ក្អកមាន់ជាជម្ងឺមួយប្រភេទក្នុងចំណោមជម្ងឺដែលអាចសម្លាប់ជីវិតកុមារជារៀងរាល់ឆ្នាំ។ ជម្ងឺក្អកមាន់ងាយស្រួលចម្លងពី កុមារម្នាក់ទៅកុមារម្នាក់ទៀត តាមរយៈតំណក់ទឹកមាត់ដែលក្អក ឬកណ្ដាស់។ ជម្ងឺនេះអាចការពារបានបើលោកអ្នកជាមាតាបិតា ឬអាណាព្យាបាលយកចិត្ដទុកដាក់បានល្អ។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិត រឹត ច័ន្ទ ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ កុមារជាតិដើម្បីបកស្រាយអំពីជម្ងឺក្អកមាន់កុមារ។
ជម្ងឺក្អកមាន់ ជាអ្វី?
ក្អកមាន់ជាជម្ងឺប្រព័ន្ធផ្លូវដកដង្ហើម ដែលបង្កឡើងដោយមេរោគបាក់តេរ៉ីប៊កដឺតែឡាពែកទុស្សី (eBORDETE PERTUSSIS) ដែលរស់នៅក្នុងមាត់ ច្រមុះ និងបំពង់ក។ កុមារជាច្រើនដែលមានជម្ងឺនេះក្អកចាប់ពី៤សបា្ដហ៍ទៅ៨សបា្ដហ៍។ ជម្ងឺ នេះមានគ្រោះថ្នាក់ណាស់ចំពោះសុខភាពទារក។ ក្នុងឆ្នាំ២០០០ តាមការប៉ាន់ស្មាននៅទូទាំងពិភពលោកជម្ងឺកុមារដែលមានចំនួន ៣៩លានករណី ហើយក្នុងនោះមាន២៩៧០០០ករណីត្រូវបានស្លាប់ ដោយសារជម្ងឺក្អកមាន់។ ជម្ងឺក្អកមាន់ជាជម្ងឺឆ្លងពីកុមារម្នាក់ទៅ កុមារម្នាក់ទៀតតាមរយៈក្អក ឬកណ្ដាស់នៅទល់មុខគ្នា។ តាមបទពិសោធន៍ព្យាបាលកន្លងមក ឃើញថាអត្រាកើតមានជម្ងឺនេះគឺចាប់ តាំងពីកុមារដែលមានអាយុទើបតែកើតឡើងទៅ។
រោគសញ្ញាជម្ងឺក្អកមាន់
មុននឹងស្ដែងចេញជារោគសញ្ញា មេរោគបានសម្ងំនៅក្នុងខ្លួនកុមារពី៥ទៅ១០ថ្ងៃ។ បន្ទាប់មកនៅពេលដែលពពួកមេរោគ បានជ្រៀតចូលកាន់តែច្រើនក្នុងខ្លួន ទើបជម្ងឺស្ដែងចេញជារោគសញ្ញា។ រោគសញ្ញាជម្ងឺក្អកមាន់មានដូចជាគ្រុនឈឺក្បាល ហៀរសំបោរ ក្អកតិចៗ ហៀរទឹកភ្នែក កណ្ដាស់ជាដើម។ ចង្វាក់នៃការក្អកចាប់ផ្ដើមបន្ដិចម្ដងៗរហូតដល់ញឹកញាប់ ហើយនៅពេលក្អកម្ដងៗកុមារ ដកដង្ហើមចូលមានសម្លេងដូចជាដកចង្កាមាន់។ កុមារក្អកខ្លាំងរហូតប្រែស្បែកខ្លួនទៅជាពណ៌ខៀវ ពីព្រោះកុមារមិនបានទទួលនូវ ខ្យល់អុកស៊ីសែនគ្រប់គ្រាន់ក្នុងពេលក្អក។ ការក្អកខ្លាំងធ្វើឱ្យកុមារអស់កម្លាំងហើយជួនកាលអាចបណ្ដាលទៅជាក្អួតក៏មាន។ ពេល វេលាដែលក្អកខ្លាំង ភាគច្រើនកើតនៅពេលយប់។ ពេលឈប់ក្អកកុមារក៏វិលត្រឡប់មករកសភាពធម្មតាវិញ ហើយកម្ដៅក៏មិនឡើង ខ្លាំងដែរ។
មូលហេតុបង្កឱ្យមានជម្ងឺក្អកមាន់
មូលហេតុដែលបង្កឱ្យមានជាជម្ងឺក្អកមាន់មាន៣យ៉ាងគឺ ៖
1. ការចម្លងដោយបាក់តេរី ៖ ជាការឆ្លងតាមប្រព័ន្ធផ្លូវដង្ហើម និងទៅប៉ះកន្លែងមួយចំនួនក្នុងប្រព័ន្ធសព៌ាង្គកាយហើយក៏ ស្ដែងចេញជារោគសញ្ញាមកខាងក្រៅ។ ម្យ៉ាងទៀតនៅពេលដកដង្ហើមចេញចូលអាចធ្វើឱ្យកម្ទេចធូលីនិងមេរោគផ្សេងៗ ទៅប៉ះជា មួយមាត់ ច្រមុះ បំពង់កជាដើមសុទ្ធតែអាចបង្កជាជម្ងឺ។
2. ការចម្លងដោយមនុស្ស ៖ ក្អកមាន់ជាជម្ងឺឆ្លងតាមការរស់នៅប្រចាំថ្ងៃ។ ប្រសិនបើក្នុងក្រុមគ្រួសារមានអ្នកណាម្នាក់ កើតជម្ងឺក្អកមាន់ អាចធ្វើឱ្យឆ្លងពេញមួយគ្រួសារតែម្ដងក៏មាន។
