ពិសា​ស្រា​កើត​ជម្ងឺ​ក្រិន​ថ្លើម

ថ្លើមជា​អវយ​វៈ​មួយដ៏​សំខាន់​សម្រាប់​រាង​កាយ។ បច្ចុប្ប​ន្ននេះ​លោកអ្នក​មួយ​ចំនួន​បាននិង​កំពុង​ប្រឈម​មុខនឹង​ជម្ងឺគ្រប់ ប្រភេទ​របស់​ថ្លើម​បើទោះ​បីជា​ក្រសួង​សុខា​ភិបាល​បានរៀប​ចំឱ្យ​មាន​កម្មវិធី​ជាតិ​សម្រាប់​ការចាក់​ថ្នាំបង្ការ​មេរោគ​ថ្លើមក៏​ដោយ។ ក្រិន ថ្លើម​ជាជម្ងឺ​មួយ​ប្រភេទ​របស់​ថ្លើម​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​ច្រើនគួរ​ឱ្យកត់​សម្គាល់​នៅពេល​បច្ចុប្បន្ន។ តើអ្វី​ជាជម្ងឺ​ក្រិន​ថ្លើម? ហើយ​ការពារ និង​ព្យា​បាល​តាម​វិធី​ណា?

រូបភាពទស្សនាវដ្ដីសុខភាពយើង

គ្រប់​សំណួរ​ខាងលើ​នេះនឹង​បក​ស្រាយ​ជម្រាប​ជូន​លោកអ្នក​ឱ្យបាន​ជ្រាប​តាម​រយៈ​លោក​វេជ្ជ​បណ្ឌិត​អ៊ុង ចក្រាវុធ​អ្នកឯក ទេស​ជម្ងឺ​ថ្លើម ក្រពះ ពោះវៀន​នៅមន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង។

ជម្ងឺ​ក្រិន​ថ្លើម ជា​អ្វី?

ថ្លើម​ជាយន្ដ​ការមួយ​យ៉ាង​សំខាន់​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ មានតួ​នាទី​កម្ចាត់​ចោល​កាក​សំណល់​ពិស​ពុល​ផ្សេងៗ​ដែល អាច​បង្ក​ទោស​ដល់​សរីរាង្គ​ដទៃ​ទៀត។ នៅពេល​ដែល​ថ្លើម​បាត់​មុខងារ​ហើយ​ប្រែ​សភាព​ពីទន់​ទៅរឹង​នោះ​ហើយជា​ជម្ងឺ​ក្រិន​ថ្លើម។ ជម្ងឺ នេះមិន​មែន​កើតតែ​ក្នុង​រយៈពេល​មួយថ្ងៃ​នោះទេ មេរោគ​អាច​សម្ងំ​នៅក្នុង​ខ្លួនអ្នក​ជម្ងឺពី​១០ទៅ​១៥ឆ្នាំ​ទើប​ចេញ​រោគ​សញ្ញា​ឱ្យដឹង។

រោគ​សញ្ញា​ជម្ងឺ​ក្រិន​ថ្លើម

នៅពេល​ដែល​ថ្លើម​ចាប់ផ្ដើម​ក្រិន គេចែក​ជា២​ដំណាក់​កាលគឺ ៖

  • ដំណាក់​កាលទី​មួយ ៖ ជា​ដំណាក់​កាល​ស្ងាត់​ស្ងៀម ទោះបី​ជាថ្លើម​ចាប់ផ្ដើម​រឹងក៏​ដោយក៏​មិនទាន់​មានផល​វិបាក​ឬរោគ សញ្ញា​នៅឡើយ​ទេ។ អ្នក​ជម្ងឺ​នៅ​ប្រកប​ការងារ​បាន​ធម្មតា ហើយ​ជួនកាល​មិនដឹង​ខ្លួនថា​មាន​ជម្ងឺ​ក្រិនថ្លើម​ទៀតផង។
  • ដំណាក់​កាលទី​ពីរ ៖ ជា​ដំណាក់​កាល​ធ្ងន់ធ្ងរ ដែល​អ្នក​ជម្ងឺ​មាន​លេច​ចេញជា​អាការ​ហើមដៃ ហើម​ជើង លឿង​ភ្នែក មាន​ទាចទឹក ចេញ​ឈាម​តាម​ប្រព័ន្ធ​រំលាយ​អាហារ ជួន​កាល​អាច​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​សន្លប់​ទៀតផង។

មូល​ហេតុ​បង្កជា​ជម្ងឺ​ក្រិន​ថ្លើម

នៅក្នុង​ប្រទេស​យើង មូល​ហេតុ​ចម្បង​នៃជម្ងឺ​ក្រិន​ថ្លើម គឺ​បណ្ដាល​មកពី​មេរោគ​រលាក​ថ្លើម​ប្រភេទ​បេនិង​សេ​ដែលការ​រលាក​រ៉ាំរ៉ៃ​រយៈពេល​យូរ​បណ្ដាល​ឱ្យថ្លើម​ទៅជា​ក្រិន។ ជា​ការពិត​ថ្លើម​មាន​តួនាទី​ធ្វើការ​យ៉ាង​ធ្ងន់ធ្ងរ​ដើម្បី​ទ្រទ្រង់​ជីវិត​មនុស្ស តែ​បច្ចុប្បន្ន​នេះ របៀប​នៃការ​រស់នៅ​របស់​មនុស្ស​បាន​បណ្ដាល​ឱ្យ​ថ្លើម​រិតតែ​ធ្វើការ​ងារ​កាន់តែ​ខ្លាំង​ឡើង​នាំឱ្យ​ថ្លើម​ថមថយ​សមត្ថ​ភាព ជា​បណ្ដើរ និងទី​បំផុត​ថ្លើម​ក្រិនកែ​លែង​បាន។ ការ​ប្រព្រឹត្ដ​ដែល​នាំឱ្យ​មានជម្ងឺ​ក្រិន​ថ្លើម​មាន​ដូចជា ៖

  • ការ​ទទួល​ទានសុរា ប្រសិន​បើ​លោកអ្នក​ទទួល​ទាន​សុរា​ក្នុង​បរិមាណ​សមរម្យ​នោះ​មិនបាន​បង្ក​ទុក្ខ​ទោស​ដល់ថ្លើម​ទេ។

ផ្ទុយ​ទៅវិញ​បើ​លោកអ្នក​ចង់ឈ្នះ​ជាមួយ​សុរា​នោះ សុរា​នឹងធ្វើ​ឱ្យ​លោកអ្នក​ស្លាប់​ដោយ​ជម្ងឺ​ក្រិនថ្លើម​ព្រោះ​ការទទួល​ទាន​សុរា​បន្ដិច ម្ដងៗ​ធ្វើឱ្យ​ថ្លើម​រលាក​រ៉ាំរ៉ៃ។ បើ​លោកអ្នក​ឈប់នៅ​ពេល​រលាក​នោះ លោកអ្នក​នឹង​ជាសះ​ស្បើយ​ប៉ុន្ដែ​បើនៅ​តែ​បន្ដ​ទទួល​ទាន ថ្លើម​នឹង ក្រិន។ នៅក្នុង​ប្រទេស​យើង ការ​ទទួល​ស្រា ចំពោះ​ស្ដ្រី​ច្រើនក្នុង​រូប​ភាព​ពេល​សម្រាល​កូន​ជា​ពិសេស​ស្ដ្រី​នៅតាម​ជនបទ​ទទួល​ទាន​ស្រា រហូត​ដល់៣០​ឬ៤០​លីត្រ​ក្នុង​កូនម្នាក់។ ហើយ​ស្ដ្រីខ្លះ​មានកូន​៧ឬ​៨នាក់​តើគាត់​ត្រូវ​ទទួល​ទាន​ស្រាអស់​ប៉ុន្មាន? ការ​ទទួល​ទានស្រា បង្កឱ្យ​ភាវៈ​ថ្លើមរឹង​ក្រិន ឈាម​ចរាចរ​មិន​ស្រួល ធ្វើឱ្យ​ថ្លើម​បាត់បង់​សមត្ថ​ភាពធ្វើ​ការ។

  • ការ​ប្រើ​ប្រាស់​ឱសថ ៖ ឱសថ​សម្រាប់​ព្យាបាល​ជម្ងឺ​មួយ​ចំនួន​អាចធ្វើ​ឱ្យប៉ះ​ពាល់ ឬពុល​ដល់​ថ្លើម​នៅពេល​ដែល​ប្រើរយៈ

