សុជី​វធម៌​ក្នុងការ​ទទួល​ទាន​អាហារ

ការ​ទទួល​ទាន​អាហារ​ជារឿង​ងាយ​ស្រួល​ដែល​នរណា​ក៏ធ្វើ​ជាប្រ​ចាំទៅ​ហើយ​ដើម្បី​ចិញ្ចឹម​សារពាង្គ​កាយ។ ការ​ទទួល​ទាន នៅក្នុង​គ្រួសារ​មិនទាម​ទារឱ្យ​មាន​របៀប​រៀប​រយ​ច្រើន​ពេកទេ​ប៉ុន្ដែ​សម្រាប់​ការ​ទទួល​ទានជា​លក្ខណៈ​ផ្លូវការ​ពេល​ចូលរួម​ក្នុង​កម្មវិធី ផ្សេងៗ លោកអ្នក​ចាំបាច់​ត្រូវមាន​របៀប​នៃការ​ទទួល​ទាន​អាហារ​ដាច់​ដោយ​ឡែកពី​នៅផ្ទះ។ បើ​លោកអ្នក​មិនមាន​ការ​យល់ដឹង​អំពី សុជី​វធម៌​មួយ​ចំនួន​នៅពេល​ទទួល​ទាន​អាហារ​ទេនោះ លោកអ្នក​នឹងត្រូវ​អាម៉ាស់​មុខមិន​ខានឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជា​ជំនួយ​ខាងផ្នែក​សុជីវ​ធម៌​នៅពេល​នេះ ទស្ស​នាវដ្ដី សុខភាពយើង​សូម​លើក​យកមក​ជម្រាប​ជូន​លោកអ្នក​អំពី ប្រការ​គួរធ្វើ​មួយចំនួន​នៅពេល​ទទួល​ទាន​អាហារ។

ពេល​ទទួល​ទាន​អាហារ

គ្រប់​ពេល​ទទួល​ទាន​អាហារ​ជាផ្លូវ​ការ​ច្រើនតែ​ធ្វើឡើង​ក្នុង​បរិយា​កាស​រីករាយ​ណាមួយ ដូចជា​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ខួប កំ​ណើត ពិធី​ជប់លៀង ឡើង​បុណ្យសក្ដិ ឡើង​គេហ​ដ្ឋាន ជួនកាល​ការ​ទទួល​ស្វាគមន៍​មិត្ដភក្ដិ​ឬ​សាច់​ញាតិ​មកលេង​ផ្ទះជា​ដើម។ ចំពោះ ម្ហូប​អាហារ​នៅពេល​ទទួល​ទានជា​ផ្លូវការ​មាន​ម្ហូប​អាហារ​ជាច្រើន​ប្រភេទ​ដែល​លោកអ្នក​ចាំបាច់​ត្រូវយល់​ដឹង​អំពី​របៀប​របប​ទទួល ទាន​អាហារ ព្រោះ​លោកអ្នក​មិនអាច​ប្រព្រឹត្ដ​ខ្លួនដូច​នៅផ្ទះ​បានទេ។ របៀប​របប​ក្នុងការ​ទទួល​ទាន​អាហារ​គ្មានអ្វី​ពិបាកទេ ដោយ​គ្រាន់ តែ​លោកអ្នក​យល់​អំពី​របៀប​នៃការ​ទទួល​ទាន​អាហារ​ទៅតាម​ប្រភេទ​នីមួយ​ៗតែ​ប៉ុណ្ណោះ។

សុជី​វធម៌​ពេល​ទទួល​ទាន​អាហារ

សុជីវ​ធម៌​ជាច្រើន​នៅពេល​ទទួល​ទាន​អាហារ​ដែល​ត្រូវតែ​ស្វែង​យល់។

  • បើមាន​នរណា​ម្នាក់នៅ​រួមតុ​អាហារ​ជាមួយ​គ្នាលូក​ដួស​ម្ហូប​អាហារ​ហើយ​លោកអ្នក​មិនត្រូវ​រំលង​ជ្រែក​គេ​ដើម្បី​ដួស​នោះ ទេ។ លោកអ្នក​ត្រូវរង​ចាំ​រហូត​ទាល់តែ​គេដួស​រួចទើប​ចាប់ផ្ដើម​ដួសនៅ​ពេល​បន្ទាប់។
  • ជា​ប្រការ​មិន​សម​រម្យ​ទាល់តែ​សោះនៅ​ពេល​ដែល​លោកអ្នក​ផ្លុំបង្ខំ​ឱ្យ​សម្ល​ត្រជាក់​ដើម្បី​ទទួល​ទាន​គួរទុក​ឱ្យវា​ត្រជាក់​ទៅ តាម​សម្រួល។
  • សម និ​ងស្លាប​ព្រា​សម្រាប់​បង្អែម​ដែល​មិនទាន់​ប្រើ មិនត្រូវ​ទុក​ច្រងេង​ច្រងាង ឬនាំ​ឱ្យធ្លាក់​នៅដី​ឬ​កម្រាល​នោះទេ​លោកអ្នក​គួរតែ​រៀបចំ ឬ​រក្សា​ទុកឱ្យ​នៅតាម​កន្លែង​ដែល​ម្ចាស់​កម្មវិធី​រៀបទុក​តាម​លំដាប់​លំដោយ។
  • លោកអ្នក​មិនត្រូវ​យកសម ស្លាបព្រា ឬចង្កឹះ មក​ជ្រាវរក ឬឆ្កឹះ​យកតែ​បន្លែ​ឬសាច់​ដែល​លោកអ្នក​ចូលចិត្ដ​នោះទេ។ បើ ម្ហូប​ណា​ឆ្ងាញ់​ហើយ​នៅឆ្ងាយ​ពីដៃ លោកអ្នក​មិនគួរ​ឈោង​ដួស​ទាល់តែ​ហើប​គូទ​ចេញពី​កៅអី​នោះដែរ។ លោកអ្នក​គប្បី​ទទួល​ទាន​តាម សម្រួល​ទៅតាម​មុខម្ហូប​ដែល​នៅជិត​លោកអ្នក។
  • នៅពេល​ទទួល​ទាន​អាហារ​នៅពេញ​មាត់ លោកអ្នក​មិនត្រូវ​ហើប​មាត់​និយាយ ឬសើច​ឡើយ​ព្រោះវា​ធ្វើឱ្យ​អាហារ​ដែល នៅក្នុង​មាត់ធ្លាក់​ចេញមក​ក្រៅ​តាម​មាត់ ឬតាម​ច្រមុះ។
  • ក្នុង​ពេល​ទទួល​ទាន​អាហារ លោកអ្នក​មិន​គប្បី​យករឿង​មិន​សប្បាយ​ចិត្ដ​ឬនាំ​ឱ្យមាន​អារម្មណ៍​មិនល្អ​មក​ជជែក​គ្នាទេ។ ជាងនេះ​ទៅទៀត លោកអ្នក​ក៏មិន​គួរ​គប្បី​លើក​និយាយ​ពីវត្ថុ​មិនល្អ ដូចជា​លាមក គម្រង់ បង្គន់​ជាដើម។
