រន្ទះ គឺជាមច្ចុរាជ្យដ៏គ្រោះថ្នាក់ធំបំផុតមួយនិងកើតឡើង ញឹកញាប់បំផុតដែលបានសម្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ជាច្រើននៅតាមទីជនបទ និងទីប្រជុំជនមួយចំនួន។ នៅដើមឆ្នាំ២០១២ គេកត់សម្គាល់ឃើញថា រន្ទះបានប្រហារជីវិតពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ គេហទំព័រ សុខភាពកម្ពុជាបាន ជម្រាប ជូនម្ដង រួចមក ហើយ នូវស្ថាន ភាពគ្រោះ ថ្នាក់ដែល បណ្ដាល មកពីរន្ទះ នៅក្នុង អត្ថបទ របស់ខ្លួនមានចំណងជើងថា «កម្ពុជាកាន់តែរងគ្រោះពីបាតុភូតរន្ទះកាន់ធ្ងន់ធ្ងរ»។ពេលនេះកេហទំព័រសុខភាពកម្ពុជាសូមជម្រាបជូន សូមជម្រាបជូនលោកអ្នកអំពី វិធីការពារ និងបញ្ចៀសពីគ្រោះថ្នាក់នៃបាតុភូតដ៏អាក្រក់នេះដូចតទៅ៖
1. ការការពាដោយប្រើប្រដាប់ការពាររន្ទះដាក់តាមគេហដ្ឋាន
ប្រដាប់ការពាររន្ទះអាចជួយលោកអ្នកឲ្យទទួលបាននូវភាពកក់ក្តៅក្នុងការរស់នៅ និងជួយបញ្ចៀស នូវការខូចខាតសម្ភារៈអគ្គិសនីមួយចំនួន ដូចជាទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទ វិទ្យុ កង្ហា និងសម្ភារៈអគ្គីសនីមួយចំនួនផ្សេងទៀត។
2. ការការពារដោយការកែច្នៃឧបករណ៍រន្ទះដោយខ្លួនឯង
ប្លុកលោក វិរៈដារ៉ា បានរៀបរាបអំពីវិធីកែច្នៃឧបករណ៍ការពារន្ទះ ដោយលោកអ្នក អាចច្នៃប្រដាប់ការពាររន្ទះ ដោយខ្លួនឯងបាន គ្រាន់តែប្រសិទ្ធភាពរបស់វាអាស្រ័យលើវត្ថុធាតុដើម ដែលយកមកប្រើប្រាស់តែប៉ុណ្ណោះ ដែលមានដូចជា៖
- រដាប់ស្រូបរន្ទះ ៖ ត្រូវធ្វើពីលោហធាតុដែលងាយចម្លងអគ្គិសនី។ ជាពិសេស លោហដែលធ្វើអំពីស្ពាន់ ហើយនៅខាងចុង គួរមានខ្នែងច្រើន។
- ខ្សែចម្លងអគ្គិសនី៖ ចំពោះខ្សែចម្លងអគ្គីសនី លោកអ្នក គួររើសយកប្រភេទខ្សែណា ដែលមានស្ពាន់ខាងក្នុងធំ។ ខ្សែប្រភេទនេះគេច្រើនធ្វើជាពិសេស ខុសពីខ្សែភ្លើងទូទៅបន្តិច។
- បង្គោលសម្រាប់ចម្លងអគ្គីសនី៖ បើនិយាយពីបង្គោលសម្រាប់ចម្លងបន្តពីខ្សែចូលទៅក្នុងដីវិញ ដើម្បីប្រសិទ្ធភាពខ្ពស់ លោកអ្នកគួរកប់វា៣ដើមរាងត្រីកោណ ដោយ១ដើមៗ មានប្រវែងយ៉ាងហោចណាស់ ៣ម៉ែត្រទៅក្នុងដី។ ជាទូទៅបង្គោលស្ពាន់ដែលមានលក់ ប្រវែង១ម៉ែត្រ ហើយលោកអ្នកអាចតវាបានដោយប្រដាប់ភ្ជាប់។ លោកអ្នកអាចកប់តែមួយដើមនៅកន្លែងតែមួយក៏បានដែរ តែគួរបន្ថែមសារធាតុងាយចម្លង ឲ្យបានច្រើនដើម្បីងាយផ្ទេរ ចរន្តអគ្គិសនីពីខាងលើទៅក្នុងដី។
3. វិធានការណ៍ដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយសាររន្ទះ
- នៅពេលមានភ្លៀងធ្លាក់ ឬខ្យល់ខ្លាំង លោកអ្នកត្រូវស្នាក់នៅក្នុងផ្ទះទើបជាការប្រសើរ។ បើលោកអ្នកនៅខាងក្រៅផ្ទះមុនឬក៏អំឡុងពេលព្យុះរន្ទះ លោកអ្នកត្រូវរកកន្លែងជ្រកជាបន្ទាន់តាមដែលអាចធ្វើទៅបាន និងព្យាយាមជ្រកក្នុងអគារណាដែលបំពាក់ដោយប្រព័ន្ធគ្រប់គ្រងបណ្ដាញទឹក និងមានជញ្ជាំង ឬដំបូលដែលមិនចម្លងអគ្គិសនី។
- ពេលនៅក្នុងផ្ទះ សូមបិទ និងចេញឲ្យឆ្ងាយពីសម្ភារអគ្គិសនី ដូចជាទូរទស្សន៍ កុំព្យូទ័រ និង ឧបករណ៍អេឡិចត្រូនិកផ្សេងៗ។
- សូមកុំនៅក្បែរទឹក ដែលប្រើដោយប្រព័ន្ធអគ្គិសនី និងកុំប៉ះពាល់វត្ថុនានា ដែលធ្វើពីលោហធាតុដែលងាយចម្លងអគ្គិសនី។ល។
- ប្រសិនបើត្រូវការប្រើទូរស័ព្ទចាំបាច់ គួរប្រើទូរស័ព្ទដៃ ឬទូរស័ព្ទគ្មានខ្សែ ជាជាងប្រើទូរស័ព្ទភ្ជាប់ខ្សែនៅលើតុ។
- ត្រូវរង់ចាំយ៉ាងតិចរយៈពេល៣០នាទីជាមុនសិន ក្រោយពីពន្លឺផ្លេកបន្ទោរបញ្ចេញពន្លឺចុងក្រោយបំផុត ទើបលោកអ្នកអាចបន្ដធ្វើសកម្មភាពផ្សេងៗដោយមិនសូវបង្កបាតុភូតអាក្រក់ដល់លោកអ្នក។
- បើទោះបីជាមិនមានពន្លឺផ្លេកបន្ទោរ ឬរន្ទះបាញ់ក្ដី ប្រសិនបើមានឮសំឡេងផ្គរតែឯងនោះ វាជាសញ្ញាដែលត្រូវប្រុងប្រយ័ត្នក្នុងការរកកន្លែងជ្រកកោនដែលមានសុវត្ថិភាព។
- សម្រាប់អ្នកដែលត្រូវរន្ទះបាញ់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ហើយជនរងគ្រោះដោយរន្ទះបាញ់ អាចត្រូវមនុស្សដទៃទៀតប៉ះបានដោយគ្មានគ្រោះថ្នាក់។ មនុស្សជុំវិញខ្លួនអាចជួយជនរងគ្រោះដោយការសង្កត់ដើមទ្រូង និងបឺតខ្យល់ដង្ហើម។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៣ ឧសភា ឆ្នាំ ២០១២
Leave a Reply