យល់សប្ដិ​ច្រើនជា​សញ្ញា​ជម្ងឺ​ផ្លូវចិត្ដ

កម្រ​ណាស់​ដែល​មនុស្ស​ណាម្នាក់​ចូល​និន្ទ្រា​ដោយ​មិនមាន​យល់​សប្ដិ ទោះយប់​ទោះថ្ងៃ បើមិន​ច្រើនក៏​តិចតួច​ដែរ​សូម្បី​តែ ក្មេងខ្លះ​ក៏ចេះ​យល់សប្ដិ​ដែរ។ ក្រោយ​យល់​សប្ដិ អ្នកខ្លះ​នៅចាំ​ច្រើន ឬតិច ពេលខ្លះ​យល់​សប្ដិល្អ​ពេលខ្លះ​យល់​សប្ដិ​អាក្រក់។ អ្នកខ្លះ ទៀត​សោត ក្រោយពេល​យល់សប្ដិ​ហើយ រមែង​រិះគិត​ផ្សង​សំណាង​លេងល្បែង​ឆ្នោត​ខ្លះ​ក្រោយ​យល់សប្ដិ​ក៏កើត​ការខ្វល់​ខ្វាយ រកកល គ្រុន អស់​កម្លាំង រសេះ​រសោះ​ក្នុងខ្លួន លង់លក់​ក្នុងដំណេក​យូរដូច​គេដូច​ឯងដែរ​តែបែរ​មិនបាន​ស្កប់ស្កល់​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​លេខនេះ ទស្ស​នាវដ្ដី សុខភាពយើង​នឹងស្រាយ​បំភ្លឺ​អំពី​ការដេក​យល់​សប្ដិ​ច្រើនជូន​ប្រិយមិត្ដ​អ្នកអាន​ស្វែង​យល់ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​លោក ផាន់ ចាន់​ពៅ ឯកទេស​ចិត្ដ​វិទ្យា​និងជា​សាស្ដ្រា​ចារ្យនៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

អ្វីទៅ​ហៅថា​យល់​សប្ដិ?

យល់សប្ដិ​ជាការ​ផលិត ឬ​ប្រឌិត​នូវព័ត៌​មានទាំង​ឡាយ​ដោយ​អារម្មណ៍ ពេលដែល​យើងដេក​លង់លក់​ស្កប់ស្កល់​ឬកើត​ឡើង នៅពេល​កោសិកា​ប្រសាទ​ចាប់ផ្ដើម​សម្រាក ហើយ​ឃើញនូវ​រឿងរ៉ាវ​គ្រប់់យ៉ាង​ដែល​យើងធ្លាប់​ជួប​ឬធ្លាប់​ឆ្លងកាត់​កាលពី​មុន ឬមិន ដែលជួប​ប្រទះ។ យល់​សប្ដិ​អាចកើត​ឡើងតាម​ដំណាក់​កាលនៃ​ដំណេក។

  • ដំណេកលក់តែនៅដឹងខ្លួនតិចៗ ៖ ដំណាក់​កាលនេះ​ច្រើនតែ​មានការ​ស្រមើ​ស្រមៃ។
  • ដំណេកលក់រលីវៗ ៖ ការដេក​លក់កាន់​តែច្រើន ក្នុង​ដំណាក់​កាលនេះ​វាជាការ​ចាប់ផ្ដើម​នៃការ​យល់​សប្ដិ​ដែល​ជួនកាល​បើ មាន​នរណា​ធ្វើអ្វី​មួយឱ្យ​មាន​សម្លេង​ក៏អាច​បង្កឱ្យ​ក្លាយជា​ការយល់​សប្ដិដែរ។
  • ដំណេកដែលលក់ភ្ញាក់ៗ ៖ ការយល់​សប្ដិ​ក្នុងអំឡុង​ពេលនេះ ពេលដឹង​ខ្លួនឡើង យល់​សប្ដិ​ក៏ដាច់។ ហើយ​នៅពេល​ដែល បន្ដ​ដំណេក ការ​យល់សប្ដិ​ក៏លេច​ចេញនូវ​រឿងរ៉ាវ​ផ្សេងវិញ។
  • ដំណេកលក់ស្កប់ស្កល់ ៖ ពេល​ដែលលក់​ស្កប់ស្កល់ ការ​យល់សប្ដិ​ក៏បន្ដ​ឥតដាច់​រយៈ មានទាំង​រឿងល្អ​ទាំងរឿង​អាក្រក់ ជួន កាលអាច​រឿងតែ​មួយ ជួនកាល​អាចប្ដូរ​រឿងមិន​ចេះចប់។ ការលង់​លក់មួយ​រាត្រី​អ្នកខ្លះ​យល់សប្ដិ​រហូត​ទាល់តែ​ភ្ញាក់ពី​ដំណេក។