3. កង្វះអនាម័យ ៖ ចំណីអាហារតាមដងផ្លូវមានការប៉ះពាល់យ៉ាងសំខាន់ ចំពោះសុខភាពរបស់មនុស្ស។ ព្រោះកង្វះ អនាម័យ មេរោគងាយជ្រៀតចូលហើយស្ដែងឡើងតាមរយៈក្អក ឬកណ្ដាស់។ ផ្ទះសម្បែងមិនសម្អាតឱ្យស្អាតក៏អាចបង្កជាជម្ងឺដែរ។
វិធីព្យាបាលជម្ងឺក្អកមាន់
ប្រសិនបើកុមារមានរោគសញ្ញាដូចខាងលើ ចាប់ពីមួយសបា្ដហ៍ឡើងទៅត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យនិង ព្យាបាល។ ការព្យាបាលដោយថ្នាំសម្លាប់មេរោគ អាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃជម្ងឺ។ ការប្រើថ្នាំមានសារៈសំខាន់ច្រើនដល់អ្នកជម្ងឺ ទោះបីមិនជាសះស្បើយរហ័សក៏ដោយ តែអាចជួយទប់ស្កាត់មិនឱ្យរាលដាលបន្ដទៀត។ គួរឱ្យអ្នកជម្ងឺទទួលទានទឹកឱ្យបានច្រើន ដើម្បី ជាជំនួយសម្រាប់សម្រួលមិនឱ្យស្ងួតបំពង់កខ្លាំង។ ម្យ៉ាងទៀតគួរទុកអ្នកជម្ងឺនៅមួយកន្លែងដើម្បីព្យាបាល ព្រោះខ្លាចចម្លងដល់អ្នក ដទៃ។
ប្រការគួរប្រតិបត្ដិពេលមានជម្ងឺក្អកមាន់
ចំពោះមនុស្សធំ ដោយសារប្រព័ន្ធការពារមានភាពខ្លាំងជាងកុមារ ពេលរោគសញ្ញានេះស្ដែងចេញគ្រាន់តែទៅជួបពិភាក្សា ជាមួយគ្រូពេទ្យដែលមានជំនាញដើម្បីព្យាបាល ជាការស្រេច។ ប៉ុន្ដែចំពោះកុមារដែលស្ដែងរោគសញ្ញាក្អកមាន់ត្រូវប្រញាប់យកទៅ មន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ និងព្យាបាល។ ក្នុងករណីធ្ងន់ធ្ងរកុមារត្រូវបញ្ជូនចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់។ បន្ទាប់ពីនោះត្រូវបូមស្លេះរបស់កុមារយកទៅពិនិត្យ ដើម្បីកំណត់ពីវិធីព្យាបាល។
ផលវិបាករបស់ជម្ងឺក្អកមាន់
កុមារធំ និងទារកមានផលវិបាកដូចគ្នា។ ផលវិបាកកើតច្រើនជាងគេហើយដែលបណ្ដាលឱ្យស្លាប់បាននោះគឺដោយសារ មេរោគបាក់តេរីដែលបង្កឱ្យរលាកសួត។ ក្រៅពីនេះមានផលវិបាកមួយចំនួនទៀត ដូចជាបាត់បង់ស្មារតីប្រកាច់ដោយសារគ្រុនក្ដៅ ខ្លាំង ឬក៏គ្មានអុកស៊ីសែនគ្រប់គ្រាន់ ដើម្បីផ្ដល់ទៅឱ្យខួរក្បាលដែលបណ្ដាលមកពីក្អកឬមេរោគបាក់តេរីរបស់ជម្ងឺក្អកមាន់។ អ្នកជម្ងឺ អាចបរិភោគមិនបាន រលាកត្រចៀកកណ្ដាល ហើយនិងបាត់បង់ជាតិទឹក។
វិធីការពារជម្ងឺក្អកមាន់
ដើម្បីការពារមិនឱ្យមានជម្ងឺក្អកមាន់ លោកអ្នកត្រូវយកបុត្រធីតាទៅចាក់វ៉ាក់សាំងការពារជម្ងឺនេះ។ វ៉ាក់សាំងនេះគឺដាក់ បញ្ចូលជាមួយវ៉ាក់សាំងការពារជម្ងឺខាន់ស្លាក់ និងតេតាណូស។ ម្យ៉ាងទៀតលោកអ្នកត្រូវធ្វើអនាម័យខ្លួនប្រាណនិងផ្ទះសម្បែងជា ប្រចាំ។ នៅពេលមានអ្នកជម្ងឺក្នុងគ្រួសារ សមាជិកក្នុងផ្ទះត្រូវនៅឱ្យឆ្ងាយពីអ្នកជម្ងឺទើបមិនអាចឆ្លងបាន។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកដែលជាអាណាព្យាបាលនៅពេលឃើញកូន ឬនរណាម្នាក់ក្នុងក្រុមគ្រួសាររបស់លោកអ្នកមានអាការក្អកនោះ មិន ត្រូវគិតថាជាការធម្មតាឡើយ។ គប្បីលោកអ្នកត្រូវប្រញាប់នាំអ្នកទាំងនោះមកមន្ទីរពេទ្យដើម្បីព្យាបាលឱ្យទាន់ពេលវេលា។ បើមិន ដូចនេះទេ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧
Leave a Reply