នៅពេលឈានចូលដល់វ័យចំណាស់ ស្ដ្រីមួយចំនួនតែងតែត្អូញត្អែរថារោយចង្កេះ ឬរោយនៅម្ដុំត្រគាក។ ស្ដ្រីខ្លះគិតថាជា ការចុករោយធម្មតាដោយការនឿយហត់ ឬការធ្វើចលនាមិនទំនង។ ប៉ុន្ដែរោគសញ្ញាស្រដៀងគ្នានេះអាចជារោគសញ្ញានៃជម្ងឺដុំំក្នុង ស្បូនផងដែរ។ អ្នកខ្លះហៅថាដុំពោះ តើវាជាដុំអ្វីទៅ? ហេតុអ្វីមានដុំក្នុងស្បូន? តើអាចបង្កឱ្យមានគ្រោះថ្នាក់ទេ?
សូមប្រិយមិត្ដអ្នកអានធ្វើការស្វែងយល់អំពីរោគស្ដ្រីមួយប្រភេទទៀត គឺជម្ងឺដុំក្នុងស្បូន ជាមួយ ទស្សនាដ្ដីសុខភាពយើង តាមរយៈការបកស្រាយរបស់លោកស្រីសាស្ដ្រាចារ្យវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ប្រធានផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត។
ដុំក្នុងស្បូន ជាអ្វី?
មានពាក្យហៅតៗគ្នាថាជាដុំពោះ ដែលជាស្ថានភាពរីកប៉ោងនៃពោះនិងមានដុំសាច់ក្នុងពោះដែលអាចជាដុំក្នុងស្បូន។ មាន មតិខ្លះយល់ច្រឡំថាដុំក្នុងស្បូនជាគីសនៅក្នុងស្បូន ប៉ុន្ដែការពិតមិនដូចគ្នាទេ។ ដុំក្នុងស្បូនជាដុំសាច់ដែលដុះក្នុងស្បូន ហើយភាគច្រើន កើតមានចំពោះស្ដ្រីដែលស្ថិតក្នុងវ័យបន្ដពូជ។ ជម្ងឺដុំក្នុងស្បូននេះអាចកើតមាននៅលើស្ដ្រីនៅលីវផងដែរ ប៉ុន្ដែជាករណីកម្រ។
មូលហេតុដុំក្នុងស្បូន
រហូតមកទល់បច្ចុប្បន្ននេះ ករណីកើតដុំំនៅក្នុងស្បូននៅពុំទាន់មានការសិក្សាណាមួយបញ្ជាក់ច្បាស់លាស់អំពីមូលហេតុបង្ក នៅឡើយទេ។ ប៉ុន្ដែគេអាចសន្និដ្ឋានបានខ្លះៗថាដុំនេះកើតឡើងបណ្ដាលមកពីមានអរ័ម៉ូនអឺស្ដ្រូហ្សែនច្រើនពេក។ ស្ដ្រីមានរូបរាងធាត់ដែលសម្បូរខ្លាញ់ងាយបង្កើតឱ្យមានអរ័ម៉ូនអឺស្ដ្រូហ្សែនច្រើនលើសជាងស្ដ្រីដែលមានរូបរាងល្មមធម្មតា។ កំណកអរ័ម៉ូនអឺស្ដ្រូហ្សែន ក្លាយជាដុំ ហើយរីកលូតលាស់បន្ដិចម្ដងៗ រហូតដល់ធំក្លាយជាដុំក្នុងស្បូន។
រោគសញ្ញាដុំក្នុងស្បូន
មានអាការរោគមួយចំនួនដែលអាចធ្វើឱ្យស្ដ្រីចាប់អារម្មណ៍ថាអាចមានដុំក្នុងស្បូនបានដូចជា ៖
- ធ្លាក់ឈាមរដូវច្រើនខុសពីធម្មតា
- ឧស្សាហ៍រោយចង្កេះ ឈឺពោះ ផ្ទៃពោះកាន់តែធំខុសធម្មតា
- រលូតកូនញឹកញាប់
- នោមញឹក ព្រោះដុំមានទំហំធំសង្កត់ទៅលើប្លោកនោម។
ផលវិបាករបស់ដុំក្នុងស្បូន
ជាទូទៅគេច្រើនសង្កេតឃើញថាដុំក្នុងស្បូនច្រើនជាដុំស្លូត កម្រនឹងវិវឌ្ឍន៍ទៅជាជម្ងឺមហារីកណាស់។ ប៉ុន្ដែនៅពេលដែល កើតមានដុំនៅក្នុងស្បូននេះហើយ ស្ដ្រីនឹងមានផលវិបាកមួយចំនួនដូចខាងក្រោម ៖
- នៅពេលមានផ្ទៃពោះ កាលណាទារកក្នុងផ្ទៃកាន់តែធំ ហើយដុំសាច់ក្នុងស្បូនមានទំហំធំដែរនឹងអាចសង្កត់ទៅលើទារក ដែលជាហេតុបណ្ដាលឱ្យទារកក្នុងផ្ទៃរលូត ព្រោះមិនអាចលូតលាស់ទៅមុខទៀតបាន។
- ប្រសិនបើដុំនេះជាដុំកាចវិញ វានឹងអាចវិវឌ្ឍន៍ទៅរកជម្ងឺមហារីកដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។
វិធីព្យាបាលជម្ងឺដុំក្នុងស្បូន
ចំពោះការព្យាបាលមិនមែនងាយស្រួលឡើយ ចាំបាច់ត្រូវមើលទៅតាមវ័យរបស់ស្ដ្រីនោះ។ ប្រសិនបើស្ដ្រីនោះមានវ័យ ក្មេងចង់មានកូនទៀត គ្រូពេទ្យអាចព្យាបាលដោយវះយកតែដុំនោះចេញតែប៉ុណ្ណោះដើមី្បទុកឱកាសឱ្យអាចមានកូនតទៅទៀតបាន។
ផ្ទុយទៅវិញបើស្ដ្រីមានវ័យចំណាស់មិនចង់បានកូនទៀត ហើយឧស្សាហ៍កើតមានអាការមិនប្រក្រតីដោយសារមានដុំសាច់ ក្នុងស្បូន គ្រូពេទ្យអាចនឹងព្យាបាលដោយធ្វើការកាត់ស្បូនចេញ។ ប្រការនេះគឺដើម្បីចៀសវាងការកើតមានដុំនៅដៃស្បូន អូវែរ ឬនៅ ក្នុងស្បូនទៅថ្ងៃក្រោយទៀតព្រោះពុំអាចមាននរណាធានាបានថាដុំនឹងមិនកើតមានសារជាថ្មីនោះឡើយ។ ម្យ៉ាងទៀតក្នុងករណីដែល ស្ដ្រីមិនចង់កាត់ស្បូនចេញទេ ចាំបាច់ត្រូវពិនិត្យ និងតាមដានសុខភាពជាប្រចាំដើម្បីឱ្យដឹងថាក្នុងស្បូន និងដៃស្បូនមានបញ្ហាដុំទៀត ឬទេ។ លើសពីនេះទៀតការវះកាត់មិនត្រឹមត្រូវអាចបណ្ដាលឱ្យស្ដ្រីនោះមានគ្រោះថ្នាក់បាន។
ដំបូន្មានអ្នកប្រឹក្សា
ទោះមាន ឬមិនទាន់មានស្វាមីក្ដី ស្ដ្រីត្រូវយកចិត្ដទុកដាក់ថែរក្សាសុខភាពឱ្យបានជាប្រចាំយ៉ាងហោចណាស់មួយឆ្នាំម្ដង ជាពិសេស គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសរោគស្ដ្រី។ បច្ចុប្បន្ននេះលោកស្រីអ្នកនាងអាចបង្ការសុខភាពបានដោយធ្វើការ តាមដានសុខភាពជាប្រចាំ ព្រោះឧបករណ៍សុខាភិបាលសម្រាប់ពិនិត្យសុខភាពក៏កាន់តែជឿនលឿនដែលអាចឱ្យដឹងពីស្ថានភាពមួយ ចំនួនជាមុន ដែលអាចប៉ះពាល់ដល់សុខភាព។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧
Leave a Reply