ដំណេក​ទាំង៤​ដំណាក់​កាលខា​ងលើមិន​មែនមាន​ន័យថា បុគ្គល​គ្រប់រូប​សុទ្ធតែ​យល់សប្ដិ​នោះទេ​គឺអាស្រ័យ​ទៅលើ​កត្ដា​សុខ ភាព និង​របប​អាហារ។

មូលហេតុ​បង្កយល់​សប្ដិ

ក្រោយ​ពេលខួរ​ក្បាល និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់យើង​បានថត​ជាប់​ព័ត៌មាន​ណាមួយ​ដែលគួរ​ជាទី​ចាប់​អារម្មណ៍​បណ្ដាល​ឱ្យមាន​ការគិត មានក្ដី​នឹក​រលឹក ឬមាន​សេចក្ដី​សង្ស័យ នោះយល់​សប្ដិអាច​កើតមាន​ឡើងនៅ​ពេលយើង​ដេក។ ជា​ឧទាហរណ៍  ភ្លើងឆេះ​ផ្ទះ គ្រោះថ្នាក់​ចរាចរណ៍ ចោរកម្ម ទឹក​ជំនន់ ការធ្វើ​ទារុណ​កម្មដ៏​ព្រៃផ្សៃ រូបភាព​គួរតក់​ស្លុតជា​ដើម។ ចំណែក​ព័ត៌មាន និង អត្ថបទ​ល្អៗ​មាន​ឥទ្ធិពល​តិចតួច​ជាងការ​បានឃើញ​បានយល់​នូវទិដ្ឋ​ភាព​អាក្រក់​ដែលដក់​ដិតជាប់​អារម្មណ៍។ ម្យ៉ាងវិញ​ទៀតរបប អាហារ​ក៏អាច​ជាមូល​ហេតុមួយ​ដែល​បណ្ដាល​ឱ្យមាន​ការយល់​សប្ដិដែរ​ដូចជា​ការហូប​អាហារ​ឆ្អែតពេក អាហារ​ស្វិតពេក​ជាដើម  ធ្វើឱ្យ ក្រពះ​បញ្ចេញ​សកម្មភាព​កិន​រំលាយ​អាហារ​មិនបាន​សម្រាក។ គ្រប់​ចលនា​របស់​ក្រពះ​ពាក់ព័ន្ធ​នឹងការ​បញ្ជា​របស់​ប្រព័ន្ធ​សរសៃ​ប្រសាទ ។ មាន​មូលហេតុ​រួមផ្សំ​ខ្លះទៀត ដូចជា​មានជម្ងឺ​ផ្លូវកាយ​ផ្លូវចិត្ដ​ជីវភាព​ក្រីក្រ ការ​ចង់បាន​នេះចង់​បាននោះ​ជាដើម។ ការ​ទទួលដឹង​របស់​សរសៃ​ប្រសាទ​នូវហេតុ​ភេទល្អ​អាក្រក់​សុទ្ធតែ​បណ្ដាល​ឱ្យមាន​ការយល់​សប្ដិ ដូចជា​យល់សប្ដិ​រើសបាន​របស់មាន​តម្លៃ មានផ្ទះ​ថ្មី ដើរ កម្សាន្ដ យល់សប្ដិ​ឈ្លោះទាស់​ទែងគ្នា​គេតាម​សម្លាប់ឬ​តាមសម្លាប់​គេ យល់សប្ដិ​ខ្មោចដេញ​លង​និរាស​ព្រាត់ប្រាស យល់​សប្ដិរួម​មេត្រី​ភាព​ស្នេហា​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ជាដើម។ ប្រសិន​ជារឿង​គួរឱ្យ​ភ័យខ្លាច អ្នកយល់​សប្ដិ​អាចឈាន​ដល់ការ​យំ​ស្រែក និង​មមើម​មាយ​លាយ​សកម្មភាព​មក​ជាមួយ​ពេល​កំពុង​យល់សប្ដិ និង​ក្រោយ​ពេលដឹង​ខ្លួន អ្នកដេក​យល់សប្ដិ​អាចមាន​បែកញើស ហត់ និង​ភ័យ​ក្រែងវា​ជាការ​ពិត។ បើ​យល់​សប្ដិល្អ អ្នកខ្លះ​ក៏និយាយ​ញញឹម​ញញែម ក្រោកដឹង​ខ្លួនឡើង​ក៏ស្រវេ​ស្រវា​រកការ​ពិតក្នុង​រំពេច​នោះ។

