គ្រួសារគឺជាក្រុមមនុស្សដែលកើតចេញពីចំណងអាពាហ៍ពិពាហ៍តាមប្រពៃណី ឬតាមការស្ម័គ្រចិត្តរូមគ្នាហើយបន្តពូជពង្សវង្សជាខ្សែស្រឡាយជាញាតិសន្តានតៗគ្នា។ ដើម្បីទទួលជោគជ័យក្នុងដំណើរជីវិតគ្រួសារមិនមែនកើតឡើងដោយឯកឯងនោះទេ។ ក្នុងន័យនេះអាណាព្យាបាលទាំងពីរជាពិសេសឪពុកត្រូវចេះគ្រប់គ្រងនិងមានទំនួលខុសត្រូវខ្ពស់ជាងម្តាយក្នុងការលើកកម្ពស់កម្រិតជីវភាព និងសេចក្តីថ្នៃថ្នូររបស់គ្រួសារ។ មួយវិញទៀតដើម្បីសេចក្តីសុខក្នុងគ្រួសារ ឪពុកត្រូវតស៊ូរែកពន់គ្រប់បែបយ៉ាងដើម្បីកូនៗនិងប្រពន្ឋដែលជាទីស្រឡាញ់របស់ខ្លួនរស់នៅប្រកបដោយសុភមង្គលនៅក្នុងសង្គម។
ទស្សនាវដ្តី សុខភាពយើង និងគេហទំព័រសុខភាភកម្ពុជា បានជួបជាមួយព្រះតេជគុណ ហោ សុខុន ជាក្រុមមូលដ្ឋានចុះជួយខេត្តស្វាយរៀង និងជាព្រះគ្រូចៅអធិការវត្តច្បារអំពៅ ពន្យល់អំពីគុណសម្បត្តិរបស់ឪពុកល្អ។ ឪពុកល្អត្រូវមានលក្ខណៈសម្បត្តិយ៉ាងណានោះ សូមតាមអានជាមួយទស្សនាវដ្តី និងគេហទំព័រសុខភាពកម្ពុជាយើងខ្ញុំដូចតទៅ។
តួនាទីឪពុកល្អក្នុងការទំនាក់ទំនងក្នុងគ្រួសារ
មានទំនាក់ទំនងល្អ ៖ ឪពុកល្អត្រូវមានទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ សាច់ញាតិ អ្នកជិតខាងដោយបង្កើតបរិយាកាសសប្បាយរីករាយ និងយល់ពីសេចក្តីត្រូវការរបស់សមាជិកគ្រប់រូប។
ខំរកប្រាក់ចូលគ្រួសារ ៖ ឪពុកល្អត្រូវខំរកប្រាក់ចំណូលឲ្យបានគ្រប់គ្រាន់ដើម្បីទំនុកបម្រុងគ្រួសារ និងចេះធ្វើការសម្រេចចិត្តដោយឈរលើប្រយោជន៍រួមនៅក្នុងគ្រួសារ។
ធ្វើជាគំរូល្អ ៖ ឪពុកល្អត្រូវធ្វើជាគំរូល្អដល់គ្រួសារដោយមិនលេងល្បែងស៊ីសង ផឹកគ្រឿងស្រវឹងគ្រឿងញៀន និងមិនប្រើអំពើហិង្សាដែលជះឥទ្ធិពលអាក្រក់ដល់ប្រពន្ធកូន និងប៉ះពាល់ដល់ចំណូលគ្រួសារ និងសង្គមជាតិ។
ចេះស្តាប់ហេតុផល ៖ ឪពុកល្អត្រូវមានការអត់ធ្មត់មិនប្រកាន់ទោសពៃរ៏និងចេះត្រិះរិះពិចារណាចំពោះកំហុសឆ្គងទាំងឡាយ។
មានអាកប្បកិរិយាមាយាទត្រឹមត្រូវ ៖ ឪពុកល្អត្រូវចេះគោរពចាស់ទុំដើម្បីជាគំរូឲ្យកូនៗប្រតិបត្តិតាមនិងប្រកបរបរចិញ្ចឹមជីវិតតាមកម្លាំងប្រាជ្ញាខ្លួនឯងនិងត្រូវមានចិត្តមេត្តាចំពោះអ្នកដ៏ទៃ។
កសាងគ្រួសារឲ្យមានសុភមង្គល ៖ ឪពុកល្អត្រួវចេះកសាងក្រុមគ្រួសារមួយដែលរស់នៅក្នុងសង្គមប្រកបដោយភាពថ្នៃថ្នូរ និងចូលរួមចំណែកក្នុងការកសាងសង្គមជាតិរបស់ខ្លួនឲ្យមានការរីកចម្រើន។
តួនាទីឪពុកល្អក្នុងការអប់រំកូនៗ
បញ្ជូនបុត្រធីតាទៅសាលា ៖ ឪពុកល្អត្រូវឲ្យកូនរៀនសូត្រឲ្យបានចេះដឹងជ្រៅជ្រះដើម្បីឲ្យកូនក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម។
