ព្រូន គឺជាបញ្ហាមួយដែលលោកអ្នកត្រូវមានការប្រុងប្រយ័ត្ន និងការការពារឱ្យបានល្អ។ មិនថាតែកុមារនោះទេដែលប្រឈមមុខនឹងការកើតព្រូន មនុស្សធំក៏កើតបានដូចគ្នាដែរ។ ជាពិសេសកុមារដែលរស់នៅតំបន់ឆ្ងាយមិនបានធ្វើអនាម័យខ្លួនប្រាណ និង បរិស្ថានរស់នៅមិនស្អាតល្អ។ ព្រូនធ្វើឱ្យរាងកាយមនុស្សបាត់បង់នូវការរីកធំធាត់ដោយសារវាស៊ីនូវសារធាតុចិញ្ចឹមទាំងឡាយដែល មនុស្សបានបរិភោគទៅមួយផ្នែក និងអាចស៊ីឈាមនៅតាមភ្នាសរបស់ពោះវៀន។ តើត្រូវមានវិធានការដូចម្ដេចខ្លះដើម្បីកុំឱ្យកើត ព្រូន?
ដើម្បីជាការរួមចំណែកផ្ដល់ចំណេះដឹងអំពីការថែរក្សាសុខភាព ទស្សនាវដ្ដី សុខភាពយើងបានជួបសម្ភាសន៍ជាមួយលោក វេជ្ជបណ្ឌិត ហ៊យ គឹមហេង អ្នកឯកទេសរោគកុមារ នៅមន្ទីរពេទ្យកុមារជាតិ។
ព្រូន ជាអ្វី?
ព្រូន គឺជាពពួកប៉ារ៉ាសិត ឬប្រភេទដង្កូវដែលរស់នៅក្នុងខ្លួនរបស់មនុស្ស។ ដង្កូវទាំងនេះមានបីប្រភេទ គឺអៀនព្រូនចង្កឹះ (អាស្ការី) និងអង់គីឡូស្ដូម។
- អៀន ៖ អាចសង្កេតឃើញមាននៅគូថរបស់កុមារ ឬមនុស្សធំ។
- ព្រូនចង្កឹះ ៖ វាមានលក្ខណៈដូចជន្លេនរស់នៅក្នុងពោះវៀនរបស់មនុស្ស។
- អង់គីឡូស្ដូម ៖ ជាប្រភេទព្រូនម្យ៉ាងរស់នៅក្នុងពោះវៀន និងស៊ីឈាមរបស់មនុស្ស។ មិនថាតែមនុស្សភេទណាឬវ័យណានោះទេ អាចប្រឈមមុខនឹងការកើតព្រូនដូចៗគ្នា ប៉ុន្ដែកុមារប្រឈមមុខជាងគេ។
រោគសញ្ញាកើតព្រូន
កុមារកើតព្រូនមានរោគសញ្ញាមួយចំនួនដូចជារាករូស ស្លេកស្លាំង ក្បាលពោះធំ កង្វះអាហារូបត្ថម្ភជាដើមដែលបណ្ដាល មកពីព្រូនស៊ីចំណីអាហារមួយផ្នែកដែលមនុស្សទទួលទានសម្រាប់ចិញ្ចឹមសព៌ាង្គកាយ។ ព្រូនអាចស៊ីឈាមនៅតាមភ្នាសរបស់ពោះវៀន ធ្វើឱ្យប្រដាប់រំលាយអាហារមានវិបត្ដិ។ ទាំងមនុស្សចាស់ ទាំងវ័យក្មេង ច្រើនតែយល់សប្ដិអាក្រក់មមើមមាយនៅពេលយប់ច្រើនតែ ដេកសង្គ្រឺតធ្មេញ។ អាចមានរោគសញ្ញាមួយចំនួនទៀតដូចជាក្អួត រាក មិនចង់បរិភោគបាយចុកពោះ រមាស់ជាដើម។ ក្នុងករណី ធ្ងន់ធ្ងរមានរោគសញ្ញាដូចជាការស្ទះពោះវៀនបណ្ដាលមកអំពីព្រូនចង្កឹះដែលផ្ដុំគ្នានៅក្នុងពោះវៀនជាដើម រហូតតម្រូវឱ្យធ្វើការវះ កាត់ព្យាបាលទៀតផង។
