ជាមួយក្ដីស្រមៃ និងនិស្ស័យពីធម្មជាតិបានជំរុញឱ្យកំលោះសង្ហា ញឹម ចំរើន ចាប់ផ្ដើមកសាងជីវិតថ្មីលើវិថីសិល្បៈ។ សិល្បៈជាថ្នាលបណ្ដុះបណ្ដាលថ្មីតាមការប៉ងប្រាថ្នាដែលកំពុងតែរីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃពោរពេញទៅដោយក្ដីសង្ឃឹមយ៉ាង មុតមាំក្នុងចិត្ដថា នឹងឈោងទៅយកលទ្ធផលល្អមួយយ៉ាងគាប់ប្រសើរសម្រាប់ជីវិតទៅថ្ងៃមុខ ដោយភាពគាំទ្រពីទស្សនិកជន និងមហាជនទាំងឡាយ។
ទន្ទឹមនឹងការព្យាយាមតស៊ូជំនះឧបសគ្គ ដែលឈានទៅរកភាពជោគជ័យក្នុងអាជីពខាងមុខនេះ តារាចម្រៀងល្បីប្រចាំ ផលិតកម្ម រ៉ុក ញឹម ចំរើន មិនភ្លេចក្នុងការថែទាំសុខភាព និងសម្រស់ផងដែរ។ ដោយពេលនេះ ចំរើនបានចេញមុខបកស្រាយពីការ ថែទាំសុខភាព និងសម្រស់រាងកាយ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនចូលសិល្បៈ
ផ្ដើមចេញពីការប្រឡងជ្រើសរើសតារាចម្រៀងប្រចាំផលិតកម្ម រ៉ុក អំឡុងឆ្នាំ២០០៧ក្នុងកម្មវិធីរ៉ុកស្ដា ធ្វើឱ្យកំលោះសង្ហា ញឹម ចំរើន ទទួលបានជ័យលាភីលេខ៣។ បន្ទាប់មកផលិតកម្មរ៉ុកបានយកចម្រើនមកបណ្ដុះបណ្ដាលបន្ថែមលើចំណេះដឹងដែលធ្លាប់ មានកន្លងមក និងផ្ដល់បទពិសោធន៍មួយចំនួនរហូតដល់មានឈ្មោះបោះសម្លេងសម្រាប់ស្រទាប់យុវវ័យ។ ក្រោយមកផលិតកម្ម រ៉ុក បានចេញលក់បទចម្រៀងរបស់កំលោះ ញឹម ចំរើន លើទីផ្សារ ដូចជាបទមិនធ្វើសង្គ្រាមទេអូន បទស្មោះមនុស្សម្នាក់សែនពិបាក និង បទឆ្លើយឆ្លងជាច្រើនទៀត និងបទជាក្រុមជាមួយតារាចម្រៀងប្រចាំផលិតកម្ម រ៉ុក ផងដែរ។
ការថែរក្សាសម្រស់
សម្រាប់ចំរើនការថែរក្សាសម្រស់ក៏ជាការសំខាន់ផងដែរ ចំពោះការងារជាអ្នកសិល្បៈ និងជាតារាចម្រៀងមួយរូប តែគ្រាន់ ថាការថែទាំសម្រស់នេះគឺពេលខ្លះតម្រូវទៅតាមធម្មជាតិ និងកែខៃបន្ដិចបន្ដួចតែប៉ុណ្ណោះ។
- ការថែរក្សាសក់ : សរសៃសក់មានសារៈសំខាន់ណាស់ ត្រូវតែថែរក្សា ព្រោះថាមិនត្រូវឱ្យបែកចុងនោះទេ អាច ប៉ះពាល់ដល់អារម្មណ៍។ ជាទូទៅចំរើនតែងតែកក់សក់មួយសប្ដាហ៍៣ដង មិនអាចកក់ញឹកញាប់ពេកនោះទេ ព្រោះវាអាចធ្វើឱ្យសរសៃ សក់ឆាប់ខូចទៅវិញ។ ប៉ុន្ដែមុនពេលឡើងកម្មវិធីតន្ដ្រីនានា ចំរើនតែងតែប្រើប្រាស់ប្រេងម្យ៉ាងលាបសក់ឱ្យទន់ និងជំនួយដល់ ការកែប្រែម៉ូតសក់ ងាយស្រួលក្នុងការផ្លាស់ប្ដូរ គ្រាន់តែប្រើក្រាសសិតតែបន្ដិចសក់អាចទៅជាម៉ូតផ្សេងបាន។
- ការថែរក្សាស្បែកមុខ : ចំរើនមិនសូវប្រើប្រាស់ផលិតផលជំនួយស្បែកមុខនោះទេ ប៉ុន្ដែឧស្សាហ៍លុបលាងជាមួយ ហ្វមសាប៊ូដែលមិនមានសារជាតិគីមី ជួយជម្រះធូលីដែលហុយមកទំលើផ្ទៃមុខ។ ក្រៅពីនេះមិនលាបអ្វីឡើយ ទោះបីមុនចូលដំណេក ក៏ដោយ។
- ការថែរក្សាស្បែកដងខ្លួន : ចំរើនចូលចិត្ដប្រើប្រាស់សាប៊ូដែលមានជាតិត្រជាក់សម្រាប់ដុសខាត់ដងខ្លួន និងពេលងូតទឹក ម្ដងៗត្រូវជ្រើសរើសយកស្បៃសម្រាប់ដុសដងខ្លួន ដើម្បីជម្រះជាតិដីដែលនៅជាប់ខ្លួន ហើយចំរើនមិនបានប្រើប្រាស់ឡេការពារកម្ដៅ ថ្ងៃនោះទេ បើទោះបីត្រូវទៅសម្ដែង ឬថតចម្រៀងខារ៉ាអូខេក៏ដោយ។
- ការថែរក្សាសុខភាពមាត់ធ្មេញ : ជាប្រចាំថ្ងៃ ចំរើនតែងតែសម្អាតធ្មេញមួយថ្ងៃយ៉ាងតិចណាស់ពី៣ទៅ៤ដងក្រោយពេល និងមុនពេលញ៉ាំអាហារ និងមុនពេលចូលដំណេក។ ជាទម្លាប់ក្នុងការថែរក្សា និងព្យាបាលមាត់ធ្មេញ យ៉ាងហោចណាស់រយៈពេល៦ខែ ទើបចំរើនទៅកាន់មន្ទីរពេទ្យធ្មេញម្ដង ដើម្បីឱ្យទន្ដបណ្ឌិតពិនិត្យព្យាបាល និងសម្អាត។ ព្រោះថាធ្មេញរបស់យើងទោះបីដុសលាង យ៉ាងណាក៏ដោយ គឺមិនអាចស្អាតគ្រប់ទីកន្លែងនោះទេ ហើយកន្លែងដែលមិនអាចសម្អាតបាននោះ វាអាចបង្កឱ្យក្លាយជាកំណកកំបោរ កើតចេញពីចំណីអាហារដែលនៅសេសសល់។ ដូច្នេះបើមានពេលទំនេរត្រូវឧស្សាហ៍ទៅមន្ទីរពេទ្យធ្មេញក៏ល្អម្យ៉ាងដែរ។
– ការថែរក្សាភ្នែក : ភ្នែកគឺជាឧបកណ៍សំខាន់បំផុតសម្រាប់សម្លឹងមើលជិតឬឆ្ងាយ។ ជាទូទៅចំរើនតែងតែប្រើវ៉ែនតាខ្មៅ ដើម្បីការពារកម្ដៅថ្ងៃ និងការពារធូលីហុយពេលធ្វើដំណើរម្ដងៗ និងការពារសត្វល្អិតចៀសវាងចូលភ្នែកដែលអាចផ្ដល់់ផលប៉ះពាល់ យ៉ាងខ្លាំង។ ចំពោះការសម្លឹងមើលទូរទស្សន៍ ឬកុំព្យូទ័រវិញ ចំរើនក៏បានជ្រើសរើសវ៉ែនតាផ្សេងផងដែរ ដើម្បីការពារពន្លឺ និងការពារ ការសម្លឹងយូរទៀតផង។ ម្យ៉ាងទៀតចំរើនក៏ឧស្សាហ៍ទៅឱ្យគ្រូពេទ្យជំនាញភ្នែកធ្វើការវាស់ស្ទ្ទង់ និងព្យាបាលទៀតផង។
ការថែរក្សាសុខភាពរាងកាយ
– ការទទួលទានអាហារ : មួយថ្ងៃចំរើនទទួលទានអាហារតែពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃ និងពេលល្ងាច ព្រោះដើម្បី ថែរក្សារាងកាយឱ្យមានភាពស្រឡូនស្រស់សង្ហា ដោយមិនទទួលទានអាហារណាដែលមានជាតិខ្លាញ់ច្រើននោះឡើយ។ ម្យ៉ាងទៀត ការទទួលទានអាហារនេះទៀតសោត ចំរើនក៏មានការតមខ្លះដែរ មិនទទួលទានអ្វីផ្ដេសផ្ដាសតាមការឃ្លានឡើយ។
– ការទទួលទានដំណេក : ទោះបីមានភាពមមាញឹកក្នុងការងារទាំងថ្ងៃទាំងយប់យ៉ាងណាក៏ដោយ ក៏ចំរើនទទួលទាន ដំណេកបានយ៉ាងតិច៨ម៉ោងក្នុងមួយថ្ងៃដែរ។ ព្រោះការទទួលទានដំណេកនេះសំខាន់ណាស់សម្រាប់សុខភាព និងសម្រស់។ វាអាច អូសទាញឱ្យមនុស្សយើងម្នាក់ៗធ្លាក់សម្រស់ និងសុខភាពទន់ខ្សោយបានដែរ ប្រសិនបើយើងទទួលទានដំណេកមិនគ្រប់គ្រាន់នោះ ទេ។
– ការហាត់ប្រាណ : ការហាត់ប្រាណគឺជាការសំខាន់ណាស់។ ចំពោះចំរើនចូលចិត្ដលេងកីឡាវាយប៉េងប៉ុងជាងកីឡាណា ទាំងអស់ ព្រោះថាកីឡាវាយប៉េងប៉ុងមិនសូវហត់ប៉ុន្មានទេ តែញើសហូរមកច្រើនមានសុខភាពល្អ មិនបង្កគ្រោះថ្នាក់ផ្សេងៗដូចកីឡា ដទៃឡើយ ដូចជាកីឡាបាល់ទះ ឬបាល់ទាត់ជាដើម។
បំណងទៅថ្ងៃអនាគត
កំលោះសង្ហា ញឹម ចំរើន បានសង្ឃឹមយ៉ាងមុតមាំថា ទៅថ្ងៃអនាគតចង់ក្លាយទៅជាតារាចម្រៀងម្នាក់ដែលល្បីឈ្មោះ មិនមែនត្រឹមតែតារាចម្រៀងធម្មតាៗដូចសព្វថ្ងៃនេះឡើយ។ បំណងផ្សេងទៀតក្រៅពីសិល្បៈទៅថ្ងៃអនាគតចំរើនចង់ក្លាយទៅជាអ្នក ជំនួញម្នាក់ដ៏ធំ និងជាអ្នកប្រកួតប្រជែងទីផ្សារធំៗក្នុង និងក្រៅប្រទេស។
បណ្ដាំផ្ញើរបស់ ញឹម ចំរើន
កើតជាមនុស្សត្រូវតែចេះតស៊ូ អត់ធ្មត់ ព្យាយាម ប្រសិនបើយើងប្រាថ្នាចង់បានអ្វីមួយទៅថ្ងៃមុខ។ មិនត្រូវបោះបង់ឱកាស និងការងារខ្លួនឯងដែលកំពុងតែទទួលបាន ឬនឹងទទួលបានឡើយ មិនត្រូវគិតថាយើងគ្មានសមត្ថភាពនោះទេ។ ត្រូវគិតថាយើងក៏ជា មនុស្សម្នាក់សំខាន់សម្រាប់មនុស្សដទៃទៀតដែរ ជាពិសេសសម្រាប់ក្រុមគ្រួសារឬមិត្រភក្ដិតែម្ដង។ សម្រាប់យុវវ័យពេលទំនេរត្រូវ ប្រឹងរៀនសូត្រ មិនត្រូវសេពគ្រឿងញៀន ឬសេពគ្រឿងស្រវឹងផ្សេងៗឡើយ ព្រោះវាអាចប៉ះពាល់សុខភាព និងបាត់បង់សេចក្ដីថ្លៃថ្នូរ ទៀតផង។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ញឹម ចំរើន
- អាយុ ២៦ឆ្នាំ
- ទីកន្លែងកំណើត ភ្នំពេញ
- កម្ពស់ ១,៧២ម៉ែត្រ
- បងប្អូនពីរនាក់ ស្រីម្នាក់ (ជាបងទី១)
- កម្រិតវប្បធម៌ កំពុងសិក្សាខាងផ្នែកហិរញ្ញវត្ថុ និងធនាគារ
- ស្ថានភាពបច្ចុប្បន្ន រស់នៅជាមួយគ្រួសារ
Leave a Reply