ការអ៊ុតសម្លៀកបំពាក់ជារឿងងាយស្រួលបំផុត។ ប៉ុន្ដែមិនមានន័យថាមនុស្សទូទៅដឹងពីវិធីអ៊ុតសម្លៀកបំពាក់ទាំងអស់ នោះឡើយ។ ការអ៊ុតនេះទៀតសោតមិនមែនចេះតែអ៊ុតនោះទេ គឺត្រូវមើលប្រភេទនៃសាច់ក្រណាត់ដើម្បីឱ្យដឹងថាតើគួរអ៊ុតភ្លើង ក្ដៅ ឬភ្លើងល្មម។ មានសម្លៀកបំពាក់ខ្លះមិនចាំបាច់អ៊ុតក៏អាចស្លៀកពាក់បានដែរ។
កញ្ញា សេង ស៊ូលីង ម្ចាស់ហាងឆពណ្ណនារីរតនៈកាត់សម្លៀកបំពាក់ និងបោកគក់បកស្រាយពីវិធីអ៊ុតសម្លៀកបំពាក់ជូន លោកអ្នកអានឱ្យបានជ្រាប តាមរយៈកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
សម្លៀកបំពាក់ត្រូវអ៊ុត
សម្លៀកបំពាក់មានច្រើនប្រភេទទៅតាមការនិយមរបស់មនុស្ស ដូចជាសម្លៀកបំពាក់ចូលរួមពិធីមង្គលការពិធីបុណ្យដំ ណើរកម្សាន្ដ ទទួលទានដំណេក ឬសម្លៀកបំពាក់សិក្សាជាដើម។ ការអ៊ុតអាស្រ័យទៅតាមប្រភេទនៃសាច់ក្រណាត់។ ក្រណាត់ដែល ត្រូវអ៊ុតមានប្រភេទ ដូចជាប្រភេទសាច់តេតារ៉ុង សាច់រលោង ឬសាច់ស្ពុក(ទន់ និងទក់ៗ)ហើយមានច្រើនប្រភេទទៀតដែលអ៊ុត បាន។ លោកអ្នកគួរតោងដឹងថា ប្រភេទសាច់យឺត(អាវយឺត)សាច់រួញអង្កាញ់(សាច់ភ្លីសេ)គឺមិននិយមអ៊ុតឡើយ។ ប៉ុន្ដែចំពោះសាច់ រួញអង្កាញ់ប្រភេទនេះ ប្រសិនបើលោកអ្នកត្រូវការអ៊ុតឱ្យមានភ្លីនិងភ្លឺរលោងក៏បានដែរគ្រាន់តែពិបាកអ៊ុតបន្ដិច។ មិនតែប៉ុណ្ណោះ សាច់ខូវប៊យក៏អាចអ៊ុតបានដែរ។
វិធីអ៊ុតសម្លៀកបំពាក់
ការអ៊ុតសម្លៀកបំពាក់ចង់សំដៅដល់ការធ្វើយ៉ាងណាឱ្យសម្លៀកបំពាក់មានរបៀបរៀបរយនិងមានសណ្ដាប់ធ្នាប់។ ការអ៊ុត សម្លៀកបំពាក់នេះមានពីរប្រភេទ គឺអ៊ុតភ្លើងក្ដៅល្មម និងអ៊ុតភ្លើងក្ដៅខ្លាំង។ ការអ៊ុតសម្លៀកបំពាក់ធ្វើទៅតាមដំណាក់កាលដោយ ឡែកៗពីគ្នា។ ជាដំបូងត្រូវពិនិត្យមើលសាច់សម្លៀកបំពាក់ជាមុនសិន ថាតើជាសាច់ប្រភេទណា? ប្រសិនបើជាសាច់ទន់រលោង សាច់ តេតារ៉ុង និងប្រភេទស្ដើង ត្រូវអ៊ុតភ្លើងក្ដៅល្មមចៀសវាងការឆេះ ឬរួញសាច់ក្រណាត់។ បន្ទាប់មកត្រូវអ៊ុតកអាវជាជំហ៊ានដំបូង អ៊ុត ខាងខ្នង អ៊ុតផ្ទៃខាងមុខ និងអ៊ុតចាប់ភ្លីដៃអាវជាការស្រេច។ ចំពោះខោត្រូវអ៊ុតចាប់ភ្លីទើបអ៊ុតសាច់ជាក្រោយ។ បើលោកអ្នកចង់អ៊ុត រហ័សគួរតែបាញ់ទឹកពីលើបន្ដិចៗ នៅពេលអ៊ុតដើម្បីឱ្យមានភ្លីល្អនិងភ្លឺរលោង។ ម្យ៉ាងវិញទៀតចំពោះសាច់ស្ពុក ខូវប៊យ និងក្រណាត់ ក្រាស់ៗ ការអ៊ុតត្រូវប្រើភ្លើងខ្លាំងនិងមិនបាច់ចាប់ភ្លីឡើយ។ ថេរវេលានៃការអ៊ុតមិនចំណាយពេលយូរប៉ុន្មានទេ ប្រហែលជា៣នាទី ទៅ៦នាទីប៉ុណ្ណោះក្នុងសម្លៀកបំពាក់មួយសម្រាប់។
ដំបូន្មានអ្នកជំនាញ
គួរតែប្រុងប្រយ័ត្នក្នុងការរៀបចំអ៊ុតសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវ ទើបថែរក្សាសាច់ក្រណាត់បានល្អនិងបានយូរអង្វែង។ ការអ៊ុតសម្លៀកបំពាក់មិនមែនចេះតែអ៊ុតនោះឡើយ។ ប្រសិនបើលោកអ្នកមិនពូកែអ៊ុតទេនោះគួរតែឱ្យអ្នកដែលមានជំនាញជួយ ទើបល្អ ព្រោះចៀសវាងការឆេះរួញ ឬភ្លីមិនស្អាត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧
Leave a Reply