មន្ដ្រីបសុព្យាបាលភូមិ ខេត្ដរតនៈគិរី កាលពីថ្ងៃព្រហស្បតិ៍នេះ បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋឃុំបាតេ ដែលមិនអនុវត្ដតាមការណែនាំរបស់មន្ដ្រីពេទ្យសត្វក្នុងការគ្រប់គ្រងសពសត្វក្របីកើតជម្ងឺអុតក្ដាម។
លោក សេវ ត្វែល មន្ដ្រីបសុព្យាបាលភូមិគង់យុ ឃុំបាតេ ស្រុកអូរយ៉ាដាវ ខេត្ដរតនៈគិរី បានប្រាប់ទស្សនាវដ្ដី សុខភាពយើង កាលពីដើមខែមករាថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋនៅក្នុងឃុំបាតេ ដែលមិនបានអនុវត្ដតាមការណែនាំ របស់មន្ដ្រីនាយកដ្ឋានបសុព្យាបាលនៃក្រសួងកសិកម្មក្នុងការទប់ស្កាត់មិនឱ្យកើតមាននូវជម្ងឺឆ្លង។ លោកបន្ដថា មានប្រជាពលរដ្ឋមួយ ចំនួនបានយកសត្វក្របីដែលងាប់ទៅលក់ឱ្យអ្នករស់នៅភូមិជាមួយគ្នា ប៉ុន្ដែអ្នកខ្លះទៀតបានយកសត្វក្របីទៅចម្អិន ដើម្បីទទួលទានផង ដែរ ដែលប្រការនេះវានាំឱ្យមានគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋតាមរយៈវីរុសជម្ងឺអុតក្ដាម។ លោកនិយាយថា មានអ្នកភូមិមួយចំនួន ទៀត មិនបានអនុវត្ដកប់សពក្របី និងរោយកំបោរពីលើទេ គឺគ្រាន់តែបោះចោលនៅក្នុងរណ្ដៅក្បែរភូមិប៉ុណ្ណោះ។
កាលពីថ្ងៃទី២៣ ខែធ្នូ នៅភូមិគង់យុ ឃុំបាតេ ស្រុកអូរយ៉ាដាវ ខេត្ដរតនៈគិរីមានសត្វក្របីចំនួន២ក្បាលត្រូវបានងាប់ដោយ សារជម្ងឺអុតក្ដាម។ ក្រោយមក ជម្ងឺនេះត្រូវបានរីករាលដាលធ្វើឱ្យក្របីងាប់ជាបន្ដបន្ទាប់រហូតកើនដល់១៩ក្បាលថែមទៀត។ លោក សេវ ត្វែល ថ្លែងថា ៖ ក្របីនៅភូមិនេះ សរុបទាំងអស់ចំនួន៨២ក្បាលនៃចំនួន២៥គ្រួសារ ហើយមកដល់ពេលនេះ វាងាប់អស់ចំនួន១៩ក្បាល”។ បើតាមលោក សេវ ត្វែល មកដល់ថ្ងៃនេះ ស្ថានភាពក្របីមានលក្ខណៈល្អប្រសើរហើយ បន្ទាប់ពីមានការយកចិត្ដទុកដាក់ចុះ ព្យាបាលពីមន្ដ្រីពេទ្យសត្វ និងការចេះថែរក្សាតាមរបៀបអនាម័យពីម្ចាស់ក្របីផងនោះ។
លោក រ៉ូ ម៉ាមហីល ប្រជាពលរដ្ឋរស់នៅភូមិឃុំកើតហេតុខាងលើបានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋទាំងអស់ដែលមានក្របី ងាប់ គឺមិនបានយកក្របីទៅកប់តាមការណែនាំរបស់មន្ដ្រីពេទ្យសត្វទេ ព្រោះការងាប់ក្របីលើកនេះ វាបានធ្វើឱ្យពួកគេមានការំខាត បង់ថវិកាច្រើនណាស់ ដូច្នេះវាមិនអាចទៅរួចទេ ក្នុងការណែនាំឱ្យពួកគេយកទៅកប់ចោលនោះ។ លោកនិយាយថា ៖ ពួកយើងមិន បានកប់ក្របីចោលទេ ព្រោះមានឈ្មួញមកចាំទិញដល់ផ្ទះ ដូច្នេះពួកយើងក៏មិនខាតបង់ធ្ងន់ធ្ងរដែរ នៅពេលដែលសម្រេចចិត្ដលក់សព ក្របីទៅឱ្យឈ្មួញនោះ”។ លោកថា ៖ “អ្វីដែលអ្នកភូមិចាប់ផ្ដើមអនុវត្ដនៅពេលនេះ គឺការធ្វើអនាម័យឱ្យគោ និងក្របី ព្រមទាំងធ្វើ ការព្យាបាលវាតែប៉ុណ្ណឹងក្រៅពីនោះពួកគេមិនខ្វល់ឡើយ”។ លោក កៅ ផល ប្រធាននាយកដ្ឋានបសុព្យាបាលនៃក្រសួង កសិកម្មបានថ្លែងថា ៖ “ទោះបីជាយ៉ាងនេះក្ដី យើងនៅតែបន្ដការផ្សព្វផ្សាយទៅកាន់ពួកគេដែរ”។
លោក លី សុវណ្ណ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងបានប្រាប់ឱ្យដឹងថា ជម្ងឺនេះវាមិនឆ្លងដល់មនុស្សទេ ប៉ុន្ដែ ប្រជាពលរដ្ឋក៏មិនត្រូវទទួលទានដែរ ព្រោះវីរុសអាចជ្រាបចូលក្នុងខ្លួនតាមរយៈការទទួលទាន និងអាចបង្កឱ្យទៅជាជម្ងឺឆ្លងផ្សេងៗ ទៀតដែរ។ លោកបន្ដថា ៖ “មន្ដ្រីផ្នែកប្រយុទ្ធនឹងជម្ងឺឆ្លង បានធ្វើការណែនាំអ្នកភូមិឱ្យយកសពក្របីដែលបានងាប់ទៅកប់ចោល និង រោយកំបោរពីលើ ដើម្បីចៀសវាងការទទួលទានឬយកទៅលក់ ព្រោះវាអាចបង្កឱ្យមានជម្ងឺឆ្លងមេរោគ”។ លោកបញ្ជាក់ថា ៖ “ប្រសិន បើប្រជាពលរដ្ឋពិតជាមិនបានអនុវត្ដទៅតាមការណែនាំនោះ យើងនឹងឱ្យមន្ដ្រីយើងចុះទៅស៊ើបអង្កេតជាបន្ទាន់ ដើម្បីក្រើនរម្លឹកដល់ ពួកគេម្ដងទៀត”។
Leave a Reply