ជ្រូកក្រហមមានប្រភពពីប្រទេសសៀម កំពុងត្រូវបានអនុញ្ញាតឱ្យនាំមកកាន់ទីផ្សារទេសចរណ៍ខេត្ដសៀមរាប យ៉ាងភ្លូកទឹកភ្លូកដីជារៀងរាល់ថ្ងៃដោយក្រុមហ៊ុនចំនួនពីរ និងកំពុងតែធ្វើឱ្យកសិករបោះបង់ចោលការចិញ្ចឹមជ្រូកហើយ។ ចំណែកឯកសិដ្ឋាន ចិញ្ចឹមជ្រូកខ្នាតតូចៗក្នុងតំបន់មួយចំនួនកំពុងប្រឈមទៅនឹងការដួលរលំនាពេលឆាប់ៗខាងមុខនេះ បើសិនជាពុំមានវិធានការទប់ ស្កាត់ឱ្យបានទាន់ពេលទេ។
ប្រធានការិយាល័យបសុសត្វខេត្ដសៀមរាប លោក ព្រំ វិច បានឱ្យដឹងកាលពីរសៀលថ្ងៃទី២០ខែមករាថាបច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួនពីរត្រូវបានគេអនុញ្ញាតឱ្យនាំជ្រូករស់ពីប្រទេសសៀមចូលមកកាន់ទីផ្សារទេសចរណ៍ខេត្ដសៀមរាបគឺ ១-ក្រុមហ៊ុន ចន្ធូមានជ័យ ដែលបានដំណើរការអស់រយៈពេលជាងពីរខែមកហើយ មានសិទ្ធិនាំចូលជ្រូកពីសៀម១០០ក្បាលក្នុងរយៈពេលពីរថ្ងៃម្ដង។ ចំណែកឯក្រុមហ៊ុនមួយទៀត គឺក្រុមហ៊ុនថូគឹមស្រៀង ទើបតែដំណើរការបានរយៈពេលមួយខែ អាចនាំចូលជ្រូកចំនួន ១០០ក្បាលក្នុងពីរថ្ងៃដូចគ្នា។ លោកបានបន្ដថាមូលហេតុដែលលោកអនុញ្ញាតឱ្យមានការនាំចូលជ្រូកពីប្រទេសសៀមចូលមកទីផ្សារ សៀមរាបយ៉ាងដូច្នេះ ដោយសារតែការចិញ្ចឹមជ្រូកនៅក្នុងតំបន់មិនអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ បន្ទាប់ពីប្រទេសកម្ពុជាជួបវិបត្ដិ ជម្ងឺជ្រូកត្រចៀកខៀវកាលពីកំឡុងពាក់កណ្ដាលឆ្នាំ២០១០កន្លងទៅនេះ។
លោកប្រធានការិយាល័យបន្ដថា ក្រៅពីជ្រូកនាំចូលដោយក្រុមហ៊ុនទាំងពីរខាងលើ នៅមានកសិដ្ឋានចិញ្ចឹមជ្រូកធំៗ ចំនួនពីរទៀតរបស់ក្រុមហ៊ុនស៊ីភី ដែលមានថៅកែជាជនជាតិសៀមនៅឯស្រុកបន្ទាយស្រី និងស្រុកអង្គរធំ។ ទន្ទឹមនឹងនោះក៏មាន កសិដ្ឋានតូចៗរបស់ខ្មែរយើងប្រមាណជាង២០០ក្បាលជ្រូកក្នុងមួយថ្ងៃៗ និងប្រមាណជាង១០០ក្បាលផ្សេងទៀតសម្រាប់ស្រុក១១របស់ខេត្ដ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុននាំចូលពីប្រទេសសៀមនោះ ដាច់ខាតត្រូវតែមានលិខិតពីនាយកដ្ឋានផលិតកម្ម បសុព្យាបាល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមានលិខិតបញ្ជាក់ឱ្យបានត្រឹមត្រូវពីប្រទេសសៀមអំពីគុណភាព ហើយ ពេលដឹកមកដល់គោលដៅត្រូវមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ពីពេទ្យសត្វរបស់យើងមុននឹងចូលទៅកាន់ទីសត្ដឃាត។
ក្រុមអ្នកវិភាគនិយាយថា ការអនុញ្ញាតឱ្យក្រុមហ៊ុននាំជ្រូកពីប្រទេសសៀមយ៉ាងច្រើន ចូលវាយលុកទីផ្សារក្នុងស្រុកបែប ហ្នឹង បានធ្វើឱ្យប្រជាកសិករមួយចំនួនដែលមានមុខរបរចិញ្ចឹមជ្រូកលក់កំពុងតែប្រឈមទៅនឹងការដួលរលំជាបណ្ដើរៗ ដោយសារតែ មិនអាចមានលទ្ធភាពប្រកួតប្រជែងតម្លៃក្នុងទីផ្សារបាន។ ការបោះបង់ចោលនូវការនិយមចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារក៏បានធ្វើឱ្យ ក្រុមប្រជាពលរដ្ឋមួយចំនួនដែលមានមុខរបរដឹកកូនជ្រូកលក់ទៅឱ្យកសិករនៅក្នុងភូមិនានាត្រូវជួបវិបត្ដិធ្ងន់ធ្ងរដូចគ្នាដែរ ដោយសារ គ្មានការបញ្ជាទិញដូចពីពេលមុនៗ។ ជាមួយកូនជ្រូកតូចៗប្រមាណជាជាង១០ក្បាលកំពុងបញ្ចេញសម្លេងយំយ៉ាងទ្រហឹងនៅក្នុងទ្រុង ដឹកតាមម៉ូតូកញ្ចាស់មួយគ្រឿង បុរសវ័យប្រមាណជាង៥០ឆ្នាំឈ្មោះ យ៉យ សុង ជាអ្នកលក់កូនជ្រូកតាមភូមិនានាក្នុងស្រុកបាគងបាន ត្អូញត្អែរដែរថា ចំណូលប្រចាំថ្ងៃរបស់គាត់ស្ទើរតែត្រូវបានកាត់ផ្ដាច់ទាំងស្រុងចាប់តាំងពីប្រជាពលរដ្ឋលែងនិយមចិញ្ចឹមជ្រូកនៅតាមផ្ទះ។ បុរសរូបនេះបានបន្ដទៀតថា កាលពីមុនគាត់អាចទិញចំណូលបានចាប់ពីប្រាំពីរម៉ឺនទៅដប់ម៉ឺនរៀលពីការលក់កូនជ្រូក១០ទៅ១៥ ក្បាលក្នុងមួយថ្ងៃៗ។ តែបច្ចុប្បន្ននេះមានថ្ងៃខ្លះខាតដើមក៏មានដែរ ព្រោះកសិករខ្លះសុខចិត្ដទុកទ្រុងនៅទំនេរមិនទិញកូនជ្រូកចិញ្ចឹម ដោយសារតែខ្លាចខាតចុងខាតដើមដូចគ្រាកន្លងទៅ។
ចំណែកឯលោក ស្រេង សិលា រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ជាអ្នកទិញជ្រូកមកកាប់ចែកចាយទៅឱ្យ អាជីវកម្មលក់សាច់ជ្រូកក្នុងទីផ្សារនានានៃក្រុងសៀមរាបបានលើកឡើងថា បច្ចុប្បន្នការប្រមូលទិញជ្រូករស់នៅក្នុងតំបន់មានការ លំបាកជាងមុន ដោយសារតែចំនួនប្រជាពលរដ្ឋចិញ្ចឹមជ្រូកមានការថយចុះ។ ហើយពេលនេះគាត់បានប្ដូរទិញជ្រូកពីក្រុមហ៊ុននាំចូលពី ប្រទេសសៀមម្ដងគឺពីរថ្ងៃលោកទិញ៥០ក្បាលសម្រាប់កាប់ចែកចាយ។ លោកបានបន្ដទៀតថា ជ្រូកនាំចូលមានគុណភាពល្អជាងជ្រូក ចិញ្ចឹមនៅក្នុងស្រុក ហើយជ្រូករស់នាំចូលទិញក្នុងតម្លៃចាប់ពី៨.៧០០រៀលក្នុងមួយគីឡូក្រាម ថ្លៃជាងជ្រូករស់ក្នុងស្រុកជាង១.០០០ រៀល។
សូមរម្លឹកដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីកំឡុង ពាក់កណ្ដាលឆ្នាំ២០១០កន្លងទៅ ធ្លាប់បានអំពាវនាវឱ្យមានការទប់ស្កាត់ការនាំជ្រូកចូលជាបណ្ដោះអាសន្ន ដើម្បីការពារការឆ្លងជម្ងឺជ្រូកត្រចៀកខៀវ និងជម្ងឺផ្ដាសាយជ្រូក។
Leave a Reply