នៅប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញថាអាកាសធាតុនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនមានភ្លៀងធ្លាក់មិនឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្ទៃមេឃមានសភាពងងឹតនៅតាមតំបន់ខេត្តក្រុងមួយចំនួន និងបង្កឲ្យមានភ្លៀងធ្លាក់ដោយកន្លែង ហើយជាពិសេសពេលមេឃភ្លៀងម្តងៗ គេសង្កេតឃើញថា ភ្លៀងបាននាំមកជាមួយព្យុះ និងរន្ទះ និងបានបណ្តាលឲ្យលិចផ្លូវថ្នល់ដោយសារការកកស្ទះលូនៅតាមបណ្តាផ្លូវសំខាន់ៗមួយចំនួនផងដែរ។
នៅថ្ងៃទី១៦ឧសភានេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសជូនដំណឹងដល់សារធាណជនឲ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាព និងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដែលអាចកើតមានឡើងដោយសារគ្រោះធម្មជាតិ។ នៅក្នុងសេចក្តីប្រកាសនោះបានជូនដំណឹងថា បន្ទាប់ពីធ្វើការអង្កេតតាមដានពីស្ថានភាពអាកាសធាតុរួចមកឃើញថា នៅវេលាម៉ោង ១រំលងអធ្រាត ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ជ្រលងសម្ពាធទាប ដែលមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១២មកនោះ បានបង្កើនឥទ្ធិពលកាន់តែខ្លាំងឡើង។ សេចក្តីប្រកាសជូនដំណឹងបានរាយការណ៍ទៀតថា ការបង្កើនឥទ្ធិពលរបស់ជ្រលងសម្ពាធទាបគួបផ្សំជាមួយនឹងខ្យល់មុសុងនិរតី និងធ្វើឲ្យផ្ទៃមេឃមានសភាពអាប់អួរ នៅពេលរសៀល និងនៅពេលយប់ បង្កជាភ្លៀង ផ្គររន្ទះ និងខ្យល់កន្ទ្រាក់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២ នៅតាមបណ្តាខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ កំពង់ចាម ក្រចេះ កំពត និងខេត្តព្រះសីហនុជាដើម។
យោងតាមស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹកនិងឧតុនិយមក៏បានអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តារាជធានី ខេត្ត ដូចបានជម្រាបជូនខាងលើពិសេសបងប្អូនប្រជានេសាទ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។
គួររំឭកផងដែរថា អាកាសធាតុនៅប៉ុន្មានថ្ងៃនេះ បានបង្កជាភ្លៀង ខ្យល់ខ្លាំង រន្ទះ ដោយបានសម្លាប់ជីវិតមនុស្ស សត្វអស់ជាច្រើន ហើយដើមឈើ និងផ្ទះមួយចំនួនត្រូវបានដួលរលំ។ ជាពិសេសនៅទីក្រុងភ្នំពេញ ប្រព័ន្ធលូត្រូវបានស្ទះនិងដើមឈើត្រូវបានដួលរលំលើមធ្យោបាយដឹកជញ្ជូន និងផ្ទះរបស់ប្រជាពលរដ្ឋផងដែរ។
មួយវិញទៀតបើតាមរបាយការណ៍របស់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជាបានឲ្យដឹងថា នៅក្នុងកំឡុងពេល៤ខែដើមឆ្នាំ ២០១២នេះ គ្រោះថ្នាក់ដោយសារគ្រោះមហន្តរាយធម្មជាតិ មានការកើនឡើងជាងច្រើនឆ្នាំមុន ដែលបានសម្លាប់មនុស្សចំនួន ២១នាក់ និងរងរបួស ៥៣នាក់ ព្រមទាំងរលំផ្ទះរបស់ប្រជាពលរដ្ឋ ១៤២ខ្នង រួមទាំងខួចខាតជាច្រើនរយខ្នងផ្សេងទៀត។ ដែលនេះ គឺជាលទ្ធផលដែលទទួលបានពីការកាប់បំផ្លាញព្រៃឈើពីជនទុច្ចរិត ដោយបានធ្វើឲ្យបាត់បង់របាំងការពារខ្យល់ព្យុះដ៏ធំមួយនៅកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាត្រូវរងទុក្ខវេទនា ដោយសារជនអគតិទាំងអស់នោះ ព្រោះថាកម្ពុជាកាលពីមុនពុំសូវជួបប្រទះនូវគ្រោះធម្មជាតិច្រើនយ៉ាងនេះនោះទេ។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៦ ឧសភា ឆ្នាំ ២០១២
Leave a Reply