មូលហេតុកើតព្រូន
មូលហេតុចម្បងបណ្ដាលមកពីការធ្វើអនាម័យមិនបានល្អ ដូចជាអនាម័យខ្លួនប្រាណ ចំណីអាហារឬបរិស្ថានជាដើម។
1. អនាម័យខ្លួនប្រាណ ៖ ដោយសារអ្នកម្ដាយមួយចំនួនចូលចិត្ដទុកកុមារឱ្យនៅលេងផ្ទាល់នឹងដីហើយកុមារយកដៃដែល ប្រឡាក់ដីនោះទៅលូកដាក់ក្នុងមាត់បណ្ដាលឱ្យពងព្រូនដែលមាននៅក្នុងដីចូលទៅក្នុងខ្លួនរបស់កុមារបាន។
ចំពោះកុមារធំអាចឆ្លងដោយដៃនកាន់ចំណីអាហារ និងរបស់មិនស្អាត ហើយមិនបានលាងដៃជាមួយសាប៊ូឬផេះមុនពេល បរិភោគអាហារ ឬក្រោយពីការបន្ទោរបង់លាមករួច។
2. អនាម័យចំណីអាហារ ៖ មានអនាម័យម្ហូបអាហារ និងទឹកប្រើប្រាស់។
- ម្ហូបអាហារមានដូចជាសាច់ បន្លែ និងផ្លែឈើបរិភោគដែលមិនបានលាងសម្អាតបានល្អមិនបានគ្របឱ្យបាន ត្រឹមត្រូវ។ ជាហេតុបណ្ដោយឱ្យសត្វល្អិតដូចជារុយ ស្រមោច កន្លាតមករោមឬឆ្លងកាត់ទំនៅលើចំណីអាហារដែលមានពងព្រូនជាប់ ជាមួយជើងសត្វល្អិតទាំងនោះដែលចម្លងចូលទៅក្នុងខ្លួនមនុស្សតាមរយៈការបរិភោគ។
- ទឹកប្រើប្រាស់ ដូចជាការបរិភោគទឹកមិនស្អាត ឬចម្អិនមិនបានល្អ។ ការប្រើប្រាស់ទឹកត្រញំងស្រះដែល មិនបានធ្វើរបងការពារ អាចមានគោ ក្របី មាន់មកផឹក និងជុះអាចម៍ដាក់ក្នុងទឹក។ នៅតាមតំបន់ដាច់ស្រយាល ការប្រើប្រាស់ទឹក និងអនាម័យទឹកនៅមានកម្រិតហើយមិនសូវមានការយកចិត្ដទុកដាក់ពីបញ្ហានេះឡើយ។ ម្យ៉ាងទៀត ការប្រើទឹកអណ្ដូង ដែលមានសត្វ ឬជន្លេននៅក្នុងទឹកអាចបង្កឱ្យកើតមានរោគគ្រប់បែបយ៉ាងបានដែរ។
3. អនាម័យបរិស្ថាន ៖ បរិស្ថានជុំវិញផ្ទះមិនមានអនាម័យគ្រប់គ្រាន់ ដូចជាការបន្ទោរបង់លាមកមិនបានកប់ឬធ្វើបង្គន់ មិនបានត្រឹមត្រូវ។ លាមកសត្វពាហនៈ ភក់ជ្រាំ ធុំក្លិនមិនល្អនិងខ្យល់អាកាសមិនបរិសុទ្ធក៏ជាមូលហេតុបង្កការកើតព្រូនដែរ។ វិធីការពារដើម្បីកុំឱ្យកើតព្រូនប្រការចម្បងត្រូវមានអនាម័យល្អ ជាពិសេសទាក់ទងនឹងការបង្កព្រូន