ពេល​យូរ នាំឱ្យ​ថ្លើម​រលាក ហើយ​នៅទី​បំផុត​វិវឌ្ឍន៍​ទៅរក​ជម្ងឺ​ក្រិន​ថ្លើម។

ក្រៅពី​មូលហេតុ​ខាងលើ​នេះ នៅមាន​មូលហេតុ​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀតជា​ច្រើន​ដែលជា​ដើម​ចមនៃ​ជម្ងឺ​រលាក​ថ្លើម។ សរុប សេចក្ដី​មកវិញ​គ្រប់ការ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ទាំង​អស់​ទោះបង្ក​ដោយ​មូលហេតុ​អ្វីក៏​ដោយ​ក៏វិវឌ្ឍន៍​ទៅរក​ជម្ងឺ​ក្រិនថ្លើម​ទាំងអស់។

ការ​ឆ្លងរាល​ដាលនៃ​ជម្ងឺ​ក្រិន​ថ្លើម

គ្រប់​ជម្ងឺ​ក្រិនថ្លើម​សុទ្ធតែ​វិវឌ្ឍន៍​ពី​ជម្ងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ ហើយ​មេរោគ​រលាក​ថ្លើម​ប្រភេទ​បេ ឬសេ​អាចឆ្លង​ពី​មនុស្ស​ម្នាក់ទៅ មនុស្ស​ម្នាក់ទៀត​តាមរយៈ

  • ការ​រួមភេទ​ជាមួយ​ដៃគូ​ដែលមាន​មេរោគ​រលាក​ថ្លើម
  • ឆ្លង​តាមការ​ប្រើ​ប្រាស់​សម្ភារៈ​ដែល​ប្រឡាក់​ឈាម មាន​ដូចជា​សម្ភារៈ​មិនស្អាត​នៅតាម​មន្ទីរ​ពេទ្យ​ឧបក​រណ៍​ពេទ្យ​ធ្មេញ សម្ភារៈ​វះកាត់ បំពង់​ឆ្លុះ​ផ្សេងៗ ម្ជុល​ចាក់​សាក់ ឡាម​កោរ​រោម កន្ដ្រៃ​កាត់​សាច់​ពេលធ្វើ​ក្រចក ឧបក​រណ៍​ចោះ​ត្រចៀក​ការ​បញ្ចូល ឈាម​ដោយគ្មាន​ប្រភព​ច្បាស់​លាស់​ជាដើម។

ការ​ព្យាបាល​ជម្ងឺ​ក្រិន​ថ្លើម

ការ​ព្យាបាល​ត្រូវធ្វើ​ឡើង​ទៅតាម​ដំណាក់​កាលនៃ​ជម្ងឺ​ក្រិន​ថ្លើម ដែល​ទាមទារ​ការ​អត់ធ្មត់ និង​ដោយ​គ្រូពេទ្យ​ជំនាញ​ដើម្បី តាមដាន​សភាព​ជម្ងឺ។ ប្រសិន​បើ​លោកអ្នក​រក​ឃើញ​ថាមាន​ជម្ងឺ​ក្រិនថ្លើម​នៅ​ដំណាក់​កាល​ដំបូង​ដែល​មេរោគ​សម្ងំ​មិន​ចេញ​ជារោគ សញ្ញា​នោះ ការ​ព្យាបាល​មាន​ឱកាស​ជាសះ​ស្បើយ គ្រាន់តែ​ថ្នាំ​សម្រាប់​ព្យាបាល​មាន​តម្លៃ​ខ្ពស់។ ផ្ទុយ​មកវិញ​បើរក​ឃើញ​នៅដំ​ណាក់ កាល​ចេញជា​រោគ​សញ្ញា​នោះ​ការ​ព្យាបាល​មានការ​ពិបាក​ព្រោះ​គ្រាន់តែ​អាច​មាន​លទ្ធភាព​ព្យាបាល​តែទៅ​តាមរោគ​សញ្ញា​ក៏ដូច​ជាផល វិបាក​របស់​អ្នក​ជម្ងឺតែ​ប៉ុណ្ណោះ។ ដូចជា​បើមាន​ធ្លាក់​ឈាម​ត្រូវទប់​ស្កាត់​កុំឱ្យ​ឈាម​ធ្លាក់​ដោយ​ការចោះ​ក្រពះ​ចង​សរសៃ​ឈាម។ បើអ្នក ជម្ងឺ​មានទាច​ទឹក​(ធំពោះ) ហើម​ដៃហើម​ជើង​ត្រូវ​ព្យាបាល​ដោយ​សម្រក​ជាតិ​ទឹក ដើម្បី​ជួយ​សម្រួល​ការឈឺ​ចាប់ក៏​ដូចជា​ពន្យារ​ពេល ស្លាប់​របស់​អ្នក​ជម្ងឺតែ​ប៉ុណ្ណោះ​ព្រោះ​ភាគរយ​នៃការ​ជាសះ​ស្បើយ​មិនមាន​ឡើយ។

