សេដ្ឋកិច្ចកាន់តែរីកចម្រើន មនុស្សកាន់តែរវល់ក្នុងការបំពេញការងារប្រចាំថ្ងៃ។ ពួកគាត់គ្មានពេលវេលាគ្រប់គ្រាន់ក្នុងកិច្ច ការផ្ទះសម្បែង និងចម្អិនម្ហូបអាហារ បានជំរុញឱ្យលោកអ្នកមួយចំនួនជ្រើសរើសយកអាហារកំប៉ុងឬអាហារឆ្អិនស្រាប់ធ្វើជាអាហារ សំខាន់សម្រាប់បរិភោគ។ ថ្វីត្បិតតែមានភាពងាយស្រួល និងចំណេញពេលវេលាតែក៏បានបន្សល់ទុកនូវផលវិបាកមួយចំនួនពីអាហារ កំប៉ុង ប្រសិនបើលោកអ្នកមិនបានដឹងពីប្រការឬចំណុចមួយចំនួនដែលគួរចាប់អារម្មណ៍មុនសម្រេចចិត្ដទិញ។
លោក ពេជ្រ ចាន់ ប្រធានក្រុមហ៊ុនខ្មែរមេគង្គហ្វូដចូលរួមបកស្រាយអំពីអាហារកំប៉ុងជូនលោកអ្នកឱ្យជ្រាបតាមរយៈ ទស្សនាវដ្ដី សុខភាពយើង។
អ្វីជាអាហារកំប៉ុង?
អាហារកំប៉ុងជាការថែរក្សាអាហារទុកឱ្យបានយូរដោយច្រកក្នុងកំប៉ុង ឬដប ច្រកកញ្ចប់អាលុយមីញ៉ូមនិងប្លាស្ទិកជាដើម។ ដោយបិទជិតពុំអាចឱ្យខ្យល់ចេញចូលបាន ពុំមានការចម្លងមេរោគពីខាងក្រៅ។ ជាពិសេសមុនពេលរៀបចំធ្វើការវេចខ្ចប់ត្រូវ មានការកម្ដៅ និងធ្វើអនាម័យទៅតាមកម្រិតគោលការណ៍របស់ច្បាប់បានកំណត់ដើម្បីថែរក្សាអាហារកំប៉ុងទុកឱ្យបានយូរ និងគ្មាន ប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
របៀបវេចខ្ចប់អាហារកំប៉ុងទុកបានយូរ
ជាធម្មតាអាហារកំប៉ុងមុនធ្វើការផលិតចេញជារូបរាងកំប៉ុង ដប កញ្ចប់អាលុយមីញ៉ូម និងប្លាស្ទិកនោះគឺបានឆ្លងកាត់ជា ច្រើនដំណាក់កាលទាំងច្បាប់អនុញ្ញាត និងការធ្វើអនាម័យមុនពេលច្រក។ ពេលផលិតត្រូវមានកត្ដា៣យ៉ាងដើម្បីធ្វើឱ្យអាហារមាន គុណភាព និងរក្សាទុកបានយូរ។
1. កម្ដៅគ្រប់គ្រាន់ ៖ ឆ្លងកាត់នូវការផលិតដែលមានច្រើនដំណាក់ដើម្បីសម្លាប់មេរោគទាំងពេលចាប់ផ្ដើមវគ្គដំបូងរហូត ដល់វគ្គបញ្ចប់នៃការចម្អិន។ មិនតែប៉ុណ្ណោះកម្ដៅអាចជួយទប់ស្កាត់មិនឱ្យមេរោគមកបៀតបៀនដល់សុខភាពអ្នកបរិភោគ។ ម្យ៉ាង ការសម្លាប់មេរោគក្នុងអាហារដោយប្រើជាតិគីមីចាំបាច់ត្រូវមានការអនុញ្ញាតពីអង្គការសុខភាពពិភពលោក។ សម្រាប់ការផលិត ដើម្បីរក្សាទុកឱ្យបានយូរអាចបន្ថែមសារធាតុមួយចំនួនទៀតដែលពាក់ព័ន្ធនឹងប្រភេទអាហារតាមកម្រិតត្រឹមត្រូវ។
2. ការវេចខ្ចប់ ៖ ការវេចខ្ចប់មានសារៈសំខាន់នៅក្នុងការថែរក្សាដូចគ្នា។ ព្រោះមុនពេលច្រកត្រូវមានការពិនិត្យនិង យកចិត្ដទុកដាក់ជាពិសេសសម្បកវេចខ្ចប់ ដូចជាមើលលើច្រែះ ស្នាមកម្ពិត ឬធ្លាយជាដើម។ នៅពេលច្រកចូលសម្បកវេចខ្ចប់ ត្រូវ ច្រកឱ្យបានល្អ ពុំអាចឱ្យខ្យល់ចេញចូលឡើយ។
3. ការតម្លើងមេ ៖ អាហារ ឬភេសជ្ជៈចៀសមិនរួចឡើយនូវការបន្ថែមមេ ដើម្បីរក្សាទុកឱ្យបានយូរ។ ចំណីអាហារទាំង នោះមានដូចជាជ្រក់ សៀង តៅហ៊ូកំប៉ុង ទឹកដោះគោជូរជាដើម។
គួរទទួលទានអាហារកំប៉ុងនៅពេលណា?
