សុខភាពធ្មេញជារឿងចាំបាច់ដែលលោកអ្នកគ្រប់ៗគ្នាគួរយកចិត្ដទុកដាក់ថែរក្សា និងការពារឱ្យបានសមស្របចៀសវាងកុំ ឱ្យជួបបញ្ហាផ្សេងៗ ជាពិសេសគឺជម្ងឺរលាកជាលិកាជុំវិញឫសធ្មេញ ឬជម្ងឺរាក់ស៊ីធ្មេញ។ ប្រសិនបើលោកអ្នកកើតជម្ងឺនេះ អាចធ្វើឱ្យ បាត់បង់នូវសោភ័ណភាពឬសម្រស់មួយកម្រិត ព្រមទាំងធ្វើឱ្យមានបញ្ហាសុខភាពរាងកាយថែមទៀតផង។ តើគួរធ្វើយ៉ាងណា ដើម្បី ឱ្យធ្មេញមានសុខភាពល្អ កុំឱ្យមានជម្ងឺរាក់ស៊ីធ្មេញ?
ប្រិយមិត្ដអ្នកអានអាចស្វែងយល់ជុំវិញជម្ងឺរាក់ស៊ីធ្មេញ និងវិធីការពារកុំឱ្យមានជម្ងឺនេះបានតាមរយៈ ទស្សនាវដ្ដីសុខភាព យើង ដោយមានការបកស្រាយរបស់ទន្ដបណ្ឌិត ហេង សុបញ្ញា អនុប្រធានគណៈទន្ដពេទ្យជាតិនិងជាព្រឹទ្ធបុរសរងមហាវិទ្យាល័យទន្ដ សាស្ដ្រ។
តើអ្វីទៅជារាក់ស៊ីធ្មេញ?
រាក់ស៊ីធ្មេញជាប្រភេទជម្ងឺមួយដែលងាយកើតបំផុតនៅលើធ្មេញ និងអញ្ចាញធ្មេញប្រសិនបើលោកអ្នកមិនមានការថែរក្សា ឱ្យបានល្អប្រសើរនោះទេ។ ជម្ងឺនេះកើតឡើងដោយសារការរលាកជាលិកាជុំវិញឫសធ្មេញធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធរបស់ធ្មេញ មួយចំនួន ដូចជាធ្វើឱ្យប៉ះពាល់ដល់សរសៃចំណងធ្មេញ ឆ្អឹងឫសធ្មេញ អញ្ចាញធ្មេញជាដើម។
មូលហេតុបង្ករាក់ស៊ីធ្មេញ
ការខ្វះអនាម័យមាត់ធ្មេញអាចបង្កជម្ងឺជាច្រើននៅក្នុងមាត់ ជាពិសេសជម្ងឺរាក់ស៊ីធ្មេញក៏កកើតដោយសារតែការខ្វះអនាម័យនេះដែរ។ ក្រោយពេលបរិភោគចំណីអាហារផ្សេងៗ មិនបានសម្អាតធ្មេញឱ្យបានស្អាតល្អទុកឱ្យធ្មេញមានជាប់នូវកាកសំណល់ ដោយលាយឡំជាមួយទឹកមាត់ និងបាក់តេរីផ្សេងៗ។ ការធ្វេសប្រហែសបែបនេះរយៈពេលយូរកាកសំណល់ទាំងនេះអាចបង្កទៅជា កំណកកំបោរច្រើនទៅៗនៅជាប់នឹងជើងធ្មេញ ដែលជាហេតុធ្វើឱ្យរលាកជាលិកាឬរលាកអញ្ចាញជុំវិញឫសធ្មេញ។
រោគសញ្ញាជម្ងឺរាក់ស៊ីធ្មេញ
ជម្ងឺរាក់ស៊ីធ្មេញបានធ្វើឱ្យធ្មេញមានកំណកកំបោរ ដែលហាក់ដូចជាសម្បុកមេរោគនៅជាប់នឹងជើងធ្មេញ។ ជម្ងឺរាក់ស៊ីធ្មេញ ធ្វើឱ្យមានអាការហើមអញ្ចាញ រលាកជើងធ្មេញ និងបណ្ដាលឱ្យមានហូរឈាមអញ្ចាញធ្មេញញឹកញាប់ទៀតផង។ ក្នុងករណីជម្ងឺធ្ងន់ធ្ងរ អាចធ្វើឱ្យធ្មេញរង្គើ ធ្មេញរបូត ឬជ្រុះដោយងាយៗថែមទៀតផង។
វិធីព្យាបាលជម្ងឺរាក់ស៊ីធ្មេញ
1. ការព្យាបាលដោយខ្លួនឯង ៖ ដើម្បីព្យាបាលជម្ងឺនេះលោកអ្នកគួរធ្វើការសម្អាតមាត់ធ្មេញឱ្យបាន៣ដងក្នុងមួយថ្ងៃ និង ទៀងទាត់ពេលវេលា។ លើសពីនេះគួរតែប្រើប្រាស់នូវទឹកខ្ពុរមាត់រៀងរាល់ពេលបរិភោគចំណីអាហាររួចដើម្បីសម្អាតនូវកាកសំណល់ នៃអាហារទាំងនោះ។ ប្រសិនបើកាកសំណល់ ឬកំណកកំបោរមានច្រើន ពិបាកក្នុងការសម្អាតនោះលោកអ្នកគួរគប្បីទៅជួបគ្រូពេទ្យ ជំនាញដើម្បីជួយសម្អាត។