វិធី​បង្ការ​ជម្ងឺ​ក្រិន​ថ្លើម

ដើម្បី​បង្ការ​ជម្ងឺ​ក្រិន​ថ្លើម ចាំបាច់​ការពារ​នូវ​មូលហេតុ​ទាំងឡាយ​ណាដែល​នាំឱ្យ​មានការ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ដូចជា ៖

  • កាត់​បន្ថយ​ការ​ទទួល​ទាន​សុរាជា​អចិ​ន្ដ្រៃយ៍ អាច​ទទួល​ទានបាន​ម្ដង​ម្កាល​ពេលមាន​ពិធី​សប្បាយ​រីករាយ
  • រាល់ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រប់​ប្រភេទ ត្រូវមាន​វេជ្ជ​បញ្ជា​ត្រឹមត្រូវ ចៀស​វាងការ​ប្រើ​ដោយ​ចិត្ដឯង​និងតាម​គ្នា
  • ចំពោះ​ការ​រលាក​ថ្លើម​ប្រភេទ​បេ លោកអ្នក​អាច​ចាក់វ៉ាក់​សាំង​ដើម្បី​ការពារ ប៉ុន្ដែ​សម្រាប់​មេរោគ​ថ្លើម​ប្រភេទ​សេជា​មេរោគ​ផ្សេង​ដែល​វ៉ាក់សាំង​ប្រភេទ​បេមិន​អាច​ការពារ​ទប់ស្កាត់​បានទេ។ តាមការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ឱ្យដឹង​ថា​ជាង​ពាក់​កណ្ដាល​នៃ មេរោគ​ថ្លើម​ប្រភេទ​សេឆ្លង​តាមការ​បញ្ចូល​ឈាម។ ដូច្នេះ​ដើម្បី​ការពារ​ការ​រលាក​ថ្លើម​គ្រប់​ប្រភេទ​ចាំបាច់​ត្រូវប្រុង​ប្រយ័ត្ន​រាល់ការ ប្រើ​ប្រាស់​សម្ភារៈ​ទាំង​ឡាយ ការ​ដែលនាំ​ឱ្យមុត ឬដាច់​រលាត់​ចេញ​ឈាម។

ដំបូន្មាន​អ្នក​ជំនាញ

ក្រិនថ្លើម​ជាជម្ងឺ​មួយ​ដែល​ធ្វើឱ្យ​អ្នក​ជម្ងឺ​ស្ថិតនៅ​ស្ថាន​ភាព​គួរឱ្យ​សង្វេគ​ពេក​ក្រៃ។ ហេតុ​នេះ​សូម​លោកអ្នក​ដែល​មិនទាន់​មាន ជម្ងឺ​នេះ គួរតែ​ការពារ​ខ្លួន​ដើម្បី​ចៀស​ឱ្យផុត។ លោកអ្នក​គួរតែ​ត្រួត​ពិនិត្យ​សុខភាព​ជា​ប្រចាំ​កាត់​បន្ថយ​ការ​ទទួល​ទាន​សុរា ឬ​ការប៉ះ ពាល់​ទាំង​ឡាយ​ណាដែល​នាំឱ្យ​មានការ​ឆ្លង​មេរោគ​តាមរយៈ​ឈាម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *