ជាមួយទីតាំងដ៏លេចធ្លោនៅកណ្ដាលផ្ទៃមុខគ្មានអ្វីស្រស់ស្អាតស្មើនឹងលោកអ្នកមានច្រមុះស្រួចដែលធ្វើឱ្យសម្រស់របស់ លោកអ្នកត្រូវបានកើនឡើងមួយកម្រិត។ ហេតុនេះហើយសម្រាប់លោកអ្នកដែលមិនមានច្រមុះសមសួនបានស្វែងរកទីកន្លែងកែ សម្ផស្សនានា ដើម្បីកែខៃច្រមុះរបស់ខ្លួនឱ្យបានស័ក្ដិសម និងកាន់តែមានសោភ័ណភាព។
សូមធ្វើការស្វែងយល់អំពីវិធីកែច្រមុះឱ្យស្រួចនេះជាមួយទស្សនាវដ្ដី សុខភាពយើងតាមរយៈកិច្ចសម្ភាសន៍ជាមួយលោក ស្រី ហេង យ៉ុង នាយិកាហាងសាលីណាកែសម្ផស្ស។
វិធីកែច្រមុះស្រួច
វិធីកែច្រមុះឱ្យស្រួចជាបច្ចេកទេសមួយសម្រាប់កែច្រមុះ ដែលមានលក្ខណៈធំគល់ខ្លាំងឬច្រមុះមានរាងសំប៉ែតគ្មានខ្ទង់ ជា ហេតុនាំឱ្យទម្រង់មុខលោកអ្នកមិនស្អាត។ មនុស្សគ្រប់រូប ទាំងស្រីទាំងប្រុស ដែលកែច្រមុះតែងតែចង់ឱ្យច្រមុះរបស់ខ្លួនមានខ្ទង់ស្រួច និងសមសួន។ ប៉ុន្ដែក្នុងនោះក៏មានមនុស្សមួយចំនួនកែច្រមុះ ដើម្បីលើករាសីផងដែរ។
នាពេលបច្ចុប្បន្ននេះ ការកែច្រមុះកំពុងពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។ ដើម្បីធ្វើឱ្យច្រមុះស្រួចស្អាតនោះលោកអ្នក ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញជាមុនសិន ថាតើគួរកែលើចំណុចត្រង់ណាដើម្បីឱ្យស័ក្ដិសមទៅតាមទម្រង់មុខ។ សម្រាប់ លោកអ្នកដែលគ្មានខ្ទង់ច្រមុះ ត្រូវធ្វើការវះកាត់តូចមួយ ដើម្បីដាក់ចូលនូវវត្ថុម្យ៉ាង មានលក្ខណៈទន់ៗដូចជាកៅស៊ូទៅបន្ថែមខ្ទង់ ច្រមុះធ្វើឱ្យច្រមុះមានខ្ទង់ស្រស់ស្អាត។ ការវះកាត់ដើម្បីដាក់ជរ័នេះមានរយៈពេលខ្លីប្រហែល៦នាទីតែប៉ុណ្ណោះ។ វិធីវះកាត់ដោយ ដាក់ខ្ទង់ច្រមុះសិប្បនិម្មិតនេះមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសុខភាពឡើយជាពិសេសដាក់ហើយ អាចដកចេញបានជាធម្មតា។
ក្រៅពីធ្វើឱ្យផ្ទៃមុខគួរជាទីគយគន់ហើយ ការដាក់ខ្ទង់ច្រមុះសិប្បនិម្មិតអាចជួយការពារគ្រោះថ្នាក់ដែលប៉ះទង្គិចទៅលើខ្ទង់ ច្រមុះ ហើយមិនធ្វើឱ្យប៉ះពាល់ដល់ឆ្អឹងច្រមុះធម្មជាតិបានផងដែរ។
របៀបថែទាំសុខភាពក្រោយពេលវះកាត់
បន្ទាប់ពីធ្វើការវះកាត់ដាក់ខ្ទង់ច្រមុះហើយ លោកអ្នកត្រូវតមមិនឱ្យប៉ះទឹកនៅត្រង់កន្លែងដែលបានវះនោះឡើយដើម្បីចៀសវាងនូវការឆ្លងមេរោគនានា។ ក្រៅពីនោះ លោកអ្នកត្រូវតមអាហារមួយចំនួន ដែលអាចនាំឱ្យស្បែកក្លាយ។
ដំបូន្មានអ្នកប្រឹក្សា
មុននឹងសម្រចចិត្ដកែច្រមុះ លោកអ្នកគួរធ្វើការពិចារណាឱ្យបានល្អិតល្អន់។ គួរស្វែងរកសេវាណាគួរទុកចិត្ដដើម្បីចៀសវាង នូវការធ្វើឡើងវិញជាច្រើនលើកច្រើនសារ ដែលនាំឱ្យខាតបង់ថវិកាឥតប្រយោជន៍។ មិនតែប៉ុណ្ណោះផ្ទៃមុខលោកអ្នកអាចបាត់បង់ សោភ័ណភាពលើសដើមដោយកាធ្វើមិនស័ក្ដិសម។
បណ្ដាំផ្ញើរបស់ទស្សនាវដ្ដី
ចំណេះដឹង និងការលើកឡើងខាងលើនេះ ជាបទពិសោធន៍របស់អ្នកប្រឹក្សា។ សូមលោកអ្នកធ្វើតាមអ្វីដែលលោកអ្នកគិត ថាល្អមានសុវត្ថិភាពបានហើយ។ ទស្សនាវដ្ដី សុខភាពយើងសូមផ្ដាំផ្ញើឱ្យលោកអ្នកអានទៅទទួលការវះកាត់កែសម្ផស្សនៅកន្លែង ដែលទទួលការអនុញ្ញាតដោយក្រសួងសុខាភិបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧
Leave a Reply