ក្រៅពីទម្រង់ផ្ទៃមុខ សោភ័ណទាក់ទាញក៏មានការរួមចំណែកពីធ្មេញក្រោយបបូរមាត់ផងដែរ។ ដូច្នេះធ្មេញដុះត្រង់ជួរ និង ពណ៌សរលោងជាក្ដីប្រាថ្នារបស់មនុស្ស។ លោកអ្នកនាង ពិសេសតរុណីឬស្រីក្រមុំច្បាស់ជាបាត់ភាពក្លាហានលែងហ៊ានសើច និងញញឹម លែងស្រស់ស្រាយក្នុងចំណោមអ្នកដទៃ បើសិនជាធ្មេញខ្មៅ ឬលឿងនោះ។ ក្រៅពីកង្វះការថែរក្សាយកចិត្ដទុកដាក់ពីសាមីខ្លួន ធ្មេញ ខ្មៅឬលឿងពីកំណើតដែលមិនអាចដុសខាត់សម្អាតដោយខ្លួនឯងបានក៏ជាមូលហេតុមួយផងដែរ។
ដើម្បីចៀសវាងការជួបប្រទះបាតុភូតមិនល្អដូចនេះ លោកទន្ដបណ្ឌិត ចៅ ប៊ុនហ៊ាន ប្រចាំគ្លីនិកទន្ដសាស្ដ្ររំចង់បានចូលរួម បកស្រាយពីមូលហេតុ ផលប៉ះពាល់ ការព្យាបាលធ្មេញខ្មៅ ឬលឿង និងវិធីបង្ការផ្សេងៗតាមរយៈទស្សនាវដ្ដីសុខភាពយើង។
មូលហេតុធ្មេញខ្មៅ ឬលឿង
- កត្ដារួមផ្សំខាងក្រៅ ៖ ធ្មេញខ្មៅឬលឿងអាចបណ្ដាលពីការទទួលទានអាហារប្រភេទខ្លះដែលមានជាតិជ័រស្អិតដូចជា កាហ្វេ តែ ការជក់បារីជាដើម ហើយមិនបានសម្អាតត្រឹមត្រូវ ធ្វើឱ្យកំណកជ័រទាំងនោះស្អិតជាប់តាមកន្លៀតធ្មេញពិសេសកន្លែងដែល សម្អាតមិនដល់។
- កត្ដាពីកំណើត ៖ ការប្រើប្រាស់ថ្នាំរបស់ស្ដ្រីពពោះមានឥទ្ធិពលខ្ពស់ដល់ទារកក្នុងផ្ទៃដូចជាពពួកថ្នាំផ្សះតេត្រាស៊ីគ្លីន ជាដើម ធ្វើឱ្យធ្មេញកូនដែលកើតមក នឹងមានសម្បុរមិនល្អ អាចខ្មៅ ឬលឿង មានឆ្នូតៗ និងមិនរឹងមាំយូរអង្វែងទេ។
- កត្ដាខ្វះជាតិរ៉ែ ៖ ស្ដ្រីពពោះបរិភោគមិនគ្រប់គ្រាន់ ឬក្មេងកើតមកហើយខ្វះអាហារបំប៉ន ខ្វះជាតិរ៉ែដូចជាកាល់ស្យូម ផ្លុយអរជាដើមក៏អាចបណ្ដាលឱ្យធ្មេញមានពណ៌មិនល្អដែរ។
- ធ្មេញស្លាប់ ៖ នេះជាលក្ខខណ្ឌពិសេសមួយដែលបណ្ដាលឱ្យធ្មេញមានពណ៌ខ្មៅ។ ដើមឡើយធ្មេញនោះមានពណ៌សម្បុរស ដូចធ្មេញឯទៀតដែរ ប៉ុន្ដែក្រោយពេលមានប៉ះទង្គិចធ្ងន់ ឬធ្មេញពុកផុយដោយកត្ដាផ្សេងៗធ្វើឱ្យប៉ះពាល់ដល់សរសៃបណ្ដូលធ្មេញ ធ្មេញនោះនឹងស្លាប់។ អាការធ្មេញស្លាប់ គឺធ្មេញនោះលែងធ្វើឱ្យដឹងស្រៀវ ហើយបន្ទាប់មកធ្មេញនោះនឹងប្រែពណ៌ជាខ្មៅ។
ផលប៉ះពាល់ធ្មេញខ្មៅ ឬលឿង
- ធ្មេញខ្មៅ ឬលឿងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ ក្រៅពីសម្រស់លើផ្ទៃមុខត្រូវធ្លាក់ចុះមួយកម្រិត។ ម្យ៉ាងទៀតក៏អាចមានផលរំខានក្នុងការប្រាស្រ័យទាក់ទងឱ្យមានភាពទាក់ទាញព្រោះធ្មេញខ្មៅឬលឿងធ្វើឱ្យលោកអ្នកបាត់បង់ខ្លះនូវភាពស្រស់ស្រាយនិងភាពក្លាហាន ដែលជាប្រភពនៃប្រជាប្រិយភាព។ ធ្លាក់ចុះនូវចំណាប់អារម្មណ៍រវាងអន្ដរបុគ្គលគេពិតជាងាយបែរខ្នងឱ្យលោកអ្នក។ ប្រការគួរដឹងផងដែរ ធ្មេញខ្មៅ ឬលឿងពីកំណើតដោយការប្រើថ្នាំរបស់មាតាមិនសូវមាំទាំដូចធ្មេញធម្មតានោះទេ។
ការព្យាបាលធ្មេញខ្មៅ ឬលឿង
- បាញ់កាំរស្មី ៖ គ្រូពេទ្យជំនាញអាចប្រើរយៈពេលប្រមាណ១ម៉ោងពេលនោះធ្មេញលោកអ្នកអាចសស្អាតបានរយៈពេល ប្រហែល២ឆ្នាំ។
- ខាំពុម្ព ៖ គ្រូពេទ្យធ្វើពុម្ពជ័រថ្លាមួយតម្រូវតាមធ្មេញរបស់អតិថិជន។ ការខាំពុម្ពនេះលោកអ្នកអាចយកទៅធ្វើនៅផ្ទះ ដោយខ្ល្លួនឯងពេលទំនេរ ដោយមានប្រើថ្នាំខ្លះដាក់នៅក្នុងពុម្ព រួចពាក់ចូលក្នុងមាត់លើធ្មេញជារៀងរាល់ថ្ងៃហើយលោកអ្នកអាចធ្វើ ការងារដូចប្រក្រតី។ ការធ្វើឱ្យធ្មេញសតាមរយៈការខាំពុម្ពនេះ ប្រើរយៈពេលប្រមាណពី១ខែទៅ២ខែ។ អ្នកជម្ងឺត្រូវវិលមកជួបអ្នក ជំនាញតាមការណាត់ដើម្បីត្រួតពិនិត្យបម្រែបម្រួលសម្បុរធ្មេញ។
- បិទសម្បកធ្មេញ ៖ ដំបូងអ្នកជំនាញ នឹងឆាបស្រទាប់ធ្មេញក្រៅចោលមួយស្រទាប់ស្ដើងហើយដាក់ស្រទាប់ធ្មេញសិប្បនិ ម្មិតថ្មីពណ៌សថ្លាស្អាត បិទភ្ជាប់លើធ្មេញដែលបានឆាបដោយប្រើស៊ីម៉ងត៍ពិសេស។ សម្បកធ្មេញសិប្បនិម្មិតនេះធ្វើពីសារធាតុប៉សឺឡែន ឬក៏សេរ៉ាមីក ដែលអាចធ្វើឱ្យធ្មេញសមួយជីវិត។ ជាទូទៅការបិទសម្បកធ្មេញនេះគេធ្វើតែធ្មេញ៦ខាងមុខប៉ុណ្ណោះ។
- លាងសម្អាត ៖ ការដុសខាត់លាងសម្អាតអាចធ្វើបានចំពោះតែធ្មេញសពីកំណើតដែលការឡើងខ្មៅឬលឿងបណ្ដាលពី ការតោងជាប់ដោយកម្អែលជ័រកាហ្វេ ឬតែ តែប៉ុណ្ណោះ។
- ព្យាបាលធ្មេញស្លាប់ពណ៌ខ្មៅ ៖ ធ្មេញស្លាប់ពណ៌ខ្មៅអាចធ្វើឱ្យសបានតាមរយៈពីរវិធី។ វិធីទី១អាចរក្សាធ្មេញធម្មជាតិ ដែលស្លាប់ឱ្យនៅដដែលបាន តែប្រើថ្នាំពិសេសដាក់ឱ្យសពីខាងក្នុង ដោយប្រើរយៈពេលមួយសបា្ដហ៍។ រីឯវិធីទី២គឺជាវិធីចុងក្រោយ ដែលត្រូវដាក់ធ្មេញសិប្បនិម្មិតពណ៌សស្អាតជំនួសធ្មេញស្លាប់។
ការបង្ការមិនឱ្យធ្មេញខ្មៅ ឬលឿង
មានប្រការគួរអនុវត្ដជាច្រើន ដើម្បីកុំឱ្យធ្មេញខ្មៅឬលឿង ៖
- មិនគួរទទួលទានអាហារដែលមានជាតិជ័រស្អិត ដូចជាកាហ្វេ តែ ឬបារីច្រើនពេកទេ។ ហើយគួរសម្អាតឱ្យបានញឹកញាប់ ពិសេសក្រោយពេលទទួលទានពពួកអាហារទាំងនោះ។
- ស្ដ្រីពពោះមិនគួរទទួលទានថ្នាំដោយចិត្ដឯង ឬគ្មានការប្រឹក្សាពីគ្រូពេទ្យជំនាញឡើយ។ លើសពីនេះក៏គួរបំប៉នអាហារ ទាំងកំពុងមានផ្ទៃពោះ កំពុងបំបៅកូន និងឱ្យកូនបរិភោគអាហារបានឱ្យបានគ្រប់គ្រាន់ រួមទាំងជាតិកាល់ស្យូមនិងជាតិផ្លុយអរផង។ សារធាតុទាំងនេះមាននៅក្នុងទឹកដោះគោ និងថ្នាំគ្រាប់ជាតិផ្លុយអរ ជាតិកាល់ស្យូមជាជំនួយ។ តែមុនប្រើថ្នាំពេទ្យ គួរប្រឹក្សាជាមួយ គ្រូពេទ្យជំនាញសិន។ ក្រៅពីនេះ សូមកុំព្យាយាមខាំរបស់រឹងឬធ្វើឱ្យប៉ះទង្គិចធ្ងន់ធ្ងរដល់ធ្មេញ។
ដំបូន្មានអ្នកប្រឹក្សា
បើចង់ឱ្យធ្មេញសស្អាត សុខភាពល្អ លោកអ្នកគួរឈប់ពិសាបារី។ លោកអ្នកគិតមើលថាធ្មេញដែលយើងអាចដុសសម្អាតបានក៏គង់នឹងខ្មៅអមដោយក្លិនមិនល្អ ចុះទម្រាំសួតដែលយើងមិនអាចដុសខាត់បាននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរកម្រិតណា។ ម្យ៉ាងទៀតគួរកាត់បន្ថយការទទួលទានតែ និងកាហ្វេ។ ហើយសូមជួបប្រឹក្សាជាមួយអ្នកជំនាញបើធ្មេញមានបញ្ហាចោទ ឬចង់ឱ្យធ្មេញស រលោង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨
Leave a Reply