ភ្នែកស្រលៀងជាបញ្ហាដែលតែងតែប្រទះឃើញកើតមានលើប្រជាពលរដ្ឋគ្រប់ពូជសាសន៍។ ប៉ុន្ដែនៅប្រទេសក្រីក្រនិង កំពុងអភិវឌ្ឍ អត្រាស្រលៀងភ្នែកមានច្រើន ព្រោះប្រជាពលរដ្ឋខ្វះចំណេះដឹងពាក់ព័ន្ធនឹងការថែរក្សាភ្នែកឯបច្ចេកទេសវេជ្ជសាស្ដ្រ ក៏នៅមានកម្រិត។ សម្រាប់កម្ពុជាបច្ចុប្បន្ន ភ្នែកស្រលៀងនៅតែបន្ដកើតមានញឹកញាប់ដូចជម្ងឺភ្នែកដទៃទៀតដែរពិសេសភ្នែក ស្រលៀងបានផ្ដល់ផលវិបាកចុងក្រោយគឺគំហើញថយចុះ។ ប្រជាពលរដ្ឋភាគច្រើនតែងគិតថាភ្នែកស្រលៀងគឺស្រលៀងរហូតដែល មិនអាចកែកុនបាន ប៉ុន្ដែសេវាកម្មផ្ដល់ការព្យាបាលតម្រង់ភ្នែកអាចដំណើរការទៅបានហើយនៅកម្ពុជា។
ទំព័រវេជ្ជសាស្ដ្ររបស់ទស្សនាវដ្ដី សុខភាពយើង លេខនេះបានញំនាំនូវដំណឺងទាក់ទិននឹងបញ្ហាបង្កជម្ងឺស្រលៀងភ្នែកដែល ស្រាយបំភ្លឺដោយលោកវេជ្ជបណ្ឌិត ម៉ារ អមរិន្ទ ប្រធានគ្លីនិកភ្នែកអមរិន្ទ។
អ្វីជាភ្នែកស្រលៀង?
ភ្នែកស្រលៀង តាមតំបន់ខ្លះគេនិយមហៅថាភ្នែកស្រឡេវ ឬភ្នែកកែក។ ភ្នែកស្រលៀងគឺជាលក្ខណៈគ្រាប់ភ្នែកម្ខាង ឬ ទាំងសងខាង សម្លឹងមិនត្រង់ចំកណ្ដាល អាចស្រលៀងចូលក្នុង អាចស្រលៀងចេញក្រៅ អាចស្រលៀងឡើងលើឬចុះក្រោម។ ភ្នែក ស្រលៀងអាចមានចាប់ពីពេលកើតរហូតដល់អាយុ៦ខែ ឬអាយុច្រើនជាងនេះដែលភ្នែកស្រលៀងខ្លះអាចមើលឃើញធម្មតា ខ្លះ គំហើញអាចថយចុះជាលំដាប់។ ភ្នែកស្រលៀងចែកចេញជាពីរប្រភេទ។
1. ភ្នែកស្រលៀងចូលក្នុង ៖ ភ្នែកស្រលៀងប្រភេទនេះមានអត្រាច្រើនជាង៥០5ក្នុងចំណោមភ្នែកស្រលៀងទាំងអស់។
2. ភ្នែកស្រលៀងចេញក្រៅ ៖ ភ្នែកស្រលៀងប្រភេទនេះ និងប្រភេទស្រលៀងដទៃទៀត(ស្រលៀងឡើងលើឬចុះ ក្រោម)មានតិចជាងភ្នែកស្រលៀងចូលក្នុង។
មូលហេតុដែលនាំឱ្យភ្នែកស្រលៀង
មូលហេតុជាច្រើនដែលអាចបង្កឱ្យមានភ្នែកស្រលៀង ក្នុងនោះក៏មានមូលហេតុសំខាន់ៗមួយចំនួនដូចជា ៖
- កំហុសកំណុំ ៖ កើតមានច្រើនលើក្មេងៗក្រោមអាយុ៩ឆ្នាំ ដែលចាប់ផ្ដើមពីការមានអ៊ីពែមេត្រូបធ្វើឱ្យភ្នែកប្រឹងសម្លឹង រហូតក្លាយជាភ្នែកស្រលៀង ព្រិល មើលរូបភាពមិនច្បាស់ភាពខុសប្រក្រតីនៃប្រព័ន្ធសរសៃប្រសាទបញ្ជាលើចលនាភ្នែកថយចុះគំហើញរបស់ភ្នែកម្ខាង ឬទាំងសងខាង ដូចជាមានសម្លាកលើកញ្ចក់ភ្នែកធ្វើឱ្យភ្នែកមានលក្ខណៈខ្ជិលជាដើម។
- លក្ខណៈតំណពូជ៖ មានករណីខ្លះអាចបណ្ដាលមកពីឪពុកម្ដាយមានភ្នែកស្រលៀងមានជម្ងឺផ្សេងៗមួយចំនួនដែលមានផលប៉ះពាល់ដល់សរសៃបញ្ជាសាច់ដុំភ្នែកដូចជាធ្វើឱ្យស្ពឹកសរសៃប្រសាទទី៦សរសៃ ប្រសាទទី៣។ល។