ផល​វិបាកនៃ​យល់​សប្ដិ

មិនថា​ការយល់​សប្ដិល្អ ឬអាក្រក់​នោះទេ វានឹង​មានផល​មិនល្អ​ដល់សុខ​ភាពទាំង​ផ្លូវកាយ​ទាំងផ្លូវ​ចិត្ដ។ ប៉ុន្ដែ​ការដេក​យល់ សប្ដិ​ច្រើនហើយ​អាក្រក់​ៗរាល់​ៗរាត្រី អាច​បណ្ដាល​ឱ្យមាន​ជម្ងឺផ្លូវ​ចិត្ដធ្ងន់​ធ្ងរ។ ក្រោយ​ដេកយល់​សប្ដិច្រើន​បើមាន​អារម្មណ៍​ថាអស់ កម្លាំង ល្វើយ​ក្នុងខ្លួន មិនទាន់​ឆ្អែតនឹង​ដំណេក​នោះ​ដំណេក​របស់​លោកអ្នក​នៅមិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ។ ហើយ​ដំណេក​មិន គ្រប់គ្រាន់​នេះអាច​ឱ្យ​ខួរក្បាល​ថយចុះ​នូវការ​ចងចាំ ប្រឈម​នឹងការ​កើតជម្ងឺ​បេះដូង​ចលនា​ឈាម​រត់មិន​បានល្អ ជម្ងឺ​លើស​ឈាម ជម្ងឺ ក្រពះ ជម្ងឺ​សរសៃ​ប្រសាទ ជម្ងឺខួរ​ក្បាល​ផ្សេងៗ​ជាដើម។

ដំណោះ​ស្រាយ​កាត់បន្ថយ​ការយល់​សប្ដិ

ដោយសារ​ការដេក​យល់សប្ដិ​ច្រើនមាន​ការពាក់​ព័ន្ធជា​ខ្លាំងទៅ​នឹង​បញ្ហា​ផ្លូវចិត្ដ នោះជា​ជំហាន​ដំបូងគឺ​គួរទៅ​ពិគ្រោះ​យោបល់ ជាមួយ​អ្នកជំនាញ​ផ្នែកចិត្ដ​វិទ្យា ឬវិកល​វិទ្យា។ ប៉ុន្ដែ​ក៏មាន​វិធីងាយ​ៗខ្លះដែល​គួរ​ប្រតិបត្ដិ​ដោយខ្លួន​ឯង​គឺនៅ​ពេល​រសៀល​មិនគួរ​ទទួល ទាន​កាហ្វេ តែចត់ ផ្លែឈើ ឬទឹក​ផ្លែឈើ។ មិនគួរ​អានកា​សែត ទស្ស​នាវដ្ដី មើល​មេរៀន​មើល​ទូរទស្សន៍ វីដេ​អូ ស្ដាប់​វិទ្យុ ឬ​ចម្រៀង។ ត្រូវ​ស្លៀក​ពាក់​រលុង សម្អាត​បន្ទប់​ដេកឱ្យ​បានស្អាត ត្រជាក់​កម្ចាត់​ក្លិន​អាក្រក់​ទាំងឡាយ​ឱ្យមាន​អារម្មណ៍​ផាសុក​ភាព និង​ត្រូវធ្វើ លំហាត់​សម្រាក​កាយ​ដោយ​ដកដង្ហើម​វែងៗ។ លើស​ពីនេះ​មុនពេល​ដេក​គួរ​ទទួល​ទានទឹក​មួយកែវ ឬទឹក​ដោះគោ និង​បរិភោគ​នំប៉័ង មួយ​ចំណិត ដែល​វាអាច​មាន​ប្រតិកម្ម​ធ្វើឱ្យ​ឆាប់ងងុយ​ដេក។ លោកអ្នក​គួរមាន​ឥរិយាបថ​បែបនេះ​រហូត​ទាល់តែ​គ្រប់យ៉ាង​ត្រឡប់​មក រកភាព​ប្រក្រតី​វិញ សឹម​ធ្វើអ្វីៗ​ដូចដើម​មានការ​ហូបចុក​ការអាន ការ​ទស្សនា​ជាដើម។

ដំបូន្មាន​អ្នកប្រឹក្សា

ប្រជាពល​រដ្ឋ​យើង​ភាគច្រើន​យល់ថា​មានជម្ងឺ​ផ្លូវចិត្ដ ល្គឹក​ណាមនុស្ស​នោះ​ឈានដល់​ដំណាក់​កាល​សរសៃ​ប្រសាទ​ឬវិ​កល ចរិត​លែងដឹង​អី។ ប៉ុន្ដែ​ការពិត​ការដេក​យល់សប្ដិ​អាក្រក់ៗ​រាល់ថ្ងៃ​អាច​បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់​ដល់សុខ​ភាពផ្លូវ​កាយនិង​ផ្លូវចិត្ដ ដូច្នេះ​យល់សប្ដិ​ជារោគ​សញ្ញា​នៃជម្ងឺ​ផ្លូវចិត្ដ ដែល​ត្រូវធ្វើ​ការពិភា​ក្សា និង​ព្យាបាល​ឱ្យទាន់​ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *