មនុស្សមានធ្មេញសរុបចំនួន៥២ ដែលដុះជាពីរដំណាក់កាល។ ដំណាក់កាលទី១គេហៅថា ធ្មេញព្រៃឬធ្មេញទឹកដោះ ដែលមានចំនួន២០។ វាដុះចាប់ពីកុមារមានអាយុ៦ខែឡើងទៅ។ ហើយក្រោយធ្មេញព្រៃបាក់ ធ្មេញស្រុកឬធ្មេញអចិន្ដ្រៃយ៍នឹងដុះ ជំនួសកន្លែងបាក់ និងកន្លែងផ្សេងទៀតជាដំណាក់កាលទីពីរ ដែលមានចំនួនសរុប៣២។ ទោះធ្មេញព្រៃមានអាយុខ្លី ប៉ុន្ដែការថែរក្សា គឺចាំបាច់បំផុត ដើម្បីឱ្យធ្មេញរឹងមាំ។
ទាក់ទិននឹងធ្មេញព្រៃ ទស្សនាវដ្ដី សុខភាពយើងសូមលើកយកប្រធានបទនេះមកលាតត្រដាងជូនប្រិយមិត្ដអ្នកអានស្វែង- យល់។ អត្ថបទនេះទទួលបានការប្រឹក្សាពីលោកទន្ដបណ្ឌិត ចៅ ប៊ុនហ៊ាន ប្រចាំគ្លីនិកទន្ដសាស្ដ្ររំចង់។
ធ្មេញព្រៃ
ធ្មេញព្រៃ ឬហៅថាធ្មេញទឹកដោះជាធ្មេញដែលដុះដំបូងចំពោះកុមារ មានកាចា ឫស ភ្លុកសរសៃឈាមដូចធ្មេញស្រុកដែរ ប៉ុន្ដែមានពណ៌សស្រអាប់មិនថ្លារលោង និងទំហំតូចជាងធ្មេញស្រុក។ ធ្មេញព្រៃមានចំនួនតែ២០ប៉ុណ្ណោះគឺធ្មេញផ្នែកខាងលើចំនួន១០ និងធ្មេញខាងក្រោមចំនួន១០។ ធ្មេញព្រៃអាចរាប់ចាប់ពីចំណុចកណ្ដាលត្រង់ធ្មេញមុខទៅឆ្វេងចំនួន៥រាប់ទៅខាងស្ដាំចំនួន៥។ ធ្មេញ ព្រៃមានអាយុកាលខ្លីបំផុត។ ម្យ៉ាងទៀតធ្មេញនេះចាប់ផ្ដើមដុះក្នុងពេលកុមារនៅបៅដោះទើបគេហៅថាធ្មេញទឹកដោះ។
ដំណាក់កាលដុះ និងបាក់ធ្មេញព្រៃ
ធ្មេញព្រៃដុះចេញមកសម្រាប់ឱ្យកុមារទំពាអាហារបានរហូតដល់អាយុ៦ឬ៧ឆ្នាំ ទើបចាប់ផ្ដើមបាក់ទៅវិញជាបន្ដបន្ទាប់ រហូតដល់កុមារមានអាយុ១២ ឬ១៣ឆ្នាំ។
- ដំណាក់កាលដុះ ៖ ក្នុងអំឡុងកុមារមានអាយុប្រាំមួយខែ(យ៉ាងយូរ១០ខែ) ធ្មេញព្រៃឬធ្មេញទឹកដោះចាប់ផ្ដើមដុះជា បន្ដបន្ទាប់ និងអាចដុះអស់នៅរវាងអាយុ២៥ខែទៅ៣៣ខែ(ពី២ឆ្នាំទៅ២ឆ្នាំកន្លះ)។ ដំបូងគឺដុះធ្មេញមុខពីរខាងក្រោមបន្ទាប់មកដុះ ធ្មេញមុខពីរខាងលើ និងដុះបន្ដតាមលំដាប់លំដោយរហូតគ្រប់ចំនួន២០ធ្មេញទាំងលើទាំងក្រោម។
- ដំណាក់កាលបាក់ ៖ ធ្មេញព្រៃអាចបាក់ទៅវិញក្នុងអំឡុងកុមារអាយុ៦ឆ្នាំចាប់ផ្ដើមបាក់ធ្មេញដែលដុះមុនគេហូរហែជា បន្ដបន្ទាប់ដូចកាលចាប់ផ្ដើមដុះដែរ។ ការបាក់នេះក៏ដោយសារតែធ្មេញស្រុកចាប់ផ្ដើមដុះពីក្រោមទួលធ្មេញព្រៃនិងធ្វើឱ្យធ្មេញព្រៃ រលាយឫសបន្ដិចម្ដងៗរហូតឫសធ្មេញព្រៃនៅសល់ខ្លីចាប់ផ្ដើមរង្គើ និងបាក់។ ការបាក់ធ្មេញព្រៃជាសញ្ញានៃការដុះឡើងរបស់ធ្មេញ ស្រុកមកជំនួសទីតាំងធ្មេញព្រៃដែលបាក់នោះ។ មានករណីពិសេសខ្លះបើសិនធ្មេញស្រុកដុះមកមិនចំទីតាំងធ្មេញព្រៃទេ នោះនឹងធ្វើឱ្យ ធ្មេញព្រៃក្របាក់ ធ្មេញស្រុកក៏នឹងដុះមិនត្រង់ជួរ។ ទន្ទឹមនឹងការកំពុងបាក់នៃធ្មេញព្រៃធ្មេញថ្គាមធំទី១ក៏ចាប់ផ្ដើមដុះដែរ ដែលនេះ ធ្វើឱ្យអាណាព្យាបាលមួយចំនួនយល់ប្រឡំថាធ្មេញថ្គាមដែលទើបនឹងដុះនោះជាធ្មេញព្រៃដែរ។ ការពិតធ្មេញថ្គាមធំទី១ដុះតែម្ដងទេ ក្នុងមួយជីវិតមនុស្ស។ ហេតុនេះហើយទើបធ្វើឱ្យមានការព្រងើយកន្ដើយក្នុងការថែរក្សាធ្មេញថ្គាម។ យើងអាចសង្កេតជាទូទៅបាន ថា មនុស្សច្រើនតែពុកផុយនិងបាក់ធ្មេញថ្គាមធំទី១មុនធ្មេញស្រុកដទៃទៀត។
ការថែរក្សាធ្មេញព្រៃ
តាមការស្រាវជ្រាវរបស់គ្រូពេទ្យកន្លងមកបង្ហាញថា នៅកម្ពុជាក្មេងមានអាយុ៦ឆ្នាំពុកធ្មេញជាមធ្យមចំនួន១០ ក្នុងចំណោមធ្មេញព្រៃទាំង១៦ធ្មេញ។ នេះជាអត្រាកើតរោគពុកធ្មេញខ្ពស់ណាស់។ ទោះបីជាធ្មេញព្រៃក្ដី ឬជាធ្មេញស្រុកក្ដីការដុសសម្អាត ថែរក្សាធ្មេញជាកត្ដាចាំបាច់បំផុតដើម្បីឱ្យធ្មេញរឹងមាំបានយូរ។ ថ្វីត្បិតធ្មេញព្រៃមិនស្ថិតស្ថេរបានយូរប៉ុន្ដែវាជួយក្នុងការទំពាអាហារ ផ្ដល់សម្រស់ និងជាគោលតម្រុយ ឬជាផ្លូវក្នុងការដុះបន្ដនៃធ្មេញស្រុកបានត្រង់ជួរ។ ដូច្នេះការថែរក្សាគឺជាកត្ដាចម្បងមួយដែល អាណាព្យាបាលគ្រប់គ្នាគប្បីយកចិត្ដទុកដាក់។
- ឪពុកម្ដាយអាចជ្រលក់ក្រណាត់ទន់សើមៗជូតធ្មេញឱ្យកូនក្រោយពេលបៅឬញ៉ាំអាហារផ្សេងៗ(ក្នុងករណីកូននៅតូច)
- កុំឱ្យកូនគេងបៅទឹកដោះគោ ហើយផ្អាប់ទុកក្នុងមាត់រហូតលង់លក់មិនបានសម្អាត
- អាចប្រើច្រាសដុសធ្មេញទន់ៗទំហំតូចសម្រាប់ក្មេងសម្អាតធ្មេញដោយមិនចាំបាច់ដាក់ថ្នាំដុសធ្មេញទេ(កូនក្រោមអាយុ២ ឆ្នាំ)។
- សម្រាប់មនុស្សពេញវ័យ គួរដុសសម្អាតធ្មេញក្រោយពេលញ៉ាំអាហារឱ្យបានត្រឹមត្រូវ និងទៀងទាត់
- កាត់បន្ថយការទទួលទានជាតិផ្អែម ដូចជានំផ្អែម ឬស្ករស្អិតជាប់ធ្មេញ ស្ករគ្រាប់ផ្សេងៗ
- ករណីធ្មេញមានប្រហោងដោយដង្កូវស៊ី មានចង្អូរជ្រៅមិនរាបស្មើ ដែលងាយឱ្យដក់ជាប់កម្ទេចកម្ទីរអាហារជាដើម ត្រូវ ទៅរកសេវាព្យាបាលដើម្បីប៉ះភ្ជិត
- អាណាព្យាបាលគួរនាំកូនទៅជួបពេទ្យធ្មេញនៅពេលកូនមានអាយុចាប់ពី១ឆ្នាំឡើងទៅ។
ផលប៉ះពាល់នៃការដកធ្មេញព្រៃ
ការដកធ្មេញជារឿងធម្មតាទេ នៅពេលដែលមានដង្កូវស៊ី ពុកផុយ ឬឈឺចាប់ដោយប្រការផ្សេងៗ។ ប៉ុន្ដែការដកធ្មេញពុក ផុយមុនអាយុកាលធម្មតារបស់វានោះ នាំឱ្យមានផលវិបាកខ្លះកើតឡើងដូចជា ៖
- ពិបាកក្នុងការទំពាអាហារ បាត់បង់សោភ័ណ និយាយមិនពីរោះ ឬមិនច្បាស់
- ធ្វើឱ្យបាត់ចន្លោះសម្រាប់ធ្មេញស្រុកដែលនឹងដុះមក ហើយអាចបណ្ដាលឱ្យធ្មេញស្រុកដុះមិនត្រង់ជួរ
- មានពេលខ្លះអាចធ្វើឱ្យមានការយឺតយ៉ាវក្នុងការដុះធ្មេញស្រុក
ដំបូន្មានអ្នកប្រឹក្សា
ដោយសារធ្មេញព្រៃមានតែចំពោះកុមារតូច មាតាបិតាគួរយកចិត្ដទុកដាក់លើការធ្វើអនាម័យឱ្យកូនៗ។ នៅពេលកូនចេះ ដុសធ្មេញដោយខ្លួនឯងហើយ មាតាបិតាគួរលើកទឹកចិត្ដ ឬជួយជំរុញឱ្យកូនៗចេះស្រឡាញ់ ចេះថែរក្សាធ្មេញនិងបកស្រាយឱ្យពួក គេយល់ពីផលប៉ះពាល់នៃការញ៉ាំជាតិផ្អែមច្រើនពេក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