នៅពេលមានផ្ទៃពោះ ស្ដ្រីគ្រប់រូបអាចពើបប្រទះនឹងបាតុភាពគ្រោះថ្នាក់ជាច្រើន ទាំងនៅពេលពពោះ និងនៅពេលសម្រាល។ ដោយសារប្រការអស់ទាំងនេះហើយ ទើបនៅពេលមានផ្ទៃពោះក្រសួងសុខាភិបាលទទូចឱ្យស្ដ្រីទាំងអស់ទៅពិនិត្យពោះ និងសម្រាលកូននៅមន្ទីរពេទ្យ។ ប្រការគ្រោះថ្នាក់អាចកើតឡើងពីការធ្វេសប្រហែសរបស់ស្ដ្រីខ្លួនឯងផ្ទាល់ ឬក៏គ្រូពេទ្យតួយ៉ាង ដូចជាបញ្ហាធ្លុះ ឬធ្លាយស្បូនដែលអាចបណ្ដាលឱ្យស្ដ្រីជាម្ដាយ និងកូនបាត់បង់ជីវិតបាន។
ដើម្បីជម្រាបជូនលោកអ្នកក៏ដូចជាស្ដ្រីមានផ្ទៃឱ្យមានការប្រុងប្រយ័ត្នពីបញ្ហាធ្លុះ ឬធ្លាយស្បូននេះសូមស្វែងយល់តាមរយៈ កិច្ចសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ថៃហ្វា វីហ្គង់ ឯកទេសសម្ភព និងរោគស្ដ្រីនៅមន្ទីរពេទ្យព្រះកុសមៈជាមួយទស្សនាវដ្ដី សុខភាពយើង។
ធ្លុះឬធ្លាយស្បូន គឺជាអ្វី?
ជាទូទៅបញ្ហាធ្លុះស្បូននេះគឺកើតមានពី២ទៅ៥ភាគរយ ជាផលវិបាកមួយដែលគេជួបប្រទះនៅពេលមានការបឺតឬកាយ សម្អាតក្នុងស្បូនដែលប្រព្រឹត្ដទៅនៅពេលរំលូតកូន ពេលរលូតកូន ពេលធ្លាក់ឈាមខ្លាំងឬពេលសង្ស័យថាមានដុំមហារីករបស់ស្រទាប់ រដូវ។ មានមធ្យោបាយពីរដែលគេប្រើពេលសម្អាតស្បូន គឺការប្រើបំពង់បឺត និងការប្រើក្រវ៉ាកាយ។ ប្រដាប់ទាំងពីរនេះអាចធ្វើឱ្យ ធ្លុះស្បូនដូចគ្នា ដែលអាចកើតឡើង គឺអាស្រ័យនឹងស្ថានភាពស្បូន ស្ថានភាពមាត់ស្បូននិងបទពិសោធរបស់គ្រូពេទ្យ។
រោគសញ្ញានៃការធ្លុះ ឬធ្លាយស្បូន
រោគសញ្ញាដែលធ្វើឱ្យយើងគិតដល់ធ្លុះឬធ្លាយស្បូន គឺអ្នកជម្ងឺឈឺខ្លាំងនិងមានស្ថានភាពឡេះឡះឈាមហូរចេញមកក្រៅ កាន់តែច្រើន សម្ពាធឈាមរបស់អ្នកជម្ងឺកាន់តែទាប រីឯចង្វាក់បេះដូងកាន់តែញាប់ហើយបំពង់បឺតឬក្រវ៉ាកាយអាចរុលចូលកាន់តែ ជ្រៅទៅក្នុងស្បូន។ បើសិនជាពិនិត្យអេកូសាស្ដ្រអាចធ្វើឱ្យការធ្វើរោគវិនិច្ឆ័យកាន់តែច្បាស់ដោយបង្ហាញពីទឹកឬឈាមនៅក្នុងពោះ និងឃើញប្រដាប់ប្រដាបឺតឬកាយរបស់គ្រូពេទ្យចេញផុតពីស្បូនចូលទៅក្នុងពោះ។ អេកូសាស្ដ្រអាចឱ្យគ្រូពេទ្យបន្ដការបឺតឬកាយនូវអ្វី ដែលនៅក្នុងស្បូនបន្ដទៀត ដោយជួយកំណត់ទីតាំងនៃកន្លែងធ្លាយនិងកន្លែងដែលចាំបាច់ត្រូវបឺត ឬកាយ។
ក្នុងករណីដែលគ្មានអេកូសាស្ដ្រ ការបឺតឬកាយត្រូវតែបញ្ឈប់នៅពេលសង្ស័យថាមានធ្លុះ ឬធ្លាយស្បូន។ នៅពេលនោះគឺមានបញ្ហាពីរដែលកើតឡើងគឺការហូរឈាមនៅខាងក្នុងស្បូននិងការសល់ខាងក្នុងស្បូននូវអ្វីដែលគ្រូពេទ្យចង់បឺតឬកាយយកចេញនៅ មុនពេលដែលស្បូនមិនទាន់ធ្លុះធ្លាយ។
ការព្យាបាលបញ្ហាធ្លុះ ឬធ្លាយស្បូន
គ្រប់ករណីធ្លុះឬធ្លាយស្បូន អ្នកជម្ងឺមិនប្រាកដថាត្រូវតែទទួលការវះកាត់ដើម្បីដេរភ្ជិតស្បូនវិញទេ។ បើសិនជាស្ថានភាពអ្នក ជម្ងឺនៅល្អ អ្នកជម្ងឺត្រូវនៅសម្រាកពេទ្យពី២ទៅ៣ថ្ងៃ ដើម្បីទទួលការព្យាបាលនិងតាមដានក្នុងបំណងចៀសវាងការហូរឈាម និង មេរោគរាតត្បាតចូលទៅក្នុងពោះ។ ផ្ទុយទៅវិញបើសិនជាស្ថានភាពអ្នកជម្ងឺបង្ហាញថាមានបន្ដការហូរឈាមនៅខាងក្នុងពោះ ឬចេញ មកខាងក្រៅស្បូន អ្នកជម្ងឺត្រូវទទួលការវះកាត់ជាបន្ទាន់។ ការវះកាត់អាចត្រឹមតែរកមើលក្រែងមានធ្លុះសរីរាង្គណាផ្សេងទៀត ដូចជាប្លោកនោម ឬពោះវៀន ដើម្បីដេរភ្ជិតកន្លែងដែលធ្លុះឬក៏អាចឈានទៅដល់ការកាត់ស្បូនចោល ដើម្បីឃាត់ឈាម។
ដំបូន្មានអ្នកជំនាញ
ដូចនេះរាល់ការបឺតឬកាយកូន ឬសម្អាតស្បូនដែលមានដាក់ប្រដាប់ប្រដាចូលទៅក្នុងស្បូនសូមលោកស្រីអ្នកនាងទាំងអស់ មេត្ដាជ្រើសរើសរកទីកន្លែង និងគ្រូពេទ្យដែលមានសមត្ថភាពទើបអាចដោះស្រាយបាននៅពេលដែលបញ្ហាធ្លុះឬធ្លាយស្បូនមកដល់។ ការទៅរកគ្រូពេទ្យដែលមិនមានជំនាញហាក់បីដូចជាលោកស្រីអ្នកនាងទៅរកភាពគ្រោះថ្នាក់ដូច្នេះដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨
Leave a Reply