2. ការព្យាបាលដោយគ្រូពេទ្យ ៖ ការព្យាបាលដែលល្អ និងងាយស្រួលសម្អាតនោះគឺការសម្អាតធ្មេញដោយឧបករណ៍ បច្ចេកទេសនៅឯគ្លីនិកធ្មេញ ព្រោះអាចធ្វើឱ្យកំណកកំបោរដែលកើតយូរឆ្នាំហើយឡើងរឹង សម្អាតបានជ្រះល្អ។ ប្រសិនបើកំណកកំបោរ នោះមានលក្ខណៈធ្ងន់ធ្ងរ ហើយនៅកប់ក្នុងអញ្ចាញធ្មេញពិបាកសម្អាតគ្រូពេទ្យជំនាញអាចនឹងជ្រើសរើសវិធីវះកាត់បកអញ្ចាញ ដើម្បី កោសកំណកកំបោរទាំងនោះចេញ រួចមកធ្វើការដេរភ្ជិតដោយមានការដាក់ថ្នាំព្យាបាលអញ្ចាញឱ្យឆាប់ជា។
ផលប៉ះពាល់របស់ជម្ងឺរាក់ស៊ីធ្មេញ
លោកអ្នកដែលកើតជម្ងឺនេះមិនត្រឹមតែបង្កការបាត់បង់សោភ័ណភាព និងបញ្ហាក្លិនមាត់នោះទេថែមទាំងអាចធ្វើឱ្យប៉ះ ពាល់ដល់សុខភាពរាងកាយថែមទៀត។ បច្ចុប្បន្ននេះតាមការសិក្សាស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យជំនាញបានបង្ហាញថាចំពោះអ្នកកើត ជម្ងឺបេះដូង និងជម្ងឺទឹកនោមផ្អែមដែលមានផ្ទុកមេរោគអាចបង្កជម្ងឺរាក់ស៊ីធ្មេញឬជម្ងឺរលាកជាលិកាជុំវិញជើងធ្មេញនៅលាយឡំជា មួយជម្ងឺទាំងនោះ។ មានន័យថាអ្នកកើតជម្ងឺរាក់ស៊ីធ្មេញនេះអាចងាយនឹងប្រឈមមុខនឹងការកើតជម្ងឺបេះដូង និងជម្ងឺទឹកនោមផ្អែម បានយ៉ាងងាយ។ ប្រសិនបើអ្នកដែលកើតជម្ងឺរាក់ស៊ីធ្មេញជាស្ដ្រីមានផ្ទៃពោះបង្កឱ្យមានផលប៉ះពាល់ អាចធ្វើឱ្យទារកកើតមិនគ្រប់ គីឡូ។
ប្រការគួរប្រតិបត្ដិ ពេលកើតរាក់ស៊ីធ្មេញ
ជាដំបូងលោកអ្នកគួរទៅពិនិត្យមាត់ធ្មេញជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការណែនាំព្រមទាំងរបៀបព្យាបាលឱ្យ បានត្រឹមត្រូវ។ លោកអ្នកគួរធ្វើការសម្អាតធ្មេញ ដើម្បីយកកំណកកំបោរចេញជាពិសេសគួរតែជ្រើសរើសទឹកខ្ពុរមាត់ដែលអាចជួយ ការពារអញ្ចាញធ្មេញ និងប្រើប្រាស់ត្រឹមត្រូវទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញ។
វិធីបង្ការជម្ងឺរាក់ស៊ីធ្មេញ
ការធ្វើអនាម័យមាត់ធ្មេញឱ្យបានត្រឹមត្រូវទៅតាមបច្ចេកទេសដោយដុសពីលើចុះក្រោម និងពីក្រោមឡើងលើនោះក្នុង ១ថ្ងៃ២ទៅ៣ដង អាចសម្អាតកាកសំណល់ចំណីអាហារនៅក្នុងមាត់ធ្មេញបានល្អ។ លោកអ្នកគួរទទួលទានចំណីអាហារដែលជំនួយ ដល់អញ្ចាញធ្មេញ មានពពួកផ្លែឈើផ្សេងៗជាដើម។ គួរកុំទទួលទានចំណីអាហារប្រភេទណាដែលមានជាតិស្អិត ឬប្រភេទជាក្រែម ដែលមានជាតិស្ករច្រើនពេក។ លោកអ្នកគួរជ្រើសរើសការប្រើប្រាស់ទឹកខ្ពុរមាត់ឬខ្សែអំបោះទាក់ធ្មេញនូវរាល់ចំណីអាហារដែលជាប់ នឹងជើងធ្មេញ ហើយគួរចៀសវាងកុំប្រើប្រាស់ឈើចាក់ធ្មេញព្រោះវាងាយធ្វើឱ្យរលាកអញ្ចាញធ្មេញ។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកគួរតែធ្វើការសម្អាតធ្មេញឱ្យបានល្អ និងទៀងទាត់ហើយគួរជ្រើសរើសប្រភេទចំណីអាហារណាដែលមិនបំផ្លាញ ឬប៉ះពាល់ដល់អញ្ចាញធ្មេញ។ រយៈពេល៦ខែទៅមួយឆ្នាំ លោកអ្នកគួរទៅពិនិត្យមាត់ធ្មេញម្ដង ដើម្បីពិនិត្យនិងធ្វើការសម្អាត ព្រម ទាំងធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧
Leave a Reply