ការពិនិត្យផ្ទៃពោះលើកដំបូងពិតជាមានសារៈសំខាន់ខ្លាំងណាស់។ គឺជាឱកាសដែលស្ដ្រីមានផ្ទៃពោះត្រូវបានទទួលការថែទាំ ពិសេសតាមរយៈការពិនិត្យរោគស្ដ្រី ការពិនិត្យខ្លួនប្រាណទូទៅ និងការវិភាគឈាមជាដើម។ ជារួមវាតម្រូវឱ្យមានការពិនិត្យតាមដាន សុខភាពផ្សេងៗទៀតផងដែរ ក្នុងកំឡុងពេលពពោះ។ ទស្សនាវដ្ដី សុខភាពយើង នឹងបន្ដបកស្រាយ និងណែនាំលោកស្រីអ្នកនាង អំពីការតាមដានសុខភាពប្រចាំថ្ងៃរបស់ស្ដ្រីមានផ្ទៃពោះ។
រយៈពេល និងខ្សែសង្វាក់នៃការទៅពិនិត្យផ្ទៃពោះ ប្រែប្រួលពីស្ដ្រីម្នាក់ទៅស្ដ្រីម្នាក់ទៀត ដោយឡែកកម្មវិធីនៃពេលពិនិត្យ នីមួយៗមិនសូវជាខុសគ្នាប៉ុន្មាននោះទេ។ ការពិនិត្យតាមដានទាំងនេះត្រូវធ្វើឡើងដោយគ្រូពេទ្យរោគស្ដ្រី គ្រូពេទ្យព្យាបាល ឬឆ្មបទៅ តាមជម្រើសរបស់លោកស្រីអ្នកនាង។ ជាប្រការប្រសើរ គឺគួរទៅពិនិត្យផ្ទៃពោះនៅកន្លែងសម្ភព ឬជាមួយគ្រូពេទ្យដែលលោកស្រីអ្នក នាងនឹងសម្រេចថា ទៅសម្រាលជាមួយនៅពេលគ្រប់ខែឆ្លងទន្លេ។
តើកូននាងខ្ញុំសម្រាលនៅពេលណា?
ស្ថិតនៅក្នុងដំណាក់កាលនេះស្ដ្រីជាអ្នកពពោះតែងតែងឿងឆ្ងល់ និងចង់ដឹងថាតើកូនរបស់ខ្លួនមានសុខភាពយ៉ាងដូចម្ដេចទៅ និងហើយតើកូននេះនឹងប្រសូតនៅពេលណា? ដើម្បីគណនាថ្ងៃខែឬកាលបរិច្ឆេទនៃការប្រសូតរបស់បុត្រនោះគឺលោកស្រីអ្នកនាងគ្រាន់ តែធ្វើការបូកលេខចំនួន៤០ទៅ៤១សប្ដាហ៍ ទៅនឹងថ្ងៃទី១នៃការមករដូវលើកចុងក្រោយ។
ការតាមដានទម្ងន់ខ្លួន
នៅប៉ុន្មានខែដំបូងនៃគភ៌ ទម្ងន់ខ្លួនមិនទាន់មានការប្រែប្រួលឬឡើងជាធំដុំនោះទេ ជាទូទៅមានការប្រែប្រួលខ្លាំងនៅប៉ុន្មាន ខែមុនពេលសម្រាល។ តើលោកស្រីអ្នកនាងឡើងទម្ងន់ខ្លួនជ្រុលឬឆាប់រហ័សពេក? គ្រូពេទ្យរបស់លោកស្រីអ្នកនាងនឹងស្វែងរកមូល ហេតុនៃការឡើងទម្ងន់រហ័សនេះ ជាអាទិចំណីអាហារសម្បូរហូរហៀរជ្រុល ការច្រាលជាតិទឹក ការឡើងសម្ពាធឈាមជាដើម។ គាត់នឹងទូន្មានលោកស្រីអ្នកនាង ដើម្បីឱ្យអ្វីៗវិលមករកសភាពធម្មតាវិញ។
ការវាស់សម្ពាធឈាម
សម្រាប់ស្ដ្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ ការឡើងសម្ពាធឈាមខ្ពស់មិនសូវល្អនោះទេ។ ជាទូទៅសម្ពាធឈាមច្រើនតែ ទាបជាងកាលពីមុនមានផ្ទៃពោះ។ ករណីមានការឡើងសម្ពាធឈាមបន្ដិចបន្ដួច ស្ដ្រីនោះអាចដេកសម្រាក និងមានរបបអាហារ ត្រឹមត្រូវមួយសម្រាប់គាត់ជាការគ្រប់គ្រាន់បានដែរហើយ។ ក្នុងករណីសម្ពាធឈាមឡើងខ្ពស់ អាចប៉ះពាល់ដល់ការលូតលាស់របស់ ទារកក្នុងផ្ទៃធ្វើឱ្យមានសភាពយឺតយ៉ាវ។
ការពិនិត្យរកមើលការឡើងហើម
គ្រូពេទ្យត្រូវពិនិត្យឱ្យដឹងថា ជើងទាំងពីរ ស្មងជើង និងដៃទាំងពីរហើមដែរឬទេ។ ការឡើងហើម និងការច្រាលជាតិទឹក អាចបង្កឱ្យមានការឡើងសម្ពាធឈាមខ្ពស់។ ករណីនេះតើត្រូវធ្វើដូចម្ដេចទៅ? គឺត្រូវទទួលទានទឹកច្រើន តែមិនត្រូវទទួលទាន ទឹកដែលមានអំបិលខនិជច្រើននោះទេ និងត្រូវសម្រាកកាយឱ្យបានច្រើន។
ការពិនិត្យរោគស្ដ្រី
ការពិនិត្យនេះអាចឱ្យដឹងអំពីសុខភាពមាត់ស្បូនថាបិទជិតល្អ វែង និងមាំទាំ។ អាការទាំងនេះអាចទាត់ចោលផលប៉ះពាល់ នៃការកើតមុនកំណត់ ឬកើតមិនគ្រប់ខែ។ ចាប់ពីខែទី៥ទៅ ការលូកទ្វារមាសស្ដ្រីអាចឱ្យស្ទាបប៉ះក្បាលទារកនៅក្នុងផ្ទៃ។ គ្រូពេទ្យ ផ្ទៀងផ្ទាត់ថាពិតជាមិនមានធ្លាក់ឈាម និងការកើតរោគបង្កដោយមេរោគណាមួយនោះទេ។ ករណីជម្ងឺឆ្លងត្រូវតែលុបបំបាត់ ឬកម្ចាត់ ចោលជាបន្ទាន់។
គ្រូពេទ្យខាងរោគស្ដ្រីតាមដានទីតាំងពិតប្រាកដរបស់ទារកនៅក្នុងពោះ ថាតើនៅត្រង់ណា និងវាស់បរិមាណនៃទឹកភ្លោះ។ ចាប់ពីខែទី៦ទៅ គ្រូពេទ្យអាចដឹងទីតាំងក្បាល និងផ្នែកផ្សេងទៀតនៃរាងកាយ ថានៅត្រង់ណាបានហើយ។ នៅប្រមាណជាខែទី៨ គ្រូ ពេទ្យអាចផ្ទៀងផ្ទាត់ថា ក្បាលកូនរបស់ទារកនេះបង្វិលមកក្រោមហើយឬនៅ?
ការវាស់វែងកម្ពស់ស្បូន និងពោះ
គ្រូពេទ្យអាចប្រើប្រាស់ម៉ែត្រខ្សែ ដើម្បីវាស់កម្ពស់ស្បូន។ ពោលគឺជាប្រវែងរវាងផ្នែកខាងលើនៃថ្ងាស និងបាតស្បូន។ អ្នកជំនាញអាចតាមដានការរីកលូតលាស់នៃទារក។ កម្ពស់នៃស្បូនអាចកើនឡើងប្រមាណជា៤សង់ទីម៉ែត្រក្នុងមួយខែ។ នៅខែទី៦ ស្បូនអាចស្ថិតនៅកម្ពស់២៤សង់ទីម៉ែត្រ។ គ្រូពេទ្យក៏អាចត្រួតពិនិត្យ និងវាស់វែងអង្កត់ផ្ចិតនៃរង្វង់ពោះដែលមូលក្លុំនោះផងដែរ។
ការស្វែងរកវត្ដមានជាតិស្ករ និងអាល់ប៊ុយមីន
ពេលព្រឹកនៅពោះទទេ មុនពេលទៅពិនិត្យផ្ទៃពោះ ស្ដ្រីអាចបត់ជើងតូចនោមដាក់បំពង់ទឹកនោម។ បន្ទាប់មកលោកស្រី អ្នកនាងត្រូវនាំយកបំពង់ទឹកនោមនោះទៅឱ្យមន្ទីរពិសោធន៍វិភាគវេជ្ជសាស្ដ្រ និងគ្រូពេទ្យ ដើម្បីគាត់យកទៅពិនិត្យវិភាគ។ តាមរយៈ បន្ទះតេស្ដទឹកនោម គ្រូពេទ្យអាចរកវត្ដមានជាតិអាល់ប៊ុយមីន និងជាតិស្ករ។ គ្រូពេទ្យត្រួតពិនិត្យផងដែរ ករណីជម្ងឺឆ្លងដោយមេរោគ នៅតាមផ្លូវទឹកនោម ដែលអាចកើតមានដោយមិនបានដឹងជាមុន។
