ដោះមួយគូរបស់ស្ដ្រីមានភារៈចម្បងគឺបញ្ចេញទឹកដោះចិញ្ចឹមទារកឱ្យមានសុខភាពល្អ។ មិនមែនគ្រប់ស្ដ្រីទាំងអស់សុទ្ធតែ មានទឹកដោះគ្រប់គ្រាន់ដែលជាអំណោយផលសម្រាប់ការចិញ្ចឹមកូននោះដែរ។ ដោះខ្វាក់ជាការរំខានមួយដល់ការបំបៅកូន។ តើហេតុ អ្វីបានជាដោះខ្វាក់? គួរធ្វើយ៉ាងណាទៅ?
លោកអ្នកជាពិសេសមិត្ដនារីបានទទួលជ្រាបច្រើនមកហើយអំពីដោះ ឬសុដន់របស់ស្ដ្រីតាមរយៈការចេញផ្សាយរបស់ទស្ស នាវដ្ដី សុខភាពយើង។ ដោះខ្វាក់ជាប្រធានបទថ្មីមួយទៀតដែលយើងខ្ញុំលើកមកជម្រាបជូនលោកអ្នកជាបន្ដទៀតនៅក្នុងលេខនេះ ដោយមានការចូលរួមបកស្រាយពីលោកស្រីវេជ្ជបណ្ឌិត ជូ ពិនអ្នកឯកទេសសម្ភពនិងរោគស្ដ្រីនៃមន្ទីរពេទ្យកាល់ម៉ែត្រ។
ហេតុអ្វីបានជាដោះខ្វាក់?
ដោះខ្វាក់ជាស្ថានភាពលិបចូលក្នុងនៃចុងដោះរបស់ស្ដ្រីដែលធ្វើឱ្យមានការពិបាកក្នុងការបឺតជញ្ជក់ទឹកដោះរបស់ទារក។ មិន មានមូលហេតុច្បាស់លាស់ណាមួយដែលនិយាយអំពីបញ្ហាដោះខ្វាក់នេះទេ។ ប៉ុន្ដែមូលហេតុមួយចំនួនដែលអាចនាំឱ្យដោះខ្វាក់នោះ គឺ អាចជាធម្មជាតិពីកំណើតរបស់មនុស្សស្រីដែលមានក្បាលដោះលិបចូលក្នុងនិងអាចបណ្ដាលមកពីគ្រោះថ្នាក់ផ្សេងៗដូចជាការប៉ះទង្គិច រងរបួស ការវះកាត់ដែលធ្វើឱ្យប៉ះពាល់ដល់ដោះរបស់ស្ដ្រីជាដើម។
ការព្យាបាលដោះខ្វាក់
មានវិធី៣យ៉ាងដើម្បីកែសម្រួលក៏ដូចជាព្យាបាលដោះខ្វាក់ឱ្យបានជាសះស្បើយឡើងវិញ។ វិធីទាំងនោះរួមមាន ៖
- វិធីទី១ ៖ ការព្យាយាមទាញចុងដោះដោយខ្លួនឯងបន្ដិចម្ដងៗដើម្បីចុងក្បាលដោះត្រឡប់មកសភាពប្រក្រតីវិញ
- វិធីទី២ ៖ ការព្យាបាលដោះខ្វាក់ដោយប្រើសឺរ៉ាំងជ័រមកកាត់ក្បាលចោលហើយដកយកពីស្ដុងមកបញ្ចូលតាមកន្លែងដែល ទើបនឹងកាត់ចោល។ អ្នកម្ដាយអាចដាក់ចុងរលីងស្អាតជប់ទៅនឹងដោះហើយទាញពីស្ដុងចេញដោយខ្លួនឯងថ្នមៗ ហើយបង្អង់ចាំក្នុង ស្ថានភាពបែបនេះចំនួនមួយនាទីចុងដោះ និងលៀនចូលទៅក្នុងសឺរ៉ាំង។ ពេលនោះលោកស្រីអ្នកនាងឈប់ទាញបឺតទៀតដោយដក សឺរ៉ាំងចេញចុងដោះក៏លៀនចេញមកដែរបន្ទាប់មកអ្នកម្ដាយត្រូវដាក់ឱ្យទារកបៅភ្លាម។ ចុងដោះលៀននេះធ្វើឱ្យទារកងាយស្រួល បៅ ទារកអាចបៅដោះក្នុងស្ថានភាពល្អបាន។ ក្បាលដោះអាចលិបចូលទៅវិញបន្ទាប់ពីទារកបៅរួច តែមិនលិបខ្លាំងដូចមុនទេ។ សូម ព្យាយាមធ្វើរបៀបនេះឱ្យបានច្រើនដងក្នុងរយៈពេលពីរឬបីថ្ងៃក្រោយពេលសម្រាលកូន។
- វិធីទី៣ ៖ សម្រាប់វិធីចុងក្រោយនេះគឺជាការវះកាត់ទាញចុងដោះឱ្យចេញមកក្រៅវិញ។
ដំបូន្មានអ្នកជំនាញ
នៅពេលពេញវ័យហើយអាចដឹងថាខ្លួនមានដោះខ្វាក់ គ្រប់ស្ដ្រីទាំងអស់គួរព្យាយាមជួយខ្លួនឯងនិងរកគ្រូពេទ្យជំនួយដើម្បីព្យាបាលកុំបណ្ដែតបណ្ដោយ ព្រោះធ្វើឱ្យមានការពិបាកក្នុងការបំបៅដោះកូនទៅថ្ងៃក្រោយ។ សូមមេត្ដាកុំទុកឱ្យក្លាយទៅជាករណី ធ្ងន់ធ្ងរបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧
Leave a Reply