គឺការអនាម័យខ្លួនប្រាណ ចំណីអាហារនិងបរិស្ថាន។ គួរមានអនាម័យ ដូចជាការទុកដាក់ចំណីអាហារគ្របជានិច្ច មិនត្រូវបណ្ដោយឱ្យកុមារលេងដីឬដាក់ផ្ទាល់នឹងដីនោះទេ។ ប្រយ័ត្ននៅ រាល់ពេលចាប់កាន់របស់ដែលមិនល្អ ត្រូវលាងសម្អាតដៃនឹងសាប៊ូជាមុនជាប្រចាំ។ ត្រូវឧស្សាហ៍ងូតទឹកសម្អាតកុមារឱ្យបានបី ឬបួន ដងក្នុងមួយថ្ងៃ ឱ្យកុមារបរិភោគអាហារឱ្យបានគ្រប់គ្រាន់មានជីវជាតិនិងមានអនាម័យព្រមទាំងប្រើប្រាស់ទឹកស្អាតជាប់ជានិច្ច និង សម្ភារៈក្នុងផ្ទះមានអនាម័យ។ ជាពិសេសគួរតែសម្អាតបរិស្ថានជុំវិញលំនៅដ្ឋានឱ្យបានស្អាត ធ្វើបង្គន់អនាម័យឱ្យបានគ្រប់គ្នាទៅ តាមលទ្ធភាព។ ចៀសវាងកុំឱ្យរុយទំឬសត្វល្អិតផ្សេងៗប៉ះលើចំណីអាហារត្រូវបរិភោគទឹកឆ្អិនជានិច្ច។ បើលោកអ្នកអាចធ្វើអនាម័យ បាននូវប្រការខាងលើ នឹងចៀសផុតពីជម្ងឺផងទាំងពួង។
វិធីព្យាបាលព្រូន
មនុស្សទូទៅមិនថាក្មេង ឬមនុស្សធំនោះទេទាមទារឱ្យទៅជួបគ្រូពេទ្យដើម្បីពិនិត្យនិងធ្វើការព្យាបាលឱ្យបានត្រឹមត្រូវពេលមានបញ្ហាសុខភាព។ ប្រសិនបើលោកអ្នកមានបញ្ហា ដូចជាកើតព្រូនចង្កឹះ ឬអៀន ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យចៀសវាង ការប្រើប្រាស់ថ្នាំដោយខ្លួនឯង។ ការប្រើប្រាស់ថ្នាំត្រូវគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ ក្រោយពីការព្យាបាលត្រូវផ្ដល់ចំណី អាហារឱ្យបានគ្រប់គ្រាន់ មានទាំងសាច់ បន្លែ និងផ្លែឈើ។
ដំបូន្មានអ្នកជំនាញ
សូមលោកអ្នកគិតគូរពីអនាម័យឱ្យបានត្រឹមត្រូវ ទាំងការលាងសម្អាតដៃ ថែរក្សាប្រភពទឹកនិងរបស់របរប្រើប្រាស់ប្រចាំ ថ្ងៃ។ គប្បីរក្សាអនាម័យម្ហូបអាហារគ្រប់ពេលវេលា និងចៀសវាងកុំឱ្យកុមារតូចលេងនូវរបស់ដែលមិនស្អាតនិងផ្ដល់ចំណីអាហារឱ្យ បានគ្រប់គ្រាន់ ដើម្បីអនាគតបវររុងរឿង។ រក្សាសុខភាពបានល្អ ជីវិតស្រស់ថ្លា គ្រួសារមានសុភមង្គលសង្គមរីកចម្រើន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧
Leave a Reply