សូមបញ្ជាក់ថា ករណីមានវត្ដមានជាតិស្ករនៅក្នុងទឹកនោម មិនមែនជាការវិនិច្ឆ័យរោគថាស្ដ្រីមានជម្ងឺទឹកនោមផ្អែមនោះ ទេ។ អ្វីដែលជាការវិបាកទៅថ្ងៃក្រោយក្នុងករណីម្ដាយមានជាតិស្ករក្នុងទឹកនោមនោះ គឺទារកអាចកើតមកលើសទម្ងន់ឬធាត់ជ្រុល។ កាលណាទារកដែលត្រូវកើតនោះមានទម្ងន់លើសពី៤គីឡូក្រាម ការសម្រាល ឬប្រសូតអាចមានការពិបាក ហើយទារកអាចប្រឈម មុខជាមួយគ្រោះថ្នាក់ដូចគ្នា។ ហេតុនេះស្ដ្រីជាម្ដាយត្រូវតែគិតគូរទៅដល់ការទទួលទានអាហារត្រឹមត្រូវ មានតុល្យភាពកម្រិតជាតិ ស្ករ។
ចំណែកឯករណីវត្ដមានជាតិអាល់ប៊ុយមីន ឬប្រូតេអ៊ីននៅក្នុងឈាមវិញ ក៏តម្រូវឱ្យមានការតាមដានយ៉ាងប្រកិតផងដែរ។ ក្នុងករណីមានវត្ដមានជាតិអាល់ប៊ុយមីនក្នុងទឹកនោម ហើយមានហើម និងសម្ពាធឈាមលើស គ្រូពេទ្យត្រូវបង្កើនការយកចិត្ដទុកដាក់ ទ្វេដង និងដាក់ទិសដៅឱ្យស្ដ្រីមានផ្ទៃពោះសម្រាកទំនេរ១០០% ក្នុងករណីចាំបាច់ត្រូវដាក់ឱ្យដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ការត្រួតពិនិត្យជម្ងឺស្លេកស្លាំង
ដោយសារស្ដ្រីត្រូវផ្ដល់អាហារបំប៉ន និងអាហារចិញ្ចឹមសម្រាប់ទារក គាត់ត្រូវប្រឈមនូវការខ្វះសារធាតុដែក ដែលជាផល ប៉ះពាល់គឺជម្ងឺស្លេកស្លាំង(កង្វះគ្រាប់ឈាមក្រហម)។ ដើម្បីតាមដានអាការរោគនេះ រាល់ពេលពិនិត្យសុខភាពគ្រូពេទ្យតែងតែបើក ភ្នែក ជាពិសេសផ្នែកសនៃភ្នែក។ ប្រសិនបើសរសៃភ្នែកតូចៗមានពណ៌ក្រហមឆ្អិនឆ្អៅល្អ នោះអ្វីៗល្អ មានន័យថា លោកស្រីអ្នកនាង មិនមានជម្ងឺស្លេកស្លាំង ឬកង្វះគ្រាប់ឈាមក្រហមនោះទេ។ នៅខែទី៦ ការបូមឈាមដើម្បីវិភាគរកកង្វះជាតិដែកគឺជាការដាក់ កំហិត។ ក្នុងករណីមានកង្វះ ស្ដ្រីមានផ្ទៃពោះត្រូវចាប់ផ្ដើមទទួលទានជាតិដែកជាដាច់ខាត។
ការត្រួតពិនិត្យវិភាគឈាម
ប្រសិនបើលោកស្រីអ្នកនាងមិនទាន់ធ្លាប់ចាក់ថ្នាំការពារនោះទេ ការបូមឈាមអាចត្រួតពិនិត្យផ្ទៀងផ្ទាត់ជារៀងរាល់ខែថា លោកស្រីអ្នកនាងមិនមានឆ្លងជម្ងឺអុតស្វាយ និងជម្ងឺតុកសូប្លាស់ស្មូនោះទេ។ ករណីស្ដ្រីមានឈាមប្រភេទអវិជ្ជមាន គឺតម្រូវឱ្យមានការ តាមដានត្រួតពិនិត្យសុខភាពជារៀងរាល់ខែ។
ជាទូទៅចាប់ពីខែទី២និងទី៣ទៅ គ្រូពេទ្យអាចស្ដាប់ចង្វាក់បេះដូងរបស់ទារក។ គ្រូពេទ្យអាចស្ដាប់ដោយប្រើឧបករណ៍ អេឡិចត្រូនិចដែលអាចស្ដាប់ឮចង្វាក់បេះដូងដោយច្បាស់ តាមរយៈបំពង់សម្លេងនេះ។ ស្ដ្រីជាម្ដាយស្ទើរតែគ្រប់រូបរំភើបណាស់នៅ ពេលបានស្ដាប់ឮសម្លេងរបស់ទារក។
(សូមបន្ដអាននៅលេខក្រោយ)
អត្ថបទដោយ : វេជ្ជបណ្ឌិត លី ចេងហ៊ុយ
ឯកសារយោង : សៀវភៅ ក្បួនថែរក្សាគភ៌ និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ
Leave a Reply