រោគសញ្ញារបស់ភ្នែកស្រលៀង
ចំពោះក្មេងដែលមានភ្នែកស្រលៀង មាតាបិតា និងអាណាព្យាបាលអាចមើលដឹងដោយផ្ទាល់តាមរយៈរូបថតដែលចំណាំង នៃពន្លឺមិនចំកូនក្រមុំនៃភ្នែកទាំងសងខាង ឬម្ខាង។ ចំពោះមនុស្សពេញវ័យ ឬុកុមារដែលដឹងក្ដីអ្នកជម្ងឺអាចមើលឃើញ និងសម្គាល់ ដោយខ្លួនឯងបាន។
ផលប៉ះពាល់របស់ភ្នែកស្រលៀង
ភ្នែកមិនមែនសំខាន់ត្រឹមតែអាចមើលឃើញតែម្យ៉ាងប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវសោភ័ណនិងលើកសម្រស់ផ្ទៃមុខបាន មួយកម្រិតទៀត។ នៅពេលដែលភ្នែកមានបញ្ហាស្រលៀងនោះនឹង ៖
- បាត់បង់សម្រស់នៅលើផ្ទៃមុខអស់មួយចំណែក ជួនអាចទទួលនូវការរិះគន់ ធ្វើត្រាប់តាមឬចំអកឡកឡាយជាដើម ដែលអាចប៉ះពាល់ដល់កិត្ដិយស ខ្មាសអៀន និងប៉ះពាល់ផ្លូវអារម្មណ៍ផ្លូវចិត្ដ។
- អាចបាត់បង់ឱកាសការងារដោយសារកាយសម្បទាមិនគ្រប់លក្ខណៈ ជួនអាចខូចសម្រស់ ពិសេសនារីភេទ ។
- ឱនភាពនៃគំហើញ ធ្វើឱ្យមើលឃើញមិនច្បាស់ ព្រិលភ្នែក ពិសេសក្មេងមានអាយុក្រោម៩ឆ្នាំ
- ប្រឈមនឹងការវះកាត់តម្រង់កែវភ្នែក ដោយត្រូវចំណាយទាំងពេលវេលា និងទាំងថវិកា
- មានការភ័យខ្លាចចំពោះការវះកាត់កែតម្រង់ភ្នែកពីសាមីខ្លួន ឬអាណាព្យាបាល
- ត្រូវប្រើវ៉ែនតាជំនួយភ្នែក។
ការព្យាបាលភ្នែកស្រលៀង
ពេលមានបញ្ហា ភ្នែកមិនអាចចាប់ផ្ដើមស្រលៀងភ្លាមដូចគេចាប់បង្វិលនោះទេ។ នៅពេលភ្នែកចាប់ផ្ដើមមានលក្ខណៈ លម្អៀងម្ដងបន្ដិចៗ នោះអ្នកជម្ងឺឬអាណាព្យាបាលគួរឆាប់ស្វែងរកសេវាព្យាបាល។ ការព្យាបាលភ្នែកស្រលៀងត្រូវធ្វើឡើងតាមមូល ហេតុ និងពេលវេលាដែលនាំឱ្យភ្នែកស្រលៀង និងអាយុរបស់អ្នកជម្ងឺ។ ជាពិសេសចំពោះក្មេងមានអាយុចាប់ពី២ឆ្នាំទៅដល់៩ឆ្នាំ ជារយៈពេលដែលក្មេងត្រូវការលូតលាស់ខ្លាំងផ្នែកគំហើញនោះការព្យាបាលគួរតែឱ្យទាន់ពេលវេលា ដោយត្រូវជួបប្រឹក្សាជាមួយអ្នក ជំនាញ។ ជួនកាលការកែតម្រង់ភ្នែកស្រលៀងអាចធ្វើការវះកាត់លើសពីមួយដង។ រីឯលទ្ធផល និងប្រសិទ្ធភាពនៃការវះកាត់ គឺ អាស្រ័យទៅលើមូលហេតុ និងរយៈពេលនៃជម្ងឺភ្នែកស្រលៀងនោះ។
ដំបូន្មានអ្នកប្រឹក្សា
ភ្នែកជារបស់ដ៏មានតម្លៃ និងមាននាទីសំខាន់បំផុតសម្រាប់មនុស្ស ទាំងតម្រូវការមើលទាំងការលំអផ្នែកសម្រស់ដូច្នេះ សូមលោកអ្នក និងអាណាព្យាបាលគ្រប់រូប គួរថែរក្សាភ្នែកដោយផ្ចិតផ្ចង់និងមិនគួរព្រងើយកន្ដើយពេលមានបញ្ហាភ្នែកនោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧
Leave a Reply