កត្តាប្រែប្រួលធម្មជាតិ និងការកាប់បំផ្លាញព្រៃឈើដោយគ្មានការគិតពិចារណាពីសំណាក់ជនទុច្ចរិត ជាហេតុធ្វើឲ្យគ្រោះធម្មជាតិកាន់តែធ្ងន់ធ្ងរឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះបីជាអ្នកទាំងនោះ បានដឹងរួចមកហើយអំពីផលប៉ះពាល់ដល់កូនចៅជំនាន់ក្រោយរបស់ពួកគេក៏ដោយ ក៏ពួកគេនៅតែកាប់បំផ្លាញព្រៃឈើទាំងនោះតទៅទៀត។ តើគ្រោះមហន្តរាយនៅប៉ុន្មានខែដើមឆ្នាំនេះមានអ្វីខុសប្លែកពីឆ្នាំកន្លងទៅនៅក្នុងប្រទេសកម្ពុជា? ដើម្បីជ្រាបកាន់តែច្បាស់ពីបញ្ហានេះ សូមប្រិយអ្នកអាន តាមអានជាមួយគេហទំព័រសុខភាពកម្ពុជាដូចតទៅ៖
ការប្រែប្រួលខុសប្លែក យ៉ាងឆាប់រហ័ស បានចូលមកយាយី ឈ្លានពានអាយុជីវិត ព្រមទាំងសុខភាពរបស់មនុស្សជាតិទាំងមូលនៅលើពិភពលោកឲ្យរស់នៅពោពេញទៅដោយបញ្ហាប្រឈមជាបន្តបន្ទាប់ទៅថ្ងៃអនាគត។ របាយការណ៍របស់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជាបានឲ្យដឹងថា នៅក្នុងកំឡុងពេល៤ខែដើមឆ្នាំ ២០១២នេះ គ្រោះថ្នាក់ដោយសារគ្រោះមហន្តរាយធម្មជាតិ មានការកើនឡើងជាងឆ្នាំមុនច្រើន ដែលបានសម្លាប់មនុស្សចំនួន ២១នាក់ និងរងរបួស ៥៣នាក់ ព្រមទាំងរលំផ្ទះរបស់ប្រជាពលរដ្ឋ ១៤២ខ្នង រួមទាំងខួចខាតជាច្រើនរយខ្នងផ្សេងទៀត។ នេះហើយគឺជាលទ្ធផលដែលទទួលបានពីការកាប់បំផ្លាញព្រៃឈើ ដោយការបាត់បង់របាំងការពារខ្យល់ព្យុះ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរងទុកវេទនា រួមផ្សំនឹងកត្តាបំពុលបរិស្ថានមួយចំនួនជាច្រើនផ្សេងទៀត ។
ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទីមួយគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា បានមានប្រសាសន៍ប្រាប់ដល់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១២ថា គ្រោះថ្នាក់ធម្មជាតិ ដែល បណ្តាលឲ្យប្រជាពលរដ្ឋបាត់បង់ជីវិតនេះបណ្តាលមកពីរន្ទះបាញ់ ខ្យល់ព្យុះ និងគ្រោះធម្មជាតិផ្សេងទៀត។ លោកបានមានប្រសាសន៍បន្តទៀតថា បញ្ហាពីគ្រោះធម្មជាតិបានកើតឡើងច្រើនណាស់សម្រាប់ឆ្នាំ ២០១២នេះ បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០១១ ដោយសារតែប្រទេសកម្ពុជាទទួលសម្ពាធពីការប្រែប្រួលអាកាសធាតុខ្លាំងនោះ។ «បញ្ហាខ្យល់ព្យុះ ខ្យល់ព្យុះឥឡូវវាអត់ប្រាប់មុនទេ វាមក វាខ្មៅនៅលើ ហើយចំទីណា វាកួចយកផ្ទះត្រង់ទីនោះ ហើយជាមួយគ្នានោះភ្លៀងមកទៀត ថែមរន្ទះបាញ់មកទៀត។ ខ្យល់ព្យុះវាកួច លើកឈើមកសង្កត់ស្លាប់មនុស្សជាច្រើន ហើយក្តៅណាស់រហូតមកដល់ពេលនេះ គឺក្តៅគ្រប់កន្លែង នៅតាម សមុទ្រជួបការរងគ្រោះខ្លាំង។»
