សុខភាពល្អ ការងារប្រសើរ។ ការងារគឺជាមុខរបរមួយ ដែលជួយទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃឲ្យកាន់តែប្រសើរឡើង។ ប៉ុន្តែបើសិនជាសុវត្ថិភាពសុខភាពការងាររបស់អ្នកធ្វើការ មានផលរំខាន ដោយសារជម្ងឺផ្សេងៗព្រោះតែការងារ នោះប្រាក់ចំណូលនៅក្នុងគ្រួសារនឹងត្រូវបានបាត់បង់ជំហ។ ក្នុងប្រទេសជឿនលឿន និន្នាការនៃគ្រោះថ្នាក់ដល់ជីវិតក្នុងការងារបានថយចុះ ប៉ុន្តែនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នៅទ្វីបអាស៊ី និងអាមេរិកឡាទីនវិញ អត្រាគ្រោះថ្នាក់ការងារកើនឡើងគួរឲ្យព្រួយបារម្ភ។
ទិវាសុវត្ថិភាព និងសុខភាពពិភពលោកនៅកន្លែងធ្វើការ នាថ្ងៃទី២៨ មេសា ដែលទើបកន្លងផុតទៅថ្មីៗនេះ មានតាំងពីឆ្នាំ១៩៩៦មកហើយ។ ប៉ុន្តែទិវានេះ ទើបតែបានផ្តួចផ្តើមប្រារព្ធជាទូទៅនៅពេញពិភពលោកនៅឆ្នាំ២០០៣ប៉ុណ្ណោះ ដើម្បីជំរុញឲ្យមានការគិតគូរដល់សុវត្ថិភាព ក្នុងពេលបំពេញការងារ ដោយឈរលើទស្សនៈការពារប្រសើរជាងព្យាបាល និងការពារប្រឆាំងនឹងគ្រោះថ្នាក់ក្នុងពេលធ្វើការ ការពារកុំឲ្យមានជម្ងឺព្រោះការងារ។ នេះបើយោងតាមការចេញផ្សាយរបស់វិទ្យុបារាំង។
សារព័ត៌មានដដែលនេះបានបន្តថា អង្គការសុខភាពពិភពលោក និងការិយាល័យពលកម្មអន្តរជាតិ បានចេញរបាយការណ៍មួយនៅថ្ងៃទិវាសុវត្ថិភាពការងារថា កាលពីឆ្នាំ២០១១កន្លងទៅនេះ មានបុគ្គលិក កម្មករ អ្នកធ្វើការចំនួន ២លាន២សែននាក់ស្លាប់ ជារៀងរាល់ឆ្នាំ ពោលគឺ៥ពាន់នាក់ក្នុងមួយថ្ងៃ នៅលើពិភពលោក ដោយហេតុតែគ្រោះថ្នាក់ ឬជម្ងឺក្នុងក្របខ័ណ្ឌការងារ។ អត្រាអ្នកស្លាប់ និងអ្នកឈឺព្រោះការងារ កើនឡើងជាលំដាប់ ព្រោះតែភាពជឿនលឿន និងលូតលាស់ខ្លាំងក្នុងវិស័យឧស្សាហកម្ម។ ចំណែកឯគ្រោះថ្នាក់មិនស្លាប់នៅកន្លែងធ្វើការវិញ មានប្រមាណជាជិត ២៦៨លានករណី ក្នុងមួយឆ្នាំៗ។ ហេតុដូច្នេះហើយបានជាអង្គការសុខភាពពិភពលោក និងការិយាល័យពលកម្មអន្តរជាតិ អំពាវនាវឲ្យមានការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលវប្បធម៌ការពារសុវត្ថិភាពសុខភាព។
គ្រោះថ្នាក់ដល់ជីវិតបានថយចុះ ក្នុងប្រទេសឧស្សាហកម្មរីកចម្រើនខ្លាំងក៏ពិតមែន ប៉ុន្តែរោគាដែលបង្កឡើងដោយការងារ បានកើនឡើងនៅគ្រប់ទិសទីទាំងអស់។ ជម្ងឺដែលគេតែងជួបប្រទះញឹកញាប់ជាងគេ មានដូចជា ជម្ងឺផ្លូវចិត្ត ជម្ងឺមហារីក (បង្កឡើងដោយការប្រឈមមុខសារធាតុគីមីពុល) ជម្ងឺរលាកសាច់ដុំឬឆ្អឹង ជម្ងឺផ្លូវដង្ហើម ជម្ងឺរលាកសួត ជម្ងឺខូចត្រចៀក (ថ្លង់) ជម្ងឺស្ទះសរសៃឈាម (ជម្ងឺសរសៃឈាម) ជម្ងឺឆ្លង និងជម្ងឺជាច្រើនផ្សេងទៀត។
បើតាមរបាយការណ៍ដដែលនេះ បានឲ្យដឹងថាវិស័យកសិកម្ម ដែលស្រូបយកកម្លាំងពលកម្មបានពាក់កណ្តាល និងដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍ភាគច្រើននោះ បានសម្លាប់ជីវិតមនុស្សប្រមាណ៧ម៉ឺននាក់ក្នុងមួយឆ្នាំដោយមូលហេតុ ពុលថ្នាំសម្លាប់សត្វល្អិត។ ការណ៍នេះគេមិនបានរាប់បញ្ចូលទាំងចំនួនអ្នកស្លាប់ដោយមូលហេតុផ្សេងទៀត និងមិនបានគិតពីចំនួនអ្នករងគ្រោះដោយកើតជម្ងឺរ៉ាំរ៉ៃដ៏សន្ធឹកសន្ធាប់ផ្សេងទៀតនោះផងទេ។
ដូច្នេះដើម្បីសុវត្ថិភាពសុខភាពការងារ មានលក្ខណៈល្អប្រសើរ សូមអ្នកបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ជាពិសេស កម្មករ កម្មការនីបម្រើការនៅតាមបណ្តារោងចក្រសហគ្រាសផ្សេងៗទាំងអស់ ត្រូវគិតគូរឡើងវិញអំពីរបបអាហារ ដែលទទួលទានប្រចាំថ្ងៃ និងសម្រាន្តឲ្យបានគ្រប់គ្រាន់ដើម្បីមានកម្លាំងធ្វើការនៅថ្ងៃស្អែកបន្តទៀត។ សូមចងចាំថា អាហារដែលលោកអ្នកបរិភោគ គឺជាអាហារដែលសម្បូរដោយជីវជាតិ និងសារជាតិគ្រប់គ្រាន់ និងមានអនាម័យផងដែរ។ សុខភាពល្អ ការងារបវររុងរឿង!
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១១ ឧសភា ឆ្នាំ ២០១២
Leave a Reply