ថ្មពិល​កំពុង​បំផ្លាញ​បរិស្ថាន និងសុខ​ភាព

ថ្មពិល​តូចៗខ្លះ​ប៉ុនមេ​ដៃ ខ្លះប៉ុន​កូនដៃ ខ្លះទៀត​មានទំហំ​ទ្រើស​ជាងមេ​ដៃបន្ដិច ខ្លះតូចៗ​សម្រាប់​ដាក់​នាឡិកា​និងកុំ​ព្យូទ័រ ដែលគេ​សង្កេត​ឃើញ​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រើប្រាស់​ស្ទើរតែ​គ្រប់ៗគ្នា។ ហើយថ្ម​ពិល​ត្រូវបាន​គេបោះ​ចោលតែ​ផ្ដេសផ្ដាស​ស្ទើរតែ​គ្រប់ កន្លែង ដោយគិត​ថាវា​មិនមែន​ជារបស់​ដែលមាន​ផលប៉ះ​ពាល់​បរិស្ថាន និង​សុខភាព​របស់​មនុស្ស​នោះទេ។ តាមពិត​វាគឺ​ជាវត្ថុ​ដែលបង្ក ផលប៉ះ​ពាល់ដ៏​ធ្ងន់ធ្ងរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូមស្វែង​យល់ពី​ផលប៉ះ​ពាល់​របស់​ថ្មពិល​ដែលយើង​ទាំងអស់​គ្នាកំពុង​ប្រើនេះ នៅលើ​ទំព័រលំ​នៅដ្ឋាន​និង​បរិស្ថាន​របស់ ទស្ស​នាវដ្ដី សុខភាពយើង។

សព្វថ្ងៃ​នេះការ​ប្រើប្រាស់​ថ្មគ្រប់​ប្រភេទ​ក្នុងរាជ​ធានី​ភ្នំពេញ ក៏ដូច​ជានៅ​តាម​បណ្ដា​ខេត្ដក្រុង​នានា​នៅក្នុង​ប្រទេស​កំពុងតែ មាន​បរិមាណ​កើនឡើង​ជាប្រចាំ។ យោងតាម​របាយ​ការណ៍​មួយពី​ក្រសួង​បរិស្ថាន​បានឱ្យ​ដឹងថា​ដោយសារ​តែតម្រូវ​ការផ្នែក​ថាមពល នៅក្នុង​រយៈពេល​មួយឆ្នាំៗ​ប្រទេស​កម្ពុជា​ត្រូវការ​ផលិតផល​ដែលជា​ថ្មគ្រប់​ប្រភេទ​រហូត​ដល់ទៅ​ប្រមាណ​ជា៧០០០​តោន។ មានន័យ​ថាកម្ពុជា​ក្នុងមួយ​ឆ្នាំបាន​បន្សល់​ទុកនូវ​សំណល់​ដែលមាន​ផលប៉ះ​ពាល់​ដល់ទៅ​៧០០០​តោនផង​ដែរ។

ផលប៉ះ​ពាល់​របស់​ថ្មពិល

ថ្មពិល​ឬថ្ម​អគ្គិសនី​ឬថ្មគឺ​ជាប្រភព​ថាមពល​ដ៏មាន​សារ​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា។ ប៉ុន្ដែ​នៅពេល​វាអស់​សុពល​ភាព វាក៏​ក្លាយទៅ​ជា​សំណល់​មួយដែល​ត្រូវបាន​គេបោះ​ចោលដោយ​គ្មានការ​គ្រប់គ្រង​ត្រឹមត្រូវ​ឡើយ​ដែលអាច​បង្កនូវ​គ្រោះថ្នាក់​ដ៏ធ្ងន់ធ្ងរ ដល់​បរិស្ថាន និង​សុខភាព​របស់​មនុស្សវិញ​មិនខាន។ សមាស​ធាតុដែល​បង្កនូវ​គ្រោះថ្នាក់​ដ៏ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​សុខភាព​របស់​មនុស្ស គឺ​សារធាតុ​របស់​បារ៉ត​ដែលចេញ​ពីថ្ម​ទាំងអស់​នោះ។ សារធាតុ​បារ៉ត​នេះនឹង​បង្កនូវ​ផលប៉ះ​ពាល់យ៉ាង​ធ្ងន់ធ្ងរ​ដល់​មនុស្ស នៅពេល​ដែលវា ធ្លាក់ចូល​ទៅក្នុង​ទឹក។ នៅពេល​ដែលវា​ធ្លាក់ចូល​ទៅក្នុង​ទឹក ត្រីនឹង​ស៊ីវា​ហើយ​នៅពេល​មនុស្ស​បរិភោគ​ត្រី អាចឆ្លង​មក​មនុស្ស។ មនុស្ស​ដែលមាន​បារ៉ត​នៅក្នុង​ខ្លួនច្រើន ជាមនុស្ស​បាត់បង់​ស្មារតី​ចងចាំ ក្រលៀន​ចុះខ្សោយ​បាត់បង់​សមត្ថភាព​បន្ដពូជ លើសពី​នេះទៅ ទៀតនោះ​វាធ្វើ​ឱ្យប៉ះ​ពាល់ដល់​សរសៃ​ប្រសាទ​និង​បញ្ហា​សរសៃ​ឈាមនៅ​ក្នុងខួរ​ក្បាលថែម​ទៀតផង។