ការប្រឡយពាក្យថាក្តៅពីសំណាក់មន្ត្រី និងប្រជាជនទូទៅនេះ គេតែងតែឮជាញឹកញយនៅក្នុងសង្គមកម្ពុជា បើទោះបីជាខែនេះជារដូវវស្សា មានភ្លៀងធ្លាក់ក៏ដោយ ក៏នៅពេលមេឃបើកថ្ងៃ កម្តៅព្រះអាទិត្យក៏នៅតែក្តៅដូចកាលពីខែក្តៅផងដែរ មានន័យកម្តៅពុំសូវចុះប៉ុន្មាននោះទេ ហើយបើភ្លៀង គឺភ្លៀងមានសភាពអាក្រក់ថែមទៀតផង។ មិនត្រឹមតែមានភ្លៀងនោះទេ ព្យុះ រន្ទះបាញ់ក៏មកព្រមជាមួយគ្នាជាបន្តបន្ទាប់យ៉ាងច្រើនផងដែរ។ រន្ទះខ្លះ កាចសាហាវ ព្រមទាំងមានសម្លេងលាន់ឮជាងគ្រាប់មីនតោនថែមទៀត។ ចំពោះការព្យាករណ៍សម្រាប់ថ្ងៃនេះ អប្បរមា២៧អង្សារសេ អតិប្បរមា៣៥អង្សារសេ ថ្ងៃរះនៅម៉ោង៦និង២១នាទីព្រឹក ថ្ងៃលិចនៅម៉ោង៦និង៨នាទីល្ងាច និងមានសំណើមក្នុងបរិយាកាស៤៦% សម្ពាធខ្យល់១០០៦.១ មេកាបៃ(mb) ទឹកសន្សើមពេលព្រឹកព្រលឹមមានកម្រិត១៨អង្សារសេ និងរយៈចម្ងាយដែលអាចមើលឃើញផ្ទាល់នឹងភ្នែក១០គីឡូម៉េត្រ។ នេះបើយោងតាមការព្យាករណ៍អាកាសធាតុ និងឧតុនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បើយោងតាមរបាយការណ៍គ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា អាកាសធាតុត្រជាក់ដើមឆ្នាំនេះ គឺមានរយៈពេលខ្លី ហើយមានកម្រិតទាប ពោលគឺមានកម្រិតត្រឹមតែ ២០អង្សាសេ ទៅ២១អង្សារសេតែប៉ុណ្ណោះ តែសម្រាប់អាកាសធាតុក្តៅវិញ គឺវាស្ថិតនៅក្នុងវង្វង់ក្រោម ៣៨អង្សាសេ ។ របាយការណ៍នេះបានបន្តថា ការទទួលរងភាពមិនប្រក្រតីបែបនេះ ពីអាកាសធាតុគឺបណ្តាលមកពីប្រទេសកម្ពុជាកំពុងទំនោរទៅរកបាតុភូត ឡានីណា។ របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា ខ្យល់ព្យុះអាចនឹងកើតមានឡើងសម្រាប់កម្ពុជាក្នុងឆ្នាំនេះរហូតដល់ទៅ២០-២៥ដង។ ហើយមិនមែនតែប្រទេសកម្ពុជាទេ ដែលទទួលរងគ្រោះដោយសារតែការប្រែប្រួលអាកាសធាតុបែបនេះទូទាំងអាស៊ីប៉ាស៊ី-ហ្វិក និងអាស៊ាន គឺទទួលរងគ្រោះកាន់តែខ្លាំងទៅៗជាងគេ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និងរន្ទះជាដើម។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១១កន្លងទៅនេះ ប្រទេសកម្ពុជាទទួលគ្រោះធម្មជាតិ ពីទឹកជំនន់បានសម្លាប់មនុស្សចំនួន ២៥០ នាក់ បាត់បង់ផ្ទះសម្បែងជាច្រើនពាន់ខ្នង ស្រូវរបស់ប្រជាពលរដ្ឋរាប់សែនហិកតា ផ្លូវថ្នល់រាប់រយគីឡូម៉ែត្រ ដែលការខូចខាតទាំងនេះ បានបណ្តាលឲ្យប្រទេសកម្ពុជាខាតបង់នូវទឹកប្រាក់ចំនួន ៦០០លានដុល្លាអាមេរិក។
ម្យ៉ាងវិញទៀត កាលពីពេលកន្លងទៅថ្មីៗ នារាជធានីភ្នំពេញ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅដល់បណ្តាមេដឹកនាំអាស៊ានទាំង១០ ក្នុងផែនការឆ្នាំ២០១២-២០១៥ចំពោះការគ្រប់គ្រងគ្រោះមហន្តរាយពីធម្មជាតិនៅក្នុងកិច្ចជំនួបកំពូលរបស់អាស៊ានផងដែរ ដោយហេតុថាគ្រោះថ្នាក់ធម្មជាតិនាពេលបច្ចប្បន្ននេះ កាន់តែមានសន្ទុះកើនខ្លាំងទៅៗ ពីការទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបណ្តាលមកពីការ ប្រែប្រួលអាកាសធាតុ។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៤ ឧសភា ឆ្នាំ ២០១២
Leave a Reply