លោកអ្នករមែងតែងតែជួបនូវរឿងរ៉ាវជាច្រើននៅក្នុងជីវិតប្រចាំថ្ងៃ។ ដោយសារតែសម្ពាធការងារ និងគ្រួសារបានធ្វើឱ្យ លោកអ្នកមួយចំនួនស្មុគស្មាញ ពិបាកគិត ឬដោះស្រាយនូវរាល់បញ្ហាដែលកំពុងប្រឈមមុខ។ នៅពេលខ្លះបញ្ហាជាច្រើនផ្ទួនៗគ្នា ធ្វើឱ្យ លោកអ្នកមួយចំនួនបានគេចវេសពីរឿងទាំងនោះ ដោយប្រើវិធីរត់គេចឱ្យឆ្ងាយពីទីតាំងដែលធ្លាប់រស់នៅឬរហូតដល់អ្នកខ្លះទៀត គិតខ្លីទៅសម្លាប់ខ្លួនក៏មាន។
នៅក្នុងទំព័រនេះ ទស្សនាវដ្ដី សុខភាពយើង នឹងលើកយកគន្លឹះមួយចំនួនដើម្បីជាទុនសម្រាប់ដោះស្រាយរាល់បញ្ហាដែល លោកអ្នកតែងតែជួបជាប្រចាំ។
គ្មានរូបមន្ដមួយណាដែលល្អបំផុតសម្រាប់ដោះស្រាយបញ្ហានោះទេ។ ប៉ុន្ដែលោកអ្នកអាចដោះស្រាយបញ្ហាដោយការស្វែង រកនូវវិធីណាមួយដែលអាចប្រើការបានដើម្បីយកមកប្រតិបត្ដិតាម។ គន្លឹះនៃភាពជោគជ័យគឺតម្រូវឱ្យលោកអ្នកប្រើប្រាស់វាឱ្យបាន ញឹកញាប់ដើម្បីឈានទៅជាផ្នែកមួយនៃការពង្រឹងគំនិតត្រៀមទប់ទល់រាល់បញ្ហាដែលនឹងកើតឡើងនាពេលអនាគត។ ការដោះ ស្រាយបញ្ហាមិនមែនកើតឡើងដោយភាពឆ្លាតវៃទេក៏ប៉ុន្ដែវាអាចកើតឡើងដោយសារការគិតដោយត្រង់ៗនៅចំពេលដែលមានរឿង រ៉ាវផ្ទុះឡើង។ មានវិធីសាស្ដ្រ៥យ៉ាង ដើម្បីជាកូនសោចាក់ស្រាយនូវរាល់បញ្ហាដែលកើតមានឡើងចំពោះលោកអ្នក។
1. ការយល់ដឹងអំពីបញ្ហា
ដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងនៅចំពោះមុខ ជាដំបូងគួរតែវាយតម្លៃឱ្យបានច្បាស់ថាតើរឿងរ៉ាវដែលកើត ឡើងនោះ វាជាប្រភេទរឿងរ៉ាវដែលត្រូវដោះស្រាយជាបន្ទាន់ ឬអាចទុកបានមួយរយៈពេលសិន។ លក្ខណៈនៃការដោះស្រាយមាន ភាពខុសគ្នា ក៏ប៉ុន្ដែបើលោកអ្នកអាចជ្រើសរើសទាំងពីររបៀបយកមកអនុវត្ដព្រមៗគ្នាបាន គឺរឹតតែប្រសើរ។ ព្រោះវាអាចប្រាកដបាន ថារឿងទាំងនោះនឹងមិនអាចកើតឡើងម្ដងទៀតឡើយ។ លោកអ្នកគួរតែរកមូលហេតុនៃបញ្ហាឱ្យឃើញជាមុនសិន បន្ទាប់មកដោះ ស្រាយនូវមូលហេតុទាំងនោះ ដោយគិតឬរៀបចំអ្វីទាំងអស់ឱ្យមានភាពងាយស្រួល។ មិនត្រូវរកព័ត៌មានជុំវិញរឿងរ៉ាវច្រើនហួស ហេតុពេកទេ ព្រោះវាធ្វើឱ្យកាន់តែពិបាកដោះស្រាយទៅវិញ។ រាល់បញ្ហាដែលត្រូវដោះស្រាយ គួរតែជ្រើសរើសវិធីណាឱ្យចេញឆ្ងាយ ពីខ្លួនរបស់លោកអ្នកទើបជាការប្រសើរ។
2. ការប្រមូលព័ត៌មាន
វាមានការលំបាកបន្ដិច ក្នុងការប្រមូលព័ត៌មាននៃដើមចមបញ្ហា។ លោកអ្នកអាចស្វែងរកនូវព័ត៌មានបានយ៉ាងលម្អិតដោយការចាប់ផ្ដើមសួរនាំ ដូចជាទីកន្លែង ពេលវេលា មូលហេតុ ឬរឿងកើតឡើងយ៉ាងដូចម្ដេចតាមរយៈការស្ទាបស្ទង់ពីអ្នកដែលនៅ ជុំវិញជាដើម។ ទោះបីព័ត៌មានដែលលោកអ្នកទទួលបានច្រើនតែមិនមែនមានន័យថាអ្នកទទួលបានការពិតច្រើននោះទេ។ អ្នកត្រូវតែ វិភាគអត្ថន័យរបស់វាហើយជ្រើសរើសនូវព័ត៌មានណាដែលអ្នកគិតថាមានទំនាក់ទំនងជាមួយបញ្ហាដែលអ្នកកំពុងជួបប្រទេះ។ បន្ទាប់ មកលោកអ្នកក៏អាចស្វែងរកព័ត៌មានជាប្រភេទសំណុំឯកសារផ្សេងៗទៀតបានជាអាទិប្រសិនបើបញ្ហាដែលជួបប្រទះជាប្រភេទ ការងាររកស៊ី ឬក្រុមហ៊ុន។
3. ការឈានទៅដល់ឫសគល់នៃបញ្ហា
លោកអ្នកត្រូវចងចាំថា បញ្ហាគឺជាចន្លោះរវាងអ្វីមួយនៅពេលបច្ចុប្បន្ន និងអ្វីក្នុងពេលអនាគតហើយការដោះស្រាយបញ្ហា គឺជាវិធីដើម្បីបិទបាំងនូវចន្លោះនោះ។ លោកអ្នកត្រូវយល់អំពីផ្នែកទាំងសងខាងនៃចន្លោះនេះដើម្បីធ្វើការវិវឌ្ឍទៅមុខបន្ដិចម្ដងៗ ក្នុង ការបង្អាក់ដំណើរការ ហើយរកវិធីដើម្បីធ្វើស្ពាននៃចំណុចទាំងពីរ។ គ្មានវិធីសាស្ដ្រណាមួយដែលល្អបំផុតសម្រាប់ជីករកឫសគល់ នៃបញ្ហានោះទេ ប៉ុន្ដែមានវិធីមួយដែលលោកអ្នកអាចធ្វើបានដោយជោគជ័យគឺការសួររហូតដល់លោកអ្នកបានទទួលនូវចម្លើយដែល ចង់បាន។ ចូរគិតថាគំនិតរបស់លោកអ្នកជាការទស្សន៍ទាយដែលអាចយកមកធ្វើការសាកល្បងរកចម្លើយ។
4. ការលើកឡើងនូវដំណោះស្រាយ
