បច្ចុប្បន្ននេះការរីករាលដាលដ៏ច្រើននៃចំនួនផ្ទះល្វែងក្នុងទីក្រុងភ្នំពេញបានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ មានមនុស្ស ភាគច្រើនបានជ្រើសរើសផ្ទះល្វែង ដើម្បីធ្វើជាទីស្នាក់អាស្រ័យរបស់ខ្លួនដោយមិនបានគិតពីសុវត្ថិភាពរបស់ខ្លួននៅពេលទៅរស់នៅ ក្នុងផ្ទះដែលមានស្ថានភាពជាប់ៗគ្នារាប់រយល្វែងនោះទេ។ តើការសាងសង់ផ្ទះល្វែងទាំងអស់នោះមានការគោរពទៅតាមរូបមន្ដ ស្ដង់ដារបច្ចេកទេសបានត្រឹមត្រូវហើយ ឬនៅ?
ចម្ងល់ទាំងនេះនឹងមានបកស្រាយនៅក្នុងទស្សនាវដ្ដី សុខភាពយើង ដោយលោក នួន រតនាសាស្ដ្រាចារ្យស្ថាបត្យកម្មនៃ សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជូនប្រិយមិត្ដអ្នកអាន។
លក្ខណៈស្ដង់ដារផ្ទះល្វែង
ដើម្បីសាងសង់ផ្ទះល្វែងដែលមានស្ដង់ដារត្រឹមត្រូវនោះ គឺវាអាស្រ័យទៅលើបច្ចេកទេសក្នុងការសាងសង់និងការរៀបចំ ប្លង់ផ្ទះឱ្យមានលក្ខណៈប្រសើរដោយមិនសូវគិតទៅលើការចំណាយប្រាក់កាសក្នុងការសាងសង់ប៉ុន្មាននោះទេ។
- បទដ្ឋានលើបច្ចេកទេស ៖ ការសាងសង់ផ្ទះល្វែងតម្រូវទៅលើការសិក្សាពីគ្រឹះផ្ទះ និងពីធ្នឹមផ្ទះថាគួរដាក់ចំនួនប៉ុន្មាន ដើម្បីអាចទ្រទ្រង់ផ្ទះនោះបាន។ កំណត់អាយុនៃការចាក់បេតុងប្លង់សេផ្ទះឱ្យបានយ៉ាងហោចណាស់ចំនួន២១ថ្ងៃមុននឹងដោះក្ដារបន្ទះ ចេញ។ ធ្វើការពិនិត្យឱ្យបានត្រឹមត្រូវនូវការលាយខ្សាច់ និងស៊ីម៉ងត៍សម្រាប់បូកជញ្ជាំង ឬរៀបឥដ្ឋ។ល។
- បទដ្ឋានលើស្ថាបត្យកម្ម ៖ សង់ផ្ទះរៀបចំពន្លឺព្រមទាំងធ្វើឱ្យមានខ្យល់ចេញចូលបានគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវិត មនុស្សដែលរស់នៅក្នុងផ្ទះ។ ជាធម្មតាការសាងសង់ផ្ទះល្វែងគេត្រូវរៀបចំប្លង់យ៉ាងណាទុកឱ្យមានខ្យល់និងពន្លឺចេញចូលឱ្យបាន ៥ភាគរយនៃលំហអាកាស។
ចំពោះផ្ទះល្វែងដែលគោរពទៅតាមស្ដង់ដារនោះ អាចមានគុណភាពរហូតដល់ទៅរយៈពេលពី៨០ទៅ៩០ឆ្នាំ។ ស្ដង់ដារ បច្ចេកទេសសាងសង់មិនសូវជាសំខាន់ដូចស្ដង់ដារក្នុងការរស់នៅប៉ុន្មាននោះទេ ព្រោះជីវិតរបស់មនុស្សរស់នៅគឺពឹងផ្អែកទៅលើស្ដង់ ដារនៃការរៀបចំឱ្យមានខ្យល់ចេញចូល និងពន្លឺឱ្យបានគ្រប់គ្រាន់។ ចំពោះស្ដង់ដារក្នុងការរៀបចំសាងសង់ផ្ទះល្វែងនេះ ភាគច្រើនអ្នក សាងសង់ផ្ទះនៅក្នុងប្រទេសច្រើនតែមើលរំលង។
ស្ថានភាពស្ដង់ដារផ្ទះល្វែងនៅក្នុងប្រទេស
បើទោះបីជារាល់ការរៀបចំប្លង់ និងការសាងសង់ផ្ទះល្វែងមានការទទួលស្គាល់ពីសមត្ថកិច្ចដោយមានការត្រួតពិនិត្យពីមន្ទីរ រៀបចំដែនដីនគររូបនីយកម្មយ៉ាងណាក៏ដោយ ក៏រាល់ការចេញការអនុញ្ញាតទាំងនោះនៅតែមើលរំលងនូវស្ដង់ដារផ្ទះជាពិសេសគឺស្ដង់ ដារនៃការរៀបចំឱ្យមានខ្យល់ និងពន្លឺតែម្ដង។ ដោយការត្រួតពិនិត្យមានការធ្វេសប្រហែសឬមិនមានអ្នកជំនាញខាងផ្នែក ស្ថាបត្យកម្មត្រួតពិនិត្យ។ ដូច្នេះផ្ទះល្វែងនៅទីក្រុងភ្នំពេញនាបច្ចុប្បន្នភាគច្រើនមិនសូវមានស្ដង់ដារត្រឹមត្រូវប៉ុន្មាននោះទេ។ លោកអ្នក ដែលមានបំណងចង់រស់នៅក្នុងផ្ទះល្វែង ឬក៏កំពុងតែរស់នៅហើយនោះបើអាចចៀសវាងការជ្រើសរើសផ្ទះល្វែងសម្រាប់ធ្វើជាទី ជម្រករបស់ខ្លួនបានគឺកាន់តែប្រសើរ។ ការរស់នៅក្នុងផ្ទះល្វែងដែលមិនសមស្របទៅតាមស្ដង់ដារ មិនត្រឹមតែធ្វើឱ្យអ្នកមិនមាន សុវត្ថិភាពក្នុងការរស់នៅនោះទេ ថែមទាំងធ្វើឱ្យអ្នកគ្មានផាសុកភាពថែមទៀតផង។ ព្រោះគ្មានខ្យល់អាកាស និងពន្លឺចេញចូលបានគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវិតដែលអាចបណ្ដាលឱ្យសុខភាពរបស់លោកអ្នកចុះទ្រុឌទ្រោមបាន។
មូលហេតុនៃការមិនគោរពស្ដង់ដារផ្ទះល្វែង
មានមូលហេតុជាច្រើនដែលនាំឱ្យផ្ទះល្វែងនៅក្នុងប្រទេសមានលក្ខណៈមិនគ្រប់គ្រាន់ទៅតាមស្ដង់ដារបច្ចេកទេស។ តែ ហេតុផលទាំងនោះមានការជាប់ពាក់ព័ន្ធគ្នា ហើយមិនអាចបន្ទោសតែម្ខាងៗបានដែរ។
1. អ្នកបច្ចេកទេសគ្មានសមត្ថភាព ៖ ដោយសារតែប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន៍ហើយទើបតែងើបចេញពី សង្គ្រាមនោះ ដូច្នេះនៅមានការខ្វះខាតផ្នែកធនធានមនុស្សច្រើន។ បើទោះបីជាអ្នកជំនាញមានការសិក្សានិងបទពិសោធន៍ក្នុងការងារ បានច្រើនក៏ដោយតែអ្នកជំនាញទាំងនោះនៅខ្វះការសិក្សានៅឯបរទេសពីបច្ចេកទេសថ្មីៗសម្រាប់យកមកអនុវត្ដន៍នៅក្នុងប្រទេស។
2. អ្នកបច្ចេកទេសគ្មានឱកាស ៖ សេដ្ឋកិច្ចទីផ្សារសេរីក្នុងប្រទេសបើកឱកាសអ្នកជំនួញជាច្រើនបានមកធ្វើវិនិយោគទុន ដើម្បីរកប្រាក់ចំណេញ។ ក្រុមហ៊ុនទាំងនោះបានជួលអ្នកជំនាញដើម្បីធ្វើការងារសាងសង់ផ្ទះល្វែងដោយតម្រូវទៅតាមការកំណត់ របស់ពួកគេជាប្រធាន ដោយធ្វើយ៉ាងណាចំណាយឱ្យអស់តិចហើយទទួលចំណូលវិញឱ្យបានច្រើនដោយមិនគិតពីស្ដង់ដារអ្វីទាំងអស់។
3. អ្នកទិញខ្វះការយល់ដឹង ៖ លោកអ្នកមួយចំនួនមិនបានយល់ពីអ្វីទៅដែលហៅថាផ្ទះដែលមានស្ដង់ដារនោះទេ។ ភាគ ច្រើនពួកគាត់ទៅទិញដោយសម្លឹងទៅលើសោភ័ណភាពផ្ទះតម្លៃសមរម្យអាចទទួលយកបានទិញហើយងាយស្រួលរកស៊ី។ល។ ដោយ មិនខ្វាយខ្វល់ពីការប្រឈមនៅពេលខាងមុខនោះឡើយ។
ផលប៉ះពាល់នៃផ្ទះល្វែងដែលគ្មានស្ដង់ដារ
ផ្ទះគឺជាជម្រកមួយដ៏ប្រសើរ និងធ្វើឱ្យជីវិតមានភាពរស់និយមប្រសិនបើលោកអ្នករស់នៅផ្ទះដែលគ្មានស្ដង់ដារត្រឹមត្រូវ ធ្វើឱ្យលោកអ្នករស់នៅទាំងប្រថុយប្រថាន និងភ័យខ្លាច ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពទាំងផ្លូវចិត្ដ និងផ្លូវកាយ។ ព្រោះមិនមាន ខ្យល់ចេញចូលគ្រប់គ្រាន់។ ផ្ទះល្វែងភាគច្រើនចម្លងម៉ូតពីរបរទេសទាំងស្រុងឬខ្លះៗដោយមិនមានលក្ខណៈជាម៉ូតរបស់ខ្មែរ ដែល ធ្វើឱ្យពួកបរទេសវាយតម្លៃប្រទេសរបស់យើងទៅតាមការយល់ឃើញរបស់ពួកគេរៀងៗខ្លួន។
គួរធ្វើយ៉ាងណាដើម្បីឱ្យផ្ទះល្វែងមានស្ដង់ដារត្រឹមត្រូវ?
ដើម្បីកាត់បន្ថយការសាងសង់ផ្ទះល្វែងដែលមិនស្របទៅតាមស្ដង់ដារត្រឹមត្រូវនោះ គឺអាស្រ័យទៅលើការពង្រឹងសមត្ថភាព និងសមត្ថកិច្ចរបស់មន្ដ្រីរាជការ ជាពិសេសអ្នកដែលមានសិទ្ធិទទួលការខុសត្រូវឬអ្នកដែលមានសិទ្ធិចុះហត្ថលេខាអនុញ្ញាត លើរាល់ឯកសារប្លង់ផ្ទះល្វែង។ មុននឹងធ្វើការសាងសង់ត្រូវឱ្យមានការត្រួតពិនិត្យត្រឹមត្រូវ និងម៉ត់ចត់ចៀសវាងការធ្វេសប្រហែស ឬ មានការឃុបឃិតគ្នា។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកដែលមានបំណងទិញផ្ទះល្វែង ឬក៏សាងសង់ផ្ទះដោយខ្លួនឯងនោះគួរគប្បីគិតទៅលើបញ្ហាស្ដង់ដារជាចម្បង។ លោកអ្នកគួរតែរកអ្នកជំនាញត្រឹមត្រូវទាំងផ្នែកគូសប្លង់ និងអ្នកបច្ចេកទេសសាងសង់ក្នុងការសាងសង់ផ្ទះនិងមិនគួរសន្សំសំចៃការចំ ណាយលើការសាងសង់នោះពេកទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧
Leave a Reply