច​ធ្វើឱ្យ​មាន ភាព​កខ្វក់ និងគ្មាន​អនាម័យ។ នៅ​ប្រទេស​យើង​មិនទាន់​មានការ​រើសអើង​ចំពោះ​អ្នក​ប្រើ​ប្រាស់​ថ្នាំជក់​នៅឡើយ​ទេ ហើយ​ក៏គ្មាន​អ្នក​ណា​ម្នាក់​ប្ដឹងទៅ​ថ្នាក់លើ​នូវទង្វើ​ដែល​អ្នក​ប្រព្រឹត្ដ​ខុសនៅ​កន្លែង​ធ្វើការ ឬ​កន្លែង​ណា​ផ្សេង​ដែល​មានដាក់​បម្រាម​នោះដែរ។ ការមិន ជក់​បារី​នៅកន្លែង​ធ្វើការ ឬនៅ​ទីសាធា​រណៈ​គឺអា​ស្រ័យ​ទៅលើ​ការសម្រេច​ចិត្ដ​របស់​លោកអ្នក​ផ្ទាល់ ថាលោក​អ្នកគួរ​ធ្វើអ្វី​ដែល ប្រសើរ​សម្រាប់​ខ្លួនឯង និងអ្នក​នៅជុំវិញ​អ្នកដែរ ឬទេ?

គួរ​ប្រើប្រាស់​ថ្នាំជក់​នៅពេល​ណាខ្លះ?

លោកអ្នក​ដែលមាន​ទម្លាប់​ជក់បារី ហើយ​មិនអាច​ផ្ដាច់បាន​នោះ គួរគប្បី​ជក់នៅ​កន្លែង​ណាដែល​មិនមាន​បម្រាម​ហាមជក់​បារី ។ ជា​ពិសេស​លោកអ្នក​គួរជក់​បារី​នៅទី​ណាដាច់​ដោយឡែក ឬនៅ​ឱ្យឆ្ងាយ​ពីគេ​ទាំងពួង ដើម្បី​កុំឱ្យ​មាន​មនុស្ស ឬមាន​សមាជិក​គ្រួសារ​អាចស្រូប​ផ្សែង​បារីបាន។ ទោះបី​ជាគ្មាន​ច្បាប់​ណាមួយ​គាប​សង្កត់ឱ្យ​លោកអ្នក​ឈប់ជក់​បារីក៏​ដោយ ក៏លោក​អ្នកគួរ​តែមាន​ទឹកចិត្ដ​ជួយ​ការពារ​សុខភាព​រាងកាយ​អ្នក​ដទៃ​ផ្សេង​ទៀត ដើម្បី​ឱ្យពួក​គេទាំង​នោះអាច​ចៀសផុត​នូវការ​ប៉ះពាល់​ដែល​បង្ក​ដោយ​ទង្វើរ​បស់ លោកអ្នក។ អ្វីៗ​ដែលលោក​អ្នកគួរ​ដឹង​និង​ប្រតិបត្ដិ​ឱ្យបាន​ល្អ​សម្រាប់​រស់នៅ​ក្នុងសង្គម​មួយ​ដោយ​មានភាព​ថ្លៃថ្នូរ និង​សុជីវ​ធម៌ប្រពៃ នោះ លោកអ្នក​គួរតែ​កុំគិត​និងកុំ​ធ្វើអ្វី​ដោយ​តម្រូវ​ទៅតាម​ចិត្ដរបស់​ខ្លួន ហើយ​មិនខ្វល់​ពីអ្នក​នៅជុំវិញ​ខ្លួនឱ្យ​សោះ។

ដំបូន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​ដែល​កំពុង​ប្រើប្រាស់​ថ្នាំជក់ គួរគិត​ថាតើ​ការជក់​បារីវា​នាំមក​នូវសារៈ​ប្រយោជន៍​អ្វីខ្លះ​ដល់​លោកអ្នក និងអ្នក​នៅជុំ វិញខ្លួន។ លោកអ្នក​គួរចង​ចាំថា​បារី​មិនបាន​ជួយអ្វី​ទាល់តែ​សោះ​សម្រាប់​គ្រួសារ​លោកអ្នក លើសពី​នេះវាមិន​ត្រឹមតែ​បំផ្លាញ​ប្រាក់កាស លោកអ្នក​នោះទេ​តែវា​ថែមទាំង​បំផ្លាញ​សុខភាព​លោកអ្នក​ទៀតផង។ ការ​ជំរុញ​ឱ្យអ្នក​ប្រើប្រាស់​ថ្នាំជក់​ឈប់​ជក់បារី​នោះ វាជា​រឿង សំខាន់​ណាស់។ សូមជួយ​លើកទឹក​ចិត្ដពួក​គាត់ ឱ្យផ្ដាច់​ការជក់​បារីឱ្យ​បាន១០០​ភាគរយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *