អស់រយៈពេលប្រមាណ២៥ឆ្នាំមកហើយ ដែលមេរោគអេដស៍បានរាតត្បាតនៅលើពិភពលោក។ ប្រទេសកម្ពុជាក៏ជា ប្រទេសមួយដែលឆ្លង និងរីករាលដាលយ៉ាងខ្លាំងអស់រយៈពេល១៦ឆ្នាំ (ឆ្នាំ១៩៩១-២០០៧)មកហើយដែរ។ឥឡូវអត្រាដ៏ខ្ពស់នៅ ប្រទេសកម្ពុជាបានថយចុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ ការធ្លាក់ចុះនេះ មិនមែនមានន័យថាការរាតត្បាតនៃជម្ងឺអេដស៍លែងចោទ ជាបញ្ហានោះទេ។ ក៏ប៉ុន្ដែជាមោទនៈភាពរបស់កម្ពុជាដែលត្រូវបានសកលលោកទទួលស្គាល់ថាជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ដែល អាចកាត់បន្ថយការរាលដាលនៃជម្ងឺអេដស៍បានដោយជោគជ័យ។
ទស្សនាវដ្ដី សុខភាពយើង នឹងបង្ហាញពីតួលេខប៉ាន់ស្មានអត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាសម្រាប់ឆ្នាំ២០០៦និងយុទ្ធ សាស្ដ្ររបស់រដ្ឋាភិបាល ដើម្បីបន្ដការកាត់បន្ថយអត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាបន្ថែមទៀត នាពេលអនាគត។
ប្រភពទិន្នន័យនៃអត្រាមេរោគអេដស៍
បច្ចុប្បន្នប្រទេសកម្ពុជា មានប្រភពទិន្នន័យជាច្រើនដែលទាក់ទងទៅនឹងអត្រាផ្ទុកមេរោគអេដស៍។ ក្រុមអ្នកបច្ចេកទេស អន្ដរជាតិមកពីស្ថាបន័ផ្សេងៗ បានស្វែងរកនូវវិធីសាស្ដ្ររួមមួយច្របាច់បញ្ចូលជាមួយទិន្នន័យទាំងនោះដូចជាទិន្នន័យការអង្កេតអត្រា ផ្ទុកមេរោគអេដស៍២០០៦ ការអង្កេតប្រជាសាស្ដ្រ និងសុខភាពឆ្នាំ២០០៥និងទិន្នន័យស្ថិតិប្រជាពលរដ្ឋដែលបានមកពីវិទ្យាស្ថានជាតិ ស្ថិតិ។ ក្នុងគោលបំណងរកឱ្យឃើញនូវតួលេខមួយដែលមានភាពសុក្រឹតក្នុងកម្រិតមួយដែលអាចទទួលយកបាន។ លទ្ធផលដែលរកឃើញបានបង្ហាញនូវតួលេខរួមមួយសម្រាប់តំណាងឱ្យអត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាចាប់ពីអាយុ១៥ដល់៤៩ឆ្នាំ។
ការថយចុះនៃអត្រាប្រេវ៉ាឡង់មេរោគអេដស៍
អត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាពលរដ្ឋទូទៅអាយុពី១៥ដល់៤៩ឆ្នាំក្នុងឆ្នាំ២០០៦រកឃើញមានចំនួន០.៩ភាគ រយដែលស្មើនឹង៧ម៉ឺននាក់។ ចំនួនទាំងនេះបានបង្ហាញថាមានការធ្លាក់ចុះបើប្រៀបធៀបទៅនឹងអត្រាមេរោគអេដស៍ឆ្នាំ២០០៣ ដែល មានចំនួន១.២ភាគរយ។
ជាមួយគ្នានេះនៅឆ្នាំ២០០៧ មានចំនួនអ្នកផ្ទុកមេរោគអេដស៍ចំនួន២ម៉ឺននាក់ក្នុងនោះមានកុមារចំនួន២ពាន់នាក់កំពុង ទទួលឱសថពន្យារជីវិត និង១ម៉ឺន២ពាន់នាក់កំពុងទទួលការថែទាំជម្ងឺឱកាសនិយម។ ក្រៅពីនេះអ្នកផ្ទុកមេរោគអេដស៍មានសុខភាព ល្អ ដែលតាមការប៉ាន់ស្មានប្រមាណ៥០ភាគរយ អ្នកទាំងនោះមិនដឹងខ្លួនថាមានផ្ទុកមេរោគអេដស៍នោះទេ។
ក្ដីកង្វល់នៃការរាលដាលជម្ងឺអេដស៍ដែលប្រឈមខ្ពស់
បើទោះបីជាអត្រាផ្ទុកមេរោគអេដស៍ធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏សក្ដានុពលនៃភាពរីករាលដាលថ្មីនៅតែមាននៅឡើយ។ ក្រុមអ្នកប្រើប្រាស់គ្រឿងញៀន និងក្រុមបុរសស្រឡាញ់បុរស ជាបញ្ហាត្រូវទប់ស្កាត់និងផ្ដោតការយកចិត្ដទុកដាក់បន្ថែមទៀត។ ការ ឆ្លងមេរោគអេដស៍បន្ថែមទៅលើអ្នកដែលផ្ទុកមេរោគអេដស៍ស្រាប់ជាកត្ដាដ៏គ្រោះថ្នាក់មួយដែលធ្វើឱ្យមេរោគអេដស៍មានភាពស៊ាំ ទៅនឹងថ្នាំ និងធ្វើឱ្យស្ថានភាពសុខភាពរបស់អ្នកជម្ងឺចុះដុនដាបកាន់តែលឿន។
យុទ្ធសាស្ដ្របន្ដរបស់រាជរដ្ឋាភិបាល
ដោយសារតែជម្ងឺអេដស៍នៅតែជាបញ្ហាចោទរបស់ប្រទេសកម្ពុជា ដូច្នេះរដ្ឋាភិបាលបានបង្កើតនូវយុទ្ធសាស្ដ្រចម្បងចំនួន២ សម្រាប់ការធានាមិនឱ្យមានការផ្ទុះឡើងជាថ្មីនៃជម្ងឺអេដស៍។ យុទ្ធសាស្ដ្រទាំងនោះរួមមានការការពារនិងការផ្ដល់ថ្នាំពន្យារជីវិត និង សេវាថែទាំដល់អ្នកមានផ្ទុកមេរោគអេដស៍។ ដើម្បីឱ្យសម្រេចបានជោគជ័យយុទ្ធសាស្ដ្រទាំង២នេះត្រូវដើរទន្ទឹមគ្នា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧
Leave a Reply