លោកអ្នកគួរវិភាគគ្រប់ជម្រើសនៃដំណោះស្រាយ ហើយត្រូវប្រាកដថាលោកអ្នកអាចមានលទ្ធភាពធ្វើបាននិងគ្រប់គ្រង បាន។ ប៉ុន្ដែរាល់ដំណោះស្រាយទាំងអស់ ដែលលោកអ្នកជ្រើសរើសត្រូវមានលក្ខណៈឡូស៊ិកនិងគ្រប់ជ្រុងជ្រោយមុនពេលសម្រេច ចិត្ដ។ លោកអ្នកគួរចំណាយពេលវេលាជ្រើសរើសនូវដំណោះស្រាយណាដែលប្រសើរជាងគេនិងស្របទៅតាមលក្ខខណ្ឌរបស់លោក អ្នក។ ហើយត្រូវសន្យាថាត្រូវតែធ្វើឱ្យបាននូវលទ្ធផលដែលលោកអ្នកចង់បានមិនត្រូវចំណាយពេលយូរពេក។ ប្រសិនបើចង់ប្រសើរ លោកអ្នកគួរតែអភិវឌ្ឍជម្រើសមួយ ដោយការធ្វើឡើងវិញ សាកល្បងឡើងវិញនិងរកឡើងវិញរហូតដល់លោកអ្នកអាចទទួលបាន នូវដំណោះស្រាយដ៏គួរឱ្យពេញចិត្ដ។
5. ការជ្រើសរើសដំណោះស្រាយល្អបំផុត
លោកអ្នកប្រហែលជាត្រូវជ្រើសរើសជម្រើសមួយ ដែលមិនចាំបាច់ល្អបំផុតតាមក្បួនវិទ្យាសាស្ដ្រមានលក្ខណៈឡូស៊ិក ឬគ្រប់គ្រាន់ ឬគោរពតាមទ្រឹស្ដីអ្វីនោះទេ ប៉ុន្ដែត្រូវតែអាចយកមកអនុវត្ដបាន និងជាការពិត។ លោកអ្នកគួរធ្វើការសាកល្បងសម្រេច ចិត្ដ បន្ទាប់មកអនុវត្ដវាក្នុងកាលៈទេសៈដែលអាចគ្រប់គ្រងបាន។ ដូច្នេះលោកអ្នកអាចវាយតម្លៃនិងវិភាគអំពីសន្ទុះនៃភាពគ្រោះ ថ្នាក់។ លោកអ្នកមិនត្រូវខ្លាចក្នុងការប្រើញាណរបស់ខ្លួនជាផ្នែកមួយនៃដំណើរការក្នុងការសម្រេចចិត្ដនោះទេ តែក៏មិនគួរពឹងផ្អែកលើ អារម្មណ៍របស់ខ្លួនទាំងស្រុងពេកដែរ។ លោកអ្នកគួរតែមានការរួមបញ្ចូលគ្នាជាមួយនឹងបទពិសោធរបស់លោកអ្នកផងដែរ។ គួរតែ មានការប្រុងប្រយ័ត្នចំពោះលទ្ធផលនៃការសម្រេចចិត្ដនិងរៀបចំជាស្រេច ដើម្បីផ្លាស់ប្ដូរការសម្រេចចិត្ដរបស់លោកអ្នក។
បណ្ដាំផ្ញើ
ប្រសិនបើលោកអ្នកជួបបញ្ហា ហើយចង់ដោះស្រាយ គួរតែមានគម្រោង និងកំណត់គោលដៅឱ្យបានច្បាស់លាស់។ ជាពិសេសគួរធ្វើអ្វីដោយភាពជឿជាក់ ត្រឹមត្រូវ និងម៉ត់ចត់បំផុតដែលអាចធ្វើបាន។ លោកអ្នកគួរចងចាំថារាល់បញ្ហាដែលកើតឡើង ហើយ ត្រូវតែរកគ្រប់វិធីដោះស្រាយ គឺមិនអាចចៀសផុតពីភាពលំបាកបានឡើយ។ ដូច្នេះគួរពុះពារសេចក្ដីលំបាកទាំងនោះ ដើម្បី សម្រេចជោគជ័យនូវអ្វីដែលលោកអ្នកចង់បាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧
Leave a Reply