ក្លិនសក់មិនល្អជាមូលហេតុបង្កធ្វើឱ្យមានអារម្មណ៍តប់ប្រមល់ មិនជ្រះស្រឡះថែមទាំងស្អិតលើស្បែកក្បាលទៀតផង។ ម្យ៉ាងវិញទៀត ទោះបីជាក្លិនខ្លួនក្រអូបបែបណាក៏ដោយ តែបើក្លិនសក់មានបញ្ហាកើតឡើងហើយនោះក្លិនខ្លួនក៏មិនអាចស្រស់ ស្រាយដែរ។ លោកអ្នកពិតជាធ្លាប់មានបញ្ហានេះកើតចំពោះខ្លួនជាមិនខានឡើយគ្មានអ្នកណាម្នាក់ចៀសរួចបានទេ។ តើក្លិនសក់ បណ្ដាលមកពីអ្វី ហើយចំពោះវិធីបំបាត់នោះគួរធ្វើបែបណា?
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកស្រី សិទ្ធិ ច័ន្ទហេងដែលជាម្ចាស់ហាងកែសម្ផស្សថបស្ដាយ ដើម្បី បកស្រាយអំពីបញ្ហាក្លិនសក់ និងវិធីបំបាត់ក្លិនសក់។
មូលហេតុបង្កធុំក្លិនសក់
ស្បែកក្បាលឧស្សាហ៍បែកញើសជាញឹកញាប់អាចបង្កកើតអង្គែ ព្រោះមានកម្ទេចធូលីមកប៉ះជាមួយស្បែកដែលមានញើស ។ សម្រាប់លោកអ្នកសម្បូរជាតិញើសលើស្បែកក្បាល នោះក៏មិនមានន័យថាអាចកើតបញ្ហាអង្គែទាំងអស់ឡើយ។ សាប៊ូកក់សក់ក៏ជា បញ្ហាប៉ះទង្គិចលើស្បែកក្បាល ដូចជាការជ្រើសរើសសាប៊ូមិនត្រូវជាមួយស្បែកក្បាលឬសរសៃសក់។ ចំពោះការកក់សក់ ប្រសិនបើ សម្អាតមិនបានល្អទេ ធ្វើឱ្យកម្ទេចដែលនៅសល់លើស្បែកក្បាលនិងនាំឱ្យសក់ឆាប់ធុំក្លិន។ ផ្ទុយមកវិញការខ្វះអនាម័យជាចំណុចសំខាន់ ជួនកាលដៃមិនស្អាតយកទៅប៉ះនឹងស្បែកក្បាលធ្វើឱ្យប្រឡាក់ឬដាច់រហែកបង្កជាដំបៅក៏មាន។ ម្យ៉ាងទៀតពេលសក់កក់មិនទាន់ស្ងួត ហើយលោកអ្នកចង ក៏អាចជាបញ្ហានាំឱ្យធុំក្លិនដែរ។
វិធីបំបាត់ក្លិនសក់
ដោយសារមានបញ្ហាជាច្រើនធ្វើឱ្យធុំក្លិនសរសៃសក់និងបង្កពីអង្គែ ការបែកញើស គ្មានអនាម័យជាដើម។ លោកអ្នកដែល កើតអង្គែលើស្បែកក្បាលគួរទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាលពីមូលហេតុដែលបង្កឱ្យមានអង្គែ។ គប្បីជ្រើសរើសសាប៊ូកក់សក់ ដែលមានគុណភាព ជាពិសេសត្រូវជាមួយស្បែកក្បាល។ សូមអានអត្ថបទស្ដីពីវិធីជ្រើសរើសសាប៊ូកក់សក់ ដែលបានចេញផ្សាយនៅ ក្នុងទស្សនាវដ្ដី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦។ ប្រការសំខាន់លោកអ្នកត្រូវធ្វើអនាម័យជាប្រចាំ ដោយឧស្សាហ៍សម្អាត សរសៃសក់ឱ្យបានញឹកញាប់។ ក្នុងការសម្អាតលោកអ្នកគួរតែអេះថ្នមៗដើម្បីឱ្យអស់ជាតិកំអែលលើស្បែកក្បាល(អង្គែ)។ ក្រោយ ពេលកក់សក់រួច សូមទុកសក់ឱ្យបានស្ងួតមុននឹងចងឬរចនាម៉ូតផ្សេងៗ។ ចំពោះប្រេងអប់សក់ ឬប្រេងបន្ទន់សក់ លោកអ្នកមិន គួរមើលរំលងឡើយ ក្នុងមួយសបា្ដហ៍ត្រូវអប់សក់ម្ដងទើបសក់មានក្លិនប្រហើរ។
ដំបូន្មានអ្នកប្រឹក្សា
ធុំក្លិនសក់បង្កបញ្ហាជាច្រើនដែលមិនត្រឹមតែប៉ះពាល់ដល់ស្បែកក្បាលប៉ុណ្ណោះទេ វាថែមទាំងអាចធ្វើឱ្យលោកអ្នកខ្វះទំនុក ចិត្ដក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ សូមចងចាំថាការសម្អាតជាប្រការចម្បងក្នុងការបំបាត់ក្លិនអាប់អួរនៃសរសៃសក់។ ជា ពិសេសការជ្រើសរើសប្រភេទសាប៊ូ លោកអ្នកអាចទៅពិភាក្សាជាមួយអ្នកជំនាញទើបល្អ មិនខាតបង់ថវិកានិងពេលវេលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧
Leave a Reply