  • បាយ ឬ​អាហារ​ដែល​លោកអ្នក​យល់ថា​ទទួល​ទាន​មិនអស់ លោកអ្នក​មិន​គប្បី​ដួស​ច្រើន​ឡើយ​ត្រូវចេះ​ប៉ាន់​ប្រមាណ​ទំហំ នៃការ​ទទួល​ទាន​របស់​ខ្លួន។
  • លោកអ្នក​មិនត្រូវ​ហុត​សម្លឱ្យ​លាន់​សម្លេង​ខ្លាំង​នោះទេ
  • នៅពេល​ទទួល​ទាន​អាហារ លោកអ្នក​មិនត្រូវ​ខាក​ស្ដោះ​ឱ្យឮ​សូរ​សម្លេង​មកក្រៅ​នោះទេ។ ម្យ៉ាង​ទៀត​លោកអ្នក​គប្បី​ខ្ទប់
  • មាត់នៅ​ពេលក្អក ឬ​កណ្ដាស់​ព្រោះ​អាចធ្វើ​ឱ្យអ្នក​ដ៏ទៃ​ខ្ពើម​រអើម។
  • លោកអ្នក​ត្រូវចេះ​សម្លឹង​មើលអ្នក​ជុំវិញ​ខ្លួន​លោកអ្នក​ពីចង្វាក់​នៃការ​ទទួល​ទាន​របស់គេ។ លោកអ្នក​មិនអាច​បរិភោគ តាម​ឃ្លាន​តែម្នាក់​ឯងទុក​ឱ្យអ្នក​ដទៃ​អង្គុយ​សម្លឹង​នោះទេ។ ទោះបី​ជាលោក​អ្នក​ទទួល​ទាន​ឆ្អែត​មុនគេ​ក៏ដោយ​លោកអ្នក​ត្រូវ​តំអក់​ចាំ ទាល់តែ​អ្នករួម​តុ​អាហារ​ទទួល​ទាន​រួច​គ្រប់គ្នា​ទើបអាច​ងើបបាន​ព្រមគ្នា​តែម្ដង។
  • ការ​ប្រើប្រាស់​ឈើ​សម្រាប់​ចាក់​ធ្មេញ​នោះទៀត​សោត លោកអ្នក​ចាំបាច់​ត្រូវតែ​យក​ក្រដាស កន្សែង​ឬ​ម្រាម​ដៃមក​ខ្ទប់ដើ ម្បី​ចាក់​ធ្មេញ។ ក្រោយ​ពេលចាក់​ហើយ ត្រូវ​ចោល​ឈើចាក់​ធ្មេញ​ទៅក្នុង​ធុង​សម្រាម។ លោកអ្នក​មិនគួរ​យក​ក្រចក​ដៃឆ្កឹះ​យកចេញ​នូវ ចំណី​អាហារ​ដែល​ជាប់នឹង​ធ្មេញ​ឡើយ។ ចំណែក​ការជក់​បារីក៏​ដូចគ្នា​លោកអ្នក​មិនត្រូវ​ទទួល​ទាន​បារី​នៅក្នុង​រង្វង់តុ​ទទួល​ទាន​អាហារ ទេ ព្រោះវា​ជាប្រ​ការមិន​គួរ​ប្រព្រឹត្ដ​ឡើយ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

សុជីវ​ធម៌​ទៅតាម​ប្រភេទ​អាហារ

នៅពេល​ទទួល​ទាន​អាហារ​មានមុខ​ម្ហូប ឬ​ចំណី​អាហារ​មួយ​ចំនួន​មាន​របៀប​ទទួល​ទាន​ដោយ​ឡែកពី​គ្នា។

  • បបរ ៖ លោកអ្នក​គប្បី​ដួស​បបរ​ដោយ​ប្រុង​ប្រយ័ត្ន។ នៅពេល​ដួស​បបរ​ពីចាន​ធំមក​ចានតូច​លោកអ្នក​គួរធ្វើ​ដោយ​សន្សឹម ៗ កុំឱ្យ​ស្រក់​រលាក ហៀរ​ចេញ​ពីចាន ហើយ​លោកអ្នក​មិនគួរ​លើកចាន​ធំផ្ទីង​ដាក់ចាន​តូចនោះ​ទេ។ លោកអ្នក​គប្បី​ទទួល​ទានក្នុង បរិមាណ​សម​ល្មម​មិនអាច​ទទួល​ទានតិច​ពេកទេ ព្រោះ​ធ្វើឱ្យ​ម្ចាស់​កម្ម​វិធី​គេយល់​ថា​បបរ​គេមិន​ឆ្ងាញ់​ហើយ​លោកអ្នក​ក៏មិន​ត្រូវ​ទទួល ទានច្រើន​ពេកដែរ មិនអាច​ចេះតែ​ដាក់លេប​ៗតាម​ការឃ្លាន​នោះទេ។
  • ការ​ទទួល​ទានសាច់​ត្រី ៖ លោកអ្នក​មិនត្រូវ​យកដៃ​លើកត្រី​យកមក​អង្កៀម​ឬ​ជញ្ជក់​សាច់ពី​ឆ្អឹងត្រី​ឱ្យឮ​ស្នូរដូច​ជីងចក់ ស្រែក​នោះទេ។ លោកអ្នក​ត្រូវយក​សមចាក់​ពន្លាត់​យកសាច់​ត្រី​បរិភោគ​មិនត្រូវ​យកកាំ​បិតមក​ចាក់ ឬ​កាត់ទេ។
  • ការ​ទទួល​ទាន​សាច់​មាន់ លោកអ្នក​គួរចាប់​សាច់​ដោយកាត់​ម្ដងមួយ​ដុំតូច​ល្មមយក​មក​បរិភោគ​មិនត្រូវ​ហែក​សាច់មាន់
  • ដោយ​ដៃ ឬកាត់​ចិញ្ច្រាំ​សាច់មាន់​នោះដែរ។
  • ការ​ទទួល​ទាន​សាឡាត់ លោកអ្នក​មិនត្រូវ​កាត់​សាឡាត់​មកដាក់​ចាននោះ​ទេ បើស្លឹក​វាធំ​ពេក​លោកអ្នក​ត្រូវយក​សម មកហែក​ឱ្យតូច​ល្មមតែ​មិនត្រូវ​ប្រើ​កាំបិត​កាត់ទេ។
  • ការ​ទទួល​ទាន​អន្លក់ ជា​ទូទៅ​ក្នុង​ពិធី​ធំៗ គេ​កម្រ​ធ្វើម្ហូប​ដែល​មាន​អន្លក់​ណាស់​ព្រោះវា​នាំឱ្យ​ពិបាក​ដល់អ្នក​ទទួល​ទាន។ បើមាន​មុខម្ហូប​របៀប​នេះ​លោកអ្នក​ត្រូវរៀប​ចំ​អន្លក់​ដោយ​ដួសដាក់​ចានម្ដង​មួយមុខ​ៗក្នុង​បរិមាណ​សមល្មម​អាច​ទទួល​ទានបាន។ មិន ត្រូវ​ទទួល​ទានឱ្យ​ឮស្នូរ​នៅពេល​ដែល​ទំពា​បន្លែ​ស្រស់​នោះទេ។

ក្រៅពី​នេះនៅ​ពេល​ទទួល​ទាន​អាហារ​ជាផ្លូវ​ការ លោកអ្នក​ត្រូវតែ​ពិនិត្យ​សង្កេត​មើល​កាយ​វិការ​អ្នកនៅ​ជុំវិញ​លោកអ្នក​ផង ដើម្បី​កុំឱ្យ​ធ្វើអ្វី​ឆ្គងតែ​ឯងឱ្យ​សោះ។ ជាងនេះ​ទៅទៀត​លោកអ្នក​ចាំបាច់​ត្រូវតែ​ដឹង​អំពី​របៀប​ប្រើ​សម្ភារៈ​ទទួល​ទាន​អាហារ​ដែលមាន ដូចជា​ស្លាបព្រា សម ចង្កឹះ កាំបិត ចាន កែវទឹក កែវស្រា​ជាដើម។

បណ្ដាំ​ផ្ញើ

លោកអ្នក​មាន​របៀប​របប​ក្នុងការ​ទទួល​ទាន​អាហារ​ជាផ្លូវ​ការបាន​សមរម្យ​អាចជំ​រុញ​លោកអ្នក​ឱ្យមាន​ការ​ទំនាក់​ទំនង​ជាមួយ​អ្នកខាង​ក្រៅក្នុង​សង្គម​កាន់តែ​ប្រសើរ។ ជួនកាល​ក៏អាច​ធ្វើឱ្យ​លោកអ្នក​មានការ​រីក​ចម្រើន​ក្នុងមុខ​ជំនួញ​និង​មុខ​តំណែង​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *