ពងស្វាសបុរសមានតួនាទីសំខាន់ណាស់ ក្នុងការបង្កើតនូវអ័រម៉ូននិងកោសិកាបន្ដពូជដែលមានឈ្មោះថាស្ពែម៉ាតូសូអ៊ីត។ ពងស្វាសអាចមានជម្ងឺច្រើនមុខ ដូចជាមហារីក រលាក របេង រមួលជាដើម។ រីឯជម្ងឺពីកំណើតមានដូចជាពងទកពងកោបជាដើម។ ពេលឃើញនរណាម្នាក់មានប្លោកពងស្វាសធំ លោកអ្នកតែងគិតថាអ្នកនោះពងកោបទោះពងស្វាសនោះធំតែម្ខាង ឬទាំងសងខាងក៏ ដោយ។
ទស្សនាវដ្ដី សុខភាពយើង បានជួបលោកវេជ្ជបណ្ឌិត ប៊ុន ហុក ប្រធានផ្នែកម៉ូត្រសាស្ដ្រនៃមន្ទីរពេទ្យព្រះកុសុមៈដើម្បី បកស្រាយអំពីជម្ងឺពកកោបជូនប្រិយមិត្ដជ្រាប។
អ្វីទៅជាជម្ងឺពងកោប?
ពងកោបគឺសំដៅទៅលើបុរសឬក្មេងប្រុសណាដែលមានពងស្វាសម្ខាងធំ និងម្ខាងធម្មតា។ តាមកាយវិភាគវិទ្យាលើពង ស្វាស គេបានដឹងថាពងស្វាសមានស្រោមពីរជាន់គឺស្រោមទីមួយស្ថិតនៅស្រោបជុំវិញជាប់នឹងពងស្វាសនិងស្រោមទីពីរនៅគ្របពី ក្រៅស្រោមទីមួយ(ស្រោមក្នុង)។ ជម្ងឺពងកោបបណ្ដាលមកពីវត្ដមានវត្ថុរាវថ្លានៅចន្លោះស្រោមទីមួយ(ស្រោមក្នុង) និងស្រោម ទីពីរ(ស្រោមក្រៅ)។ វត្ថុរាវនោះមិនអាចកំណត់បរិមាណតិចឬច្រើនទេតែវានឹងអាចធ្វើឱ្យប្លោកពងស្វាសរបស់អ្នកជម្ងឺមានទំហំតូច ឬធំទៅតាមបរិមាណវត្ថុរាវនោះដែរ។ ជម្ងឺពងកោបអាចកើតលើមនុស្សគ្រប់វ័យប៉ុន្ដែកូនក្មេងមានអត្រាកើតជម្ងឺនេះខ្ពស់ជាងមនុស្ស ពេញវ័យ។
មូលហេតុពងកោប
ជម្ងឺពងកោបដែលកើតលើកូនក្មេង និងមនុស្សចាស់ បណ្ដាលមកពីមូលហេតុផ្សេងគ្នា។
- ពងកោបលើមនុស្សវ័យចាស់ ៖ មនុស្សពេញវ័យ ឬមនុស្សចាស់ដែលកើតជម្ងឺពងកោបជាករណីកម្រដែលគេពុំអាច សង្កេតឱ្យដឹងពីមូលហេតុកំណើតច្បាស់លាស់នោះទេ។ ប៉ុន្ដែគេសង្កេតឃើញថាជម្ងឺនេះអាចកើតឡើងក្រោយពីមានការប៉ះទង្គិចចំពង ស្វាស ការឆ្លងជម្ងឺផ្សេងៗ និងក្រោយការព្យាបាលជម្ងឺខ្លនលូនជាដើម។
- ពងកោបតាំងពីកំណើត ៖ កើតឡើងដោយសារមានវត្ថុរាវក្នុងស្រោមពោះវៀនធ្លាក់ចូលក្នុងស្រោមពងស្វាសតាមរន្ធ ឈ្មោះកាណាល់ប៉ែរីតូណេអូវាហ្សីុណាល់ដែលជាផ្លូវវរបស់ពងស្វាសធ្វើដំណើរធ្លាក់ចុះពីក្នុងពោះចូលទៅក្នុងប្លោកកាលពីទារកនៅក្នុង ពោះម្ដាយ។ រន្ធ ឬផ្លូវនេះនឹងបិទជិតទៅវិញឯកឯងបន្ដិចម្ដងៗនៅជិតដល់ពេលកើតពីផ្ទៃម្ដាយឬក្រោយពេលកើតប្រមាណជា១០ថ្ងៃ និងយ៉ាងយូរបំផុតមួយឆ្នាំកន្លះទៅពីរឆ្នាំប៉ុណ្ណោះ។
រោគសញ្ញាពងកោប
ចំពោះមនុស្សចាស់ ពងស្វាសម្ខាងរីកធំម្ដងបន្ដិចៗជាលំដាប់ គ្មានការឈឺចាប់អ្វីទាំងអស់។ ប៉ុន្ដែនៅពេលមានទំហំធំ ធ្វើឱ្យអ្នកជម្ងឺលំបាកក្នុងការធ្វើដំណើរ និងឈឺចាប់បន្ដិចបន្ដួច។ ចំណែកពងកោបកើតលើកូនក្មេងគេឃើញថាប្លោកម្ខាងមានសភាពធំជាង ម្ខាងទៀតតាំងពីកំណើត ឬក្រោយពេលកើតបានពី១ឆ្នាំទៅ៣ឆ្នាំ។ ពងនេះកាន់តែរីកធំពេលក្មេងស្រែកយំ ប្រឹងស្រែកប្រឹងធ្វើអ្វីមួយ ជួនកាលពងកោបឡើងធំរលោងបាត់ភាពជ្រួញមានពណ៌ខៀវថ្លាហើយក៏អាចស្រកតូចបន្ដិចទៅវិញពេលឈប់យំ ឬស្រែក។ ប្រសិន បើច្របាច់ពងកោបនោះថ្នមៗបន្ដិចម្ដងៗវត្ថុរាវនោះនឹងអាចហូរចូលទៅក្នុងពោះវិញបានច្រើន ឬតិចតាមទំហំនៃរន្ធដែលហូរចុះ។ តាមការសង្កេត ពងកោបកាន់តែរីកធំពេលថ្ងៃនិងស្រកតូចទៅវិញបន្ដិចនៅពេលព្រឹក។ ម្យ៉ាងទៀតបើយើងយកពិលមកបញ្ចាំង ពីក្រោមពងកោបនឹងឃើញស្រមោលពីរគឺស្រមោលថ្លាគឺជាវត្ថុរាវនោះ និងស្រមោលខ្មៅរាងមូលទ្រវែងក្នុងស្រមោលថ្លានោះ វាគឺជា ពងស្វាស។ លើសពីនេះទៅទៀតគេក៏អាចធ្វើរោគវិនិច្ឆ័យជម្ងឺពងកោបដោយការពិនិត្យតាមរយៈការធ្វើអេកូសាស្ដ្រផងដែរ។
ការព្យាបាលជម្ងឺពងកោប
ជម្ងឺពងកោបនេះមានតែផ្នែកវេជ្ជសាស្ដ្រទេដែលអាចព្យាបាលបាន និងមានប្រសិទ្ធភាពហើយអាចរក្សាសមត្ថភាពបន្ដពូជ តាមដំណើរធម្មជាតិរបស់ពងស្វាសឱ្យនៅល្អប្រសើរបាន។ កន្លងមកក៏មានប្រជាពលរដ្ឋយើងព្យាបាលតាមបែបបុរាណដោយការអុជ លាបទឹកមាត់អុរ ខាំញិញ លញ់ពងស្វាសជាដើម។ វិធីទាំងនេះមិនត្រឹមត្រូវហើយពុំមានប្រសិទ្ធភាពទេតែថែមទាំងអាចបង្កគ្រោះ ថ្នាក់ដល់អ្នកជម្ងឺ ពិសេសលើការបន្ដពូជ។
ផលប៉ះពាល់នៃជម្ងឺពងកោប
ពងស្វាសជាកន្លែងកេរខ្មាស ដូច្នេះពេលណាឈឺ ឬមានជម្ងឺ បណ្ដ្កាលឱ្យអ្នកជម្ងឺមានការខ្មាសអៀនជាមិនខាន។ ពេលពងកោបកាន់តែធំ ហើយអ្នកជម្ងឺខ្វះការប្រុងប្រយ័ត្ន មានការប៉ះទង្គិច រលាក អាចធ្វើឱ្យមានការខូចខាតដល់សមត្ថភាពបន្ដពូជ។ ការ ព្យាបាលពុំបានត្រឹមត្រូវអាចមានផលអាក្រក់ ដូចជាដំបៅ ស្លាកស្នាម ផ្លែសាច់ ពងស្វាសរួញឬស្វិត រហូតអាចបាត់បង់សមត្ថភាព ផ្នែកផ្លូវភេទ និងបន្ដពូជ។ ចំពោះពងស្វាសដែលខូច អាចប៉ះពាល់លើសរសៃវិញ្ញាណនិងសរសៃឈាមដែលនាំឈាមមកចិញ្ចឹមពង ស្វាសនោះ។ កាលណាផ្ល្លូវលូននៃពងស្វាសបិទមិនជិត រន្ធធំពេកនោះអាចបណ្ដាលឱ្យមានបញ្ហាផ្សេងទៀតដូចជា ៖
- មានជម្ងឺខ្លនលូន និងជម្ងឺពងកោបរួមគ្នា ព្រោះពេលក្មេងយំ ស្រែកសម្ពាធក្នុងពោះរុញច្រានពោះវៀនក្មេងឱ្យធ្លាក់ចុះតាមរន្ធនោះដែលអាចបង្កជាជម្ងឺខ្លនលូននឹងពងកោបរួមគ្នា
- មានជម្ងឺគីសនៅទងពងស្វាស។
ដំបូន្មានអ្នកប្រឹក្សា
សូមអាណាព្យាបាលឬមាតាបិតាដែលមានកូនមានជម្ងឺពងកោប នាំកូនទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើការវះកាត់ព្យាបាលឱ្យទាន់ពេលវេលា ប្រយោជន៍ចៀសវាងបានផលលំបាកដែលកើតពីការព្យាបាលមិនត្រឹមត្រូវឬតាមបែបបុរាណដូចបានរៀបរាប់ខាង លើ។ ការព្យាបាលតាមបែបបុរាណនេះ មិនត្រឹមតែពុំមានប្រសិទ្ធភាពប៉ុណ្ណោះទេថែមទាំងអាចធ្វើឱ្យការព្យាបាលតាមបែប វេជ្ជសាស្ដ្រតាមក្រោយមានផលលំបាក ឬមិនអាចកែកុនបានទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨
Leave a Reply