អាហារកំប៉ុងអាចទទួលទានបានគ្រប់វ័យទាំងអស់។ ប៉ុន្ដែអាហារកំប៉ុងសម្រាប់មនុស្សវ័យចាស់និងអាហារកំប៉ុងកុមារ មានការចែកដាច់ដោយឡែកពីគ្នា។
- អាហារសម្រាប់កុមារ ៖ ពេលផលិតត្រូវយកចិត្ដទុកដាក់ផ្នែកអនាម័យយ៉ាងខ្លាំង ដោយមិនត្រូវប្រើប្រាស់ថ្នាំដើម្បី សម្លាប់សត្វល្អិតឡើយ ព្រោះកុមារអាយុពី១ឆ្នាំដល់១០ឆ្នាំ ងាយទទួលរងនូវជម្ងឺច្រើនជាងមនុស្សពេញវ័យ។
- អាហារសម្រាប់មនុស្សពេញវ័យ ៖ មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ អាស្រ័យលើសុខភាពរបស់ពួកគាត់។ មនុស្ស ពេញវ័យមានជម្ងឺមិនអាចចេះតែទទួលទានតាមទំនើងចិត្ដបានឡើយ ដូចជាអ្នកមានជម្ងឺទឹកនោមផ្អែមមិនគួរទទួលទានអាហារកំប៉ុង ដែលមានជាតិផ្អែមទេ។ មិនតែប៉ុណ្ណោះអាហារកំប៉ុងក៏មានសម្រាប់អ្នកធាត់ដែលអាចជួយសម្រួលដល់ការទទួលទានមិនឱ្យឡើង ទម្ងន់ និងជួយបំបាត់ជាតិខ្លាញ់បានមួយកម្រិត។
ការថែរក្សាអាហារកំប៉ុង
ការថែរក្សាអាហារកំប៉ុងមិនមែនជារឿងពិបាកនោះទេ បើទុកដាក់តាមរូបមន្ដដែលបង្ហាញស្រាប់នៅជាប់លើកំប៉ុង។ គ្រាន់ តែលោកអ្នករក្សាទុកអាហារទាំងនោះនៅកន្លែងត្រជាក់(ទូទឹកកក)ជាប្រចាំ អាចរក្សាគុណភាពបានដដែល។ ម្យ៉ាងទៀតសូម បញ្ចៀសការត្រូវកម្ដៅថ្ងៃដែលនាំឱ្យអាហារបាត់បង់គុណភាព និងរសជាតិ ជាពិសេសសម្បកវេចខ្ចប់ឆាប់ហើរពណ៌ឬកម្ពិត។
គុណសម្បត្ដិរបស់អាហារកំប៉ុង
អាហារកំប៉ុងអាចកម្ដៅ ឬចម្អិនស្រាប់ លោកអ្នកអាចទទួលទានភ្លាមៗបានមួយរំពេច។ ដោយមិនចាំបាច់ចំណាយពេល វេលាទៅផ្សារ ដើម្បីទិញទំនិញជាញឹកញាប់នោះទេ ហើយថែមទាំងមានអនាម័យល្អគ្មានផលប៉ះពាល់ដល់សុខភាពទេ។ សម្រាប់ លោកអ្នកមានដំណើរកម្សាន្ដទៅផ្លូវឆ្ងាយ អាចដាក់តាមខ្លួនបាន(អាហារកំប៉ុង និងភេសជ្ជៈ)។
គុណវិបត្ដិរបស់អាហារកំប៉ុង
អាហារកំប៉ុងមានសារៈប្រយោជន៍ តែក៏មានផលប៉ះពាល់ប្រហាក់ប្រហែលគ្នាដែរប្រសិនបើអាហារទាំងនោះផលិតមិន ត្រឹមត្រូវល្អ។
- ប្រើសារធាតុគីមីហួសកម្រិត អាចមានផលវិបាកនៅថ្ងៃក្រោយ។
- ការប្រើពណ៌(ល័ក្ដ)ច្រើន ដើម្បីអាហារមានពណ៌ស្រស់ នាំឱ្យប៉ះពាល់ដល់សុខភាព។
- សម្បកវេចខ្ចប់មានការផ្លាស់ប្ដូររូបរាង(កម្ពិត) នាំឱ្យរសជាតិ និងគុណភាពបាត់បង់។
- ហួសកាលកំណត់បរិច្ឆេទទទួលទានអាចមានប្រតិកម្ម ដូចជារាក ឈឺពោះ ឈឺក្បាល វិលមុខជាដើម។ល។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកដែលចូលចិត្ដទទួលទានអាហារកំប៉ុង គួរតែជ្រើសរើសប្រភេទអាហារឱ្យបានត្រឹមត្រូវដើម្បីចៀសវាងការមាន គ្រោះថ្នាក់ដល់សុខភាពទៅថ្ងៃក្រោយ។ ពេលទិញត្រូវផ្ដោតជាសំខាន់ទៅលើកាលបរិច្ឆេទ សមាសធាតុផ្សំវិធីប្រើប្រាស់ឱ្យបានច្បាស់ លាស់ ទើបទទួលទានមានសុវត្ថិភាព។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧
Leave a Reply