បទ​ពិសោធន៍​នៃផល​ប៉ះពាល់ និង​ការរង​គ្រោះ

ពាក់ព័ន្ធ​នឹងការ​គំរាម​កំហែង​ដែល​បណ្ដាល​ពីថ្មពិល​ទាំងនេះ ប្រទេស​ជប៉ុន​ដែលជា​ប្រទេស​ឧស្សាហកម្ម​ឈានមុខ​មួយនៅ លើពិភព​លោក គឺជា​ប្រទេស​មួយដែល​បានទទួល​នូវបទ​ពិសោធន៍​ដ៏ធ្ងន់ធ្ងរ​ដែល​បណ្ដាល​មកពី​ថ្មពិល​នេះ។ នៅក្នុង​ទសវត្សរ៍​១៩៥០ មន្ទីរ​ពេទ្យ​សាជីវ​កម្មជី​ស៊ូនៃ​ប្រទេស​ជប៉ុន​បានរក​ឃើញនូវ​ជម្ងឺមិន​ច្បាស់​លាស់​មួយដែល​បាន​បំផ្លាញ​សរសៃ​ប្រសាទ​នៅក្នុង​ខួរក្បាល​អ្នកជម្ងឺ​មួយចំនួន។ នៅក្នុង​ដំណាក់​កាល​ដំបូង​គេសន្និ​ដ្ឋានថា​ជម្ងឺ​ចម្លែក​នេះអាច​ពាក់ពន្ធ័​ទៅនឹង​ការ​បរិភោគ​ត្រី។ ព្រោះអ្នក​ជម្ងឺភាគ​ច្រើន រស់នៅ​តំបន់​ជាប់នៅ​រោងចក្រ​ផលិតថ្ម​ពិលមួយ​នៅតំបន់​ឆ្នេរសមុទ្រ​ហើយ​ថ្មពិល​ដែល​ផលិតនោះ​បានត្រូវ​ប្រជាពល​រដ្ឋភាគ​ច្រើននៅ ទីនោះ​ប្រើប្រាស់​រួចបាន​បោះវា​ចោលទៅ​ក្នុងទឹក​សមុទ្រ​ដែលជា​កន្លែង​នេសាទ​ត្រី។ ដោយសារ​តែការ​សង្ស័យ​នោះ អាជ្ញាធរ​ជប៉ុនក៏ បានផ្លាស់​ប្ដូរទី​តាំងរោង​ចក្រនោះ​ទៅតំបន់​ទន្លេមួយ​ឈ្មោះ​មីណា​ម៉ាតា​ជំនួស​តំបន់​ចាស់ ប៉ុន្ដែ​រយៈពេល​តែ៣ខែ​ប៉ុណ្ណោះ​ប្រជាពល​រដ្ឋ​ជប៉ុន​ដែលរស់​នៅម្ដុំ​ទន្លេនោះ​ក៏បាន​ចាប់ផ្ដើម​មានជម្ងឺ​ចម្លែក​នោះ​ដដែល។ បន្ទាប់ពី​ប្រជា​ពលរដ្ឋ​នៅទី​នោះកើត​មាននូវ​ជម្ងឺ​ចម្លែក​នេះ ម្ដងទៀត​នោះ នៅក្នុង​ឆ្នាំ១៩​៥៩​ក្រុម​ស្រាវ​ជ្រាវមក​ពីសកល​វិទ្យាល័យ​គុម៉ា​ម៉ូតុបាន​សហការ​ជាមួយ​អាជ្ញាធរ និង​ក្រុមហ៊ុន​ជប៉ុនជា ច្រើនធ្វើ​ការសិក្សា​ពិសោធន៍​រួមគ្នា។ ហើយទី​បំផុត នៅក្នុង​ឆ្នាំ១៩​៦៨ តុលា​ការបាន​សម្រេច​ថាសា​ជីវកម្ម​ផលិត​ថ្មនោះ​គឺជាអ្នក​បំពុល សមុទ្រ។

ប្រការ​គួរយក​ចិត្ដទុក​ដាក់

ថ្ម​មិនមែន​ប្រើស​ម្រាប់តែ​វិទ្យុមួយ​មុខនោះ​ទេសូម្បី​តែនា​ឡិកា​ក៏ប្រើ​ថ្មផង​ដែរ។ កន្លងមក​ដោយសារ​តែកង្វះ​ខាតការ​យល់ ដឹង យើងតែង​តែសង្កេត​ឃើញ​ប្រជាពល​រដ្ឋដែល​ប្រើប្រាស់​ថ្មពិល​ដាក់វិទ្យុ​ហើយអស់​សុពល​ភាព​ពួកគាត់​តែងតែ​គ្រវាត់​ចោល​ពេញ វាល ជួននៅ​ក្នុងទឹក​ក៏មាន។ ដូច្នេះ​យើងទាំង​អស់គ្នា​គួរ​ប្រយ័ត្ន ព្រោះថា​ត្រីគឺ​ជាប្រភព​ប្រូតេអ៊ីន​សំខាន់​ហើយ​បើត្រី​ឆ្លង​សារធាតុ​ទាំង អស់នោះ រូបរាង​កាយយើង​ក៏នឹង​ទទួល​សារធាតុ​នេះផង​ដែរ ពីព្រោះ​យើង​បរិភោគ​សាច់ត្រី។ ដោយ​យល់ពី​ផលប៉ះ​ពាល់ទាំង​អស់នោះ ទើបនៅ​ពេលថ្មី​នេះ​សាលា​ក្រុងភ្នំ​ពេញបាន​ចេញនូវ​សេចក្ដី​ជូនដំណឹង​មួយឱ្យ​គ្រប់ស្ថាប័ន​នៅក្នុង​ទីក្រុង​ភ្នំពេញ​រៀបចំ​ធុងសម្រាម​ដាក់ សំណល់​ថ្មពិល។ ក្រៅពី​សេចក្ដី​ជូនដំណឹង​នេះ​ក៏បាន​ធ្វើការ​ណែនាំ​ឱ្យបណ្ដា​ទីផ្សារ​ទាំងអស់​ដោយរួម​ទាំងកន្លែង​លក់ទូរ​ស័ព្ទ កុំព្យូទ័រ និង​ឧបករណ៍​ដែល​ប្រើប្រាស់​ថ្មទាំងអស់​ឱ្យជួយ​ណែនាំ​អតិថិជន​របស់ពួក​គេឱ្យ​យកថ្ម​ចាស់ៗ​មកប្ដូរ​ថ្មថ្មី ឬក៏ត្រូវ​បោះចោល​ឱ្យមាន សុវត្ថិ​ភាព។

បណ្ដាំផ្ញើ

ដើម្បី​ចៀសផុត​ពីការ​គំរាម​កំហែង​ផ្សេងៗ​ដែល​បណ្ដាល​មកពី​ថ្មពិល ឬថ្ម​ថាមពល​គ្រប់ប្រភេទ​នោះ​ទាល់តែ​លោកអ្នក​ទាំង អស់គ្នា​ចូលរួម​ចំណែក​ទើបបាន​សម្រេច មិនមែន​ជាតួ​នាទី​ផ្ដាច់មុខ​របស់​នរណា​ម្នាក់​នោះទេ។ សូមរួម​គ្នាជួយ​គ្នាដើម្បី​ការរស់​នៅ សុខ ភាពនិង​បរិស្ថាន​សម្រាប់​ខ្លួនយើង​ទាំងអស់​គ្នា និងសង្គម​ទាំងមូល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

 

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *