កង្វះអនាម័យ ទឹកស្អាត និងបង្គន់ប្រើប្រាស់ជាបញ្ហាសំខាន់ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងបាត់បង់ចំណូលគ្រួសាររបស់អ្នករស់នៅលើផ្ទៃទឹកបឹងទន្លេសាប។ តំបន់ដែលប្រឈមទៅនឹងការខ្វះអនាម័យខ្លាំង គឺតំបន់នៅតាមដងទន្លេសាប ភាគច្រើនលើសលុបគ្មានបង្គន់ប្រើប្រាស់ និងទឹកស្អាត។ ការប្រឈមនេះបានធ្វើឲ្យអ្នករស់នៅលើផ្ទៃទឹកបឹងទន្លេសាបមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពសុខភាពទៅថ្ងៃអនាគត។
ការបោះចោលកាកសំណល់ផ្សេងៗ ទៅក្នុងទឹកមានចំនួនកាន់តែច្រើន ដែលជាហេតុធ្វើឲ្យប្រជាជននៅលើផ្ទៃទឹកទន្លេសាប ត្រូវប្រឈមបញ្ហាសុខភាពកាន់តែខ្លាំងឡើង នៅថ្ងៃខាងមុខ ប្រសិនបើគ្មានវិធានការដោះស្រាយបានសមរម្យនោះទេ។ នេះបើយោងតាមរបាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរីដែលបានចេញផ្សាយកាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។
សារព័ត៌មាននេះបន្តថា តំបន់ឆ្នុកទ្រូមានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីទីរួមស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង គឺជាតំបន់មានប្រជាជនរាប់ពាន់គ្រួសារ រស់នៅលើផ្ទះបណ្ដែតទឹកខ្វាត់ខ្វែងគ្នា រួមទាំងសម្លេងទូកម៉ាស៊ីន កាណូត តូចធំ បើកទៅមកដឹកទំនិញទៅកាន់ទីផ្សារ បានលាន់ឮកងរំពងនៅតំបន់នោះ កំពុងមានបញ្ហាអនាម័យខ្ពស់គួរជាទីបារម្ភចំពោះបញ្ហាសុខភាព។
បើតាមសម្តីរបស់លោក ទឹម សុខទៀង ប្រជានេសាទរស់នៅក្នុងឃុំកំពង់លួង ស្រុកក្រគរបានឲ្យដឹងថា ប្រជាជននៅទីនេះភាគច្រើនបរិភោគទឹកស្ទឹង ហើយការយល់ដឹងអំពីថែរក្សាបរិស្ថានរួមទាំងបញ្ហាអនាម័យនិងទឹកស្អាត ក៏នៅមានតិចតួចនៅឡើយ។ លោកបន្ថែមថា ឥឡូវបញ្ហាអនាម័យនេះ មានភាពប្រសើរជាងមុន ដោយសារតែមានអង្គការមួយចំនួន បានចុះអប់រំ និងលើកកម្ពស់អនាម័យនៅក្នុងភូមិនេះ។
បញ្ជាក់បន្ថែមពីបញ្ហាអនាម័យ ប្រជានេសាទអាយុ ៦២ ឆ្នាំម្នាក់ គឺលោក គង់ ឃៀន មានប្រសាសន៍ថា ប្រជាជនដែលរស់នៅទីនេះ តែងតែប្រើប្រាស់ទឹកស្ទឹងនេះ សម្រាប់ការរស់នៅប្រចាំថ្ងៃ ហើយពួកគាត់មិនមានបង្គន់ប្រើប្រាស់ទេ ដោយសារតែពួកគាត់រស់នៅជាផ្ទះបណ្ដែត ចល័តតាមទឹកឡើងស្រក។
មេឃុំផាត់សណ្ដាយ លោក ហេង មនោ មានប្រសាសន៍ថា ទូទាំងឃុំទាំងមូល មានប្រជាជនចំនួនជាង ១១០០គ្រួសារ ត្រូវជា ៥ ពាន់នាក់។ ៩៥% ជាអ្នកនេសាទ ៣% ធ្វើកសិកម្ម និង ២% ជាអ្នកលក់ដូរនៅតាមផ្ទះបណ្ដែតទឹក។ លោកបញ្ជាក់ទៀតថា ប្រជាជនយល់ដឹងមានកម្រិតទាបនៅឡើយអំពីការថែរក្សាបញ្ហាបរិស្ថាន និងចំនួនបង្គន់ប្រើប្រាស់តាមផ្ទះបណ្ដែតទឹកមានតិចតួចនៅឡើយ។
ទាក់ទងនឹងបញ្ហាអនាម័យ និងទឹកស្អាតក្នុងឃុំផាត់សណ្ដាយខេត្តកំពង់ធំនេះ មន្ត្រីអង្គការ លីវ អ៊ែន លើន (Live and Learn) លោក កែ ហាក់ឡី បានឲ្យដឹងថា ទឹកសព្វថ្ងៃមានសភាពល្អក់ជាងមុន ដោយសារតែការបំពុលទឹករបស់ប្រជាជន ដែលរស់នៅទីនេះ និងចំនួនប្រជាជនក៏មានការកើនឡើងរៀងរាល់ឆ្នាំ។ លោក ហាក់ឡី បន្ថែមថា ការចោលសំរាមគ្មានសណ្ដាប់ធ្នាប់ ការបន្ទោបង់ និងកាកសំណល់ផ្សេងៗ ចោលក្នុងទឹក គឺជាមូលហេតុធ្វើឲ្យគុណភាពទឹកកាន់តែកខ្វក់។ លោក ហាក់ឡី បានអង្កេតឃើញថា ប្រជាជនតែងតែមានជម្ងឺរាក និងជម្ងឺឆ្លងផ្សេងៗ ដោយសារតែការខ្វះអនាម័យ និងប្រជាជនចំណាយកាន់តែច្រើន ដោយសារតែមន្ទីរពេទ្យស្ថិតនៅឆ្ងាយ។ បញ្ហានេះ ត្រូវបានអង្គការមួយចំនួនចូលរួមលើកស្ទួយអនាម័យនៅតំបន់នោះ ដូចជា ការកសាងបង្គន់បណ្ដែតទឹក និងអាងស្តុកលាមកជាដើម។ លោកបានបន្ថែមថា «យើងមានអង្គការអប់រំស្ដីពីការរស់នៅជាមួយបរិស្ថាន ដែលហៅកាត់ថា Live and Learn រួមជាមួយវិស្វករគ្មានព្រំដែនអូស្ត្រាលី ហើយនិងក្រសួងអភិវឌ្ឍជនបទ ដែលមានជំនួយមកពីអាយបប់ ដោយគេបានបង្កើតផែស្តុកទុកលាមក និងបង្គន់បណ្ដែតទឹក។ គេរចនាឡើងដើម្បីកុំប្រជាពលរដ្ឋបន្ទោរបង់ផ្ទាល់ដល់ប្រភពទឹកប្រើប្រាស់។ នេះជារឿងប្រសើរបំផុត ដែលពីមុនមកយើងអត់ធ្លាប់មាន»។
វិស្វករផ្ដល់យោបល់គម្រោងថាមពលជីវឧស្ម័ន ទឹកស្អាត និងអនាម័យនៃអង្គការ(លីវ អ៊ែន លើន) លោក គ្រីស បានឲ្យដឹងថា គម្រោងសាងសង់បង្គន់បណ្ដែតទឹកនេះ គឺជាគម្រោងសាកល្បងមុនគេ ដែលធ្វើទៅលើប្រជាពលរដ្ឋចំនួន ១២ គ្រួសារ និងសាលារៀនមួយ នៅក្នុងឃុំផាត់សណ្ដាយ ក្នុងគោលបំណងលើកកម្ពស់ផ្នែកអនាម័យ នៅក្នុងឃុំនេះ។ លោកបន្ថែមថា ការសង់បង្គន់បណ្ដែតទឹក និងការសាងសង់ផែស្តុកលាមក គឺអាចយកមកកែច្នៃធ្វើជាឡជីវឧស្ម័ន ដើម្បីប្រើជាប្រភពសម្រាប់ចម្អិនអាហារ និងកាកសំណល់អាចយកមកធ្វើជាជីធម្មជាតិសម្រាប់ដាំដំណាំផ្សេងៗ ជាដើម។ លោក គ្រីសបានមានប្រសាសន៍បន្តថា៖ «ចំណុចសំខាន់បំផុតនោះ គឺជួយលើកកម្ពស់ផ្នែកអនាម័យនៅតំបន់ជុំវិញបឹងទន្លេសាប។ ដូច្នេះយើងធ្វើការសាកល្បងដំបូងក្នុងសហគមន៍ផ្ទះបណ្ដែតទឹក ហើយបើគម្រោងនេះជោគជ័យ យើងនឹងបន្តទៅទីកន្លែងផ្សេងទៀតទៅសហគមន៍ផ្ទះបណ្ដែតទឹកនៅតំបន់ជុំវិញបឹងទន្លេសាប»។
ទោះជាយ៉ាងនេះក្ដីមន្ត្រីអង្គការ លិវ អ៊ែន លើន (Live and Learn) លោក កែ ហាក់ឡី អង្កេតឃើញថា បញ្ហាទាំងឡាយ ជាពិសេសបញ្ហាអនាម័យនៅឃុំផាត់សណ្ដាយ មិនទាន់បានផ្សព្វផ្សាយឲ្យទូលំទូលាយនៅឡើយទេ។
យោងតាមរបាយការណ៍ ដែលស្រាវជ្រាវដោយធនាគារពិភពលោកអំពីអនាម័យកន្លងមក បានបង្ហាញថា មានកាកសំណល់ប្រមាណ ២ ពាន់ម៉ែត្រគីប បោះចោលពាសវាលពាសកាលនៅតំបន់ជនបទ និងយ៉ាងហោចណាស់ ក៏មានទឹកក្រខ្វក់ប្រមាណ ៨ ពាន់ម៉ែត្រគីប ទឹកមូត្រ ឬទឹកនោមប្រមាណ ២ ពាន់ម៉ែត្រគីប និងលាមកប្រមាណ ២០០ តោនបោះចោលទៅក្នុងទឹករៀងរាល់ថ្ងៃ។
ចំពោះបញ្ហាកង្វះអនាម័យ និងទឹកស្អាត ត្រូវបានគេប៉ាន់ស្មានថា កម្ពុជាខាតបង់ប្រមាណ ៤៥០ លានដុល្លាររៀងរាល់ឆ្នាំ ឬប្រជាជនម្នាក់ ត្រូវខាតបង់ប្រមាណ ៣២ ដុល្លារក្នុងមួយឆ្នាំ តាមរយៈការព្យាបាលជម្ងឺ ដែលបង្កឡើងដោយសារកង្វះទឹកស្អាត និងអនាម័យ។ ចំពោះតំបន់ដែលគ្មានបង្គន់ប្រើប្រាស់ និងប្រឈមកង្វះទឹកស្អាត គឺខេត្តដែលនៅជុំវិញបឹងទន្លេសាប មានដូចជា បាត់ដំបង សៀមរាប កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ មានប្រជាជនរាប់ម៉ឺនគ្រួសារជាផ្ទះបណ្ដែតទឹក រស់នៅទីនោះ។ ឯមុខរបររបស់ប្រជាជនភាគច្រើន គឺពឹងផ្នែកលើការនេសាទ។
ក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា ប្រជាជនកម្ពុជាច្រើនជាង ១១ លាននាក់ គ្មានបង្គន់ និងការខ្វះអនាម័យ។ ក្នុងនោះចំនួន ២ ភាគ ៣ ប្រឈមនឹងជម្ងឺរាករូស។ ចំនួនមនុស្សស្លាប់ប្រចាំឆ្នាំ ដោយសារតែកង្វះអនាម័យ មានប្រមាណ ១ ម៉ឺននាក់។ ក្នុងនោះ មាន ២ នាក់ក្នុងចំណោម ១០ នាក់ ស្លាប់ដោយសារជម្ងឺរាក និងមានប្រជាជនប្រមាណជិត ១០ លាននាក់ ជាអ្នកក្រីក្រប្រឈមនឹងបញ្ហាខ្វះអនាម័យ និងទឹកស្អាត។ បើទោះជាយ៉ាងណាក៏ដោយ ការវាយតម្លៃបានបង្ហាញថា ការលើកកម្ពស់បញ្ហាអនាម័យដោយការលាងដៃឲ្យបានស្អាត គឺទទួលបានការកាត់បន្ថយការចំណាយលើសុខភាពគិតជាទឹកប្រាក់ប្រមាណ ៨៤ លានដុល្លារ និង ៦០ លានដុល្លារតាមរយៈការប្រើប្រាស់បង្គន់។ អ្នកជំនាញផ្នែកអនាម័យនិងទឹកស្អាតបានបង្ហាញថា ប្រសិនបើកម្ពុជាអាចដោះស្រាយបញ្ហាអនាម័យនេះបាន កម្ពុជានិងទទួលបាននូវផលចំណេញដែលមានតម្លៃប្រមាណ៧ភាគរយនៃផលិតផលសរុប (GDP) រៀងរាល់ឆ្នាំ៕
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៦ ឧសភា ឆ្នាំ ២០១២
Leave a Reply