ហាមបុត្រកុំឲ្យប្រព្រឹត្តអំពើអាក្រក់ ៖ ឪពុកល្អត្រូវប្រើប្រាស់គ្រប់មធ្យោបាយ និងចំណាយពេលវេលាដើម្បីអប់រំកូនឲ្យមានអាកប្បកិរិយា និងសីលធម៌ល្អដោយមិនប្រព្រឹត្តអំពើអាក្រក់ ដូចជាកេងប្រវ័ញ្ច រំលោភបំពានលើសិទ្ធនិងទ្រពសម្បត្តិអ្នកដ៏ទៃ ។
ដឹកនាំបុត្រឲ្យប្រព្រឹត្តអំពើល្អ ៖ ឪពុកល្អត្រូវអប់រំកូនឲ្យកូនស្គាល់ខុសស្គាល់ត្រូវ និងមានចិត្តសន្តានល្អចំពោះអ្នកដ៏ទៃនិងសង្គមជាតិ។
រៀបចំទុកដាក់បុត្រឲ្យមានគូស្រករ ៖ ឪពុកល្អត្រូវរៀបចំឲ្យកូនមានគ្រួសារដើម្បីបន្តពូជពង្សវង្សត្រកូលទៅថ្ងៃក្រោយ។
ចែកទ្រពសម្បត្តិឲ្យកូនៗ ៖ ឪពុកល្អត្រូវចែកទ្រព្យសម្បត្តិដែលសន្សំទុកបានឲ្យកូនៗមានដើមទុនរកស៊ីចិញ្ចឹមជីវិតឲ្យបានស្មើៗគ្នាដោយគ្មានការរើសអើងទៅតាមលទ្ធភាពដែលមាន។
តួនាទីបុត្រាបុត្រីចំពោះឪពុក
ស្តាប់់បង្គាប់ ៖ កូនៗត្រូវចេះស្តាប់បង្គាប់ដំបូន្មានលោកអ្នកមានគុណ និងជួយធ្វើកិច្ចការងាររបស់លោក។
ចិញ្ចឹមបិតា ៖ កូនៗត្រូវតបស្នងគុណចំពោះលោកអ្នកមានគុណដោយចិញ្ចឹមមើលថែរលោកឲ្យដូចគាត់ចិញ្ចឹមកូនដែរ។
ទំនុកបម្រុង ៖ កូនៗត្រូវផ្តល់និងផ្គត់ផ្គង់លោកទាំងការផ្តល់ចំណីអាហារ សម្លៀកបំពាក់ ថ្នាំសង្កូវពេលលោកឈឺថ្កាត់ជាដើម។
មិនត្រូវធ្វើឲ្យលោកឪពុកស្រក់ទឹកភ្នែក ៖ កូនៗមិនត្រូវបង្ករឿងក្តៅក្រហាយឲ្យអ្នកមានគុណមានការឈឺចាប់ដោយសារខ្លួនទេ។
ត្រូវចេះណែនាំ ៖ កូនៗទាំងឡាយត្រូវណែនាំលោកអ្នកមានគុណទៅវត្ត រក្សាធម៌អារ្យនៅពេលគាត់មានវ័យចំណាស់។
ធ្វើបុណ្យជាមួយមាតាបិតា ៖ កូនៗត្រូវចេះទៅធ្វើបុណ្យជាមួយអ្នកមានគុណ ឬបើមានលទ្ធភាពគួរធ្វើបុណ្យជូនឪពុកម្តាយទាន់គាត់នៅមានជីវិត និងធ្វើបុណ្យឧទ្ទិសផលបុណ្យជូនគាត់នៅពេលគាត់លាចាកលោកនេះទៅ។
ដំបូន្មានអ្នកជំនាញ
កូនប្រុសកូនស្រីត្រូវដឹងថា លោកឪពុកខំចិញ្ចឹមបីបាច់ថែរក្សាកូនៗតាំងពីបាតជើងក្រហមរងារ មានការលំបាកទាំងថ្ងៃទាំងយប់អស់រយៈពេលជាច្រើនខែឆ្នាំ។ ដូច្នេះកូនៗគ្រប់រូបត្រូវយកចិត្តទុកដាក់ថែទាំលោកវិញ។ យើងត្រួវតបស្នងសងគុណគាត់ដោយកូនៗគប្បីរៀបចំចំណីអាហារ សម្លៀកបំពាក់ រៀបចំផ្គត់ផ្គង់ទឹកក្តៅទឹកត្រជាក់ ថ្នាំសង្កូវឲ្យបានត្រឹមត្រូវជូនគាត់ និងត្រូវចេះថែរក្សាវង្សត្រកូលគ្រួសារឲ្យមានវឌ្ឍនភាពខ្ពង់ខ្ពស់ប្រកបដោយសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។
អ្នកប្រឹក្សា ៖ ព្រះតេជគុណ ហោ សុខុន ក្រុមមូលដ្ឋានចុះជួយខេត្តស្វាយរៀងនិងជាព្រះគ្រូចៅអធិការវត្តច្បារអំពៅ
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៧ ឧសភា ឆ្នាំ ២០១២
Leave a Reply